ការគំរាមវាយខ្នោះសមាជិក​ព្រឹទ្ធ​សភា​ក្នុង​សម័យ​ប្រជុំ​ស្តែង​ឱ្យ​ឃើញ​ថា​កម្ពុជា​គ្មាន​នីតិ​រដ្ឋ

ការដែល​លោក ហ៊ុន សែន គំរាម​វាយ​ខ្នោះ​សមាជិក​ព្រឹទ្ធ​សភា​កូតា​បក្ស​ប្រឆាំង​២រូប ដោយ​សារ​មិន​គាំ​ទ្រកា​រ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នោះ មាន​ការ​លើក​ឡើង​ថា ទង្វើ​នេះ​បាន​ស្តែង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា មេដឹក​នាំ​រូប​នេះ មិន​ឱ្យ​តម្លៃ​នីតិរដ្ឋ​ជា​ធំទេ។

ពួកគេបា​រម្ភ​ថា បរិបទនេះ​ វានឹ​​​ងទាញកម្ពុជា​ឱ្យ​ជួប​គ្រោះ​មហន្ត​រាយ នៅ​ថ្ងៃណា​​មួយ បើ​កម្ពុជា​គ្មាន​មេដឹក​នាំ​កើត​ចេញ​ពី​ការ​បោះ​​ឆ្នោត ដោយ​សេរី ត្រឹ​ម​ត្រូ​វ និង​យុត្តិ​ធម៌ តាម​គន្លង​ប្រជាធិប​តេយ្យ​ទេ​នោះ។

កាលពីថ្ងៃទី​១៤ ខែ​​កក្កដា ឆ្នាំ​២០២៥ ក្នុងស​ម័យ​ប្រជុំ​ព្រឹទ្ធ​សភា​ជា​វិសាមញ្ញ ឱ្យ​យោបល់​លើ​សេចក្តី​ស្នើ​ច្បាប់​ធម្ម​​នុញ្ញ ដើម្បី​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នោះ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា បាន​គំរាម​វាយ​ខ្នោះ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​បក្ស​ឆន្ទៈ​ខ្មែរ គឺ​លោក គង់ មូនីកា និង​លោក សេង ម៉ារ៉ាឌី ជុំ​វិញ​ការ​ដែល​សមាជិក​ទាំង​ពីរ​ធ្លាប់​ចេញ​សេចក្តី​ថ្លែង​ការណ៍​ មិន​គាំទ្រឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នេះ។

លោកថា៖ «ខ្ញុំសង្ឃឹមថា ឯកឧត្តម គង់ មុនីកា និង​ឯកឧត្ដម សេង ម៉ារ៉ាឌី មិន​ខ្មាញ​ចិត្ត​ជាមួយ​ខ្ញុំ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​និយាយ​ ព្រោះ​ឯកឧត្តម​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​ចេញ​តាម​ហ្វេស​ប៊ុក អ៊ីចឹង​ខ្ញុំ​ក៏​ត្រូវ​តែង​តែ​និយាយ​ជាមួយ​ឯកឧត្ដម​​ឲ្យ​ច្បាស់ ឯកឧត្តម​កុំ​តែ​ក្បត់​ជាតិ​ទៅ​បាន បើ​សិន​ជា​ក្បត់​ជាតិ​ មិន​​ចាំ​បាច់​ដក​សញ្ជាតិ​ក៏​បាន​ដែរ ២ភាគ​៣ ដក​អភ័យ​ឯក​សិទ្ធិ​ វ៉ៃ​ខ្នោះ​ចេញ​ពី​កន្លែង​ព្រឹទ្ធ​សភា ឯកឧត្តម​សាក​ជាមួយ​ខ្ញុំ​មើល»។

ជុំវិញប​ញ្ហានេះ​ សមាជិក​ព្រឹទ្ធស​ភាម​កពី​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មូនីកា ដែល​លោក ហ៊ុន សែន គំរា​ម​វាយ​ខ្នោះ​នោះ បាន​ប្រាប់​VOD​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ​ថា ការ​ខឹង​សម្បារ​នេះ អាច​ដោយ​សារ​លោក​មិន​បោះ​ឆ្នោត​គាំទ្រ​ការ​អនុម័ត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត។

លោក​បញ្ជាក់​ជំហរ​ថា លោក​បាន​ជាប់​ឆ្នោត​ដោយ​សារ​សំឡេង​ពលរដ្ឋ​ខ្មែរ​បោះឆ្នោ​ត​ជូន ដើម្បី​ឱ្យ​បម្រើ​ជាតិ​មាតុ​ភូមិ និង​ប្រជា​នុរាស្រ្ត ដូច្នេះ​លោក​មិន​ក្បត់​ឆន្ទៈ​រាស្រ្ត បោះ​ឆ្នោត​ឱ្យ​ដក​សញ្ជាតិ​ខ្មែរ​នោះ​ទេ។

លោកបន្តថា ការមិនបោះឆ្នោតគាំទ្រការអនុម័ត​ច្បាប់​ដក​សញ្ជាតិ​ខ្មែ​រ​នេះ​ផង​ដែរ ជា​សិទ្ធិ​របស់​លោក​ដែល​កើត​ចេញ​ពី​ឆន្ទានុ​សិទ្ធិ​ពលរដ្ឋ​បោះ​ឆ្នោត​ជូន​គណបក្ស​ឆន្ទៈ​ខ្មែរ​ដើម្បី​បម្រើ​ជាតិ​និង​ប្រជា​រាស្រ្ត។

លោកថា៖ «ខ្ញុំមិនបានបោះឆ្នោ​ត​គាំទ្រ​ទៅ​នឹង​សេចក្ដី​ស្នើ​កែ​ប្រែ​ច្បាប់​ធម្ម​នុញ្ញ​មាត្រា​៣៣​នេះ គឺ​ជា​ការ​សម្ដែង​មតិ​សុទ្ធ​សាត ហើយ​ជា​ការ​អនុវត្ត​នូវ​សេរីភាព​ជា​តំណាង​របស់​ខ្ញុំ ដែល​ប្រជា​ពលរដ្ឋ​ក៏​ដូ​ច​ជា​អង្គបោះ​ឆ្នោត​បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​មក​ដល់​ខ្ញុំ​ ឲ្យ​តំណាង​ពួក​គាត់​នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធ​សភា​នេះ ដូច្នេះ​ហើយ​ប្រជា​ពលរដ្ឋ​និង​អង្គ​បោះ​ឆ្នោត​យើង​មួយ​ចំនួន​ គាត់​មាន​ក្ដី​បារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធន​កម្ម​មាត្រា​៣៣​នៃ​រដ្ឋ​ធម្ម​នុញ្ញ​របស់​កម្ពុជា​យើង​ ចឹង​ហើយ​ក្នុង​នាម​ជាតំ​ណាង​ខ្ញុំ​ត្រូវ​តែ​អនុវត្ត​នូវ​មុខ​ងារ​ពាំនាំ​នូវ​ក្តីបារម្ភ​របស់​បង​ប្អូន​ប្រជាព​លរដ្ឋ​យើង​ នេះ​គឺ​ជា​ការ​សម្តែង​មតិ​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ»។

ចំណែក តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សួរីដា ចាត់ទុកទង្វើ​លោក ហ៊ុន សែន ដែល​គំរាម​វាយ​ខ្នោះ​សមាជិក​ព្រឹទ្ធ​សភា​នេះ ជា​អំពើ​ឃោឃៅ ប្រាស់​ចាក​ពី​គន្លង​ប្រជា​ធិប​តេយ្យ និង​នីតិ​រដ្ឋ​នៅ​កម្ពុជា។

លោក​ថា មេដឹកនាំដែលចេះតែគំរាម ចាប់​ចង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ និង​អ្នក​នយោបាយ​បែប​នេះ ឆ្លុះ​បញ្ចាំង​ថា កម្ពុជា​កំពុង​រអិល​ទៅ​រក​របប​ផ្តាច់​ការ​កាន់​តែខ្លាំ​ង បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ​ម្ចាស់​ប្រទេស​។

លោកថា៖ «បើសិនជាយើងចាប់ចង ឬក៏គំរាម​កំហែង​ទៅ​លើ​សមាជិក​សភា​សមាជិក​ព្រឹទ្ធ​សភា ដែល​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​រាប់​សែន​នាក់ ចឹង​មាន​ន័យ​ថា​ យើង​ហាក់​ដូច​ជា​បាន​គំរាម​បាន​បំភិត​បំភ័យ​ទៅ​លើ​ប្រជា​ពលរដ្ឋ​រាប់​សែន​នាក់ ដែល​គាំទ្រ​របស់​ឆ្នោត​ឲ្យ​អ្នក​តំណាង​រាស្រ្ត ឬ​តំណាង​ព្រឹទ្ធ​សភា​នោះ​ផង​ដែរ ចឹង​វា​ឆ្លុះ​បញ្ចាំង​ថា​តើ​ប្រទេស​ហ្នឹង​ជា​ប្រទេស​ប្រជា​ធិប​តេយ្យ​ដែរ​ឬ​ទេ ព្រោះ​ពី​កាល​ណា​និយាយ​ប្រជា​ធិប​តេយ្យ​ គឺ​វា​កើត​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ ហើយ​តំណាង​របស់​ពលរដ្ឋ គឺ​សមាជិក​សភា​សមាជិក​ព្រឹទ្ធ​សភា»។

ប្រហែលគ្នានេះដែរ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក ហ៊ីង សុខ​សាន្ត និយាយ​ថា ក្រោម​ការ​ដឹក​នាំ​គ្រួសារ​ហ៊ុន​នេះ កម្ពុជា​គ្មាន​ឡើយ​ពាក្យ​ថា​នីតិ​រដ្ឋ​និង​ប្រជា​ធិ​​បតេយ្យ សេរី​ពហុបក្ស។

លោកថា ការដឹកនាំប្រទេសរបៀប លោក ហ៊ុន សែន នេះ​នឹង​បង្ក​គ្រោះ​ថ្នាក់​កាន់​តែ​ធ្ងន់​ធ្ងរ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ រួម​ទាំង​មន្រ្តី​បក្ស​កាន់​អំណាច​ឱ្យ​តែ​ហ៊ាន​ប្រឆាំ​ង​អំណាច​ផ្តាច់​ការ​គ្រួសារ​ហ៊ុន។

លោកថា៖ «ការគំរាមវ៉ៃខ្នោះស​មាជិក​ព្រឹទ្ធ​សភា​​នៅ​រឿង​តូច​ទេ បើ​តាម​អ្វី​ដែល លោក ហ៊ុន សែន ធ្វើ​រឿង​តូច​តាច​ផង​ទេ ទម្រាំ​លោក​ កឹម សុខា ជាមេ​បក្ស​ប្រឆាំង​ដ៏​ធំមា​ន​មនុស្ស​គាំ​ទ្រ​រាប់​លាន​នាក់ ហើយ​មាន​អភ័យ​ឯក​សិទ្ធិ​ទៀត គាត់​ហ៊ាន​ទៅ​វ៉ៃ​ខ្នោះ​មេបក្ស​ប្រឆាំង​មួយ​ ដោយ​អត់​ខ្វល់​ពី​រដ្ឋ​ធម្ម​នុញ្ញ​ចាប់​លោក​ កឹម សុខា វ៉ៃ​ខ្នោះ​​ទាំង​​កណ្ដាល​​អាធ្រាត្រ យើង​គិត​មើល​អត់​ខ្វល់​ពី​រដ្ឋ​ធម្ម​នុញ្ញ​ អត់​ខ្វល់​ពី​ច្បាប់​អី​ទាំង​អស់​អ៊ីចឹង​អាហ្នឹង​ឬ​មួយ​ក៏​យើង​កាន់​តែ​ធំ​មាន​គាត់​ធ្លាប់​គំរាម​ដល់​ព្រះ​មហា​ក្សត្រ​ ដែល​មិន​ឡាយ​ព្រះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ កាល​ពី​ឆ្នាំ​២០០៥ ចង់​ដូរ​របរ​ទៅ​ជា​របប​សាធារណ​រដ្ឋ​ទៀត»។

សម្រាប់ លោក ​ហ៊ីង សុខសាន្ត យល់​ថា បើកម្ពុជាមិនមានការផ្លាស់​ប្តូរ​មួយ​ដោយ​វិជ្ជ​មាន​ តាម​ឆន្ទៈ​របស់​ពលរដ្ឋខ្មែរ​ពិត​ប្រាកដ​ទេ​ កម្ពុជា​នឹង​បន្ត​រង​គ្រោះ​​ពី​អំពើ​ជិះ​ជាន់ គំរាម​គំហែង និង​ចាប់​ចង​តាម​ទំនើង​ចិត្ត។

លោកអះអាងថា លោក ហ៊ុន សែន​ នឹងមិនឱ្យនរណា​បាន​សុខ​ទេ ឱ្យ​តែ​ពលរដ្ឋ​ខ្មែរ​រូប​ណា​ហ៊ាន​ប្រឆាំង​នឹង​ការ​ដឹក​នាំ​ផ្តាច់​ខ្លួន ដូច​ករណី​គាត់​បញ្ជា​ឱ្យ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នេះ​ជាគំរូ។

លោកថា៖ «ក្នុងការដឹកនាំក្នុងអំណាចជាង៤០ឆ្នាំ​មក​នេះ គឺ​យើង​បាន​ដឹង​ច្បាស់​ហើយ​មិន​ថា​ពលរដ្ឋ​ខ្មែរ​មិន​ថា​មតិ​ជាតិ​អន្តរ​ជាតិ​ គេ​សុទ្ធ​តែ​មើល​ថា​ចរិត​គាត់​ទោះ​បី​គាត់​អាង​មាន​អំណាច​ គាត់​ប្រើ​អំណាច​ជ្រុល​ អត់​ខ្វល់​ទាំង​អស់ អត់​ខ្វល់​ពី​ច្បាប់​ អត់​ខ្វល់​ពី​គោល​ការណ៍​ប្រជា​ធិប​តេយ្យ អត់​ខ្វល់​ពី​សិទ្ធិ​មនុស្ស»។

លើសពីនេះ ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា​(CAT) លោក ហុង លីម ហាក់​ស្តី​បន្ទោស​ថា លោក ហ៊ុន សែន ដឹក​នាំ​ប្រទេស​​ជាង​៤០​ឆ្នាំ គ្មា​​ន​ចេះ​អ្វី​ក្រៅ​ពី​គំរាម​គំហែង ចាប់​ចង និង​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

លោកបន្តថា លោក ហ៊ុន សែន កំពុង​ទាញ​ទម្លាក់​កម្ពុជា​ទៅ​រក​រណ្តៅ​មរណៈ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រង​ទុក្ខ​វេទនា ហើយ​ធ្វើ​ឱ្យ​កម្ពុជា​បន្ត​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​ទៀត ក្រោម​អំណាច​ផ្តាច់​ការ​របស់​ខ្លួន។

លោកសង្កត់ធ្ងន់ថា សារគំរាមនេះ ហាក់ឆ្លុះបញ្ចាំង​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​ជាន់​ឈ្លី​ឆន្ទៈ​ម្ចាស់​ឆ្នោត​ដែល​បាន​​បោះ​​ឆ្នោត​គាំទ្រ​ឱ្យ​ធ្វើ​ជា​សំណាង និង​លទ្ធិ​ប្រជាធិប​តេយ្យ ជាពិសេស​នីតិ​រដ្ឋ​ដែល​ច្បាប់​កំពូល​របស់​កម្ពុជា។

លោកថា៖ «នីតិរដ្ឋហ្នឹង គឺយើងទាំងអស់គ្នាហ្នឹង និយា​យទៅ​ជា​ពាក្យ​សាមញ្ញ វា​អត់​មាន​ទាំង​យូរ​ណាស់មក​ហើយ វា​ទៅ​ជា​នីតិ​មាត់​របស់​គាត់​តែ​ម្នាក់​ឯង ទៅ​តាម​ស្អី​ដែល​គាត់​ចង់​បាន​ ដើម្បី​តែ​ថា​ទៅ​តាម​តែ​ចិត្ត​រប​ស់​គាត់​ ដូច្នេះ​អានីតិ​រដ្ឋ​ដែល​ថា​ជា​ប្រពៃណី​ដែល​ជា​លក្ខណៈ​ថ្លៃ​ថ្នូរ​ដែល​ប្រទេស​ដទៃ​ទៀត​ ដែល​គេ​ស៊ី​វិល័យ ថ្លៃ​ថ្នូរ​គេ​មាន​ហ្នឹង យើង​អត់​បាន​ធ្វើ ជា​ធម្មតា​ជា​ទូទៅ​រដ្ឋ​ធម្ម​នុញ្ញ​គេ​មិន​ដែល​ងាក​កែៗ​អីចឹង​ទេ»។

ជុំវិញនីតិរដ្ឋនៅកម្ពុជាវិញ ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​​នៃ​អង្គ​ការ​​សហ​ប្រជាជា​តិ​ បាន​និយាយ​ក្នុង​សេច​ក្តីថ្លែង​ការណ៍​​រួម អំឡុង​​​ខែ​​វិច្ឆិកា ឆ្នាំ​២០២១​ថា តុលាការ​​​នៅ​​កម្ពុជា ត្រូវ​បាន​បក្ស​កាន់​អំណាច​ប្រើ​ប្រាស់​ ដើម្បី​បំបិទ​​មា​ត់​​អ្នក​​​រិះ​​គន់ មាន​​កា​រ​រៀបចំ​​ច្បាស់​លាស់​លក្ខណៈ​​​​ជាប្រព័ន្ធ​។

បន្ថែមពីនេះ កាលពីខែមេសា ឆ្នាំ២០២៤ ពួកគេបាននិយាយ​ដែរ​ថា សកម្ម​ជន​សិទ្ធិ​មនុស្ស និង​សកម្ម​ជន​ន​យោ​បាយ​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​​រង​​ការ​យាយី និង​​ផ្តន្ទា​ទោស​​ដោយ​​មិន​ត្រឹម​​ត្រូវ បំពាន​សិទ្ធិ​​សេរី​ភាព​បញ្ចេញ​​​មតិ ផ្ទុយ​ពី​កតិ​​​កា​​​ស​ញ្ញា​អន្តរ​ជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

បើតាមរដ្ឋធម្មនុញ្ញ មាត្រា​៥១​ថ្មី ចែង​ថា «ព្រះ​រាជាណាចក្រ​កម្ពុជា អនុ​វត្ត​នយោបាយ​ប្រជាធិប​តេយ្យ​ សេរី​ពហុបក្ស។ ប្រជាពលរដ្ឋ​ខ្មែរ ជា​ម្ចាស់​ជោគ​វាសនា​នៃ​ប្រទេស​ជាតិរបស់​ខ្លួន»។

លើសពីនេះ មាត្រា៨០ ចែងថា «តំណាងរាស្រ្ត​មាន​អភ័យ​ឯកសិទ្ធិ​សភា។ តំណាង​រាស្រ្ត​រូប​ណាក៏​ដោយ​ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ​ឬ​ឃុំ​ខ្លួន ដោយ​ហេតុ​ពី​បាន​សំដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន​សោះ​ឡើយ»។

យ៉ាងនេះក្តី រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់​ប្រទេស ដែល​ដាក់​​​​ឱ្យ​ប្រើ​ឆ្នាំ​១៩៩៣ ត្រូវ​បាន​រុះ​រើ​ ១១លើក​ហើយ តាម​ការ​ចង់​បាន​របស់ លោក ហ៊ុន សែន។ ការ​រើរុះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​ខាង​នយោ​បាយ។

បច្ចុប្បន្ន​ច្បាប់​ខ្លះ​បាន​ធ្វើ​វិសោធន​កម្ម ដើម្បី​បើក​ផ្លូវ​ឱ្យ​រំលាយ​ឆន្ទៈ​ម្ចាស់​ឆ្នោត តាម​រយៈ​ដក​ហូត​អាសនៈ​គណបក្ស​នយោបាយ និ​ង​ធ្វើ​ច្បាប់​ចង​ដៃស​មាជិក​សភា ដូច​ជា មាត្រា​១៣៩ នៃ​ច្បាប់​ស្តីពី​ការ​ជ្រើស​តាំង​តំណាង​រាស្ត្រ​ជាដើម ដែល​បាន​ចែង​ថា​ «សមាជិក​រដ្ឋ​សភា​ត្រូវ​បាត់​បង់​សមាជិក​ភាព​របស់​ខ្លួន បើ​សមីខ្លួន​បាត់​សមាជិក​ភាព​ពី​គណបក្ស​​នយោបាយ​របស់​ខ្លួន»។

ទាំង​អស់នេះ ត្រូវបានគេមើលឃើញថា រដ្ឋាភិបាលបច្ចុប្បន្នបាន​យក​ប្រព័ន្ធ​តុលាការ រដ្ឋ​សភា និង​រដ្ឋ​ធម្មនុញ្ញ ធ្វើជា​អាវុធ ដើម្បី​សម្លាប់​ដៃគូប្រកួត ដែល​មាន​សក្តានុពល និង​សម្លាប់​ប្រព័ន្ធ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស បំពាន​រដ្ឋ​ធម្ម​នុញ្ញ​​ធ្ងន់​ធ្ងរ ដើម្បី​តែ​ចង់​ក្តោប​អំណាច​តពូជ ទោះ​ក្នុ​ង​តម្លៃ​ណា​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ