លោក ហ៊ុន ម៉ាណែត ព្រមាន​ដក​តំណែង​មន្ត្រី​អសកម្ម​បង្ក្រាប​បទ​ឧក្រិដ្ឋ​ក្រោយ​រង​ការ​ចោទ

មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ាណែត ទទួល​ស្គាល់​ថា កម្ពុជា​មាន​ជន​បរទេ​ស​ប្រព្រឹត្តិ​អំពើ​ឆបោក​តាម​អន​ឡាញ និង​បាន​ប្រកាស​យុទ្ធនាកា​រ​បង្រ្កាប​នៅ​ទូទាំង​ប្រទេស ខណៈ​មា​ន​ការ​ចោទ​ប្រកាន់​ពី​សហគម​ន៍​អន្តរ​ជាតិ រួម​ទាំង​ប្រទេស​ថៃ​ផង​ថា មេឧ​ក្រិដ្ឋ​ជន​សុទ្ធ​តែ​ជា​មនុស្ស​ស្និទ្ធិ​គ្រួសារ​ហ៊ុន។

បើតាមលិខិត​កម្រាស់២​ទំព័រ ចុះ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត ទទួល​ស្គាល់​ថា ក្រុម​ឧក្រិដ្ឋជ​ន​បរទេស​បាន​ជ្រៀតចូ​ល​ធ្វើ​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​លើ​ទឹក​ដី​កម្ពុជា ដែល​កំពុង​គំរាម​កំហែង​ដល់​សន្តិ​សុខ​ក្នុង​ពិភព​លោក និង​តំបន់។

ក្នុងន័យនេះ លោក​បញ្ជា​ឱ្យ​គ្រ​ប់​ក្រសួង​ស្ថាប័ន​ទាំង​អស់ រួម​ទាំង​អភិបាល-រាជធានី​ខេត្ត ចូលរួម​យុទ្ធនាការ​បង្រ្កាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ឱ្យ​មាន​ប្រសិទ្ធិ​ភាព។

បើតាម លោក ហ៊ុន ម៉ាណែត ការ​មិន​អនុវត្ត​តាម​បទ​បញ្ជា ឬ​មិន​សហការ​អនុ​វត្ត​ មន្រ្តី​ទាំង​នោះ​ នឹង​អាច​ប្រឈម​ការ​ដក​មុខ​តំណែង​ចោល​ដោយ​គ្មាន​ការ​លើក​លែង។

បទបញ្ជារបស់មេដឹកនាំកម្ពុជា​នៅ​ពេល​នេះ ចំ​ពេល​ប្រទេស​ថៃ​ប្រកាស​ចាប់​ខ្លួន​មនុស្ស​ជំនិត​លោក ហ៊ុន សែន គឺ​ឧកញ៉ា កុក អាន រួម​ទាំង​កូនៗ​បីនាក់​របស់​លោក ក្រោយ​រក​ឃើញ​ថា​ចូល​រួម​ក្នុង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​ការ​លាង​លុយ​កខ្វក់។

ជុំវិញរឿងនេះ អតីតនាយខុទ្ទការល័យគណបក្សសង្គ្រោះ​ជាតិ លោក មុត ចន្ថា យល់​ថា មេឧក្រិដ្ឋ​ជន​នៅ​កម្ពុជា​អាច​រស់​នៅ​រួច​ផុត​ពី​សំណាញ់​ច្បាប់​បាន ព្រោះ​ពួក​គេ​ជា​អ្នក​ជួយ​រក​លុយ​ចិញ្ចឹម​អំណាច​គ្រួសារ​ហ៊ុន។

ក្នុងន័យនេះ លោក​ថា បើ​លោក ហ៊ុន ម៉ាណែត ចង់​បង្ក្រាប​ពួក​ឧក្រិដ្ឋ​ជន​មែន អ្នក​ដែល​ត្រូវ​ស៊ើប​អង្កេត​មុន​គេ គឺ​ឧកញ៉ា កុក អាន រួម​ទាំង ឧកញ៉ា លី យ៉ុង​ផាត់ ផង​ដែល​ពួក​គេ​សុទ្ធ​តែ​ជាប់​ឈ្មោះជា​មេ​ខ្លោង​ឧក្រិដ្ឋ​ជន​ឆបោក​ដែល​អន្តរជាតិ​រក​ឃើញ​ជា​បន្ត​បន្ទាប់។

លោកថា៖ «លោក កុក អាន និង​កូន​ប្រុស កូន​ស្រី កំពុង​តែ​លាក់​ខ្លួន​នៅ​ភ្នំពេញ! ចាប់​ទៅ ចាប់​មេខ្លោង​ឧក្រិដ្ឋ​ជន និង​កូនៗ​ជា​បណ្ដាញ​ឧក្រិដ្ឋ​ជន​ឆបោក​អន​ឡាញ! កាត់​ទោស​នៅ​ក្នុង​ស្រុក​ខ្មែរ​ទៅ មិន​បាច់​ធ្វើ​បត្យា​ប័ន​ទៅ​ប្រទេស​ថៃ​ទេ​ ពី​ព្រោះ​គេ​បាន​រក​ឃើញ​ហើយ​ហើយ។ មួយ​វិញ​ទៀត ករ​ណី​លោក លី យ៉ុង​ផាត់ ដែល​គេ​ហៅ​ថា​ស្ដេច​កោះ​កុង​ក៏​ជាប់​ទណ្ឌ​កម្ម​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៤​ដែរ នៅ​ក្នុ​ង​រឿង​ប្រហាក់​ប្រហែល​គ្នា​ហ្នឹង គឺ​ការ​ជួញ​ដូរ​មនុស្ស​ដោយ​បង្ខំ​លើ​រាង​កាយ បង្ខំ​ធ្វើ​ទារុណ​កម្ម ពលកម្ម​ដោយ​បង្ខំ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ»។

បន្ថែមលើនេះ លោក មុត ចន្ថា បានចង្អុលបង្ហាញពីគ្រោះថ្នាក់​ធ្ងន់​ធ្ងរ​ដល់​កម្ពុជា និង​ការ​គំរាម​កំហែង​ដល់​តំបន់ និង​ពិភព​លោក បើ​លោក ហ៊ុន សែន បន្ត​ប្រមូល​ពួក​ឧក្រិដ្ឋ​ជន​ឱ្យ​មក​ជួយ​ចិញ្ចឹម​អំណាច​របស់​ខ្លួន​បែប​នេះ។

លោកថា៖ «កាលណា​ប្រទេស​មួយ​ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ឧក្រិដ្ឋ​ជន ដែ​ល​គេ​ត្រូវ​បាន​កំណត់​មុខ​សញ្ញា​ជា​ឧក្រិដ្ឋ​ជន​ធំទាំ​ង​ការ​ជួញ​ដូរ​មនុស្ស​ ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន្តរ​បណ្តាញ​បែប​នេះ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​នេះ មិន​មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ​ មិន​មាន​សេរីភាព​ទេ ពី​ព្រោះ​គេ​ប្រើប្រាស់​យន្ត​ការ​ទាំង​អស់​នេះ ដើម្បី​បំបិទ​សំឡេង​រិះ​គន់ បំបិទ​សំឡេង​ប្រឆាំង​ដូច​មេដឹក​នាំ​ លោក ហ៊ុន សែន និយាយ​ថា ចេញ​មួយ​វ៉ៃ​មួយ​ការ​តា​ម​ប្រមាញ់​ ការ​តាម​បង្ក្រាប​ការ​កម្ទេច​គណបក្ស​ប្រឆាំង​នៅ​មូល​ដ្ឋាន​ជា​ដើម​ហ្នឹង នេះ​ហើយ​គឺ​ជា​ប្រទេស​គួរ​តែ​ដើរ​ឆ្ងាយ​ពី​គន្លង​ប្រជា​ធិប​តេយ្យ»។ 

សារព័ត៌មានក្នុ​ង​ស្រុក​ថៃ Khaosod English ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ថា ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​វីឡា​មួយ​កន្លែង​ទៀត​ ក្នុង​ទីក្រុង​បាង​កក ក្នុង​នោះ​កូន​ប្រុស និង​កូន​ស្រី​របស់​លោក កុក អាន ត្រូវ​បាន​ប៉ូលីស​ថៃ​កំណត់​មុខ​សញ្ញា​ជា​បណ្តាញ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ។

ក្រុមប៉ូលិសថៃ បានបំបែកសំបុកមេខ្លោងឧក្រិដ្ឋ​ជន​អនឡាញ​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​លោក កុក អាន សរុប​ចំនួន​២៦​ទីតាំង​ហើយ​នៅ​ទូទាំង​ប្រទេស​ថៃ។

ជុំវិញ​ការចោទប្រកាន់នេះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បាន​ឆ្លើយ​តប​នៅ​លើ​​ហ្វេស​ប៊ុក​លោក​​ថា មេឧក្រិដ្ឋ​ជន​ឆបោក​អន​ឡាញ​នៅ​ពាស​ពេញ​ប្រទេស​ថៃ ហើយ​ទី​ក្រុងបាង​កក ជា​សំបុក​នៃ​ពួក​ឧក្រិដ្ឋជន​ឆបោក​ខុស​ច្បាប់ និង​លាង​លុយ​កខ្វក់​ទាំង​នោះ។

លោក ហ៊ុន សែន ក៏បានស្នើឱ្យអន្តរជាតិក៏ដូច​មេដឹក​នាំ​អាស៊ាន កុំ​ចោទ​ប្រកា​ន់​មក​លើ​កម្ពុជា​ ថា​ជា​អាណា​ចក្រ​ឧក្រិដ្ឋ​កម្ម​ឆបោកតា​មអ​ន​ឡាញ​ទៀត ដោយ​ថា កម្ពុជា គឺ​ជា​ជន​រង​គ្រោះដោយ​សារ​ប្រទេស​ថៃ​ទៅ​វិញ​ទេ។

ជុំវិញរឿងនេះដែរ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត បញ្ចេញ​មតិ​លើ​ហ្វេស​ប៊ុក​លោក​ថា​ លោក លី យ៉ុង​ផាត់ លោក កុក អាន និង លោក ហ៊ុន តូ សុទ្ធ​តែ​បុគ្គល​ល្បីៗ​លើ​ឆាក​អន្ដរ​ជាតិ​ ជា​មេឧក្រិដ្ឋ​កម្ម​ធំៗ ក្នុង​នោះ​មាន​ការ​ឆបោក​តាម​អន​ឡាញ បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​លាង​លុយ​កខ្វក់។

ប្រភព​បន្ត​ថា អ្នកទាំងនេះជាឧក្រិដ្ឋជនរបស់​អន្ដរ​ជាតិ តែ​កំពុង​មាន​អំណាច និង​សេរីភាព​នៅ​កម្ពុជា។

សម្រាប់ លោក ចាន់ឡូត យុទ្ធនាការបោសម្អាត​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ​​ទំនង​​ជា​រូប​ភាព​ឆ្ពិន​ភ្នែក​ ដូច​ដែល​ធ្លាប់​អនុវត្ត​កន្លង​មក នៅពេ​ល​មាន​ប្រតិក​ម្ម​ខ្លាំង​ពី​សហគមន៍​អន្ដរ​ជាតិ ក្នុង​យុទ្ធ​សាស្ដ្រ​ហៅ​ថា​ធ្វើ​ជា​កម្ចាត់ ដើម្បី​ជួយ។

មិនខុសគ្នាទេ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ​នៅ​ប្រទេស​អូស្រ្តាលី លោក ស៊ឹង សែន​ករុណា យល់​ថា យុទ្ធនាការ​បង្រ្កាប​ឧក្រិដ្ឋជន​របស់ លោក ហ៊ុន ម៉ាណែត នេះ វា​គ្រាន់​តែ​ជា​រូប​ភាព​ធ្វើ​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ បើ​មិន​ហ៊ាន​វះ​កាត់​ឧក្រិដ្ឋ​ជន​ដែល​ស្និទ្ធ​នឹង​គ្រួសារ​ខ្លួន​ចោល​ទេនោះ។

លោក​ថា«បើស្វែងរកឃើញថា​ជន​ហ្នឹង​ពាក់​ព័ន្ធ​ទៅ​នឹង​អ្នក​មាន​អំណាច​ណា​មួយ​ មាន​ឥទ្ធិពល​ណាមួយ ត្រូវ​តែ​ចាត់​វិធាន​ការ​ជា​ប្រព័ន្ធ​ដោយ​មិន​ខ្លាច​នូវ​អំណាច​បុគ្គល​ហ្នឹង​នោះ​ទេ។ ដូ​ច​​ជា​ឧទាហរ​ណ៍​ថា​ ប៉ះ​ពាល់​ស្រាវ​ជ្រាវ​ទៅ​ដល់​ខ្សែ​ស្រឡាយ​របស់​មេដឹក​នាំ​ប្រទេស ត្រូ​វ​តែ​ហ៊ាន​ចោទ​ប្រកាន់ ហ៊ាន​ចាប់​ខ្លួន ហ៊ាន​ផ្តន្ទា​ទោស​ដោយ​តុលាការ​អី​ឲ្យ​បាន​ច្បាស់​លាស់ ​អាហ្នឹង​បាន​យើង​អាច​ជឿ​ជាក់​បាន»។ 

របាយការណ៍របស់វិទ្យា​ស្ថាន Humanity Research Consultancy ចេញ​​ផ្សាយ​​​នៅ​​​ខែ​ឧ​សភា ​ឆ្នាំ​​២០២៥ រក​​ឃើញ​​ថា ឧកញ៉ា លី យ៉ុង​ផាត់ ឧកញ៉ា កុក អាន និង​​ឧកញ៉ា ទ្រី ភាព ជាដើម​ ដែល​​ជួយ​​រក​​លុយ​​ចិញ្ចឹម​​គណបក្ស​​ប្រជាជន​​កម្ពុជា ក៏​​មា​ន​​ជាប់​​ពាក់​​ព័ន្ធ​​ក្នុង​​ការ​​ជួយ​​ការ​​ពារ​​បណ្តាញ​​ឧក្រិដ្ឋ​​កម្ម​​អន្តរជាតិ​​ទាំង​​​នេះ​​ដែរ។

បើតាមរបាយការណ៍ដដែល ក្រៅពីការបើក​ដៃ​​ឱ្យ​​ឧក្រិដ្ឋ​​ជន គណបក្ស​​ប្រជាជន​​កម្ពុជា គឺ​​មាន​​តួនា​​ទី​ជា​​អ្នក​ការ​​ពារ​​បណ្តាញ​ឧក្រិដ្ឋ​​កម្ម​​បរទេស នៅ​​ក្នុង​​ប្រទេស​​​កម្ពុជា ជា​​ថ្នូរ​​បាន​លុយ​​ពី​ឧក្រិដ្ឋ​​កម្ម​​ល្បែង​​អន​​ឡាញ និង​​អំពើ​​ឆបោក ក្នុង​​ទំហំ​​ទឹក​ប្រាក់​ចន្លោះ​​ពី​ជាង ១២​ពាន់​លាន​ដុល្លារ ទៅ​១៩​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

ដូចគ្នានេះដែរ ក្រសួងរតនាគារជាតិអាមេរិក នៅ​ខែ​ឧសភា ឆ្នាំ​២០២៥ រក​ឃើញ​ថា ក្រុម​ហ៊ុន​ ហួយ​វ័នគ្រុ​ប របស់​ឧកញ៉ា ហ៊ុន តូ ក្មូយ​ប្រុស លោក ហ៊ុន សែន មាន​ជាប់​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ​កម្ម​លាង​លុយ។

រីឯ ឧកញ៉ា ​លោក លី យ៉ុងផាត់ ដែល​ត្រូវ​បាន​ លោក ហ៊ុន សែន ប្រគល់​តំណែង​ជា​​ប្រធាន​​គណៈ​កម្មាធិការ​​ហិរញ្ញ​វត្ថុរ​បស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​នោះ​ ត្រូវ​បាន​​​ស​ហ​រដ្ឋ​អាមេរិក​​ដាក់ទណ្ឌកម្ម​​ដោយ​បង្កក​ទ្រព្យ​សម្បត្តិ ក្រោយ​រក​ឃើញ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ រួម​មាន ការ​ជួញ​ដូរ​មនុស្ស ធ្វើ​ទារុណ​កម្ម និង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ