សង្គមស៊ីវិល និងគណបក្សក្រៅរដ្ឋាភិបាល មើលឃើញថា ដើម្បីបង្ក្រាបបទឧក្រិដ្ឋឆបោក នៅកម្ពុជា ឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលចាំបាច់ត្រូវបោសសម្អាតអំពើពុករលួយជាប្រព័ន្ធ រួមទាំងមន្ត្រីខិលខូចនៅពីក្រោយបទល្មើស បើមិនដូច្នេះទេ កម្ពុជានៅតែបន្តខូចឈ្មោះលើឆាកអន្តរជាតិ។
ការលើកឡើងនេះ ខណៈសមត្ថកិច្ចបានឆ្មក់ចូលទីតាំងមួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់បានមនុស្សចំនួន ២៣៤នាក់ ។
បើតាមការចុះផ្សាយនៅលើគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី១៥ខែកក្កដានេះ បានឱ្យដឹងថា «ប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams) ឃាត់ខ្លួនជនជាតិវៀតណាមសរុបចំនួន ១៤៩នាក់ ក្នុងនោះមានស្ត្រី ២៣នាក់។ ជាមួយគ្នានេះ ក៏មានជនជាតិខ្មែរសរុបចំនួន ៨៥នាក់ ក្នុងនោះមានស្ត្រី ១៧នាក់»។
ពាក់ព័ន្ធរឿងនេះដែរ រដ្ឋាភិបាលក៏បានបញ្ចេញព័ត៌មានជុំវិញវិធានដ៏ម៉ឹងម៉ាត់មួយ ដើម្បីបោសសម្អាតបទឧក្រិដ្ឋនេះដែរ ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការគំរាមកំហែង អសន្តិសុខក្នុងពិភពលោកនិងកម្ពុជាផងដែរ។
នេះបើតាមបទបញ្ជាមួយចុះថ្ងៃទី១៤ខែកក្កដានេះ «ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និយាយក្នុងលិខិតនោះថា ខ្លួនសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រទេសកម្ពុជាផងដែរ ដែលក្រសួងពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។
លោកព្រមានថា ការមិនអនុវត្តតាមបទបញ្ជាម៉ឹងម៉ាត់នេះ ឬមិនសហការក្នុងរូបភាពណាមួយ ត្រូវផ្លាស់ប្តួរ ឬបញ្ចប់មុខតំណែង។
ជុំវិញរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញថា ការបន្តរកឃើញករណីនេះ មកពីកម្សោយនៃការអនុវត្តច្បាប់ ហើយនេះមិនមែនជារឿងថ្មីឡើយ ដោយកន្លងមក លោកថាករណីនេះ ត្រូវបានរកឃើញ និងមានការបង្រ្កាបជាបន្តបន្ទាប់។
ម៉្យាងវិញទៀត លោកថា បញ្ហានេះអាចលុបបំបាត់ទៅបាន វាលុះត្រាណា រដ្ឋាភិបាលបង្ហាញឆន្ទៈខ្លួន ចាត់វិធានការឱ្យបានតឹងរឹងទៅលើមន្ទ្រីខិលខូចណា ដែលនៅក្រោយមេឧក្រិដ្ឋកម្មទាំងអស់នោះ និងអនុវត្តន៍ច្បាប់ដោយមិនលំអៀង។
លោកថា៖ «អាចនឹងពាក់ព័ន្ធរឿងផលប្រយោជន៍មន្ត្រីខិលខូចអីជាដើម ទើបបណ្ដែតបណ្ដោយឲ្យមានបញ្ហាដល់ថ្ងៃនេះត្រូវចាត់វិធានការចំពោះមន្ត្រីខិលខូចដែលពាក់ព័ន្ធ ដែលធ្វើជាខ្នងបង្អែកឲ្យឧក្រិដ្ឋជនទាំងអស់នោះ អនុវត្តច្បាប់ដោយមិនលម្អៀងបានត្រឹមត្រូវទៅ ចាត់វិធានការឲ្យច្បាស់លាស់ហើយធ្វើជាប្រចាំមិនបាច់ចាំរហូតដល់គេរិះគន់ខ្លាំង បានធ្វើអាហ្នឹងវាមិនមានប្រសិទ្ធភាពទេ ហើយអ្វីដែលសំខាន់គឺការតាំងចិត្តរបស់រាជរដ្ឋាភិបាលលោកត្រូវតែតាំងចិត្តមានឆន្ទៈមោះមុតក្នុងការលុបបំបាត់ប្រឆាំងឧក្រិដ្ឋកម្មអនឡាញ»។
បន្ថែមពី លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ប្រសិនបើរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេ នោះនឹងបង្កផលប៉ះពាល់ដល់មុខមាត់កម្ពុជាកាន់ខ្លាំងទៅលើឆាកអន្តរជាតិ ជាពិសេសអ្នករងគ្រោះធំ គឺប្រជាពលរដ្ឋ។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានលើកឡើងថា លោកមានការសាទរ ជុំវិញការអនុវត្តនីតិវិធីចុះបង្ក្រាបនេះ ដោយថាជាបញ្ហាក្ដៅ ដែលកម្ពុជាកំពុងរងការរិះគន់ជាហូរហែរលើឆាកអន្តរជាតិ។
តែយ៉ាងណា លោកជំរុញឱ្យរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹងប្រកបដោយតម្លាភាព និងអ្វីដែលសំខាន់ត្រូវលុបបំបាត់អំពើពុករលួយ ដើម្បីបង្រា្កបឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះឱ្យមានប្រសិទ្ធភាព។
លោកថា៖ «អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង មិនមានការយោគយល់ ទោះបីជនដែលពាក់ព័ន្ធជានរណាក៏ដោយ ត្រូវអនុវត្តតាមផ្លូវច្បាប់ បំបាត់អំពើពុករលួយ ត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយអ្នកដែលពាក់ព័ន្ធស្ថាប័នក្រសួងអាជ្ញាធរដែលពាក់ព័ន្ធជួយទប់ស្កាត់និងបង្ក្រាបទៅលើការឆបោកតាមប្រព័ន្ធអនឡាញ ត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជិតខាង ក្នុងតំបន់ក៏ដូចជាអន្តរជាតិ ដើម្បីរួមគ្នាកំណត់មុខសញ្ញាមេឧក្រិដ្ឋជន ហើយកម្ពុជាថ្មីៗនេះ យើងឃើញមានការលើកឡើងអំពីអង្គការសហពីទីតាំងការឆបោកតាមប្រព័ន្ធអនឡាញ ព្រោះបញ្ហានេះវាប៉ះពាល់មុខមាត់សម្រាប់កម្ពុជា វិនិយោគទុន និងភ្ញៀវទេសចរអន្តរជាតិ ទាក់ទងនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម»។
របាយការណ៍របស់វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានលាតត្រដាងថា កម្ពុជាជាប្រទេសចំណុចស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មអនឡាញ។
តាមរបាយការណ៍ដដែល បង្ហាញទៀតថា មានបុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ។
របាយការណ៍ រកឃើញថា កម្ពុជាមានអ្នកបម្រើការងារក្នុងឧក្រិដ្ឋកម្មអនឡាញជាង ១៥ម៉ឺននាក់ និងថា ក្រុមឧក្រិដ្ឋជនអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញក្នុង ១ឆ្នាំ ប្រមាណពី ១២.៥ ទៅ ១៩ពាន់លានដុល្លារដែលស្មើនឹង ៦០ភាគរយនៃ GDP ឬផលិតផលដុលក្នុងស្រុករបស់កម្ពុជា។
លើសពីនេះ អង្គការតម្លាភាពកម្ពុជា បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រកឃើញថា កម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានចំណាត់ថ្នាក់ពុករលួយខ្ពស់ជាងគេជាប់គ្នាជិត១០ឆ្នាំ បើធៀបនឹងសមាជិកអាស៊ាន។
មូលហេតុចម្បង មកពីឥទ្ធិពលនយោបាយ ជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌ ដែលធ្វើឱ្យប្រព័ន្ធច្បាប់ មិនអាចកាត់ទោសកំហុសមន្ត្រីមានអំណាចបាន។
ជម្រើសដើម្បីរើខ្លួនចេញពីវិបត្តិនេះ ត្រូវបើកលំហសេរីភាពបញ្ចេញមតិ លំហប្រជាធិបតេយ្យ និងត្រូវមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕









