ការប្រឈមមុខដាក់គ្នានៅព្រំដែនជួរមុខ បានក្លាយជាក្តីបារម្ភខ្លាំងថាឈាមខ្មែរនឹងហូរ ដោយសារមហិច្ឆតាឈ្លានពានរបស់ថៃ បើមេដឹកនាំគ្រួសារហ៊ុន មិនប្រញាប់ស្នើសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យកោះប្រជុំបន្ទាន់ ដើម្បីទប់ស្កាត់ទេនោះ។
ក្តីបារម្ភកើនឡើងនេះ ខណៈទាហានថៃ និងកម្ពុជា បានប៉ះសម្តីគ្នាមួយប្រាវក្នុងទ្រង់ទ្រាយធំ នៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៥ ខែកក្កដា រួមទាំងការដែលថៃបានជីកលេណដ្ឋានតាមព្រំដែននៅជើងប្រាសាទតាមាន់ធំ ក្នុងរូបភាពត្រៀមឈ្លានពានមកលើកម្ពុជា។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី១៦ ខែកក្កដានេះថា ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងថៃ កម្ពុជាចាំបាច់ត្រូវពន្លឿនប្រើយន្តការអន្តរជាតិ ICJ និងស្នើដល់ប្រធានអាស៊ាន រួមទាំងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទប់ស្កាត់មហិច្ឆតាឈ្លានពានទឹកដីនេះពីភាគីថៃ ខណៈថៃក៏ជាសមាជិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសផងដែរ។
លោកថា៖ «អ្វីដែលកម្ពុជាចាំបាច់ត្រូវធ្វើជាបន្ទាន់ ត្រូវប្ដឹងទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺមានប្រទេសឥណ្ឌូនេស៊ី និងប្រទេសបារាំង ជាសហប្រធាននៃកិច្ចព្រមព្រៀង ហើយប្រទេសថៃក៏ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងហ្នឹងផងដែរ ដូច្នេះរដ្ឋាភិបាលត្រូវធ្វើរឿងនេះជាបន្ទាន់។ មួយទៀតកម្ពុជាក៏ត្រូវតែប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ជេ ឲ្យបានឆាប់បំផុត ព្រោះប្រកាសថាប្តឹងយូរហើយ ប៉ុន្តែអត់បានដាក់ពាក្យបណ្ដឹងនៅឡើយ ហើយមួយទៀតត្រូវប្ដឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រសិនជាមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយថៃ ហើយក៏អាចប្ដឹងទៅប្រធានអាស៊ានផងដែរ ដើម្បីកោះប្រជុំដើម្បីដោះស្រាយបញ្ហាហ្នឹង»។
លើសពីនេះ លោកថា ការមិនប្រើយន្តការអន្តរជាតិដែលកម្ពុជាមានស្រាប់ ដើម្បីពន្លឿនការទប់ស្កាត់មហិច្ឆតាបរទេសឈ្លាននេះទេ នោះវាឆ្លុះបញ្ចាំងពីកម្សោយនៃការដឹកនាំ។
ក្នុងន័យនេះ លោកបញ្ជាក់ថា កម្ពុជាមានឯកសារភស្តុតាងគ្រប់គ្រាន់ដើម្បីប្តឹងថៃទៅ ICJ ទាមទារប្រាសាទបុរាណខ្មែរ និងដែនសមុទ្រខ្មែរ រួមទាំងកោះគុត ខណៈកម្ពុជាមានសន្ធិសញ្ញាបារាំង-សៀម១៩០៤-១០៩៧ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារាំង ២៣តុលា១៩៩១ ជាដើម។
លោកអះអាងថា ភស្តុតាង និងសន្ធិសញ្ញាទាំងអស់ហើយ ដែលកម្ពុជាអាចការពារខ្លួនពីការប៉ះទង្គិចគ្នា នឹងអាចទាមទារទឹកដីខ្មែរមកវិញ ឱ្យតែមេដឹកនាំមានឆន្ទៈពិតប្រាកដថាខ្លួនស្រឡាញ់ជាតិនិងទឹកដី។
លោកថា៖ «ចង់ប្រាប់ទៅពលរដ្ឋថា លោក ហ៊ុន សែន ហ្នឹងគាត់ទុកឲ្យជម្លោះព្រំដែនហ្នឹង ដើម្បីកេងចំណេញនយោបាយ ហើយដើម្បីបោកប្រាស់ប្រជាពលរដ្ឋថា អូ!ត្រកូលហ៊ុនហ្នឹងស្នេហាជាតិ ស្នេហាការពារទឹកដីព្រំដែនជាមួយថៃ ជាមួយអី តាមពិតគាត់មិនចង់ការពារទឹកដីនោះទេ គ្រាន់តែយកបញ្ហាព្រំដែនហ្នឹងយកមកក៏កេងចំណេញនយោបាយ និងរកប្រជាប្រិយភាពឱ្យលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ បើសិនជាគាត់មានបំណងការពារទឹកដីមែន គាត់ប្រាកដជាប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិអាយ.ស៊ី.ជេឲ្យបានឆាប់ហើយ»។
លើសពីនេះ លោកថា ថៃកំពុងធ្វើលេណដ្ឋាន ឬត្រង់សេ នៅជើងប្រាសាទតាមាន់ធំ រំលោភលើអនុស្សរណនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ទាំងគ្មានការតវ៉ាពីភាគីកម្ពុជាទៀតផង ខណៈថៃធ្លាប់តវ៉ាឱ្យកម្ពុជាលុបលេណដ្ឋានៅតំបន់មុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កម្ពុជាព្រមលុបតាមការទាមទាររបស់ថៃ តែនៅប្រាសាទតាមាន់ធំ កម្ពុជាអត់ហ៊ានតវ៉ាជាមួយថៃ។
ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ជម្រើសដ៏ល្អបំផុតសម្រាប់កម្ពុជាដើម្បីបញ្ចៀសការបន្តប៉ះទង្គិចគ្នាដោយអាវុធ និងទប់ស្កាត់មហិច្ចតាថៃឈ្លានពានទឹកដីផងនោះ កម្ពុជាត្រូវពន្លឿនប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធានាពីបូរណភាពទឹកដីរបស់កម្ពុជា។
លោកនិយាយថា បើរដ្ឋាភិបាលបន្តអូសបន្លាយមិនប្រើយន្តការអន្តរជាតិទាំងពីរនេះ វាជាហានិភ័យប្រាសាទខ្មែរ និងជីវិតទាហានខ្មែរដែលកាន់អាវុធនៅជួរមុខ។ លើសពីនេះ លោកថា បើមេដឹកនាំគ្រួសារហ៊ុនមិនពន្លឿនប្រើយន្តការអន្តរជាតិទេ ភាគីថៃនៅតែបន្តគឃ្លើនឈ្លានពាន និងមើលងាយសាសន៍ខ្មែរថា ជាប្រទេសអន់ថយ គ្មានសមត្ថភាពការពារទឹកដីជាដើម។
លោកថា៖ «ធ្វើសេចក្ដីបញ្ជាក់ជូនទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីសទៅ ស្នើឱ្យគេកោះប្រជុំសើរើអំពីបញ្ហាថៃរំលោភបំពានកម្ពុជា ជំរុញឲ្យថៃអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសមក ព្រោះភាគីថៃក៏ជាម្ចាស់ហត្ថលេខីដែរ ហើយជាមួយគ្នានោះ យើងក៏អាចជូនដំណឹងទៅអគ្គលេខាធិការសមាគមអាស៊ាន ឱ្យគេដឹងទៅ អាហ្នឹងជានីតិវិធីរដ្ឋបាលទេ ធម្មតាទេអាហ្នឹងនោះ តែអ្វីដែលយើងរំពឹងបារាំងយើងប្តឹងតុលាការយុត្តិធម៌អន្តរជាតិ ហើយយើងធ្វើសេចក្ដីជូនដំណឹងទៅអាស៊ាន ជាការជូនដំណឹងល្អមួយ ហើយមួយទៀតយើងអាចជូនដំណឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអីផងឲ្យគេដឹងឮ ព្រោះអាហ្នឹងវាមានសារៈសំខាន់ បើបញ្ហាជម្លោះកម្ពុជាថៃវាជាជម្លោះទឹកដីប្រទេសពីរ»។
យ៉ាងណាក្តី ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំព្រឹទ្ធសភា កាលពីថ្ងៃទី១៤ខែកក្កដា ដោយបានព្រមានថៃ បើថៃហ៊ានធ្វើរបងនៅប្រាសាទតាមាន់ធំ។
លោកថា៖ «ប៉ុន្មានថ្ងៃនេះ ឮថាចង់ធ្វើរបង ចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ សាកល៎មើលៗ ហើយគំរាមវ៉ៃសុទ្ធតែយកសៀមរាប យកបាត់ដំបង វ៉ៃចូលដល់ភ្នំពេញ សាកល៎មើល ខ្ញុំមិនព្រមានចង់ធ្វើសង្គ្រាមទេក៏ប៉ុន្តែយើងត្រៀមរៀបចំសម្រាប់សង្គ្រាមមួយដែលវានឹងដល់»។
ជុំវិញភាពចម្រូងចម្រាសបញ្ហាព្រំដែននេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់ចង្អុលបង្ហាញពីមូលដ្ឋានច្បាប់រឹងមាំរបស់កម្ពុជា ដែលប្រទេសជិតខាងមិនអាចរំលោភបំពានបាន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានបង្ហោះសារលើហ្វេសប៊ុករបស់ខ្លួនថា «កម្ពុជាអាចប្រើប្រាស់យន្តការដោះស្រាយ ការរំលោភយកកោះគុតពីភាគីថៃ ដោយប្រើប្រាស់មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀងនេះ បញ្ជាក់ថា បើមានការគំរាមកំហែងរំលោភលើអធិបតេយ្យភាពកម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះ ត្រូវពិគ្រោះជាបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីដោះស្រាយរាល់ការរំលោភទាំងនេះតាមមធ្យោបាយសន្តិវិធី។
វិធានការដោះស្រាយ រួមមានរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនូវទំនាស់ដោយសន្តិវិធី យោងតាមមាត្រា៣៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយភាគីពាក់ព័ន្ធក៏អាចសុំការឧបត្ថម្ភពីសហប្រធាននៃសន្និសីទប៉ារីសស្តីពីកម្ពុជា រួមមានប្រទេសបារាំង និងប្រទេសឥណ្ឌូនេស៊ីផងដែរ។
បើតាមលោកបណ្ឌិត ឡៅ ម៉ុងហៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ជាក់យ៉ាងច្បាស់ថា ម្ចាស់ហត្ថលេខីទាំង១៨ប្រទេស ដែលជាសាក្សីនៃកិច្ចព្រមព្រៀងនេះ រួមទាំងប្រទេសថៃ និងវៀតណាម ត្រូវទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា។
ជម្លោះព្រំដែនកម្ពុជាថៃ បានកក្រើកឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ប្រមាណជាង១ខែទៅនេះ បន្ទាប់ពីទាហានថៃបានបើកការបាញ់ប្រហារទៅលើលេណដ្ឋានកងទ័ពកម្ពុជា នៅជួរមុខ ក្នុងតំបន់មុំ៣ ស្រុកជាំក្សាន្ត បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់នៅពេលនោះ។
ប៉ុន្តែមកដល់ពេលនេះ កម្តៅនេះមិនទាន់ថមថយទេ ដែលធ្វើឱ្យកងទ័ពកម្ពុជា ប្រឈមនឹងញឹកញាប់ជាមួយភាពគឈ្លើនរបស់ទាហានថៃ ដែលចេះតែដើរឆ្លងចូលដីកម្ពុជា នឹងបន្តប៉ះទង្គិចគ្នាដោយពាក្យសម្តីជាដើម ដែលបញ្ហាទំាំងនេះជាក្តីបារម្ភពីលទ្ធភាពផ្ទុះអាវុធនៅថ្ងៃណាមួយ ដែលនឹងធ្វើឱ្យឈាមខ្មែរហូរ បើរដ្ឋាភិបាលមិនពន្លឿនយន្តការច្បាប់អន្តរជាតិទាំងអស់ ដែលកម្ពុជាមាន ដើម្បីទប់ស្កាត់ទេនោះ៕









