លោក អ៊ុំ សំអាន ថាថៃធ្វើ​លេណ​ដ្ឋាន​នៅ​ជើង​​ប្រាសាទ​តាមាន់​ធំ​បំពាន​MOU​តែ​កម្ពុជា​មិន​តវ៉ា

អ្នកមាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន ពី​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បាន​និយាយ​ថា ទាហាន​ថៃ បាន​ជីក​ លេណ​ដ្ឋាន​នៅ​ជើង​ប្រាសាទ​តាមាន់ធំ នា​ពេល​ថ្មីៗ​នេះ បំពាន​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា ​គ្មា​ន​កា​រ​តវ៉ា​ពីមេ​ដឹកនាំ​ខ្មែរ ​ដែ​ល​ថា​នេះ​ជា​កម្សោយ​របស់​មេដឹក​នាំ ក្នុង​បុព្វ​ហេតុ​ការ​ពារ​ទឹក​ដី។

លោក អ៊ុំ សំអាន និយាយលើហ្វេសប៊ុករបស់លោក នៅ​ថ្ងៃ​ទី​១៦ខែ​កក្កដា​នេះ ដោយ​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​ទាហាន​ថៃ​បាន​ជីក​ត្រង់​សេ​នៅ​ប្រាសាទ​តាមាន់​ធំ ហើយ​មិន​ហ៊ាន​តវ៉ា​ជាមួយ​ថៃ​រឿង​ជីក​ត្រង់​សេ​នេះ?។

ក្នុងន័យនេះ លោក​ពន្យល់​ថា ប្រាសាទតា​មាន់ធំ ជា​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​ក៏​នឹង​ប្តឹង​ករណី​ប្រាសាទ​តាមាន់​ធំ​នេះ​ទៅ​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ​(ICJ)។

បើតាមអនុស្សរណៈយោបល់ឆ្នាំ២០០០ បាន​ហាម​មិន​ឱ្យ​ភាគី​ណាមួយ​សាង​សង់​សំណង់​រឹង ឬ​ធ្វើ​អ្វី​ថ្មី​នៅ​តំបន់​ជម្លោះ​នោះ​ទេ។

លោកថា កម្ពុជា​បាន​ជីក​ត្រង់សេ​នៅ​តំបន់​មុំ៣ ហើយ​ភាគី​ថៃ​តវ៉ា​រហូត​ដល់​កម្ពុជា​បាន​លុប​ត្រង់​សេ​នៅ​តំបន់​មុំ៣ រួច​ដក​ទ័ព​ចេញ​ពី​តំបន់​មុំ៣។

កន្លងមក ទាហានថៃក៏​បាន​បាំង​តង់​កៅស៊ូនៅ​ប្រាសាទ​តាមាន់ធំ​ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​ហ៊ាន​តវ៉ា​ឱ្យ​ថៃ​រើតង់​កៅស៊ូ​នោះ​ចេញ​វិញ​​ទេ។

លើសពីនេះ លោកថា ទាហាន​ខ្មែរ​នៅ​ទីនោះ​ រអ៊ូថា​មេដឹកនាំ​ខ្មែរ​ខ្សោយ បណ្តោយ​ឱ្យ​ទាហាន​ថៃ បាំង​តង់​កៅស៊ូ​នៅ​ប្រាសាទ​តាមាន់​ធំ​ស្រេច​ចិត្ត ហើយ​មិន​ហ៊ាន​តវ៉ា ដែល​លោក​ចោទ​ថា នេះ​ជា​កម្សោយ​របស់​លោក ហ៊ុន ម៉ាណែត ទើប​ថៃ​មើល​ងាយ​ខ្មែរ។

វីអូឌី មិនអាចសុំប្រតិកម្មឆ្លើយតប​ ​ពី​ប្រធាន​អង្គ​ភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ពី​លោក ប៉ែន បូណាបាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ប៉ុន្តែ​ក្នុង​កិច្ច​ប្រជុំ​ព្រឹទ្ធ​សភា កាល​ពី​ថ្ងៃ​ទី១​៤ខែ​កក្កដា លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ថៃ បើ​ថៃ​ហ៊ាន​ធ្វើ​របង​នៅ​ប្រាសាទ​តាមាន់ធំ ។

លោកថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ ចង់​ធ្វើ​របង​ទ័ព​(ប្រាសាទ)​តាមាន់​ធំៗ។ សាក​លមើលៗ។ (ថៃ)​គំរាម​វាយ​ យក​ខេត្ត​បាត់​ដំបង យក​ខេត្ត​សៀម​រាប ចូល​ដល់​ភ្នំពេញ សាក​លមើល​​ទៅ»

យ៉ាណា កម្ពុជា​បាន​ប្រកាស​ជំហរ​ប្តឹង​ថៃ​ទៅតុ​លាការ​យុត្តិធម៌​អន្តរ​ជាតិ(ICJ)​ក្នុង​សំណុំ​រឿង​ព្រំដែន​ពាក់​ព័ន្ធ​នឹង​តំបន់​ប្រាសាទ​តាមាន់តូច ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី និងតំ​បន់​មុំ៣។

ការបញ្ជាក់ជំហររបស់កម្ពុជា គឺធ្វើ​ឡើង​ក្រោយ​ពី​ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ ទៅ​លើ​លេណ​ដ្ឋាន​ឈរ​ជើង​នៅ​ព្រំដែន​ជួរ​មុខ​របស់​កម្ពុជា​ នៅ​តំបន់​មុំ៣​ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​បាត់​បង់​ជីវិត។

យ៉ាងនេះក្តី គណបក្សប្រឆាំង ធ្លាប់​ជំរុ​ញ​ឱ្យ​មាន​ដឹកនាំ​កម្ពុជា​ប្រើ​យន្ត​ការ​អន្តរ​ជាតិ​មួយ​ទៀត គឺ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ប្តឹង​ទៅ​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឈ្លាន​ពាន និង​បញ្ចៀស​ការ​ផ្ទុះ​អាវុធ​បង្ហូរ​ឈាម​គ្នា​ផង​ដែរ។

ប៉ុន្តែ​មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់​បង្ហាញ​ជំហរ​ប្រើ​យន្ត​ការ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឡើយ​ទេ ដែល​ធ្វើ​ឱ្យ​កង​ទ័ព​កម្ពុជា និង​ថៃ បន្ត​ប្រឈម​មុខ​ដាក់​គ្នា។

សម្រាប់ លោក អ៊ុំ សំអាន ក្រសួង​ការបរទេសកម្ពុជា ត្រូវ​តែ​ផ្ញើ​កំណត់​ទូត​ទៅ​ថៃ ដោយ​ទាម​ទារ​ឱ្យ​ថៃ​លុប​ត្រង់​សេ​នោះ​វិញ ហើយ​រដ្ឋាភិបាល​ត្រូវ​តែ​ប្រញាប់​ប្រញាល​ដាក់​បណ្តឹង​ករណី​តំបន់​ទាំង​៤ ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ឱ្យ​លឿន ដូច​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ ​ពី​កំណើត ដើម្បី​កម្ទេច​ខ្មែរ​គ្នា​ឯង។ លោក​ ហាក់​ស្តី​បន្ទោស​ថា កុំ​ខ្លាំង​បាន​តែ​ជាមួយ​ខ្មែរ​គ្នា​ឯង ហើយ​ជាមួយ​បរទេស​ឈ្លាន​ពាន​ខ្លាច​គេ​នោះ។

លើសពីនេះ លោក សំអាន គូស​បញ្ជាក់​ថា បើ​តាម​ផែន​ទីឧ​បសម្ព័ន​ភ្ជាប់​សន្ធិ​សញ្ញា​បារាំង-សៀម​ឆ្នាំ១៩០៧ និង​បង្គោល​បារាំង គឺ​ដី​ខ្មែ​រ​នៅ​ជាង​១គីឡូ​ម៉ែត្រ ហួស​ទៅ​ប្រាសាទ​តាមាន់ធំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ