បទវិភាគ៖ ហេតុអ្វី​គ្រួសារ​ហ៊ុន​​មិ​ន​​បញ្ជូន​​វៀតណាម​រស់​នៅ​លើ​បឹង​ទន្លេ​សាប​ទៅ​ប្រទេស​កំណើត​វិញ​?

បណ្តាប្រ​ទេស​នៅលើពិ​ភព​លោក ​តែង​​តែ​ចាប់​បញ្ជូនជ​ន​ជាតិ​​ដទៃ​​ ដែល​​​លួច​​ចូល​​​ទៅ​​រស់​នៅ​​ខុស​ច្បាប់​​នៅ​ក្នុង​​ប្រទេស​​​របស់​​ខ្លួន ​​ឱ្យ​ត្រឡប់​​ទៅ​​ប្រទេស​កំណើត​​​វិញ​​​គឺ​​ជា​រឿង​​ធម្មតា។

ប៉ុន្តែ​​រឿង​​ដែ​ល​​មិន​ធម្មតា ​គឺ​​រដ្ឋាភិបាល​​​គ្រួសារ​​ហ៊ុន​ ក្នុង​​រយៈ​​ពេល​​ជាង​៤០​​ឆ្នាំ​មក​​នេះ​ មិន​​ត្រឹម​​តែ​​មិន​​ចាប់​បញ្ជូ​ន​​​ជ​ន​ជាតិ​​​វៀត​ណាម​​ឱ្យ​ត្រឡប់​​ទៅ​ប្រទេស​ពួក​គេ​វិញ​ប៉ុណ្ណោះ​ទេ ថែម​​​ទាំង​ផ្តល់​​ការ​​ការ​ពារ ​និង​​គាំ​ពារ​​ជន​​ជាតិ​​វៀត​ណាម​​ទាំង​នោះ​ ​ទៅ​​តាម​​ការ​​ណែនាំ​​​​ជា​រឿងៗ​​របស់​​មេដឹកនាំ​​វៀត​ណាម​​ទៀត​ផង​។ ជាសំណួរ​ តើ​ហេតុ​អ្វី​កម្ពុជា​មិន​​បញ្ជូន​​ជន​ជាតិ​វៀត​ណាម​​រ​ស់​​នៅ​លើ​ទឹក​​​​​ទៅ​ប្រទេស​កំណើត​វិញ​?

បញ្ហា​ជ​នអន្តោប្រវេសន៍​វៀតណាម​ ដែល​ចូល​​មក​រស់នៅ​​គ្រប់​​ខេត្ត​​ក្រុង​​ក្នុង​​ប្រទេស​​កម្ពុជា​ ចាប់​​តាំង​ពី​ក្រោយ​​​ឆ្នាំ​​១៩៧៩​មក​ និង​​បញ្ហា​​បូរណភាព​​ទឹក​ដី​​​ទាំង​ព្រំដែន​​ខាង​​កើត​​និង​​ព្រំដែន​​ខាង​​លិច ​រួ​ម​​ទាំង​​ផ្ទៃ​សមុទ្រ​ និង​ដី​​​កោះ​ បាន​​​ក្លាយ​​​ទៅ​​ជា​រឿង​​រសើប​​យ៉ាង​ខ្លាំង ​​ខណៈ​​រដ្ឋា​ភិបាល​ក្រោម​​ការ​​ដឹក​នាំដោ​យ​​​គ្រួសារ​​ហ៊ុន​​ មិន​​ត្រឹម​​តែ​​មិន​​ព្រម​​ចាត់​​វិធាន​ការ​​ដោះ​​ស្រាយ​​តាម​​ផ្លូវ​ច្បាប់​​លើ​​បញ្ហា​​ទាំង​​នេះ ឱ្យ​មាន​​ប្រសិទ្ធ​ភាព​​ប៉ុណ្ណោះ​ទេ ​ថែម​​ទាំង​​តែង​​តែ​​តាម​ធ្វើ​ទុក្ខ​​បុក​ម្នេញ​ ប្រើ​ប្រព័ន្ធ​​តុលាការ​​តាម​​ចាប់​ខ្លួន​ ចំពោះ​​អ្នក​នយោបាយ​ ​និង​​សកម្ម​​ជន​​សង្គម​​ដែល​​ហ៊ាន​​លើក​​​យក​​រឿងនេះ​​មក​​និយាយ​​ថែម​​ទៀត​​ផង​។

លោក ​រ៉ុង ឈុន បច្ចុប្បន្ន​ជាទីប្រឹក្សា​គណបក្ស​កម្លាំង​​ជាតិ បាន​​ជាប់​​ពន្ធនា​គារ​​ចំនួន​​​២​លើក ​និង​​ត្រូវ​​បាន​​តុលា​កា​រ​រឹប​​អូស​យក​ផ្ទះ និង​​ដក​ហូត​សិទ្ធិ​​​ធ្វើ​នយោ​បាយ ​បច្ចុប្បន្ន​​កំពុង​បន្ត​​​តតាំង​​​ក្តី​​មិន​​ទាន់​​បញ្ចប់​​នៅ​ឡើយ​ ពា​ក់​​ព័​ន្ធ​​នឹង​សំណុំ​​រឿង​ក្តី​​ដែល​​លោក​​បាន​​បញ្ចេញ​​មតិ​ ​ទាក់​​ទង​​នឹង​​ដំណើរ​ការ​​បោះ​​បង្គោល​ព្រំដែន​​កម្ពុជា​វៀត​ណាម។

ចំណែក​សកម្ម​ជន​ផ្សេង​ទៀត រួមទាំងស​កម្មជន២៣តុលា ដែល​សកម្ម​និ​យាយ​ពីសា​រ​សំខាន់​នៃ​កិច្ច​​ព្រម​​​ព្រៀ​​ង​សន្តិភាព​​ទីក្រុង​ប៉ារីស និង​លាត​ត្រដាង​ពី​ប្រវត្តិ​វៀត​ណាម​លេប​ទឹ​ក​ដី​ខ្មែរ​ផង​នោះ​ មាន​​​លោក ស៊្រុន ស៊្រន, កញ្ញា ភឹង សោភា, លោក សាន សិទ្ធ ជា​ដើម រហូត​​មក​​ដល់​​ពេល​​នេះ​ បាន​​ជាប់​​ឃុំក្នុ​ង​​ពន្ធនាគារ​ជិត​១​ឆ្នាំ​​ហើយ ដោយ​​សារ​តែ​ពួក​គេ​​បាន​ធ្វើការ​រិះ​គន់​កិច្ចព្រមព្រៀង​គម្រោង​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ វៀតណាម​(CLV-DTA) បើ​​ទោះ​​​បី​ជាគម្រោង​​ដ៏​ចម្រូង​ចម្រាស​នេះ​ ត្រូវ​​បាន​​រដ្ឋាភិបាល​​និង​​រដ្ឋ​សភា​ ​សម្រេ​ចលុ​ប​​ចោល​​វិញ​​​​រួច​​ទៅ​​ហើយ​ ​បន្ទាប់​ពីមាន​ការ​តវ៉ា​ប្រឆាំង​​យ៉ាង​​ខ្លាំង​ក្តី។

បច្ចុប្បន្ន​​នៅពេល​ដែល​​ប្រជាជាតិ​ខ្មែរ​ទាំង​មូល កំពុង​ផ្តោតការ​ចាប់​អារម្មរណ៍ទៅ​លើ​ការ​ឈ្លាន​ពាន​របស់​ថៃ​មក​​លើ​តំបន់​​មុំ​បី ប្រាសាទ​​តាក្របី ប្រាសាទតាមាន់​ធំ ​និង​តាមាន់​តូច ​​រដ្ឋាភិបាលគ្រួសារ​​ហ៊ុន មិន​​ត្រឹម​​តែ​​មិន​​រក​​​​វិធី​ជំរុញ​​ឱ្យមាន​ការ​បង្រួប​បង្រួមនិង​ផ្សះផ្សា​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​​ទេ ​ថែម​ទាំង​​ធ្វើការកែរដ្ឋធម្មនុញ្ញ​មាត្រា៣៣​ ​ដើម្បី​បើក​ផ្លូវ​ឱ្យមាន​ការ​ដកសញ្ជាតិ​ពី​ពល​រដ្ឋ​ខ្មែរ ​ធ្វើឱ្យ​មានការ​បាក់បែកជាតិ​កាន់​​តែ​ខ្លាំង​ថែម​ទៀត។

នៅ​ពេល​ដែលមជ្ឈដ្ឋាន​អ្នក​ជាតិ​និយម​ខ្មែរ​ ​រិះគន់​យ៉ាង​ខ្លាំង​ទៅលើ​ការកែរដ្ឋធម្មនុញ្ញ ដើម្បី​​ឈាន​​ទៅ​​ដក​សញ្ជាតិ​​​ពី​កំណើត​​របស់​​ប្រជា​ពលរដ្ឋ​ខ្មែរ​​ម្ចាស់​​ប្រទេស ​ទៅ​​តាម​​ការ​​ចង់​​បាន​​របស់ ​លោក​ ហ៊ុន សែន​ ​ដែលលោក​ត្រូវ​បាន​បង្កើតឡើង​ដោយ​វៀតណាមនោះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​​១០ ខែ​​កក្កដា ​ឆ្នាំ​២០២៥ ​បាន​​បង្កើត​​គណៈ​កម្ម​ការ​​ចំពោះ​​កិ​ច្ច​មួយ ដើម្បី​​ដោះស្រាយបញ្ហា​ផ្ទះ​បណ្តែតទឹក និងបែចិញ្ចឹមត្រី ដែលស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៥ ជុំវិញ​បឹង​ទន្លេ​សាប​ ​ជា​កន្លែង​​ដែល​​​​ភាគ​ច្រើន​​ត្រូវ​បាន​​ជន​​អន្តោ​ប្រវេសន៍​​វៀត​ណាម​​រស់​នៅ ​ដោយ​​ធ្វើ​ការ​នេសាទ​ខុស​ច្បាប់​​បំផ្លាញ​​ត្រី ​និង​​បរិស្ថាន​​ខ្មែរ​​រាប់​​សិប​​ឆ្នាំ​មក​​ហើយ​។

នៅក្នុ​ងសេចក្តីសម្រេចនេះ លោក ​ហ៊ុន ម៉ាណែត ​ក៏​បាន​បញ្ជាក់​ពី​ភារ​កិច្ច​របស់​​គណៈ​​កម្ម​ការ​​ចំពោះ​កិច្ច​​ដឹក​​នាំ​​​ដោយ​​ លោក ស សុខា ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​​ អនុប្រធាន​និង​សមាជិក​ចំនួន​​២៧​នាក់​ផ្សេងទៀត ចំនួន ១៣ចំណុច ក្នុងនោះរួមមាន​ការរៀបចំផែន​ការយុទ្ធ​សាស្ត្រ​​រយៈពេល​មធ្យម និងរយៈ​ពេល​វែង សម្រាប់ធ្វើការ​បម្លាស់​ទីផ្ទះបណ្តែតទឹក​មកលើដីគោក ព្រមទាំង​ដាក់ចេញនូវ​គោល​​​​​ការណ៍​ណែនាំ​តម្រង់​ទិស​ដល់​ខេត្តទាំង​៥ ក្នុងការអនុវត្តវិធាន​ការ​បម្លាស់ទីផ្ទះ​បណ្តែត​ទឹកមករស់នៅលើដីគោក រៀប​ចំផែនការ​ផ្តល់​ដីសម្បទា​ន​​សង្គម​កិច្ច​សមស្របជូន​ដល់​ប្រជាពលរដ្ឋ​​ខ្មែរ ដែល​ធ្វើ​បម្លាស់ទីមករស់នៅលើដីគោក អភិវឌ្ឍន៍​​ហេដ្ឋារចនា​​សម្ព័ន្ធ​​​គាំទ្រ​ក្នុង​​ទីតាំង​​​ដី​សម្បទាន​​សង្គម​កិច្ច​ ព្រម​​ទាំង​​ចាត់​​វិធាន​ការ​​ចំពោះ​ជន​​អន្តោ​​ប្រវេសន៍​​​ខុស​ច្បាប់​​ដែល​​កំពុង​​រស់​នៅ​លើ​ទឹក​​​បឹង​​ទន្លេសាបនោះ​ផង​ដែរ​។

ក្រៅពីនេះ លោក ​ហ៊ុន ម៉ាណែត​ ​ក៏បាន​ធ្វើការ​ណែនាំឲ្យគ្រប់គ្រងស្ថិតិ ទប់​ស្កាត់ និងរុះរើ​ផ្ទះ​​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី និងការតាំងទីលំនៅថ្មីបន្ថែម​លើទឹក រួមនឹងសិក្សា និងរៀបចំ​សណ្តាប់ធ្នាប់នៃការ​រស់នៅរបស់ពលរដ្ឋ​នៅលើផ្ទៃទឹកបឹងទន្លេសាប ដោយកំណត់តំបន់ ដែលអាចបន្តរស់នៅ​លើទឹកបាន និងតំបន់ហាមឃាត់​មិនឲ្យតាំងទីលំនៅលើទឹកជាដើម។

ទោះយ៉ាងណា រដ្ឋាភិបាល​មិន​បាន​ប្រាប់​ឱ្យដឹងថា តើ​បច្ចុប្បន្ន​មានជន​ជាតិ​វៀតណាម​ចំនួន​ប៉ុន្មាន​​ដែល​កំពុង​​រស់​នៅ​លើ​ទឹកបឹង​ទន្លេសាប​ក្នុង​ខេត្ត​ទាំង​៥​នោះ​ទេ ​និង​ក៏​ពុំ​បាន​លើកឡើង​ពីការ​បណ្តេញ​ជន​ជាតិ​វៀត​ណាម​ទាំងនោះ ​ឱ្យត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញនោះទេ​។

ប៉ុន្តែ​បើតាម​របាយ​ការណ៍​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ​ក្នុ​ង​ឆ្នាំ​​២០១៩ គ្រាន់​​តែ​ខេ​ត្ត​នេះ​មួយ​​មាន​​អ្នក​រស់​នៅ​​ក្នុង​​ផ្ទះ​បណ្តែត​ទឹក​លើ​​​បឹង​​​ទន្លេ​សាប​ សរុប​​ចំនួន ៤ ៥៦៣​គ្រួសារ ក្នុង​នោះ​​មាន​ជនជា​តិ​ខ្មែរ​ ២ ០​១​០គ្រួសារ ខ្មែរ​អ៊ីស្លាម ៧៣​​គ្រួសារ​ និង​ជន​ជាតិ​វៀតណា​ម​មាន​​រហូត​​​ដល់​ទៅ ២ ៤៨០​​គ្រួសារ ​ស្មើ​នឹ​ង​១០ ៣១១​នាក់។

កាលពី​ខែ​កក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃកម្ពុជា បានចេញរបាយការណ៍ស្តីពីចំនួនជន​អន្តោ​ប្រវេសន៍​វៀត​ណាម ដែល​ចូល​មក​រស់​​​នៅ​​កម្ពុជា មាន​ចំនួន ៨៩ ៤៧១​​នាក់។ ក្នុង​​ចំណោម​​ជន​​អន្តោប្រវេសន៍​​ទាំង​នោះ​មាន​ចំនួន ៣៧ ៤៣៦​នាក់ កាន់កាប់​ឯកសារ​មិន​ប្រក្រតី។

ក្រសួង​មហាផ្ទៃ ក៏​បាន​ចេញ​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​​ជូ​ន​ដល់​​ប្រជា​​ពលរដ្ឋ​​វៀត​​ណាម​​ទាំង​នេះ​​ជាង ៦​ម៉ឺន​​នាក់ ​ដែ​ល​​មាន​​អាយុ​​លើស​១៨​​ឆ្នាំ និង​ដែល​​បាន​​ចូល​មក​​​កម្ពុជា​​មុន​​ឆ្នាំ​២០១២។ ទន្ទឹម​នឹង​នោះដែរ ក្រសួង​ក៏​បាន​ចេញ​លិខិត​អនុញ្ញាត​ជិត​ ២ម៉ឺន​ច្បាប់ ​ដើម្បី​បន្តការស្នាក់នៅរៀង​រាល់​២ឆ្នាំ​ម្តង ដល់ជនជាតិវៀត​ណាម​ទាំងនោះ។

ភាគច្រើននៃជន​ជាតិ​វៀតណាមដែល​រស់នៅក្នុងប្រទេសកម្ពុជា បានទទួលបណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដោយត្រូវ​បង់​ថ្លៃបណ្ណ​ស្នាក់នៅអចិន្ត្រៃយ៍ចំនួន២៥ម៉ឺនរៀល ជារៀងរាល់ពីរ​ឆ្នាំ​ម្តង​ ​សម្រាប់​​ជន​​ជាតិ​​វៀត​ណាម​ម្នាក់​។

យ៉ាងណាក្តី ​ពលរដ្ឋ​ខ្មែរ​ជាច្រើន ​មិន​ជឿលើ​របាយការណ៍​ពីចំនួន​​ជន​​ជាតិ​​វៀត​ណាម​ ដែល​​កំពុង​​តែ​រ​ស់​នៅក្នុង​ប្រទេស​​កម្ពុជា​ ​បញ្ចេញ​​ដោយ​​ក្រសួង​​មហា​ផ្ទៃ​​​​នេះ​​ទេ ខណៈ​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ទោះ​បីជាទៅ​​ដល់​ខេត្ត​ដាច់​ស្រយាល​​ណា​ ​ក៏​គេឃើញ​ជន​ជាតិ​វៀត​ណាម​រស់​នៅ​ដែរ ​ហើយ​បច្ចុប្បន្ន​នៅ​តាម​បុរី​ទំនើប​ៗ​​ជាច្រើន​ក្នុង​​រាជធានី​ភ្នំពេញ គេ​ឃើញ​​​គ្រួសារ​​​ជ​ន​​ជាតិ​​វៀតណាមជា​ច្រើន​​​ចូល​​មក​​ទិញ​​ផ្ទះ​​រស់​​នៅ ដោយ​​​ជន​​ជាតិ​​​វៀតណាម​​ខ្លះ ​មិ​ន​​ទាំង​​ចេះ​និយាយ​​ភាសា​​ខ្មែរ​សោះ​​ក៏មាន។

លោកបណ្ឌិត ​សុខ ទូច ប្រធាន​រាជ​បណ្ឌិត​សភា​​កម្ពុជា ​ក៏​ធ្លាប់​​បាន​​ថ្លែង​​កាល​​ពី​​​អំឡុង​​ឆ្នាំ​​​២០២៤ ​នៅ​​ពេល​​ដែល​រដ្ឋាភិបាល​​​វៀតណាម​​បាន​​ជំទាស់​​ទៅ​នឹង​គម្រោង​​ព្រែក​​ជីក​​ហ្វូណន​​តេជោ​​របស់​​កម្ពុ​ជាថា​ ជន​ជាតិ​វៀតណាម​នៅក​ម្ពុជា​​អាច​​មាន​រហូត​ដល់លា​ន​នាក់ និង​បាន​​ព្រមាន​​បណ្ដេញ​​ពួក​គេ​ចេញពី​ស្រុក​ខ្មែរ​ទៅ​វៀត​ណាម​វិញ​ ប្រសិន​​​បើ​​រដ្ឋាភិបាល​​វៀត​ណាម​​បន្ត​ប្រឆាំង​​ជំទាស់​​គម្រោង​​ព្រែក​​ជីក​ហ្វូណន​។

ជ្រុង​មួយ​ទៀត​នៃហានិភ័យ​ដែល​ជាក្តី​បារម្ភធំ​ ចំពោះ​ការ​ឈ្លាន​ពាន​ទឹក​ដី​មួយ​ផ្នែក​ ឬ​ក៏​រំលោភ​យក​ប្រទេស​កម្ពុជា​​ទាំង​ស្រុង ​តាម​រយៈ​យុទ្ធសាស្ត្រ​ដំណើរ​ឆ្ពោះ​មក​ទិសខាង​លិច​​របស់​​មេដឹក​​នាំ​​វៀត​​ណាម ហូ ជីមិញ លោក អ៊ុំ សំអាន អតីត​តំណាង​រាស្ត្រ​គណបក្ស​​សង្គ្រោះ​​ជាតិ ​​បាន​​លើក​​ឡើង​​ថា បើ​​តាម​​អង្គការ​លីកាដូ គិត​​ត្រឹម​ខែក​ញ្ញា ​​​ឆ្នាំ​​២០២៣​ ក្រុម​ហ៊ុន​វៀត​ណាម​​ទទួលបានដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៥៥កន្លែង លើ​ផ្ទៃដី​សរុប​​ចំនួន ៣៦២ ៥១៥ ហិកតា នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​​​នោះ​​នៅ​​តំបន់​ CLV-DTA តាម​​បណ្តោយ​​ព្រំ​ដែន​​វៀត​​ណាម​​មាន​​ទំហំ​ ២៤៥ ៣០៤ ហិកតា​។

លោក អ៊ុំ សំអាន បាន​គណនា​​ថា ក្នុង​​​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ១ហិកតា ជា​មធ្យម​ ត្រូវ​ការ​កម្មករ​​៣នាក់​​ហើយ​ដី​សម្បទាន​​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន​វៀត​ណាម​ចំនួន ២៤៥ ៣០៤ ហិកតា​ នៅ​តំបន់​​អភិវឌ្ឍន៍​ត្រី​កោណ​ត្រូវ​ការ​កម្មករ ៧៣៥ ៩១២នាក់។ ដីសម្បទានសេដ្ឋកិច្ចរបស់​ក្រុម​​ហ៊ុ​ន​វៀតណាម​ចំនួន ៣៦២ ៥១៥ ហិក​​​តា នៅទូទាំង​ប្រទេស​កម្ពុជា ត្រូវការកម្មករ ១ ០៨៧ ៥៤៥នាក់ ខណៈ​ដែល​បច្ចុប្បន្ន​កម្មករ​ជាង​៩០%នៅ​តាម​​ក្រុម​​ហ៊ុន​​ដី​សម្បទាន​​វៀតណាម​​ទាំ​ង​នោះ​ គឺ​ជាជនជាតិវៀតណាម។

ជាមួយគ្នា​នេះ លោក ​អ៊ុំ សំអាន ​បាន​​លើក​​ឡើ​ង​​​ពី​បទ​ពិ​សោធន៍​​ក្នុង​​ប្រវត្តិ​សាស្ត្រ​​ដែល​​ស្តេច​​ជ័យ​​ជេដ្ឋា​ទី​២​យក​​ប្រពន្ធ​​យួន​ ដែល​​កាល​នោះ​​យួន​​បាន​​ខ្ចី​ដី​​កម្ពុជា​​ក្រោម​រយៈ​ពេល​៥ឆ្នាំ ​ដើម្បី​ហាត់​​ទាហាន​។ ប៉ុន្តែ​​ក្រោយ​​មក​​យួន​​មិន​សង​ដីនោះ​​​មក​​ខ្មែរ​​វិ​ញផ​ង ថែម​ទាំង​​ពង្រីក​​អំណាច​​ដណ្តើម​យក​​កម្ពុជា​​ក្រោម​​បាន​​ទាំង​​ស្រុង​​ តាម​រយៈ​ការ​ពង្រាយ​ជន​ជាតិ​ខ្លួន​ឱ្យ​ចូល​មករស់នៅ​បន្តិចម្តងៗ ចុះទំរាំ​បច្ចុប្បន្ន​វៀតណាមខ្ចីដីកម្ពុជា​៩៩​ឆ្នាំ ដើម្បីដាំកៅស៊ូ ដូងព្រេង ចេក ដោយសង់ផ្ទះ និងកើត​កូន​កើត​ចៅ​​ពេញ​នៅក្នុងដី​សម្បទានសេដ្ឋកិច្ចទាំង​​នោះ តើជន​ជាតិយួន​​អាច​ត្រឡប់ទៅ​វិញឬទេ?

វិលទៅ​សំណួរ​ខាងដើម​ថាតើហេតុអ្វី ​រដ្ឋាភិបាលគ្រួសារ​ហ៊ុន ​មិន​បញ្ជូន​ជនជាតិវៀតណាម​​រស់​នៅលើបឹងទន្លេ​សាប​ទៅ​វៀត​ណាមវិញ ​?

អ្នកណាៗ​ក៏ដឹងដែរ​​ សូម្បីតែថ្នាក់ដឹកនាំមន្ត្រីបក្ស ​និង​​អ្នក​គាំទ្រ​គណបក្ស​​ប្រជា​ជន​​ក៏​​​ដឹង ​​​លើក​​​លែង​​តែ​អ្នក​ដឹង​ហើយ​​​​ធ្វើ​ពុត​​ជា​មិន​​ដឹង​​ថា គណបក្ស​ប្រជាជន​កម្ពុជា ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វៀតណាម​​ ហើយ​​លោក​ ​ហ៊ុន សែន ​ត្រូវ​បាន​​លើក​​បន្តុប​​ដោយ​​វៀត​ណាម ​ហេតុ​ដូច្នេះ​ហើយ​ទើ​បមេដឹកនាំ​គ្រួសារ​ហ៊ុន​ មិន​ត្រឹម​​តែ​មិន​​បណ្តេញ​​ជន​ជាតិ​វៀតណាមក្នុង​ចំនួន​​​​​ដ៏​ច្រើន ​ដែល​កំពុង​រស់នៅ​ប្រទេសកម្ពុជា​​ ឱ្យ​​ទៅ​​វៀត​ណាម​​វិញ​​ប៉ុណ្ណោះ​ទេ​​ ថែម​​ទាំង​​ជួយ​ការ​​ពារ​ ​និង​​ជួយ​គាំពារ​​ជន​​ជាតិ​​វៀតណាម​​ទាំង​នោះ ​​ទៅ​​តាម​​ការ​​ស្នើ​​ជារឿយ​ៗ​​ពីសំណាក់​មេដឹក​នាំវៀតណាម​ទៀត​ផង ​​ខណៈ​ដែល​លោក ​ហ៊ុន សែន ​ដែល​តែង​តែខ្លាំង​ក្នុងការ​តាម​​​កម្ទេច​តាម​កម្ចាត់​ខ្មែរ​គ្នាឯង​​​ងើបមួយ​វៃមួយ​ មិន​ដែល​ឃើញ​ប្រតិកម្មម្តងណា​សោះ​ នៅ​ពេល​ដែល​រដ្ឋអំណាច​វៀតណាម ​បាន​ធ្វើទុក្ខបុកម្នេញ​យ៉ាងខ្លាំង​លើពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់ស្រុក​។

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ ដែល​ដឹកនាំ​ដោយ​ លោក ​សម រង្ស៊ី​ អតីតមេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ​និង​បញ្ញវ័ន្ត​ខ្មែរ​​ដែល​​មិន​​ស្រប​​នឹង​រដ្ឋាភិបាល​មួយ​ចំនួន​ ​​បាន​​លើក​​ឡើង​​ជា​បន្ត​បន្ទាប់​​ថា ការ​​ដែល​​រដ្ឋាភិបាល​​គ្រួសារ​ហ៊ុន មិន​​ព្រម​​ដា​ក់​​ពាក្យ​ប្តឹង​ថៃ​លើ​បញ្ហា​កោះ​គត់ និង​​តំបន់​​សមុទ្រ​​ដែល​​មាន​ជម្លោះ​​រាប់​​ម៉ឺន​​គីឡូម៉ែត្រ​ និង​មិន​​ដាក់​​ពាក្យ​​ប្តឹង​​វៀត​ណាម​​​ដែល​​រំលោភ​​យក​​កោះ​ត្រល់ ​និង​ចង្កោមកោះ​ក្រចក​សេះ​ និង​រំលោភ​យក​ដែន​សមុទ្រ​របស់កម្ពុជា​រាប់​ម៉ឺន​គីឡូ​ម៉ែត្រ ទៅ​តុលាការ​អន្តរជាតិ​​ លោកចោទថា គឺព្រោះ​តែរដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ គឺ​ជាអាយ៉ង​របស់​វៀត​ណាម។

មួយ​វិញ​ទៀត ​បញ្ញវ័ន្តខ្មែរ​មួយ​ចំនួន​ លើកឡើងថា ការដែល​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​​​កែមា​ត្រា​​៣៣​​នៃ​​រ​ដ្ឋ​ធម្មនុញ្ញ​ ដើម្បី​​ឈាន​​ទៅ​បង្កើត​​ច្បាប់​​ដក​សញ្ជាតិ​​ពី​ពល​រដ្ឋ​​ខ្មែរ​ខ្លួន​​ឯង​ ក្នុង​​កំឡុង​​ពេល​​ដែល​កម្ពុជា​​កំពុង​​មាន​ជម្លោះ​​ព្រំដែន​​ជាមួយ​​​ថៃ​ ដែល​បាន​ធ្វើឱ្យខ្មែរ​កាន់​តែបែកបាក់​ជាតិ ​​ធ្វើឱ្យ​ជាតិ​ខ្មែរ​កាន់​តែ​ចុះខ្សោយ​នោះ ក៏​អាច​​ជាការ​បម្រើ​ឱ្យនយោបាយ​​ឈ្លាន​ពាន​របស់​​វៀត​ណាម​​ផងដែរ​ ពីព្រោះ​កាលណាខ្មែររួប​រួមវានឹងធ្វើឱ្យខ្មែរខ្លាំង​ ហើយ​នៅពេល​ដែល​ខ្មែរ​ខ្លាំង​គ្មាន​ជាតិសាសន៍​ណា​ អាចមក​រំលោភពបំពាន ​ឬត្រួតត្រាខ្មែរបាន​ឡើយ​ ហេតុដូច្នេះ​ហើយ​ទើ​ប​គេឃើញ​ លោក ​ហ៊ុន សែន​ តែង​​​តែ​ប្រើ​គ្រប់​​វិធី​​តាម​​កម្ទេច​ តាម​កម្ចាត់​​តាមវ៉ៃ​ ងើបមួយ​វ៉ៃមួយ​ ចំពោះ​អ្នក​នយោបាយ​​ សម្មជន​​នយោបាយ​ និង​សកម្ម​ជន​សង្គម​ណា​ដែល​ហ៊ាន​ចេញមុខនិយាយ​​លាតត្រដាង​ ការ​ដឹកនាំអសមត្ថភាព​បម្រើវៀតណាម​​របស់​លោក​​ ដោយ​ប្រើតុលាការ​​របស់​លោក​ ឱ្យ​ចោទអ្នក​ស្នេហា​ជាតិខ្មែរ​ថាក្បត់ជាតិ​ ដូចជា ករណី​លោក ​កឹម សុខា​ អតីតប្រធានគណបក្ស​សង្គ្រោះ​ជាតិ ​​​អ្នក​នយោបាយ​ និង​​សកម្ម​ជន​សង្គម​ជាង​ ៦០​នា​ក់​​ផ្សេង​ទៀត ​ដែល​​កំពុង​​ជាប់​​​ឃុំជា​​ភស្តុតាងស្រាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ