លោក ផន ផាន់ណា ប្តឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ថៃ​ពី​បទ​ឃាត​កម្ម

សកម្ម​ជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក លោក ផន ផាន់​ណា បាន​អះ​​អា​ង​​ថា ​លោក​កំពុង​រៀប​ចំ​​ឯកសារ​និង​មេធាវី​អន្តរ​ជាតិ ប្តឹង​លោក ហ៊ុន សែន ទៅ​តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ ក្នុង​សំ​ណុំ​​​រឿង​ឃាតកម្ម​ឆ្លង​ដែន ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ថៃ កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២៤។

គម្រោង​ដាក់​ពាក្យ​ប្តឹង​នេះ ចំ​ពេល​ដែ​ល​មេដឹកនាំ​កម្ពុជា លោក ហ៊ុន​ សែន នេះ និង​រដ្ឋាភិបាល​ថៃ ត្រ​កូល​​​​ថា​ក់​ស៊ីន កំពុង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ការ​លាក់​ទុក​បណ្តាញ​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន ដែ​ល​​ជា​ក្តី​បារម្ភ ដ​​ល់​​ការ​គំរាម​កំហែង​សន្តិ​សុខ​ក្នុង​តំបន់ និង​ពិភព​លោក ដែល​ផ្តើម​ចេ​​ញ​​​ពី​បញ្ហា​​ព្រំដែន។

លោក ផន ផាន់ណា ប្រាប់VOD​នៅថ្ងៃទី​១៧ ខែ​កក្កដា​នេះ​ថា លោក​បាន​រៀប​ចំ​ឯកសារ​និង​មេធាវី​សិទ្ធិ​មនុស្ស​អន្ត​រ​ជាតិ​រួច​ហើយ ដើម្បី​ប្តឹង​ លោក​ ហ៊ុន សែន ទៅ​តុលាការ​ថៃ​នៅ​ចុង​ខែ​កក្កដា​នេះ។

លោក​បញ្ជាក់​ថា អង្គ​ហេតុ​ពាក្យ​បណ្តឹង​ទៅ​តុលាការ​នេះ ​គឺ​ជា​បទ​ល្មើស​ឃាតក​ម្មឆ្លង​ដែន មាន​ការ​រៀប​ចំគិត​ទុក​ជា​មុន ក្នុង​ចេតនា​ប៉ុន​ប៉ង​​សម្លាប់​ពី​សំណាក់​មេដឹ​ក​នាំ​កម្ពុជា លោក ហ៊ុន សែន មក​លើ​រូប​លោក​។

លោកអះអាងថា បើតាមសារ​សំឡេង​ដែល​លោក​ទទួល​បាន ជា​សម្តី​របស់​ លោក ហ៊ុន សែន បញ្ជា​ឱ្យ​លោក ហ៊ួត តាម​សម្លាប់​រូប​លោក​នៅ​លើ​ទឹក​ដី​ថៃ ដែល​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ស្លាប់ ឬ​រស់ ត្រូវ​ចាប់​ឱ្យ​បាន។

លោក​អះអាងទៀតថា លោកមានភស្តុតាងជា​ច្រើន ដែល​បញ្ជាក់​ថា​មេដឹក​នាំ​កម្ពុជា លោក ហ៊ុន សែន មាន​ចេតនា​​​ប៉ុន​ប៉ង​សម្លាប់ ធ្វើ​ទុក្ខ​បុក​ម្នេញ និង​តាម​ចាប់​ខ្លួន​លោក តាំង​ពី​លោក​រស់​​នៅ​ប្រទេស​កម្ពុជា។

លោកសង្ឃឹម​ថា ភស្តុតាង និង​សារ​គំរាម​សម្លាប់​នេះ តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ​នឹង​ទទួល​យក​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​យុត្តិ​ធម៌ ព្រោះ​ហេតុ​ការណ៍​​នេះ​ កើត​ឡើង​នៅ​ប្រទេស​ថៃ គឺ​លោក ហ៊ុន សែន គំរាម​សម្លាប់មនុស្ស​ឆ្លងដែន។

លោកថា៖ «ករណីដែល​ លោក ហ៊ុន សែន បញ្ជា ​ឃ្លាំង​ ហួត សម្លាប់​ខ្ញុំ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា ឆ្នាំ២០២៤​ហ្នឹង​ ឥឡូ​វនេះ​គឺ​ខ្ញុំ​បាន​ដាក់​ពាក្យ​ប្ដឹង បាន​រៀប​ចំ​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្ម​ទណ្ឌ​ថៃ គឺ​ករណី​ដែល​ លោក ហ៊ុន សែន ដែល​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត ដោយ​ចេតនា​ទុក​មុន ហើយ​រឿង​ហ្នឹង​វា​មិន​មែន​ថា​ត្រឹម​រឿង​ខ្ញុំ​ទេ គឺ​ខ្ញុំរ​ក​យុត្តិធ​ម៌​ដល់​ជន​រង​គ្រោះ​ផ្សេងៗ ដែល​រង​ការ​គំរាម​កំហែង​ពីរ​បប​ក្រុង​ភ្នំពេញ លក្ខ​ណៈ​ឆ្លង​ដែន​ផង​ដែរ អ៊ីចឹង​ហើយ​យើង​អត់​អាច​ទុក​បណ្ដោយ​ឲ្យ​ លោក ហ៊ុន សែន គាត់​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​គាត់​ចង់​គំរាម​គំហែង​ តាម​សម្លា​ប់​មនុស្ស​ ទោះ​បី​ជា​នៅ​ប្រទេស​​​ណា គាត់​មាន​ឥទ្ធិពល​តាម​សម្លាប់​តាម​ចាប់​តាម​អី​បាន​អ៊ីចឹង​បាន​ទេ អ៊ីចឹង​ហើយ​ឥឡូ​វ​នេះ​គឺ​ពេល​វេលា​ដែល​អំណោយ​ផល​ឡើយ​ យើង​ត្រូវ​តែ​ប្ដឹង ហ៊ុន សែន»។

សម្រាប់លោក ផន ផាន់ណា ចាត់​​ទុក​ករណី លោក ហ៊ុន សែន គំរាម​សម្លាប់​មនុស្ស​ឆ្លង​ដែន​នេះ ជា​ទង្វើ​ឃោឃៅ​ អមនុស្ស​ធម៌ និង​បំពាន​អធិបតេយ្យ​ភាព​របស់​ថៃ និង​រំលោភ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។

ការណ៍នេះ លោកជំរុញឱ្យតុលាការព្រហ្មទណ្ឌ​ថៃ ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ម៉ត់​ចត់​និង​តម្លា​ភាព ដើ​ម្បីស្វែ​ង​រក​យុត្តិធម៌​ឱ្យរូ​ប​លោក​ និង​​ជ​ន​រង​គ្រោះ​ខ្មែរ​ដទៃ​ទៀត គឺ​ចាប់​ខ្លួន​លោក ហ៊ុន សែន មក​ផ្តន្ទា​ទោស​។

លោក​ថា៖ ««ខ្ញុំសង្ឃឹមថា តុលាការ​ថៃនឹ​ង​រក​យុត្តិ​ធម៌​ជូន​ពួក​ខ្ញុំ​ ហើយ​រឿងនេះ​មែន​តែ​រឿង​ខ្ញុំ​បុគ្គល​ ផន ផាន់​ណា ទេ​គឺ​យើង​ធ្វើ​ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ផ្សេងៗ ដែល​រង​គ្រោះ​នៅ​ប្រទេស​ថៃ​ផង​ដែរ ជា​ពិសេស​យើង​ដាក់​នេះ​ គឺ​​យើ​ង​ដាក់​ទៅ​ដើម្បី​កា​រពា​រ​ដល់​ជន​រង​គ្រោះ​នយោបាយ​ ដែល​ភៀស​ខ្លួន​ប្រទេស​ថៃ​ផ្សេង​ទៀត​ ដែល​​គា​ត់​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​រាប់​រយ​នាក់ ដើម្បី​ការ​ពារ​សុវត្ថិ​ភាព​ពួក​យើង​ផង​ដែរ»។

លើសពីនេះ​ លោកក៏បានបង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី​១៧ ខែ​កក្កដា​នេះ និយាយ​ថា ពាក្យ​បណ្តឹង​របស់​លោក​នេះ មិន​មែន​ត្រឹម​តែ​ការ​ពារ​ខ្លួន​ខ្ញុំ​ទេ ប៉ុន្តែ​ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​ទទួល​​ខុស​ត្រូវ​ចំពោះ​ជ​នជាតិ​ខ្មែរ​ដទៃ​ទៀត ដែល​ត្រូវ​បាន​គេ​គំរាម​កំ​ហែង វាយ​ប្រហារ ឬ​សម្លាប់​នៅ​លើ​ទឹ​ក​ដី​បរទេស​ជា​ដើម។

លោកបន្តថា ការប៉ុនប៉ងសម្លាប់ជីវិតលោក រួ​ម​នឹង​ការ​ធ្វើឃាតលោក​ លិម គិមយ៉ា លើ​ទឹក​ដី​ថៃ​ដូ​ច​គ្នា​នេះ ហាក់​​បង្ហាញ​លំនាំ​ដ៏​រំខាន​នៃ​រំលោភ​ច្បាប់​អន្តរ​ជាតិ​ដោយ លោក ហ៊ុន សែន និង​ភ្នាក់​ងារ​សកម្ម​របស់​គាត់។

ចំណែក តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយ​ថា តាំង​ពី​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក អំពើ​និទណ្ឌ​ភាព​នៅ​កម្ពុជា កើត​ឡើង មិន​ក្រោម​ពី​ជាង​១០០​ករណី​នោះ​ទេ​។

លោកសង្កេតឃើញថា អំពើឃាតកម្ម វាយប្រហារ​សព្វ​គ្រប់​បែប​យ៉ាង​លើ​សកម្ម​ជន​បក្សប្រ​ឆាំង សកម្ម​ជន​សិទ្ធិ​មនុស្ស រួម​ទាំង​អ្នក​វិភាគ​នយោ​បាយ ភាគ​ច្រើន​កើត​ចេញ​ពី​រឿង​នយោបា​យ​បក្ស​កាន់​អំណាច។

សម្រាប់​ លោក អ៊ុំ សំអាន អះអាងថា អំពើឃាតកម្ម​​សម្លាប់​ពលរដ្ឋ ឬ​ការ​វាយ​ដំ​ច្រំ​ធាក់​លើ​សកម្ម​ជន​បក្ស​ប្រឆាំង​ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស គឺ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹក​នាំ​គ្រួសារ​ហ៊ុន​នៅ​ពី​ខាង​ក្រោយ។

លោកថា៖ ««ឃាតកម្មទៅលើលោក កែម ឡី ទៅ​លើ​លោក ឈុត វុទ្ធី លោក ជា វិជ្ជា ទៅ​លើ​អ្នក​ស្រី ពិសិដ្ឋ​ពីលី​កា ទៅ​លើ​ព្រះ​អង្គ​ សំ ប៊ុន​ធឿន ជាដើ​ម​គឺ​សុទ្ធ​តែ​រៀប​ចំ​ឡើង​ដោយ​អ្នក​មាន​អំណាច​នៅ​កម្ពុជា​ហើយ​អ៊ីចឹង​ហើយ​បាន​ជា​រក​ឃាតករ​ពិត​ មក​ផ្ដន្ទា​ទោស​អត់​បាន​ទេ យើង​មើល​លោក​ ជា វិជ្ជា ឃាតករ​ដែល​សម្លាប់​គាត់​ហ្នឹង​តាំ​ង​ពី​ឆ្នាំ​២០០៣ មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ២០​ឆ្នាំ​ជាង​ហើយ អត់​ទាន់​រក​ឃើញ​ឃាត​ករ​ផង​ឃើញ​ទេ ដូច្នេះ​រឿង​ហ្នឹង​គឺ​អ្នក​មាន​អំណាច​ត្រកូល​ហ៊ុនហ្នឹង​តែ​ម្ដង​ទៀត នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះ»។

អតីតមន្រ្តី​ជាន់ខ្ពស់គណបក្ស​ភ្លើង​ទៀន លោក នល់ ពង្ស​ធារិទ្ធ ហៅ​ថា កំហែង ជ័យ បាន​បង្ហោះ​សារ​លើហ្វេស​ប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី​១​៧ ខែ​កក្កដា​នេះ ដោយ​និយាយ​ថា «ថ្ងៃនេះ​ជា​ខួប​២ឆ្នាំ​ ​នៃ​ការ​តាម​វាយ​សម្លាប់​ពី​ជន​មិន​ស្គាល់​មុខ​មក​លើរូ​ប​លោក ដែល​លោក​ជា​សកម្ម​ជន នៃ​គណបក្ស​ភ្លើង​ទៀន​ ហើយ​ថា​រូប​លោក មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ផង​ដែរ»។

ជុំវិញការប្តឹង លោក ហ៊ុន សែន នេះ អ្នក​នាំ​ពាក្យ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ​លោក ជា ធារិទ្ធ បានប្រាប់​​VOD ថាលោក​ហាក់​មិន​ចាប់​អារម្មណ៍​ការ​ដាក់​ពាក្យ​បណ្តឹង​នេះ​ទេ ។

តែផ្ទុយទៅវិញ លោក​ថា ទង្វើ​នេះ​ប្រៀប​បាន​នឹង​ចូល​ដៃ​ជាមួយ​សត្រូវ ដែល​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ ដែល​លោក​ថា មហា​ជន​អាច​ដឹង​បាន​ថា វា​ជា​ទ​ង្វើ​បំផ្លាញ​ខ្មែរ។

លោកថា៖ ««បើពួកគេចង់ប្តឹងពឹងពាក់ថៃឲ្យជួយពួក​គេ​អ៊ីហ្នឹង សូម​អញ្ជើញ​ទៅ ពី​ព្រោះ​ចរិត​របស់​ពួក​គេ​គឺ​បែប​ហ្នឹង​ហើយ វា​ក៏ប​ង្ហាញ​ច្បាស់​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ឃើញ​ធាតុ​ពិត​របស់​ក្រុម​របស់​បុគ្គល​ ជ្រុលនិយម​ដែល​ហែក​ទ្រូង​ឲ្យ​បរទេស​ ឲ្យ​សត្រូវ​ទៅ​ពឹង​ពាក់​សត្រូវ​ វា​មិន​ដែល​មាន​នៅ​ក្នុង​ពេល​ដែល​ប្រទេស​ខ្លួន​កំពុ​ង​តែ​ប្រឈម​នឹង​សត្រូវ​ឈ្លាន​ពាន ហើយ​ខ្លួន​ឯង​ជា​អ្នក​មាន​​ឈាម​ជ័រ​ជា​ខ្មែរ​ ទៅ​ពឹង​ពាក់​សត្រូវហែក​ទ្រូង​ឲ្យ​សត្រូវ»។

យ៉ាងណាក្តី កន្លងទៅ មានសារបែកធ្លាយរបស់ លោក ហ៊ុន​ សែន បញ្ជា​ឱ្យ​ចាប់​ខ្លួន​សកម្ម​ជន​សង្គម​ លោក ផន ផាន់​​ណា ដែល​​សង្ងំ​​លាក់​​ខ្លួន​​​​នៅ​​ប្រទេស​ថៃ។

សារបែកធ្លាយនោះ លោក ហ៊ុន សែន ប្រើ​ពាក្យ​ថា​ អាហួត ត្រូវ​ចាប់ ផន ផាន់​ណា ឱ្យ​បាន​កុំ​ឱ្យ​រត់​រួច​ ទោះ ផន ផាន់​ណា​ នេះ​ក្លាយ​ជា​សាក​សព​​ក្តី ត្រូវ​​បញ្ជូ​ន​​ទៅ​កម្ពុជា។

លោកថា៖ «(ឃ្លាំង) ហួត ត្រូវទទួ​ល​ខុសត្រូ​វ ទៅ​លើ​​ការ​ងារ​នេះ​ឲ្យ​ធ្វើ​ការ​ជាមួយ​នគរបាល​ថៃ ហើយ​​ក្រុម​​អាវ​​ក្រហម​​​ក៏​ត្រូវ​តែ​ចូល​រួម ដែល​យើង​មាន​ការ​សហការ​ល្អ​ជាមួយ យើង​ត្រូវ​ធ្វើ​សកម្ម​ភាព​នេះ​ផង​ដែរ។ ហើយ​​ដែ​ល​ធ្វើ​សកម្ម​ភាព​ដាច់​ដោយ​ឡែក ពី​នគរបាល​ថៃ និង​​កម្លាំ​ង​​យើង​​ផ្ទាល់ ​​ក៏​​ត្រូវ​​តា​ម​​យក​​មួយ​​នេះ​ឲ្យ​​បាន បើទោះ​បី​​ដោយ​តម្លៃ​ណា​ក៏​ដោយ ក៏​រស់ ឬ​ស្លាប់​យើង​អត់​ដឹង ចេះ​តែ​ដឹង​ថា​មួយ​ហ្នឹង គឺ​មិន​​អាច​​ទៅ​​ណា​​​មិន​ឲ្យចេ​ញ​ទៅ​ណា​បាន ដូច្នេះ​ត្រូវ​អនុវត្ត​វិធាន​ការ​នេះ ជា​បន្ទាន់​ដាច់​ខាត មិន​ឱ្យ​អា ផន បញ្ញា នេះ​​រួច​​ខ្លួន​បាន​ទេ»

ដោយឡែក មេធាវី សុខ សំអឿន សុំមិនធ្វើការអត្ថាធិប្បាយច្រើន​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា កា​រ​ប្តឹង​ផ្តល់​វា​ជា​សិទ្ធិ​របស់​បុគ្គល​គ្រប់​រូប។

លោកថា៖ «រឿងហ្នឹងខ្ញុំអត់ដឹង​ថា​ សារ​ហ្នឹង​បែប​ម៉េច​ទេ ក៏​ប៉ុន្តែ​គ្រាន់​តែ​គេ​ហៅ​ថា​សម្លាប់​នោះ​ មិន​មែន​បើ​ ការ​ប៉ុន​ប៉ង​សម្លាប់ ​​គេ​មិន​ចាំបាច់​គាត់​និយាយ​ទៀត សំដៅ​ទៅ​លើ​ការ​និយាយ​ទេ គឺ​សំដៅ​ទៅ​លើ​សកម្ម​ភាព​ទៀត»។

យ៉ាង​ណា គេសង្កេតឃើញថា ក្រោម​ការដឹកនាំរបស់មេដឹក​នាំ​បក្ស​កាន់​អំណាច​កម្ពុជា​ជាង​៤ទសវត្សរ៍​ទៅ​នេះ មនុស្ស​​​ជា​ច្រើន​​ត្រូវ​​បាន​​គេ​​បាញ់​​សម្លាប់ ក្នុ​ង​នោះ​មាន​ទាំង​អ្នក​សារ​ព័ត៌​មាន ព្រះ​តេជ​គុណ​ធម្មវិបស្ស​នា សំ ប៊ុ​ន​ធឿន មេដឹក​​នាំ​​សហជី​ព​​​សេរីកម្មករ លោក​ ជា វិជ្ជា សកម្មជន​ការ​ពារ​ព្រៃ​ឈើ​លោក​ ឈុត​ វុទ្ធី និង​​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី និ​​ង​សកម្ម​ជន​គណបក្ស​ប្រឆាំង រាប់​សិប​នាក់​ទៀត ត្រូវ​បាន​គេលួ​ច​ធ្វើ​ឃាត ដោយ​​វាយ​​សំដៅ​​ក្បាល ដែល​ខ្លះ​ស្លា​ប់ ខ្លះ​ពិការ​មួយ​ជីវិត តែ​ជន​ដៃ​ដល់ មិន​ត្រូវ​បាន​ប្រព័ន្ធ​យុត្តិធម៌​នាំ​ខ្លួន​មក​​ផ្តន្ទា​​ទោស​​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ