សាលាឧទ្ធរណ៍​​ព្រះសីហនុ​ទម្លាក់​​ប​ទ​​ចោទ​​​​​លើ​​​សកម្ម​ជន​​​ដីធ្លី​​​​​ខេត្ត​​​កោះ​​​កុង​១១នាក់

អង្គការ​​សិទ្ធិ​​មនុស្ស​​លីកាដូ ឱ្យ​ដឹង​ថា សាលា​ឧទ្ធរណ៍​​ព្រះសីហនុ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​​ទម្លាក់​​​ប​ទ​ចោទ​​​​​ទៅ​​លើ​​សកម្មជន​​​ដីធ្លី​ចំនួន ១១នាក់ នៅ​ខេត្ត​កោះកុង ដែល​រង​​ការ​​ចោទពា​ក់​ព័ន្ធ​នឹង​​បទ ញុះ​ញង់ ខណៈ​សាលា​​ដំបូង​​រាជធា​នី​ភ្នំពេញ បាន​​ផ្តន្ទា​ទោស​​​លើ​​ពលរដ្ឋ​​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​បឹង​តាមោក។

យោងតាមអត្ថបទខ្លីរបស់​​អង្គការ​ការ​ពារសិទ្ធិមនុស្ស​លី​កា​ដូ ឱ្យ​ដឹងថា នាព្រឹកថ្ងៃ​ទី​១៧ ខែ​កក្កដា​​​​នេះ សកម្ម​ជន​​ដីធ្លី​​ចំនួន​ ១១​នាក់​ ដែល​មក​​ពី​​សហគមន៍​ចំនួន​​៣ ក្នុង​ខេត្ត​កោះ​កុង ត្រូវ​បាន​​សាលា​ឧទ្ធរណ៍​ព្រះ​សីហនុ ​សម្រេច​ឱ្យ​រួច​ផុត​បទ​ចោទ​ប្រកាន់​ពីបទ “ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍” ។

កាលពីខែ​មិថុនា ឆ្នាំ​២០២៤ សាលា​ដំបូង​ខេត្ត​កោះកុង ចោទប្រកាន់ និង​ផ្តន្ទា​ទោស​​ទៅ​លើ​សកម្ម​ជន​​ដីធ្លី​​ទាំង ១១រូបនោះ ​ពី​​បទ «ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» តាម​មាត្រា ៤៩៤-៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ហើយ​ទោស​ដែល​បាន​ដាក់​នោះ​ត្រូវ​បាន​ព្យួរ​រយៈ​ពេល ៦​ខែ ខណៈ​សហគមន៍​នេះ មាន​ជម្លោះដី​ធ្លី​ជា​ច្រើន​​ទសវត្សរ៍​​មក​​ហើយ​​ជាមួយ​​នឹង​​ឧកញ៉ា​ លី យ៉ុង​​ផាត់ និង​លោក ហេង ហ៊ុយ ។

​សកម្មជន​ដីធ្លីទាំង​នោះ មានដូចជា​ អ្នកស្រី ផាវ ញ៉ើង, អ្នកស្រី ដេត ហួ, លោក ហេង ជៃ, អ្នកស្រី សេង លីន និ​ង​អ្នកស្រី សួង ថេង ជាដើម​។

អង្គការ​លី​កាដូ បាន​ឱ្យ​ដឹង​ទៀត​ថា កាលពីថ្ងៃទី​១៦ ខែ​កក្កដា ម្សិលមិញ ​សាលាដំ​បូង​រាជធានីភ្នំពេញ ក៏បា​ន​ផ្តន្ទា​ទោស​លើ​ពលរដ្ឋ​បឹង​តាមោកចំនួន​ ៩នាក់ ដែល​រង​ការ​បណ្តេញ​ចេញ​ដោយ​​​​បង្ខំ​​​ពី​លំនៅ​ឋាន​របស់​ពួក​គេ ពីបទ “ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស” និង​បទ​ “ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ” យោង​តាម​មាត្រា​២១៨ និង មាត្រា​​​៥០៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

តុលាការ​​​បាន​ផ្តន្ទាទោ​ស​ពួក​គេ ឱ្យ​ជាប់​ពន្ធនាគា​រ​រ​​យៈ​ពេល ១ខែ ប៉ុន្តែ​ពួកគេ​​នៅ​តែ​អាច​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត​បាន។ ការ​​ផ្តន្ទា​​ទោស​​នេះ ធ្វើឡើង​បន្ទាប់​ពីមា​ន​ការ​តវ៉ា​របស់​ពលរដ្ឋ​ដែលជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​មួយ​ជុំវិញ​តំប​ន់បឹ​ង​តាមោក ក្នុង​រាជ​ធានី​ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ