បទវិភាគ៖ តើ​នរណា​ជាមេ​ខ្លោង​​​ឧក្រិដ្ឋ​​កម្ម​​ឆបោក​​តាម​ប្រព័ន្ធ​​បច្ចេក​វិទ្យា​នៅ​កម្ពុជា?

នៅពេល​ដែល​ស្ថាប័​ន​​អន្តរ​ជាតិ​ល្បីៗ​ បាន​បង្ហាញ​ពី​ការ​​រ​ក​​ឃើញ​​​​​​ជាបន្តប​ន្ទាប់​​ថា កម្ពុជា​​​គឺ​​ជា​ទីតាំង​ស្នូល​​នៃអំពើ​​ឧក្រិដ្ឋ​​កម្ម​ឆបោក​​តាម​​ប្រព័ន្ធ​អន​ឡាញ ដោយ​​រក​ប្រាក់​​បា​ន​​ប្រមាណ​​​ពី​ ១២,៥​ពាន់​​លាន ទៅ​​១៩​ពាន់​លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ និង​​បាន​​បង្ក​ការ​ឈឺចាប់​​ដល់​​ជន​​រង​​គ្រោះ​​រាប់​​សិបម៉ឺ​ន​​នាក់​ មក​​​ពីប​ណ្តា​ប្រទេស​​ជា​ច្រើ​​ន​នៅ​លើ​ពិភព​លោក មន្ត្រី​​ជំនាញ​​របស់​​រដ្ឋាភិបាល​​កម្ពុជា ​តែង​​​តែ​ច្រាន​​ចោល​​របាយ​ការណ៍​ទាំង​នេះ​ ​ដោ​យ​​ថា​ កម្ពុជា​​​ក៏​ជាជ​ន​​រងគ្រោះ​​​​ពី​​អំពើ​​ឧក្រិដ្ឋ​កម្ម​​អន​​ឡាញ​​នេះ​​ដែរ​។

យ៉ាងណាក្តី​ ក្នុង​​រយៈ​ពេល​​២០​ថ្ងៃ​ចុង​​ក្រោយ​​​នេះ សមត្ថកិ​ច្ច​​កម្ពុជា ​បាន​​ធ្វើកា​រ​​បង្ក្រាប​​​ទៅ​​លើ​​អាជីវ​កម្ម​ទាំងនេះ​​ ដោយ​​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ជាង ​១៣០០​នាក់​ ក៏ប៉ុន្តែ​គេ​មិន​ឃើញមាន​បង្ហាញ​ពីការ​ឃាត់ខ្លួន​មេខ្លោង​​គ្រាក់ៗ​​​ជា​មន្ត្រី​​របស់​​គណបក្ស​​ប្រជា​ជន​កម្ពុជា ដែ​​ល​​​​​នៅ​ពីក្រោយ​អំពើ​​ឧក្រិដ្ឋ​ដែល​ធ្វើឱ្យកម្ពុជា​ខូចមុខ​មាត់​នៅ​លើ​ឆាក​អន្តរ​ជាតិ​​នេះ​ទេ។ សំណួរនៅត្រង់ថា ​តើ​នណា​ជាមេក្លោង​នៃអំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធបច្ចេក​វិទ្យា​​នៅ​កម្ពុជានេះ ?

ផ្តើមចេញពីមូលដ្ឋាន​វិភាគ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង​ការឆបោកតាមប្រ​ព័ន្ធ​បច្ចេកវិទ្យារបស់​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​​នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ថា ក្នុង​​រយៈ​ពេល​​២០​​​​ថ្ងៃ ​​គឺ​ចាប់​ពីថ្ងៃ​ទី​២៧ ​ខែមិថុនា មក​​ដល់​ថ្ងៃទី​​១៧ ខែ​កក្កដា សមត្ថ​​កិច្ច​​បាន​​​ចុះ​​​បង្ក្រាប​សកម្ម​ភាព​​ឆបោក​តាម​ប្រព័​ន្ធ​បច្ចេក​វិទ្យា (ONLINE SCAMS) ​ទូទាំង​ប្រទេស​​នៅ​​​២០​​ទីតាំង​ ដោយ​​ឃាត់​​ខ្លួន​​ជន​សង្ស័យ​​ជា​ជន​បរទេ​ស​​សរុប​​បាន​​ចំនួន ​១ ៣៦២​​នាក់។

ក៏ប៉ុន្តែ​គេ​មិន​ឃើញ​សមត្ថកិច្ច​កម្ពុជា ​​បង្ហាញ​ពីមេខ្លោង​​ណា​ម្នាក់​​​នៅ​​ពី​ក្រោយ​​​អំពើ​​ឧក្រិដ្ឋ​កម្ម​នៅ​​តាម​​ទីតាំង​​ដែល​​ត្រូវ​បាន​​បង្ក្រាប​ទាំង​នោះ​​ទេ គឺ​ឃាត់​​ខ្លួ​ន​​បាន​​តែអ្នក​ស៊ីឈ្នួល​ធ្វើ​ការឱ្យគេ​​តែប៉ុណ្ណោះ​ ខណៈដែល​ស្ថាប័ន​​​អន្តរជាតិ ​​បាន​បង្ហាញ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​​ ​និង​​ឧកញ៉ា​គ្រាក់ៗ​​ពីគណបក្ស​​ប្រជាជនកម្ពុជា​​ចំនួន​២៨​នាក់​​ គឺ​ជាអ្នក​ជួយ​​សម្រួល​បើក​ឱ្យ​មាន​អាជីវកម្ម​ទាំងនេះ​​។

គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាន​ឱ្យដឹង​ថា ក្នុង​រយៈ​ពេល​​២០​ថ្ងៃ​​កន្លង​មក​​នេះ​ សមត្ថកិច្ច​ជំនាញ​បានចុះធ្វើរដ្ឋបាល និងប្រតិបត្តិការ​បង្ក្រាប​សរុបបាន ២០​ទីតាំង នៅ​ ៧​រាជធានី-ខេត្ត ដោយ​​បាន​ឃាត់ខ្លួនជនសង្ស័យ​​ជាជន​បរទេស​​សរុបចំនួន ​១ ៣៦២ នាក់ (ស្រី ២២៤នាក់)។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី​១៥ ​ខែ​កក្កដា ​ឆ្នាំ​២០២៥ បាន​​ដាក់​បញ្ជា​ឱ្យ​​គណៈ​អភិបាល​រាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត រួមទាំង​មេបញ្ជាការ​កងអាវុធហត្ថ​រាជ​ធានី-ខេត្ត និង​អាជ្ញាធរ​ពាក់​​ព័ន្ធ រួម​គ្នា​បោស​សម្អាតទីតាំង​ធ្វើ​សកម្មភាពឆបោកតាម​​ប្រព័ន្ធ​​បច្ចេក​​វិទ្យា(ONLINE SCAMS) ឱ្យ​អស់​​ពី​ក្នុង​ភូមិ​សាស្ត្រ និង​​ដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បី​​បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោក​តាម​ប្រព័ន្ធ​​បច្ចេក​វិទ្យា ឱ្យមានប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ថែរក្សា ការ​ពារ​សន្តិសុខ សណ្តាប់​ធ្នាប់​​សាធារណៈ និងសុវត្ថិ​​ភាព​​​សង្គម។

បន្ទាប់​ពីលោក​នាយក​រដ្ឋមន្ត្រី ​បាន​ចេញបទបញ្ជា​បន្ថែម​ទៀតនេះ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​ព្រមៗ​គ្នា​នៅ​​តាម​ទីតាំង​​ជាង​១០​កន្លែង ដោយ​ក្នុង​​រយៈ​ពេល​២ថ្ងៃ គឺនៅថ្ងៃទី​១៥​ និង​១៦ ខែ​កក្កដា ​បាន​​សមត្ថកិច្ច​​បាន​ឃាត់ខ្លួន​មនុស្សជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ ​បានដល់​ជិត​ ១០០០នាក់។

នៅក្នុង​កិច្ចប្រជុំមួយ​កាលពីថ្ងៃទី​១៧ ​ខែកក្កដា ​ឆ្នាំ​២០២៥​ នាយ​ឧត្តម​សេនីយ៍ ស ថេត អគ្គ​ស្នងការនគរ​បាល​ជាតិ បានណែនាំដល់មន្ត្រី​ពាក់ព័ន្ធ ​ជា​ពិសេសនាយកដ្ឋាន-អង្គភាព​ជំនាញ ​ត្រូវបន្តចាត់វិធានការបច្ចេកទេ​​ស ​​ដើម្បី​បិទ​វេប​​សាយ​​ទាក់ទង​ទៅនឹងការផ្សព្វផ្សាយ ពី​លេងល្បែងអនឡាញ និង​ត្រូវរួមសហការគ្នាបង្កើ​ត​​ក្រុ​មការងារកម្រិត​ស្ដង់​ដារ ដើម្បីចុះ​ប្រតិ​បត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបក្រុមប្រព្រឹត្តិបទល្មើសឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​អនឡាញគ្រប់ប្រភេទ​ ឱ្យអស់នៅទូទាំង​ប្រទេស ស្របទៅតាមបទ​បញ្ជា​របស់​រាជរដ្ឋាភិបាល ​ស្ដីពី យុទ្ធនាការ​បោស​​សម្អាតការឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា​។

សម្រាប់ ​លោក​ សម រង្ស៊ី ប្រធានក្រុមប្រឹក្សា​ជាតិ​តស៊ូ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​របស់​លោក​ នៅ​ថ្ងៃទី​១៨ ខែ​​កក្កដា​នេះ​​ថា ប្រជាជនខ្មែរ​ឆ្ងល់​ពេញ​​ប្រទេស​ ហេតុអ្វីបាន​មិនចាប់​​ខ្លួន​មេក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​អនឡាញ ពួកត្រកូលហ៊ុន ពួកក្រុមឧកញ៉ា? លោក​លើក​ឡើង​ថា «ឥឡូវនេះ ឃើញច្បាស់ហើយ ប្រតិបត្តិការតែពីរថ្ងៃ រកឃើញទីតាំងឆបោកអនឡាញ រាប់សិបកន្លែង ហើយ​ចាប់បានមនុស្សពាន់នាក់ ដែលមុនៗពួកសេកត្រកូល ហ៊ុន ចេញមក​បដិសេធ​ថា «គ្មានទេៗ»។

 ពីរថ្ងៃនេះរកឃើញតែទីតាំង និងមនុស្សធ្វើការតាមបញ្ជាគេ ប៉ុន្តែ​បាត់​​មេក្លោងធំៗស្ងាត់ឈឹង ដូចករណីគ្រឿង​ញៀន​អ៊ីចឹង​ ចាប់បានតែអ្នកប្រើតូចតាច តែ​មិនដែលឃើញចាប់បានមេគ្រឿងញៀនទេ»។

វិល​មក​សំណួរ​ថា​​តើ​នណា​ជាមេខ្លោង​​នៃអំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាមប្រព័ន្ធបច្ចេក​វិទ្យា​​នៅ​កម្ពុជា ?

យ៉ាងណាក្តី ​លោក​ ប៉ែន បូណា បាន​បង្ហោះ​សេចក្តីសម្រេច​របស់ ​លោក ​កើត រិទ្ធ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អំពីការ​ផ្អាក​មុខងារ​ជាបណ្តោះអាសន្នរបស់ ​លោក គ្រី សីហា ​ព្រះរាជ​អាជ្ញារង​នៃសាលា​ដំបូង​ខេត្ត​ពោធិ៍​​សាត់​ ដើម្បី​​​បើ​ក​ផ្លូវ​ឱ្យ​​ក្រុម​អធិការកិច្ច ​និង​ស្ថាប័ន​​មាន​សមត្ថកិច្ច ​ធ្វើការ​ស៊ើប​អង្កេត​ស្រាវ​​ជ្រាវ​ទាក់​ទងនឹងការ​​អនុវត្ត​ច្បា​ប់​ដោយ​រំលោភ​បំពាន​ ​ក្នុងការ​ដោះលែង​ជន​ល្មើស​ដែល​ត្រូវបាន​ចាប់​ខ្លួន​ ពាក់ព័ន្ធ​នឹង​បទល្មើស​​ឆបោក​​​តាម​​ប្រព័ន្ធ​បច្ចេក​វិទ្យា​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។

បើ​ទោះ​​បី​ជាស្ថាប័នអនុវត្ត​ច្បាប់​កម្ពុជា​ មិន​បាន​បង្ហាញ​ឈ្មោះ​មេខ្លោង​​​នៅ​ក្នុង​​ឧក្រិដ្ឋ​កម្ម​​ឆបោក​​តាម​​ប្រព័ន្ធ​​បច្ចេក​​វិទ្យា​​​នេះ​ក្តី ក៏​​កាល​ពី​ថ្ងៃ​ទី​​៨ ខែ​កក្កដា ​សមត្ថ​កិច្ច​ចម្រុះ​ថៃ​ បាន​ឆ្មក់​ចូល​​ទៅ​​ឆែក​​ឆេរ​ទីតាំង​​ចំនួន​១៩​កន្លែង​ នៅ​ក្នុង​ខេត្ត​សាមុត​​ប្រា​កាន ក្បែរ​ក្រុង​បាង​កក ដើម្បី​​ស្វែង​​រក​ចាប់​ខ្លួន​​អ្នក​ឧកញ៉ា កុក អាន សមាជិក​ព្រឹ​​ទ្ធស​​ភា​​​កម្ពុជា និង​​ជា​មនុស្ស​​ជំនិត​​របស់​​ លោក ​ហ៊ុន សែន​ ដែល​​ត្រូ​វ​​បាន​​តុលាការ​​ព្រហ្ម​​ទណ្ឌថៃ​ ចេញ​​ដីកា​តា​​ម​​ចាប់​ខ្លួន​ ក្រោម​ការចោទ​ប្រកាន់ពីបទ​បានប្រព្រឹត្ត​ឧក្រិដ្ឋ​កម្មឆ្លងដែន និងលាងលុយកខ្វក់។

ប៉ុន្តែ​​នៅក្នុង​ថ្ងៃដដែល​នោះ ​​លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធ​សភា​ បាន​សម្តែង​ការ​​អបអរ​សាទរ​​ចំពោះ​អាជ្ញាធរ​​និង​​ប៉ូលីស​ថៃ ដែលបា​នបើ​ក​ប្រតិបត្តិ​ក​ម្ទេច​​បទ​ល្មើស​​អន​ឡាញ នៅ​​លើ​ទឹ​កដីរ​បស់​ខ្លួន​​ដោយ​​លោក​ថា ជាកា​រ​ចូល​រួម​ចំណែក​ដើម្បី​កាត់​បន្ថយ​​បទ​ល្មើស​​អន​ឡាញ​​ហូរ​ចូល​​ទឹក​ដី​​កម្ពុជា។

បើ​ទោះបីជាសារព័ត៌មាន​ថៃ​​បាន​ចុះផ្សាយ​ព្រោង​ព្រាត​​ថា លោក ​កុក ​អាន ដែល​ជាមនុស្ស​ជំនិត​របស់​លោក​ហ៊ុន សែន គឺជាម្ចាស់​កាស៊ី​ណូ Crown Casino Resort (អគារ ២៥ ជាន់, អគារ១៨ ជាន់), អគារ២៥ជាន់ អគារ HISO និងកាស៊ីណូក្រោន ​​នៅ​​ក្រុង​ប៉ោយ​​ប៉ែត ​និង​​​មាន​​កាស៊ីណូ​ជាច្រើន​​ទៀត​ ​នៅ​ក្រុង​​បាវិត​​ខេត្ត​​ស្វា​​យ​​រៀង នៅ​​ច្រក​​ព្រំដែន​​ជ្រៃ​ធំ ក្នុង​​ខេត្ត​​កណ្តាល ​និង​​​នៅ​​ខេត្ត​​ព្រះ​សីហនុ​ ព្រម​​ទាំ​ង​​នៅ​តាម​​បណ្តា​ខេត្ត​​មួ​​យ​​ចំនួ​​ន​​​ទៀត កំពុង​ដំណើរការ​អាជីវ​ក​ម្ម​អនឡាញ​ក្តី ក៏លោក ​ហ៊ុន សែន ​មិន​​បាន​​បង្ហាញ​​ពី​​ចំណាត់ការ​​ផ្លូវ​​ច្បាប់​​ណាមួ​យ​ ​ចំពោះ​​សមាជិក​​ព្រឹទ្ធ​​សភា​​ដែល​​ស្ថិត​​នៅ​ក្រោម​​បង្គាប់​​របស់លោក​រូបនេះឡើយ។

សម្រាប់​អតីតមេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ លោក ​សម រង្ស៊ី ​បាន​​ថ្លែង​​ជា​រឿយៗ​​ថា រដ្ឋា​ភិបាល​លោក​ ហ៊ុន ម៉ាណែត បាន​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​មជ្ឈ​មណ្ឌល​ឧក្រិដ្ឋ​កម្ម​​ពិភព​​លោក។ ឧក្រិដ្ឋជនល្បីឈ្មោះ​នៅលើ​​ពិភព​​លោក ក្រុម​ម៉ាហ្វីយ៉ា​ អង្គ​ការ​ឧក្រិដ្ឋ​កម្ម​អ៊ីន​ធឺណិត ប្រមូល​​​ផ្តុំ​គ្នានៅ​​ក្នុង​ប្រទេសកម្ពុជា និងប្រព្រឹត្តឧក្រិដ្ឋ​​កម្មដោយសេរី។ ពួកឧក្រិដ្ឋជន​ទាំងនេះ ផ្ទេរ​ប្រាក់ (លាងលុយ) នៅកម្ពុជា​រ៉ាប់ពាន់លានដុល្លារជារៀងរាល់ខែ ដោយមាន​ពួកត្រកូល ហ៊ុន នៅពីក្រោយ។

លោក​អះអាងថា ថ្នាក់ដឹកនាំមួយចំនួនធំរបស់គណបក្ស​ប្រជាជន គឺជា​អ្នកកាងការ​ពា​រ​បណ្តាញ​ឧក្រិដ្ឋកម្មអន្តរ​ជាតិ ដើម្បីប្រមូលប្រាក់យកទៅ​ចិញ្ចឹម​​អំណាច​គណ​បក្ស​​ប្រជាជនកម្ពុជា​។

បន្ថែម​ពី​នេះ ​បើ​​តាម​​ស្ថាប័ន​​អន្ត​រជា​តិ​ល្បីៗ​​ បាន​រក​​ឃើញ​​ថា ក្មួយ​ប្រុស​ លោក ​ហ៊ុន សែន​ ​គឺ​​លោក ​ហ៊ុន តូ អ្នក​​ឧកញ៉ា​ កុក អាន អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ អ្នក​ឧកញ៉ា ទ្រី ភាព និង​លោក ​ចេន ហ្ស៊ី ​ឧក្រិដ្ឋ​ជន​ជនជាតិ​ចិន​​ដែល​​ត្រូវបាន​​លោក ​ហ៊ុន សែន តែង​​តាំង​ជា​ទីប្រឹក្សា​​របស់​​លោក ​​ព្រម​​ទាំង​​មន្ត្រី​​​ជាន់​​​ខ្ពស់​​និង​​ឧកញ៉ា​គ្រាក់ៗ​​នៃ​គណបក្ស​​ប្រជាជន​​ ដែល​​ស្និទ្ធ​​នឹង​គ្រួសារ​​ហ៊ុន​​ជាច្រើន​​រូប​​ទៀត ​គឺ​ជា​មេខ្លោង​​នៃឧ​ក្រិដ្ឋកម្ម​អនឡាញនៅកម្ពុជា។ លើសពីនេះ ​លោក​ ហ៊ុន សែន ​ខ្លួន​ឯង​ក៏មាន​ភាគហ៊ុន​​នៅក្នុ​ង​​ក្រុម​​ហ៊ុន​ល្បែង​ណាហ្គា​វើល​​ក្នុង​​រាជ​ធានីភ្នំពេញ ​ដែល​​ល្បី​​ខាង​​រំលោភ​បំពាន​​​លើ​​បុគ្គលិក​​ផង​ដែរ។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)កាលពីថ្ងៃទី​២៦ ខែមិថុនា ​​ឆ្នាំ​​២០​២៥​​ បាន​​ចេញ​របាយ​ការណ៍​​ជាង​២០០​ទំព័រ ស្ដី​ពី ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​សារការ​ធ្វើ​ទារុណកម្ម ការជួញដូរ​មនុស្ស និង​អំពើទាសភាព​ក្នុង​ទីតាំងឆបោកតាម​ប្រព័ន្ធ​អនឡាញ​នៅ​​កម្ពុជា បន្ទាប់​ពី​អង្គ​ការ​នេះ បាន​បើក​ការ​ស្រាវ​ជ្រាវ​អស់​រយៈ​​ពេល​​១៨​ខែ រក​ឃើញទីតាំង​​ឆបោក​​ចំនួន ៥៣កន្លែង នៅ​ក្នុង​​ប្រទេស​​កម្ពុជា​ និង​​បាន​សម្ភាសន៍ជន​រងគ្រោះ ​៤២៣​នាក់។

ជាមួយគ្នានេះ វិទ្យាស្ថាន Humanity Research Consultancy (HRC) របស់​សហរដ្ឋអាមេរិក បាន​ចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ​កាល​ពី​ថ្ងៃទី១៩ខែ​ឧសភា ដោយ​​រកឃើញ​​​ថា ប្រទេស​កម្ពុជា​​​គឺ​ជា​ចំណុច​ស្នូល​នៃ​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ពិសេស​​ឧក្រិដ្ឋ​​ក​ម្ម​​អន​​ឡាញ ដោយ​​មាន​អ្នក​បម្រើ​ការ​ងារ​ក្នុង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ជាង ១៥​ម៉ឺននា​ក់ និង​ថា ក្រុម​​ឧក្រិដ្ឋ​ជន​អាច​រក​ចំណូល​បាន​ពី​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ក្នុង១​ឆ្នាំ​​ប្រមាណ​ពី ១២,៥ ទៅ ១៩​​ពាន់​​លាន​ដុល្លារ​ដែល​ស្មើនឹ​ង​៦០ភាគរយ​នៃ GDP ឬ​ផលិតផល​ដុល​ក្នុង​ស្រុក​​របស់​​កម្ពុជា។

របាយការណ៍នេះបានលាតត្រដាងថា​ បណ្តាញ​ឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា ​កាន់​តែ​រីក​​ធំ​​ឡើង​ដោយ​សារ​អំពើ​ពុក​រលួយ​ស៊ីរូង​ក្នុង​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​បែប​ឯកបក្ស និង​គ្រួសារ​និយម​​ដែល​បាន​បើក​ផ្លូវ​ឲ្យ​ក្រុម​ទុច្ច​រិត ជាអ្នក​មាន​អំណាច​​អាច​ដើរ​រំលង​ច្បាប់។

របាយការណ៍​ដដែលបានចង្អុល​ចំៗ​ថា គណប​ក្ស​​ប្រជាជន​កម្ពុជា ជា​អ្នក​សម្រប​សម្រួល​ឲ្យ​អ្នក​មាន​​អំណាច​ចូល​ដៃ​គប់​​គិ​ត​​ជាមួយ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​បរទេស និង​ថា គណបក្ស​ប្រជាជ​ន​កម្ពុជា​​ទទួ​ល​បាន​ផល​លាភ​ជា​ច្រើន​ពី​ការ​បើក​​​ផ្លូ​វ​ឲ្យ​អ្នក​មាន​អំណាច​របស់​​ខ្លួន ​ធ្វើ​ការ​ងារ​នេះ ដើម្បី​​យ​ក​ប្រាក់​​​ទៅ​បម្រើ​គណបក្ស។

លើសពីនេះ ​របាយការណ៍នៃការសិក្សាស្រាវជ្រាវ​ដដែល​នេះ ​​បាន​កំណត់​អត្ត​សញ្ញាណ​​បុគ្គល​​ដែល​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​បណ្តាញ​​ឧក្រិដ្ឋ​កម្ម​​ឆ្លង​​​ដែន​នៅ​កម្ពុជា​សរុប​ចំនួន ២៨​នាក់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​ជាន់​​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិ​បាល​​​និង​ឧកញ៉ា​គ្រាក់ៗ ក្នុង​​ចំណោម​​​​នោះ​ក៏មាន​​អ្នក​ឧកញ៉ា ទ្រី ភាព និង​អ្នក​ឧកញ៉ា លី យ៉ុ​​ង​ផាត់ ​ដែល​​រង​ទណ្ឌក​ម្ម​ពី​​អាមេរិក​​ផង​ដែរ​។

ចំណែក​ក្រសួងសេដ្ឋកិច្ចអាមេរិក តាមរយៈបណ្តាញ​អនុវត្ត​ឧក្រិដ្ឋ​កម្ម​ហិរញ្ញ​​វត្ថុ​​​​​នៃ​​ក្រសួង​​សេដ្ឋ​​កិច្ច​​អាមេរិក​​ដែល​មាន​ឈ្មោះ​ថា (FinCEN) បាន​​​ស្នើ​ឲ្យ​មាន​​ការ​​អនុ​វត្ត​​ច្បាប់​រាំង​ខ្ទ​ប់​​ប្រតិបត្តិ​ការ​​​លើ​​ក្រុម​ហ៊ុន Huione របស់​លោក ហ៊ុន តូ ដែល​មាន​​មូល​ដ្ឋាន​​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា នៅ​​​ក្នុង​ប្រព័ន្ធ​ហិរញ្ញ​​របស់​​អាមេរិក ដោយ​​សារ​​ក្រុម​ហ៊ុន​​​នេះ​ ​ត្រូវ​បាន​​រក​​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការលាងលុយកខ្វក់ឲ្យក្រុម​ចោរ​​ព័ត៌​មានវិទ្យា ឬHacker របស់កូរ៉េខាងជើង និង​ឧក្រិដ្ឋកម្ម​អនឡាញ​ខ្មៅងងឹត ​និង​ឆបោករូបិយ​បណ្ណ​គ្រីប​តូ ក្នុងតម្លៃទឹកប្រាក់​រហូតដល់ជាង ​៤៩​ពាន់​​លាន​ដុល្លារ​អាមេរិក ចាប់​តាំង​ពី​ឆ្នាំ​២០២១​មក។

សូមបញ្ជាក់​ថា កាល​ពី​​ចុ​ង​ខែ​សីហា ឆ្នាំ​២០២៣ អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​​សិទ្ធិ​​មនុស្ស​(UNHCHR) បាន​​បង្ហាញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​​មនុស្ស​ប្រមាណ ១០​ម៉ឺន​​នាក់ ​ដែល​ជា​ជន​បរទេស​ត្រូវ​បាន​​ចា​ប់​បង្ខំ​ឱ្យ​ធ្វើ​ការ​ងារ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ក្នុង​​ប្រទេស​កម្ពុជា។

សរុបជារួម​អំពើឧក្រិដ្ឋកម្មឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​​អំពើ​លាង​លុយ​កខ្វក់​​​នៅ​ក្នុង​​ប្រទេស​​​កម្ពុជា​ដែល​​កំពុង​​ធ្វើ​ឱ្យក​ម្ពុជា​​ខូច​មុខ​មាត់​​​នៅ​លើ​​ពិភព​លោក​​នេះ ​ទំនង​​​ជា​មិន​អាច​​បង្ក្រាប​​បាន​នោះ​​ទេ ពីព្រោះ​ឧស្សាហ​កម្ម​​នេះ ​វា​ជាប់​​ពាក់​​ព័ន្ធ​​យ៉ាង​​ជ្រៅ​​ទៅ​នឹង​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន ​នៃ​គណបក្ស​​ប្រជាជន​កម្ពុជា​​ដែល​​កំពុង​​កាន់​​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ