គណបក្សប្រឆាំង​ថា​បក្ស​កាន់​អំណាច​កំពុង​បោក​រាស្រ្ត​រឿង​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពី​កំណើត

ក្រុមគណបក្ស​ប្រឆាំង បាន​អះ​អាង​ថា បក្ស​កាន់​អំណាច​បន្ត​ធ្វើ​នយោបាយ​ប្រជាភិ​ថុតិ បោក​ពលរដ្ឋ​មួយ​នគរ ជុំវិញ​ការ​ចង់​ធ្វើ​ច្បាប់ ដើម្បី​បាន​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ដែល​ការណ៍​នេះ ជា​ក្តី​បារម្ភ​ពី​មហន្ត​រាយ​ជាតិ​ធ្ងន់​ធ្ងរ បើ​បន្ទាត់​នយោបាយ មិន​ងាក​ទៅ​រក​ផ្លូវ​ត្រូវ តាម​គន្លង​ប្រជា​ធិបតេយ្យ​ទាន់​ពេល​ទេ​នោះ។

ក្តីបារម្ភនេះ ក្រោយពីរដ្ឋមន្រ្តីក្រសួង​យុតិ្តធម៌ លោក កើត​ រិទ្ធ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិ​បាល បាន​ឡើង​ការ​ពារ​សេចក្តី​ស្នើ​ច្បាប់​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​៣៣ នៅ​ចំពោះ​មុខ​រដ្ឋ​សភា កាល​ពីថ្ងៃ​ទី​១១ ​ខែ​កក្កដា ថា​គោល​បំណង​ឱ្យ​មាន​ច្បាប់​នេះ គឺ​ដើម្បី​បន្សុត​មនសិកា​ជាតិ ទប់​ស្កាត់​អ្នក​បំផ្លាញ​ខ្មែរ ឬ​ជន​ក្បត់​ជាតិ។

លើសពី​នេះ លោក កើត រិទ្ធ បាន​ការ​​ពា​រ​ថា ច្បាប់​​ដក​​សញ្ជាតិ​ពី​​កំណើត ប្រទេស​ជឿន​លឿន​លើ​ពិភព​លោក​ក៏​មាន​ដូច​គ្នា​ដែរ សូម្បី​តែ​សហរដ្ឋ​អាមេរិក។

លោកថា៖ «ដើម្បីដក​សញ្ជាតិ​ខ្មែរ​ ដើម្បី​​ការ​​ពារ​​រដ្ឋ​ ពិសេស​​ប្រឆាំង​​នឹង​​ពលរដ្ឋ​​ដែល​​គប់​គិត​​ជាមួយ​​បរទេស​​ប្រព្រឹត្ត​​អំពើ​​ក្បត់​​ជាតិ ឬ​​ធ្វើ​​សកម្ម​ភាព​​​ប៉ះ​​ពាល់​​ដល់​វិស័យ​​សន្តិ​សុខ​ជាតិ​​ធ្ងន់​ធ្ងរ​ សេចក្ដី​សុខ​សាន្ត​របស់​ប្រជាជន និង​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ»។

ដែល​ការលើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នេះ ដូច​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​មេដឹក​នាំ​បក្សកាន់​អំណាច និង​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន ក្នុង​កិច្ច​ប្រ​ជុំ​មួយ នៅ​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃទី​១៤ ខែ​កក្កដា​ផង​ដែរ។

មន្រ្តីគណបក្សសង្រ្គោះជាតិ លោក ហ៊ីង សុខ​សាន្ត បាន​ឱ្យ​វីអូឌីដឹ​ង​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ ដោយ​បដិសេធ​ទាំង​ស្រុង ចំពោះ​ការ​បក​ស្រាយ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​នេះ ដោយ​លោក​ថា មេដឹកនាំ​កម្ពុជា កំពុង​ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​តិ​បោក​រាស្រ្ត​មួយ​នគរ។

ក្នុងន័យនេះ លោកបញ្ជាក់ថា បោកនៅត្រង់ថា គ្មានប្រទេស​​​លើ​​ពិភព​​លោក​ណា គេ​​ធ្វើ​ច្បាប់​​ដក​​សញ្ជាតិ​​កំណើត​​របស់​​ជន​​ជាតិ​​គេ​​ទេ ​​គឺមា​ន​តែច្បា​ប់​​ដក​​សញ្ជា​តូបនិ​យកម្ម​​​ប៉ុណ្ណោះ ប្រសិន​​បើ​​ពួក​​​គេ​​ប្រព្រឹត្តិ​​ខុស​ច្បាប់​ ដូច្នេះកា​រ​អះអាង​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ជាកា​រភូ​តភរ បោក​ប្រាស់​រាស្រ្តខ្មែរ​សុទ្ធ​សាត។

លោកថា ករណីនេះ​នេះ​ឆ្លុះ​បញ្ចាំង​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​ចេះ​ដឹក​នាំ​អ្វី ក្រៅតែ​បោក​រាស្រ្ត ឬបំ​ភ័ន្ត​​ភ្នែក​រាស្រ្ត ដើម្បី​បន្ត​ក្តោប​អំណាច​បែប​គ្រួសារ​និយម និង​ដើម្បី​កម្ទេច​ខ្មែរ​គ្នា​ឯង​ប៉ុណ្ណោះ។

លោកថា៖ «វាជារឿងមួយគួរឲ្យសោកស្ដាយណាស់ គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​ គាត់​​អាច​កុហក​ពលរដ្ឋ​បាន​ហើយ គ្រាន់​តែ​រឿង​កំប៉ិក​កំប៉ុក​អ៊ីចឹង​គាត់​អាច​កុហក​ពលរដ្ឋ​ខ្លួន​ឯង​បាន​ ចុះ​រឿង​ដទៃ​ទៀត​ ធ្វើ​ម៉េច​ឲ្យ​ពលរដ្ឋ​ជឿ​បាន អ៊ីចឹង​បើ​ថ្ងៃ​ក្រោយ​មាន​បញ្ហា​អី​ធ្ងន់​ធ្ងរ​ឬ​អី! ពលរដ្ឋ​គា​ត់​ពិបាក​នឹង​ជឿ​ដោយ​សារ​តែនាយក​រដ្ឋ​មន្ត្រី​ឬ​ក៏​រដ្ឋ​មន្ត្រី​អ៊ីចឹងៗ គាត់អា​ច​និយាយ​កុហក​ពលរដ្ឋ​ឯង​បាន​ទៅ​ហើយ ចុះ​បើ​បញ្ហា​រឿង​ជាតិ​អី​ធំៗ​ទៀត​ធ្វើ​ម៉េច អ៊ីចឹង​គេ​អត់​ជឿ​ទេ»។

សម្រាប់ លោក ហ៊ីង សុខសាន្ត យល់ថា មេដឹកនាំដែល​ចេះតែ​បោ​ក​ប្រាស់​រាស្រ្ត ឬ​ធ្វើ​នយោបាយ​ប្រជា​ភិថុតិ​បែប​នេះ ជោគ​វាសនា​ប្រទេស​ជាតិ និង​ប្រជា​រាស្រ្ត ជៀស​មិន​ផុត​ពី​បន្ត​រង​ទុក្ខ​វេទនា​គ្មាន​ទី​បញ្ចប់ បើ​មេដឹកនាំ​ប្រទេស នៅ​តែ​គ្មាន​ភា​ព​ស្មោះ​ត្រង់​ជាមួយ​រាស្រ្ត​ជាម្ចាស់​ប្រទេស​នោះ។

លោកថា៖« តើឲ្យពលរដ្ឋរស់របៀបម៉េច សង្គមហ្នឹងវា​លែង​មាន​ទៅ​ជា​សង្គម​មួយ​ដែល​ផ្តល់​ភាព​យុត្តិ​ធម៌ហើយ​យើង​ចាំកា​ល​ណា​សង្គម​មួយ​រ​ង​តែ​ភាព​អយុត្តិ​ធម៌ សង្គម​ហ្នឹង​អត់​មាន​ស្ថិរភាព​ទេ ហើយ​បើ​អត់​មាន​ស្ថេរភាព​ទេ មាន​ន័យ​ថា សង្គម​អត់​មាន​សន្តិភាព​ពិត​ទេ បាន​ន័យ​ថា សន្តិភាពផ្លូ​វ​កាយ​អត់​មាន​សង្គ្រាម​ពិត​មែន ក៏ប៉ុ​ន្តែ​កាល​ណាព​លរដ្ឋ​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច មិន​ហ៊ាន​បញ្ចេញ​មតិ ប្រជាពលរដ្ឋ​រស់​នៅ​ទាំង​ភាព​អយុត្តិធម៌​អ៊ីចឹង​សង្គម​ហ្នឹង​អត់​មាន​សង្គម​សន្តិភាព​ផ្លូវ​ចិត្ត​ទេ»។

ចំណែក តំណាងរាស្រ្តបក្សសង្រ្គោះជាតិ ​លោក សួន សូរីដា នៅ​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ងាក​មក​ដោះ​ស្រាយ​បញ្ហា​សង្គម ផ្សះ​ផ្សា​ជាតិ ដោះលែ​ង​អ្នក​ទោស​នយោ​បាយ​។

លោក​ឱ្យយោបល់ថា ប្រទេសជាតិកំពុងមានជម្លោះព្រំដែន និង​បញ្ហា​ឧក្រិដ្ឋ​កម្ម​ឆបោក​ កំពុង​រីក​រាល​ដាល ដូច្នេះ​មេដឹកនាំ​ត្រូវ​រួប​រួម​សាមគ្គី​គ្នា ដើម្បី​ទប់​ទល់​នឹង​សត្រូវ​ឈ្លាន​ពាន​ និង​ទប់​​ស្កាត់​​ឧក្រិដ្ឋ​កម្ម​ឆបោក។

លោកថា៖ «បាទត្រឹមត្រូវហើយ ពីព្រោះច្បា​ប់​ដក​សញ្ជាតិ​នេះ វា​មិន​មែន​​ជា​​ច្បាប់​មួយ​ដែល​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ទេ ហើយ​ក៏​វា​មិន​មែន​ជា​ច្បាប់​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្សះ​ផ្សា​ជាតិ​ទេ ហើយ​ច្បាប់​នេះ​ បើ​យើង​ពិនិត្យ​ឲ្យ​ច្បាស់​ គឺ​បង្កើត​ឡើងក្នុ​ង​គោ​ល​បំណង​ដើម្បី​កម្ចាត់​ខ្មែរ ចឹង​កាល​ណា​ច្បាប់​មួយ​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​​កម្ចាត់​ខ្មែរ មាន​ន័យ​ថា វា​ជា​ច្បាប់​ដែល​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ​ហើយ តើ​ទៅ​រ​កឯ​កភាព​ជាតិ​ណា​បាន ដូច្នេះ​ហើយ​យើង​គិត​ថា​នៅ​ក្នុង​ជម្លោះ​ជាមួយ​ថៃ​កម្ពុជា​ ឬ​រដ្ឋាភិបាល​កម្ពុជា​គួរ​ទុក​ច្បាប់​នេះ កុំ​អនុម័ត​ទៅ​លើ​ច្បាប់​នេះ»។

លើសពីនេះ អតីតនាយកខុទ្ធការល័យ លោក កឹម សុខា គឺលោក មុត ចន្ថា ហាក់​ស្តី​បន្ទោស​លើ​រដ្ឋ​មន្ត្រីក្រសួង​យុត្តិធម៌ ដោយ​អះ​អា​ង​ថា លោក កើត រិទ្ធិ និយាយ​បំភ្លើស គ្មាន​សច្ចៈ ដោយ​សំអាង​ថា បណ្តា​ប្រទេស​ទាំង​នោះ មិន​មាន​ច្បាប់​ដក​ហូត​សញ្ជាតិ​កំណើត​ទេ។

សម្រាប់ លោក មុត ចន្ថា សហរដ្ឋអាមេរិក​មិន​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ដក​ហូត​សញ្ជាតិ​កំណើត (natural-born citizenship) ឡើយ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ដក​ហូត​សញ្ជា​តូបនីយ​​កម្ម ដែល​ប្រព្រឹត្តិ​ក្បត់​នឹង​ជាតិ​អាមេរិក។

ជប៉ុនក៏ពុំមានច្បាប់អនុញ្ញាតឱ្យដកហូតសញ្ជាតិ​កំណើត​ឡើយ ប៉ុន្តែ​ពលរដ្ឋ​ជប៉ុន​មិន​អនុញ្ញាត​ឱ្យ​មាន​ស​ញ្ជា​តិ​​ពីរ ឬ​ច្រើន តែ​ពលរដ្ឋ​នឹង​តម្រូ​វ​ឱ្យ​លាលែង​សញ្ជាតិ​កំណើត បើ​មិន​បោះ​បង់​សញ្ជា​តូបនីយ​កម្ម​បរទេស​។ សូម្បី​តែ​ប្រទេស​អាស៊ាន ដូច​ជា សិង្ហ​បូរី​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ដក​ហូត​សញ្ជាតូប​នីយ​កម្ម ក្នុង​ករណី​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ឧក្រិដ្ឋ ប៉ុន្តែ​មិន​អនុញ្ញា​ត​ឱ្យដ​ក​ហូត​សញ្ជាតិ​កំណើត​ឡើយ។

មួយវិញទៀត លោក​ថា សូម្បី​តែ​ប្រទេស​វៀត​ណាម​ពុំ​មាន​ច្បាប់​ដក​ហូត​សញ្ជាតិ​កំណើត​ទេ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​លះ​បង់​សញ្ជាតិ​ដោយ​ស្មគ្រ័​ចិត្ត។

សរុបមកវិញ លោក មុត​ ចន្ថា អះអាងថា គ្មាន​ប្រទេស​ណា​មួយ​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ដក​ហូត​សញ្ជាតិ​កំណើត​ឡើយ អ្វី​ដែល​ លោក ​កើត រិទ្ធិ យក​មក​សំអាង គឺ​ជា​អំពើ​បន្លំ​ បំភ្លើស និង​បោក​ប្រាស់​ពលរដ្ឋ​ខ្មែរ​។

ដោយឡែក អ្នកវិភាគបញ្ហាសង្គម លោក វ៉ន់ ចាន់ឡូត និយាយថា ភាព​ចម្រូង​ចម្រាស​ខាង​នយោ​បាយ វាកើត​ចេញ​ពី​ការ​ធ្វើ​នយោបាយ​ខ្វះ​សុចរិ​តភា​ព មិន​ធ្វើ​ឱ្យ​ទីលាន​ប្រកួត​តាម​គន្លង​ប្រជាធិប​តេយ្យ​ ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ  ដែ​ល​រដ្ឋ​ធម្មនុញ្ញ​​បាន​ចង​កាតព្វកិច្ច​អ្នក​នយោបាយ​ពី​ប្រព័ន្ធ​ប្រជាធិ​ប​តេយ្យ សេរី​ពហុបក្ស ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស។

សម្រាប់​ លោក វ៉ន់ ចាន់ឡូត បើកម្ពុជាមានការបោះឆ្នោតដោយសេរី ត្រឹម​ត្រូវ និង​យុត្តិធ​ម៌​​ពិត​​ប្រាដក កម្ពុជា គឺ​​គ្មា​ន​ឡើយ​សង្រ្គាម និង​ជន​ក្បត់​ជាតិ កើត​ឡើង​ដូច​ការ​លើក​របស់​អ្នក​នយោបាយ​នោះ​ទេ ព្រោះពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹកនាំ​៥ឆ្នាំ​ម្តង តាម​ឆន្ទៈ​របស់​ពួក​គេ។

លោកអះអាងថា ឱ្យតែមេដឹកនាំខ្មែរ​ស្មោះត្រ​ង់នឹង​ជាតិ ស្មោះ​ត្រង់​នឹង​រាស្រ្ត ហ៊ាន​ប្រគួត​អំណាច​តាម​គន្លង​ប្រជា​ធិប​តេយ្យ សេរី​ពហុបក្ស កម្ពុជា​នឹង​រីក​ចម្រើន និង​គ្មាន​សត្រូវ​ហ៊ាន​បន្ត​ឈ្លាន​ពាន​នោះ​ទេ។

លោកថា៖ «បញ្ហានយោបាយកម្ពុជា​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារ​តែ​យើង​ដើរ​ខុ​ស​ពី​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ​ដែល​មាន​ន័យ​ថា របៀប​ធ្វើ​នយោបាយ​គេ​ប្រឹង​ប្រែង​តែ​បង្កើន​ឥទ្ធិ​ពល​បុគ្គល​ បង្កើន​ឥទ្ធិពល​គ្រួសារ ឲ្យ​វា​មាន​ភាព​លេច​ធ្លោ​ជាង​ការ​ពង្រឹង​នូវ​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​ ដោយ​ផ្ដោត​ទៅ​លើ​យុត្តិធម៌​សង្គម​លើ​អភិបាល​កិច្ច​ ក៏​ដូ​​ចជា​ការ​ពង្រឹង​នូវ​នីតិរដ្ឋ​ អ៊ីចឹង​​ហើយ​ប្រព័ន្ធ​ដឹក​នាំ​បែប​នេះ វា​ជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​ប្រទេស​ជាតិ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​ន័យ​ថា បុគ្គល​នូបនីយ​កម្ម​នេះ កំពុង​តែ​សាប​ព្រោះ​ពាស​ពេញ​ប្រទេស​ហើយ​ដែល​មាន​ន័យ​ថា អ្នក​ដែល​ទទួល​បាន​អំណាច​គេ​ទទួល​បាន​នូវ​អ្វីៗ​ទាំង​អស់»។

បើតាម​ក្រុម​អ្នក​ឃ្លាំមើល​បន្ទាត់​​​​នយោបា​យ​ លោក ហ៊ុន សែន បាន​​​ដើរ​​​​​លើ​​​ផ្លូវ​​​ខុស​​ចាត់​​តាំង​​ពី​​​ឆ្នាំ​​២០១៧​មក ខណៈ​​មេ​បក្ស​នេះ​​ដឹង​ខ្លួន​​ថា ពលរដ្ឋ​បាន​បោះ​ឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​យ៉ាង​គំហុក ចាប់​ពីឆ្នាំ​២០១៣ និង​២០១៧ ហើយ​ងាក​ទៅ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាងគេ។

យ៉ាងណា បន្ទាត់នយោបាយគ្រួ​សារហ៊ុន ប៉ុន្មាន​​ឆ្នាំ​​ចុង​​ក្រោយ​នេះ ត្រូវ​បាន​​គេ​មើ​​ល​​ឃើញ​​ថា​ បាន​ធ្វើ​​ឱ្យ​កម្ពុជា​​​ក្លាយ​​ជាសំ​បុក​ពួក​ឧក្រិដ្ឋ​ជន បន្សល់​ទុក​ជន​រង​គ្រោះ​ច្រើន​លាន​នាក់ ពី​ប្រព័ន្ធ​យុត្តិ​ធម៌ ដែលទាំងអស់​​​នេះ ត្រូវបានក្រុមអ្នកមាននិន្នាការប្រឆាំង​អះអាងថា ពលរដ្ឋកម្ពុជានឹងបន្តរងគ្រោះគ្មានទីបញ្ចប់ បើគ្មានចរន្តផ្តាស់ប្តូរ តាមរយៈការ​​បោះ​ឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌​តាមគន្លងប្រជាធិបតេយ្យទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ