យុទ្ធនាការ​បង្ក្រាប​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន​អាច​ជា​ល្បិច​បិទ​បាំង​ឧក្រិដ្ឋ​ជន​បើ​មិន​ចាប់​មេខ្លោង

មិនខុស​ពី​ទម្លាប់​បង្កាត់​ភ្លើង​ចំបើង​រាល់​ដង រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្ដើម​បើក​យុទ្ធ​នា​ការ​ចុះ​ប្រមាញ់​ឧក្រិដ្ឋ​ជន​ឆបោក​តាម​អ៊ីនធឺណិត​ឡើង​វិញ បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​មួយ​រយៈ​ធំ ដែល​ធ្វើ​ឱ្យ​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ឋាន​សួគ៌​របស់​ឧក្រិដ្ឋ​ជន​ឆបោក​តាម​អន​ឡាញ​ទៅ​ហើយ​នោះ។

 ទោះយ៉ាងណា ពលរដ្ឋសង្កេតឃើញ​ថា ការ​ចុះប​ង្ក្រាប​របស់​រដ្ឋាភិបាល​លើក​នេះ មិន​ខុស​ពី​យុទ្ធនា​កា​រ​មុន​ៗ​​នោះ​ទេ គឺទា​ល់​តែ​មាន​រឿង ឬ​សម្ពាធ​អ្វី​មួយ​បាន​កើត​ឡើង ដែល​ជះ​ឥទ្ធិពល​ដល់​មេដឹកនាំ​បក្ស​កាន់​អំណាច ទើប​រដ្ឋាភិបាល​បើក​យុទ្ធនា​ការ​ចុះ​បង្ក្រាប លុះ​សភាព​ការ​ណ៍​ស្ងប់ ក្រុម​ឧក្រិដ្ឋជន​នឹង​វិញ​ត្រឡប់​មក​វិញ។

ពួកគេ​បាន​ដាក់​ការ​សង្ស័យ​ថា យុទ្ធនាការ​ថ្មី​នេះ ដូច​កន្លង​ទៅ​ដែរ វា​គ្រា​ន់​តែ​ជា​ឈុត​ឆាក​សម្តែង​មួយ ដើម្បី​បិទ​បាំង​បណ្តាញ​ឧក្រិដ្ឋ​កម្មឆ្ល​ង​ដែន ដែល​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​មេ​ឧក្រិដ្ឋ​ជន​ស្និទ្ធ​នឹង​មេដឹក​នាំ​កំពូល ដែ​​ល​​ស្ថាប័ន​អន្តរ​ជាតិ​ល្បីៗ​បាន​រក​ឃើញ ហើយ​ពួក​គេ​មិន​ត្រូវ​បាន​នាំ​ខ្លួន យក​ទៅ​ផ្តន្ទា​ទោសចំពោះ​មុខ​ច្បាប់​ទេ​នោះ។

បុគ្គលិកធ្វើការកាស៊ីណូមួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ថ្លែង​ក្នុង​លក្ខខ​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់ វីអូឌី នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា​ថា នៅ​ក្រុង​ប៉ោយ​ប៉ែត មាន​អាជ្ញាធរ​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ឆបោក​តាម​អន​ឡាញ ក្រោយ​មាន​បញ្ជា​ពី​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត ដោយ​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​ប្រតិបត្តិ​ករ ជា​ជនបរទេស​មួយ​ចំនួន។

ទោះជាយ៉ាងណា បុគ្គលិករូបនេះ អះ​អាង​ថា ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​នេះ គឺ​ជា​ការ​សម្ដែង​ល្ខោន​ដើម្បី​បង្ហាញ​ដល់​ពលរដ្ឋ និង​បរទេស​មើល​តែ​ប៉ុណ្ណោះ ព្រោះ​នៅ​​ពី​​ក្រោយ​ឆាក​វិញ គឺ​មេខ្លោង​ឧក្រិដ្ឋ​ជន បាន​ជម្លៀស​ប្រតិបត្តិ​ករ ដោយ​ដឹក​តាម​រថយន្ត​ទៅ​កាន់​ទីតាំង​ផ្សេង​ទៀត តាំង​ពី​ លោក ហ៊ុន ម៉ាណែត ចេញ​បញ្ជា​ពី​ដំបូង​មក​ម្ល៉េះ។

ប្រភពថា៖ «បង្ក្រាប​បានចំនួន​ប៉ុ​ណ្ណឹង វា​តិច​ខ្លាំង​ណាស់។ អាជ្ញាធរ ហើយ​និង​ឧក្រិដ្ឋ​ជន​ហ្នឹង ដេក​ស៊ី​ជាមួយ​គ្នា​ឡើង​កើត​មាន​កើត​បាន រាប់​ឆ្នាំ​ហើយ​ហ្នឹង ហើយ​ដល់​ពេល​គេ​ចុះទៅ​​បង្ក្រាប​ម្ដងៗ គេ​បោះ​មោឱ្យ​គ្នា វាយ​អាយ​កូម​ទៅ​គ្នា គេជ​ម្លៀស​ចេញ​អស់ ហើយ​ដល់​ពេល​ទៅ​ដល់​បង្ក្រាប​ខ្យល់ មាន​តែ​ខ្យល់​ហ្នឹង»។​

មិនខុសពីក្រុង​ប៉ោយ​ប៉ែត បរិវេណ​ស្ថានីយ​ទូរទស្សន៍ PNN របស់​ឧកញ៉ា លី យ៉ុង​ផាត់ នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​បុគ្គលិក​ម្នាក់​ប្រាប់​វីអូឌី ក្នុង​លក្ខ​ខណ្ឌ​លាក់​អត្ត​សញ្ញាណ និង​សំឡេង​ថា មាន​សភាព​ស្ងប់​ស្ងាត់​ខុស​ពី​ធម្មតា គ្មាន​ជន​បរទេស​ចេញ​ដើ​រហើ​រ​ពេល​យប់​ដូច​មុន​ឡើយ។

ការថ្លែងរបស់ពលរដ្ឋទាំងនេះ ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១​៥ ខែក​ក្កដា បាន​បញ្ជា​ឱ្យ​អភិបាល​រាជធានី-ខេត្ត អាជ្ញាធរ​មាន​សមត្ថ​កិច្ច និង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ ត្រូវ​អនុវត្ត​ការ​ត្រួត​ពិនិត្យ និង​ចុះ​បង្រ្កាប​ទីតាំង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា នៅ​ក្នុង​ភូមិ​សាស្ត្រ​ខ្លួន​ឱ្យ​បាន​ម៉ឺង​ម៉ាត់ និង​ដោយ​ការ​ទទួល​ខុស​ត្រូវ។

លោក ហ៊ុន ម៉ាណែត បាន​ព្រមាន​ថា៖ «ប្រសិន​បើ​មន្រ្តី​ណាមិ​នអ​នុវត្ត​តាម​បទ​បញ្ជា ឬ​មិន​សហការ​អនុវត្ត​ ក្នុង​រូប​ភាព​ណាមួ​យ នឹង​ត្រូវ​វាយ​តម្លៃ​ក្នុង​ការ​តែង​តាំង ផ្លាស់​ប្តូរ ឬ​បញ្ចប់​មុខ​តំណែង»។

ទោះជាយ៉ាង​នេះក្ដី​ ការ​ចេញ​បញ្ជា​របស់ លោក ហ៊ុន ម៉ាណែត ឱ្យ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​នេះ គឺ​ជា​រឿង​ដដែលៗ ហើយ​ក៏​មិន​ខុស​​ពី​ទម្លាប់​ចាស់​នោះ​ដែរ។ ក្រោយ​ពី​បាន​ស្ដាប់​ឮ​បញ្ជា​ពី​មេដឹក​នាំ​ភ្លាម អាជ្ញាធរ​នៅ​តាម​បណ្ដា​ខេត្ត-រាជធានី បាន​នាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ប្រតិ​បត្តិ​ការ​ឆបោក​នៅ​តាម​កន្លែង​មួយ​ចំនួន ដោយ​ពួក​គេ​បាន​នាំ​គ្នា​ថត​រូប​ពួក​គេ និង​ក្រុម​ប្រតិបត្តិ​ករ​ឆបោក យក​ម​កបង្ហោះ​នៅ​​លើ​បណ្ដាញ​សង្គម និង​ផ្សាយ​តាម​សារព័ត៌មាន​ជា​ហូរហែ។

ទោះជាយ៉ាងនេះក្ដី មតិ​មួយ​ចំនួន​ហាក់​មិន​ពេញ​ចិត្ត​នឹង​ស្នាដៃ​អាជ្ញាធរ​នោះ​ទេ ដោយ​ពួក​គេ​បាន​រិះ​គន់​ថា ​ប្រតិ​បត្តិ​ការ​របស់​អាជ្ញាធរ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្គាប់​ចិត្ត​មេដឹកនាំ ដើម្បី​ការ​ពារ​អំណាច​បុណ្យ​ស័ក្ដិ មិន​មែន​ធ្វើ​ចេញ​​ពី​ឆន្ទៈ ដើម្បី​សន្តិសុ​ខសា​ធារណៈ​នៅ​ក្នុង​សង្គម​នោះ​ឡើយ។

ទន្ទឹមគ្នានេះ មហាជនលើកឡើងថា ករណីនេះ អាជ្ញាធរ​ទាំង​នោះគួ​រ​តែមា​ន​ភាព​អៀន​ខ្មាស់ និង​លាលែង​ពី​តំណែង ព្រោះ​ពួក​គេ​ហាក់​ដឹង​ច្បាស់​ពី​ទីតាំង​ប្រតិបត្តិ​ការ​ឆបោក​តាម​អន​ឡាញ​ទាំង​នោះ​រួច​ហើយ ក៏​ប៉ុន្តែ​មិន​ចុះ​បង្ក្រាប ហើយ​ទាល់​តែ​មេដឹកនាំ​ដាក់​បញ្ជា និង​ព្រមាន​ដក​តំណែង ទើប​នាំ​គ្នា​ចុះ​ទៅ​បង្ក្រាប​ភ្លាមៗ​ ដោយ​មិន​បាច់​ស្រាវ​ជ្រាវ​លើស​ពី​មួយ​ថ្ងៃ​នោះ​ឡើយ។

ក្នុងរយៈពេលពីរថ្ងៃ ក្រោយលោក ហ៊ុន ម៉ាណែត ដាក់បញ្ជា​ អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​នៅ​តាម​រាជ​ធានី-ខេត្ត​មួយ​ចំនួន បង្ក្រាប​បាន​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​បាន​ជាង​១០​កន្លែង។ ទីតាំង​ប្រតិបត្តិ​ការ​ទាំង​នោះ រួម​មាន រាជធានីភ្នំពេញ ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ ពោធិ៍​សាត់ ក្រចេះ និង​ខេត្តបន្ទាយ​មាន​ជ័យ ដោយ​កម្លាំង​សមត្ថ​កិច្ច បាន​ឃាត់​ខ្លួន​មនុស្ស​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស ​រួម​មាន ជា​ជនជាតិ​វៀត​ណាម ថៃ ចិន តៃវ៉ាន់​ ឥណ្ឌូ​នេស៊ី នេប៉ាល់ ហ្វីលីពីន និង​មីយ៉ាន់ម៉ា រួម​ទាំង​ពលរដ្ឋ​ខ្មែរ ប្រមាណ​ជិត ១ពាន់​នាក់ ក្នុង​នោះ​ក្រុង​ប៉ោយ​ប៉ែត មាន​ចំនួន ២៧១​នាក់។

ទោះជាបែបនេះក្ដី បើតាមប្រភពពីបុគ្គលិកកាស៊ីណូក្រុង​ប៉ោយប៉ែ​ត បាន​អះ​អាង​ថា ចំនួ​ន​នេះ តិ​ច​ជាង​ភាព​ជាក់​ស្ដែង ដែល​ក្រុង​ប៉ោយ​ប៉ែត មាន​ទីតាំង​ប្រតិបត្តិ​ការ​ឆបោក​តាម​អន​ឡាញ​ចំនួន ៣​ធំៗ គឺ​កាស៊ីណូ​ក្រោន​ រប​ស់​លោក កុក អាន កាស៊ីណូ​ហ្គោល​ស្តារ និង​ទីតាំង​តំបន់​អភិវឌ្ឍន៍​ សាន់កូ គ្រុប​ជាដើម ដែល​ទីតាំង​ទាំង​នេះ មាន​ប្រតិបត្តិ​ករ​ឆបោក​រាប់​ពាន់​នាក់។

ប៉ុន្តែអា​ជ្ញាធរ មិនបានបង្ហាញមុខមេខ្លោងធំ ដែល​ជា​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដែល​បាន​បង្កប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ បើ​ទោះ​បីជា​ស្ថា​ប័ន​អន្តរ​ជាតិ​ជា​ញឹក​ញាប់ បាន​ចង្អុល​បង្ហាញ​ថា មេ​ឧក្រិដ្ឋ​ជន​ខ្លះ នៅ​កៀក​នឹង​មេដឹក​នាំកំ​ពូល និង​ខ្លះ​ជា​សមាជិក​ព្រឹទ្ធ​សភា​កូតា​បក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់​គ្រង​អំណាច​ក្តី។

ជុំវិញរឿងនេះ ប្រធានអង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​​មា​ន​​មូល​ដ្ឋាន​​​នៅ​​ប្រទេស​​អូស្ត្រា​លី លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា កា​រចុះ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អន​ឡាញ​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ខ្វះ​តម្លាភា​ព និង​មាន​បង្កប់​នូវ​អំពើ​ពុក​រលួយ និង​រឿង​នយោ​បាយ។

លោកថា៖ «អ៊ីចឹងមានន័យថា មន្រ្តីទាំងអស់ហ្នឹង បាន​ដឹង​ពី​ទីតាំង​ហ្នឹង​រួច​ទៅ​ហើយ ប៉ុន្តែ​​មិ​ន​​ចា​​ត់វិ​ធា​ន​​ការ​ ទាល់​តែ​មាន​បទ​បញ្ជា អ៊ីចឹង​មាន​ន័យ​ថា មន្រ្តីទាំ​​​ង​អស់​ហ្នឹង​​អាច​​មាន​ពាក់​ព័ន្ធ​នឹ​​ង​​ផ​ល​​​​​ប្រ​យោ​ជន៍​​ណា​​​​មួយជន​ល្មើស​ទាំង​អស់​ហ្នឹង បាន​មិន​ចាត់​វិធាន​ការ ទាល់​​​តែ​មាន​បញ្ជា​​បាន​ចាត់​​វិធា​​នកា​​រ ដូច្នេះ​​ថ្នា​ក់​​ដឹក​នាំ ដែល​មាន​ឥទ្ធិ​ពល មាន​អំណាច​ហ្នឹង ប្រសិន​បើ​​ច​ង់អ​នុវត្ត​ឱ្យ​មា​ន​​ប្រសិ​ទ្ធ​ភាព​ឱ្យ​មែ​ន​​ទែន គួរ​តែ​​ពិ​និ​ត្យ​មន្រ្តីទាំង​អស់​ហ្នឹង»

កន្លងមក អតីត​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​អតីត​មេដឹក​នាំ​ថៃ លោក ថាក់​ស៊ីន ស៊ីណាវ៉ា បាន​ចោទ​​​គ្នា​ទៅ​វិញ​ទៅ​មក អំពី​អ្នក​នៅ​ពី​ក្រោយ​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អ៊ីធឺណិត បន្ទាប់​ពី​អាជ្ញាធរ​ថៃ ចាប់​ចុះ​ឆែ​ក​​ឆេរ រឹប​អូស​ទ្រព្យ​សម្បត្តិ និង​ចេញ​ដីកា​ចាប់​ខ្លួន លោក កុក អាន និង​កូន​ប្រុស​ស្រី ៣នាក់ របស់​លោក ដោ​យ​ថៃ​ចោទ​​ថា ពួក​គេ​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អ៊ីន​ធឺណិត លាង​លុយ​កខ្វក់ និង​ចាប់​ជំរិត ដែ​ល​ប្រព្រឹត្តិ​​​នៅ​​​ក្នុង​ទីតាំង​កាស៊ីណូ​ក្រោន ក្នុង​ក្រុង​ប៉ោយ​ប៉ែត ក្នុង​ប្រទេស​កម្ពុជា។

ការចោទ​នេះ លោក ហ៊ុន សែន ធ្លាប់​ប្រតិកម្ម​ចោទ​ប្រឡប់​ទៅ​កាន់​ថៃ​វិញ ដោយ​អះ​អាង​ថា កម្ពុជា គឺ​ជា​ជន​រង​គ្រោះ។

លោកថា៖ «កម្ពុជា​គ្រាន់​តែ​ជា​ជន​រ​ង​គ្រោះ​នៃ​អន​ឡាញ​របស់​ថៃ​តែ​ប៉ុណ្ណោះ ហេតុ​អី​មាន​តែ​ប្រទេស​ថៃ​មួយ​គត់​ ដែល​​មាន​ជើង​អាកាស​តភ្ជាប់​ប្រទេស​ខាង​ក្រៅ​ចូល​មក​ក្នុង​ប្រទេស​ថៃ»។

បើគេសង្កេត​ពី​បញ្ហា​នេះ បណ្តាញ​ឧក្រិដ្ឋ​ជន​ឆបោក ដែល​គេ​រក​ឃើញ មិន​មែន​មាន​តែ លោក កុក អាន តែម្នាក់​ទេ ដែល​ថៃ​ចោទ​ប្រកាន់​នេះ​ទេ ឧកញ៉ា​ផ្សេង​ទៀត រួម​ទាំង​សាច់​ញាតិ​មេដឹក​នាំ​ផង គឺ​អ្នក​ឧកញ៉ា ហ៊ុន តូ ​ក៏​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​រក​ឃើញ​ថា ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ច្រើន​ទម្រង់​ដូច​គ្នា​ដែរ។

ប៉ុន្តែច្រើនឆ្នាំទៅនេះ មិនមាន​ចំណាត់​ការ​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​លើ​បុគ្គល​ទាំង​នោះ​ទេ ក្រោយ​ពី​រដ្ឋាភិបាល​បាន​បដិសេធ​ទៅ​ការ​រក​ឃើញ​នេះ។

អំឡុងខែ​កញ្ញា ឆ្នាំ​២០២៤ សហរដ្ឋ​អាមេរិក​តាម​រយៈ​ក្រសួង​សេដ្ឋ​កិច្ច​របស់​ខ្លួន បាន​ដាក់​ទ​ណ្ឌ​​កម្ម​​ដោយ​បង្កក​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន​របស់​ លោក លី យ៉ុងផាត់ ដោយ​សំអាង​ពី​ការ​រក​ឃើញ​ថា ការ​ធ្វើ​អាជីវ​កម្ម​របស់​លោក លី យ៉ុងផាត់ ជាប់​ពាក់​ព័ន្ធ​នឹង​អំពើជួ​​​ញ​ដូ​​រ​​មនុស្ស ពលកម្ម​ដោយ​បង្ខំ ក្នុង​ប្រតិបត្តិ​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត។

តា​មសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្រុ​ម​ហ៊ុន​ចំនួន៥ របស់​លោក លី យ៉ុង​ផាត់ ត្រូវ​បាន​បង្កក​ទ្រព្យ​សម្បត្តិ ក្នុង​នោះ​មាន L.Y.P. Group Co. LTD រមណីយ​ដ្ឋាន​អូរ​ស្មាច់ សណ្ឋាគារ​ហ្គាឌិន​ស៊ីធី រមណីយ​ដ្ឋាន​កោះ​កុង និង​សណ្ឋាគារ​ភ្នំពេញ ជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​ជួញ​ដូរ​មនុស្ស និង​បោក​ប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ។

រមណីយដ្ឋានអូរស្មាច់ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ លោក លី យ៉ុង​ផាត់ ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​ ២០២៤ បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ជា​ប្រព័ន្ធ ហើយ​ជន​រ​ង​គ្រោះ​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ឱ្យ​ទៅ​រម​ណីយ​ដ្ឋាន​អូរស្មាច់​ជាមួយ​នឹង​ការ​ផ្តល់​ឱកាស​ការ​ងារ។

តែ​នៅ​ពេលទៅដល់ទីនោះ ជនរងគ្រោះត្រូ​វ​បាន​គេ​ដក​ហូត​ទូរស័ព្ទ និង​លិខិត​ឆ្លង​ដែន រួម​ទាំង​បាន​បង្ខំ​ឱ្យ​ធ្វើ​ប្រ​​តិបត្តិ​ការ​ឆបោក​តាម​អន​ឡាញ ហើយ​រង​គ្រោះ​ពី​ការ​វាយ​ដំ​ធ្វើ​ទារុណ​កម្ម​ឆក់​ខ្សែ​ភ្លើង និង​តម្រូវ​ឱ្យ​បង់​ប្រា​​ក់​​រំលោះ​ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន ឬ​គំរាម​យក​ទៅ​ល​ក់​បន្ត​ជា​ដើម។

ប្រភពនោះ បញ្ជាក់​ថា ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ដោះ​លែង និង​ជួយ​សង្គ្រោះ​ចេញ​ពី​ក្រញាំ​ឧក្រិដ្ឋ​កម្ម​ដ៏​ខ្មៅ​ងងឹត​នេះ មាន​សញ្ជាតិ​ផ្សេ​ងៗ​គ្នា​ រួម​មាន ចិន ឥណ្ឌា ឥណ្ឌូ​នេស៊ី ម៉ាឡេស៊ី​ សិង្ហ​បុរី ថៃ និ​ង​វៀត​ណាម​ជា​ដើម​។ 

លោក លី យ៉ុងផាត់ ជាបុគ្គលទី៤ ដែលត្រូវបាន​សហរ​ដ្ឋ​អាមេរិក​ដាក់​ទណ្ឌ​កម្ម​បង្កក​ទ្រព្យ​សម្បត្តិ បន្ទាប់​ពី​លោក​ ទ្រី ភាព លោក គន់ គីម និង​លោក ហ៊ីង ប៊ុ​ន​ហៀង មេបញ្ជា​ការ​អង្គរក្ស​ លោក ហ៊ុន សែន។

ជាការកត់​សម្គាល់ លោក លី យ៉ុង​ផាត់ ថ្វី​បើ​ស្ថាប័ន​អន្តរ​ជាតិ​ល្បីៗ រក​ឃើញ​រឿង​អាស្រូវ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ឆបោក​ឆ្លង​ដែន និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ក្តី តែ​ផ្ទុយ​ទៅ​វិញ លោក លី យ៉ុង​ផាត់ ត្រូវ​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត ពី​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។

លោក លី យ៉ុងផាត់ មានតួនាទីសំខាន់ៗក្នុង​ជួរ​រដ្ឋាភិ​បាល ដូច​ជា សមាជិក​ព្រឹទ្ធ​សភា ​​ប្រធាន​​​គណៈ​កម្មា​ធិការ​​​ហិរញ្ញ​វត្ថុ​រ​បស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​ជា​ប្រធាន​សមាគម​ឧ​កញ៉ា​នៅ​កម្ពុជា។

លើសពីនេះទៀត របាយការណ៍របស់វិទ្យា​ស្ថាន Humanity Research Consultancy ចេញ​​ផ្សាយ​​​នៅ​​​ខែ​ឧ​សភា ​ឆ្នាំ​​២០២៥ រក​​ឃើញ​​ថា ឧកញ៉ា លី យ៉ុង​ផាត់ ឧកញ៉ា កុក អាន និង​​ឧកញ៉ា ទ្រី ភាព ជាដើម​ ដែល​​ជួ​យ​​​រ​ក​​លុយ​​ចិញ្ចឹម​​​គណបក្ស​​ប្រជាជន​​កម្ពុជា ក៏​​មា​ន​​ជាប់​​ពាក់​​ព័ន្ធ​​ក្នុង​​ការ​​ជួយ​​ការ​​ពារ​​បណ្តាញ​​ឧក្រិដ្ឋ​​កម្ម​​អ​ន្ត​​រ​ជាតិ​​​ទាំង​​​នេះ​​ដែរ។

បើតាមរបាយការណ៍ដដែល ក្រៅពីការបើក​ដៃ​​ឱ្យ​​ឧក្រិដ្ឋ​​ជន គណបក្ស​​ប្រជាជន​​​កម្ពុជា គឺ​​មាន​​​តួនា​​ទី​ជា​​អ្នក​ការ​​​ពារ​​បណ្តាញ​​ឧក្រិដ្ឋ​​កម្ម​​បរទេស នៅ​​ក្នុង​​ប្រទេស​​​កម្ពុជា ជា​​ថ្នូរ​​បាន​លុយ​​ពី​ឧក្រិដ្ឋ​​កម្ម​​ល្បែង​​អន​​ឡាញ និង​​អំពើ​​ឆបោក ក្នុង​​ទំហំ​​ទឹក​ប្រាក់​ចន្លោះ​​ពី​ជាង ១២​ពាន់​លាន​ដុល្លារ ទៅ​១៩​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

ដូចគ្នានេះដែរ ក្រសួងរតនាគារជាតិអាមេរិក នៅ​ខែ​ឧសភា ឆ្នាំ​២០២៥ រក​ឃើញ​ថា ក្រុម​ហ៊ុន​ ហួយ​វ័នគ្រុ​ប របស់​ឧកញ៉ា ហ៊ុន តូ ក្មូយ​ប្រុស លោក ហ៊ុន សែន មាន​ជាប់​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ​កម្ម​លាង​លុយ។

រីឯ ឧកញ៉ា ​លោក លី យ៉ុងផាត់ ដែល​ត្រូវ​បាន​ លោក ហ៊ុន សែន ប្រគល់​​តំណែង​​ជា​​​ប្រធាន​​គណៈ​កម្មាធិការ​​ហិ​​​រ​ញ្ញ​វត្ថុរ​បស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​នោះ ​ត្រូវ​បាន​​​ស​ហ​រដ្ឋ​អាមេរិក​​ដាក់​ទណ្ឌក​ម្ម​​​ដោយ​បង្កក​​ទ្រព្យ​ស​ម្បត្តិ ក្រោយ​​រក​​ឃើញ​​ថា​​ជាប់​​ពាក់​​ព័ន្ធ​នឹង​​ការ​​រំលោភ​​សិទ្ធិ​​មនុស្ស​​ធ្ងន់​​ធ្ងរ រួម​​មាន ការ​​ជួញ​​ដូរ​​មនុស្ស ធ្វើ​ទារុណ​​កម្ម​ និង​​អំពើ​​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម​។

យ៉ា​ងនេះក្តី បើទោះបី​ស្ថា​ប័ន​អន្តរ​ជាតិ​ល្បីៗ បាន​អះ​អាង​ពី​ការ​ឃើញ​មន្ត្រី និង​សែ​ស្រឡាយ​គ្រួសារ​ហ៊ុន​ជាប់​ពា​​ក់ព័​ន្ធ​យ៉ាង​ជ្រៅ​ក្នុង​បទ​ឧក្រិដ្ឋ​ច្រើន​ទម្រង់​បែប​នេះ​ក្តី ប៉ុន្តែ​ច្រើន​ឆ្នាំ​ទៅ​នេះ គេ​មិន​ឃើញ​មាន​ចំណាត់​ការ​ណា​​មួយ​លើ​មន្ត្រី​គ្រាក់ៗ​ ដែល​ស្និទ្ធ​នឹ​​ង​មេដឹក​នាំទាំង​នោះ​នៅ​ឡើយ​ទេ។

ការណ៍​នេះហើយ ដែលធ្វើឱ្យអ្នកតាមដានខ្លះមើលឃើញ​ថា យុទ្ធនា​ការ​បង្ក្រាប​ឧក្រិដ្ឋ​ជន​ឆ្លង​ដែន ដែល​ប្រ​​កា​​ស​ដោយ​រដ្ឋាភិបាល​ពេល​នេះ អាច​ជា​ល្បិច​បិទ​បាំង​ឧក្រិដ្ឋ​ជន​បើ​មិន​ចាប់​មេខ្លោង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ