ក្រុមជនរងគ្រោះជំរុញឱ្យរដ្ឋាភិបាលពន្លឿនកាត់ទោស លោក ហ៊ី គឹមហុង ដើម្បីបានសំណងមកវិញ ដោយចោទថា ឧក្រិដ្ឋជនរូបនេះបានយកបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីមកបិទបាំងបទឧក្រិដ្ឋឆបោករបស់ខ្លួន ដែលបន្សល់ទុកជនរងគ្រោះ ៨ពាន់គ្រួសារ រស់រួមរឹតដោយវិបត្តិបំណុលធ្ងន់ធ្ងរជាង២ឆ្នាំទៅនេះ។
ការជំរុញនេះ ក្រោយអតីតឧកញ៉ា ហ៊ី គឹមហុង បាននាំយកស្បៀងអាហារ និងលុយទៅឱ្យកងទ័ពនៅក្នុងខេត្តព្រះវិហារ ដែលជនរងគ្រោះថា ជាលុយបានមកពីអំពើបោកប្រាស់ពលរដ្ឋរាប់ពាន់គ្រូសារ ធ្វើឱ្យមានអ្នកសា្លប់កើនជិត៣០នាក់ និងអ្នកធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។
បើតាមការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ក្រុមហ៊ុនពិភពដីមាសកាលពីថ្ងៃទី១៦ ខែកក្កដា បានបង្ហាញពីរូបភាពជាច្រើនសន្លឹកដែល លោក ហ៊ី គឹមហុង បានថតជាមួយកងទ័ព រួមទាំងមានលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទទទួលយកអំណោយទាំងនោះដោយផ្ទាល់ផងដែរ។
ជុំវិញរឿងនេះ ជនរងគ្រោះម្នាក់ លោក ប៊ុន ធឿន ប្រាប់វីអូឌីនៅថ្ងៃទី១៨ ខែកក្កដានេះថា អតីតឧកញ៉ា ហ៊ី គឹមហុង កំពុងក្លែងខ្លួនធ្វើជាសប្បុរសជនគិតគូរពីកងទ័ព តែជាក់ស្តែងគឺបានបោកប្រាស់ពលរដ្ឋខ្មែររាប់ពាន់គ្រួសារ។
បើតាម លោក ប៊ុន ធឿន លោកមិនជំទាស់ទេចំពោះទឹកចិត្តជួយដល់កងទ័ពជួរ តែលោកថា បើលោក ហ៊ី គឹមហុង មានចិត្តធម៌មែន គួរទទួលខុសត្រូវសងលុយជនរងគ្រោះវិញ។
លោកថា៖ «លុយ ហ៊ី គឹមហុង ហ្នឹង គឺញើសឈាមប្រជាពលរដ្ឋដែលខាងទីផ្សារ បរិវារ ក្រុមហ៊ុន ហ្នឹងមកបញ្ចុះបញ្ចូលថាឲ្យយកលុយទៅរកស៊ីជាមួយគាត់ ដើម្បីបានការប្រាក់៣ភាគរយ។ អ៊ីចឹងហើយបានជាគាត់ខំចំណាយយកប្លង់ ផ្ទះប្លង់ដីយកទៅដាក់រកស៊ីជាមួយគាត់ ហើយបែរជាគាត់មកធ្វើបាបទឹកភ្នែកប្រជាពលរដ្ឋឈាមខ្មែរគ្នាឯង។ ពេលរួចហើយគាត់ថតយករូបថតយកមុខយកមាត់»។
បើតាមប្រភពដដែល ជនរងគ្រោះស្លាប់កើនឡើងដល់ជិត៣០នាក់ហើយ ក្រោយគ្មានលុយព្យាបាលជំងឺ និងខ្លះធ្វើអត្តឃាត ដោយសារការចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង។
ជនរងគ្រោះចាញ់បោកក្រុមហ៊ុនពិភពដីមាសចំនួន ២ម៉ឺនដុល្លារ រូបនេះ ជំរុញឱ្យរដ្ឋាភិបាលពន្លឿនកាត់ទោសលើមេឧក្រិដ្ឋជនឆបោក ហ៊ី គឹមហុង ដើម្បីបានលុយដោះស្រាយវិបត្តិបំណុល។
លោកថា៖ «ឥលូវហ្នឹងឈឺថ្កាត់អស់ហើយ គ្រប់គ្នាហ្នឹង អ្នកខ្លះ បើនិយាយទៅ រត់ចោលស្រុកបិទទ្វារចោលអស់ហើយ ដោយសារខ្លាចធនាគាររឹបអូសទ្រព្យសម្បត្តិ ហើយគាត់អត់មានចុះមកសួរសុខទុក្ខយ៉ាងណាអី គឺអត់»។
បន្ថែមលើនេះ គណនីហ្វេសប៊ុកឈ្មោះ ចក់ វាសនា បញ្ចេញមតិលើបណ្តាញសង្គមខ្លួន ដោយភ្ជាប់រូបភាព លោក ហ៊ី គឹមហុង នៅថ្ងៃទី១៧ ខែកក្កដានេះថា រឿងជួយដល់សង្គមជាតិវាជារឿងល្អហើយ តែអតីតឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងបក្សពួក បានឆបោកលុយប្រជាពលរដ្ឋរាប់ពាន់គ្រួសារអស់លុយរាប់រយលានដុល្លារ ប្រឹងដើរយកមុខក្នុងសង្គមដើម្បីបិតបាំងរឿងឆបោករបស់ខ្លួន។
ប្រភពបន្តថា វិបត្តិនេះ ធ្វើឱ្យជនរងគ្រោះរងទុក្ខវេទនាបំណុលវ័ណ្ឌក ខ្លះអស់ដី អស់ផ្ទះ មានខ្លះធ្លាក់ខ្លួនឈឺស្លាប់ ព្រោះគ្មានលុយមើលជំងឺ តែក្រុមហ៊ុននេះមិនដែលខ្វល់ផង កុំថាយកអំណោយឬលុយទៅជួយពួកគាត់នោះ។
ជាមួយគ្នានេះ ហ្វេសប៊ុកឈ្មោះ Dary Eam បានរិះគន់ក្នុងន័យដើមថា៖ «ឃើញហើយកកឈាមយើងដែលជាម្ចាស់លុយ។ បោកប្រជាពលរដ្ឋខ្មែរឲ្យវេទនារស់ដូចស្លាប់ ក្នុងភ្លើងបំណុលជាង២ឆ្នាំ បែរជាទៅយកមុខយកមាត់សម្ដែងធ្វើជាជួយជាតិទាំងទង្វើរបស់ខ្លួនសម្លាប់ជាតិសាសន៍ខ្លួនឯង សាហាវពេកហើយលោក ហ៊ី គីមហុង»។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការទំនុកបំរុងដល់កងទ័ពជាសកម្មភាពដែលគួរលើកទឹកចិត្ត តែមិនអាចយករឿងមនុស្សធម៌នេះមកបិទបាំងអំពើឆបោករបស់ខ្លួនបានទេ ហើយថា រដ្ឋាភិបាលគួរពន្លឿនកាត់ទោសជនបោកតាមច្បាប់។
លោកថា៖ «បញ្ហារវាងក្រុមហ៊ុន និងអតិថិជន ឬក៏ប្រជាពលរដ្ឋដែលរងគ្រោះ ត្រូវតែបន្តដោះស្រាយតាមនីតិវិធី និងតាមផ្លូវច្បាប់មិនអាចយកបញ្ហាទាំងពីរមកបូកគ្នាបានទេ។ អ៊ីចឹងរឿងដំណោះស្រាយជាមួយនឹងអតិថិជនជាមួយនឹងពលរដ្ឋ ត្រូវតែមានការដោះស្រាយសម្រាប់ពួកគាត់ ដែលពួកគាត់ត្រូវបានរងគ្រោះ ឬក៏ត្រូវដោះស្រាយតាមសំណងពីរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគួរតែជួយអន្តរាគមន៍ ដើម្បីធ្វើការដោះស្រាយសម្រាប់បងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដើម្បីកុំឲ្យមានការរិះគន់»។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ អតីតឧកញ៉ា ហ៊ី គឹមហុង ដែលបោកប្រាស់ពលរដ្ឋ៨ពាន់គ្រួសារនោះ បានសន្យាឱ្យលុយជនរងគ្រោះម្នាក់១០ដុល្លារអាមេរិក បើព្រមដកពាក្យបណ្តឹងវិញ ដែលត្រូវបានក្រុមអ្នកចាញ់បោកថា ជាល្បិចបោកថ្មី ដើម្បីរួចផុតពីផ្លូវច្បាប់និងទាមទារឱ្យពន្លឿនកាត់ទោសមេឆបោករូបនេះ ដើម្បីបានលុយដោះស្រាយវិបត្តិបំណុល។
ខណៈប្រព័ន្ធតុលាការកប់ចោលយុត្តិធម៌ជនរងគ្រោះ ជាង២ឆ្នាំទៅនេះ ទុកឱ្យពួកគេរស់ក្រោមសម្ពាធបំណុលធ្ងន់ធ្ងរ អតីតឧកញ៉ា ហ៊ី គឹមហុង ក៏បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងពិធីទិវាជាតិសហគ្រាសមីក្រូធុនតូច និងមធ្យម កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ផងដែរ។
ជុំវិញរឿងនេះដែរ ក្រុមជនរងគ្រោះធ្លាប់បានទម្លាយលិខិត២ច្បាប់ បង្ហាញថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលមាន លោក ឃួង ស្រេង ជាប្រធានបានបង្កើតសាខាបក្សនៅក្រុមហ៊ុនពិភពដីមាស ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២៣ ជ្រើសតាំង លោក ហ៊ី គឺមហុង ជាមេដឹកនាំ។
តំណែងអតីតឧកញ៉ា ហ៊ី គឹមហុង ជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាប្រចាំនៅរាជធានីភ្នំពេញ រួមទាំងការបង្ហាញរូបភាពស្និទ្ធនឹងមេដឹកនាំកំពូលនេះហើយ ដែលជនរងគ្រោះចោទថា ធ្វើឱ្យពួកគេស្លាប់ជាបន្តបន្ទាប់ជិត៣០នាក់ ដោយសារប្រព័ន្ធច្បាប់មិនហ៊ានកាត់ទោសមេឆបោករូបនេះ៕









