ចំពេលប្រព័ន្ធដឹកនាំបន្តរងការរិះគន់ពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងរងការចោទថាបានការពារក្រុមបណ្តាញឧក្រិដ្ឋជនឆ្លងដែនផងនោះ ក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះ បានបញ្ចេញព័ត៌មានពីការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមប្រព័ន្ធឌីជីថល ដែលខ្លួនថាជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៦ ខែកក្កដា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកក្កដានេះ បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្នុងប្រព័ន្ធសាធារណៈឌីជីថលក្រសួងមហាផ្ទៃ ក្នុងគោលបំណងជំរុញប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាកាន់តែឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងភាពជឿជាក់បាន។
ក្នុងសេចក្តីប្រកាសនោះដែរ ក្រសួងបានគូសបញ្ជាក់ថា រដ្ឋាភិបាលនៅតែបន្តធ្វើកំណែទម្រង់លើគ្រប់វិស័យ និងបានចាត់ទុកកំណែទម្រង់អភិបាលកិច្ច គឺជាកិច្ចការដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ឆ្នាំ២០៥០។
ក្រសួងបន្ថែមថា ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលជាឈ្នាន់សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាបាននូវអភិបាលកិច្ចល្អ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ការលើកឡើងរបស់ក្រសួងមហាផ្ទៃ ពីការធ្វើទំនើបកម្មផ្នែកបច្ចេកវិទ្យា និងការបន្តធ្វើកំណែទម្រង់លើគ្រប់វិស័យ បានធ្វើឡើងស្របពេលដែលស្ថាប័នអន្តរជាតិល្បីៗ បានបង្ហាញពីការរកឃើញជាបន្តបន្ទាប់ថា កម្ពុជាគឺជាទីតាំងស្នូលនៃអំពើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលបង្កការឈឺចាប់ដល់ជនរងគ្រោះរាប់សិបម៉ឺននាក់ មកពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក។
បើទោះជាបច្ចុប្បន្ន មានការបង្ក្រាបបទឧក្រិដ្ឋតាមអនឡាញទាំងនេះក្តី ប៉ុន្តែគេមិនឃើញសមត្ថកិច្ចកម្ពុជា បង្ហាញពីមេខ្លោងណាម្នាក់នៅពីក្រោយអំពើឧក្រិដ្ឋកម្ម នៅតាមទីតាំងដែលត្រូវបានបង្ក្រាបទាំងនោះទេ គឺឃាត់ខ្លួនបានតែអ្នកស៊ីឈ្នួលធ្វើការឱ្យគេតែប៉ុណ្ណោះ ខណៈដែលស្ថាប័នអន្តរជាតិ បានបង្ហាញថា មានមន្ត្រីជាន់ខ្ពស់កម្ពុជា និងឧកញ៉ាគ្រាក់ៗពីគណបក្សប្រជាជនកម្ពុជាចំនួន ២៨នាក់ គឺជាអ្នកជួយសម្រួលបើកឱ្យមានអាជីវកម្មទាំងនេះ។
តួយ៉ាង អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍ជាង២០០ទំព័រកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ស្ដីពី ការរំលោភសិទ្ធិមនុស្សដោយសារការធ្វើទារុណកម្ម ការជួញដូរមនុស្ស និងអំពើទាសភាពក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា បន្ទាប់ពីអង្គការនេះ បានបើកការស្រាវជ្រាវអស់រយៈពេល១៨ខែ រកឃើញទីតាំងឆបោកចំនួន ៥៣កន្លែង និងបានសម្ភាសន៍ជនរងគ្រោះ ៤២៣នាក់។
ជាមួយគ្នានេះ វិទ្យាស្ថាន Humanity Research Consultancy (HRC) របស់សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ កាលពីថ្ងៃទី១៩ខែឧសភា ដោយរកឃើញថា ប្រទេសកម្ពុជា គឺជាចំណុចស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មអនឡាញ ដោយមានអ្នកបម្រើការងារក្នុងឧក្រិដ្ឋកម្មអនឡាញជាង ១៥ម៉ឺននាក់ និងថា ក្រុមឧក្រិដ្ឋជនអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញ ក្នុង១ឆ្នាំប្រមាណពី ១២,៥ ទៅ ១៩ពាន់លានដុល្លារដែលស្មើនឹង៦០ភាគរយនៃ GDP ឬផលិតផលដុលក្នុងស្រុករបស់កម្ពុជា៕








