កម្ពុជាថាទាហានថៃរងរបួសជាន់​មី​ន​គឺ​បាន​ល្បាត​ចូល​ដី​ខ្មែរ​ក្នុង​តំបន់​មុំ៣​ខេត្ត​ព្រះ​វិហារ

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការ​ពារ​ជាតិ បាន​បញ្ជាក់​ថា ទាហាន​ថៃ​៣នាក់​ដែល​បាន​រង​របួស ដោយ​ជាន់​មីន​នៅ​តំបន់​មុំ​៣ ស្រុក​ជាំក្សា​ន្ត ខេត្ត​ព្រះ​វិហារ​នោះ ដោយ​សារ​តែ​ពួក​គេ​បាន​ដើរ​ល្បាត​ចូល​ដែន​អ​ធិប​តេ​​យ្យ​របស់​កម្ពុជា បំពាន​លើ​អនុស្សារណៈ​យោគ​យល់​គ្នា​ឆ្នាំ​២០០០ មិន​ដូច​ការ​ចោទ​ប្រកាន់​របស់​ភាគី​ថៃ​នោះ​ទេ។

នេះបើតា​ម​សេចក្តី​ប្រកាសព័ត៌មាន​ ចុះថ្ងៃ​​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៥ ដោយ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា។ អ្នក​នាំ​ពាក្យ​​​ក្រសួងកា​រ​ពារ​ជាតិ លោក​ស្រី ម៉ាលី សុជាតា បាន​និយាយ​ថា កម្ពុជា​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​​ប្រកាន់​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ពាក់​ព័ន្ធ​នឹង​ការ​រង​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​របស់​​ទាហាន​ថៃ​ចំនួន​បី​នាក់ កាល​ពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​ក្នុង​ភូមិ​តេជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ។

ក្រសួង​គូស​បញ្ជាក់​ថា កម្ពុជា​តែង​តែ​បាន​ដាស់​តឿន​ឱ្យ​ភាគី​ថៃ​អនុវត្ត​ឱ្យ​បាន​ម៉ឹង​ម៉ាត់ នូវ​ការ​ឯកភាព​គ្នា​លើ​តម្រាយ​​ផ្លូវ​សម្រាប់​ការ​ដើរ​ល្បាត ដោយ​សារ​តែ​តំបន់​ទាំង​នេះ​នៅ​មាន​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ដែល​សូម្បី​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ត្រូវ​បាន​រង​គ្រោះ​ផង​​ដែរ។

ប៉ុន្តែថា ជាក់ស្តែងទាហានថៃ​បាន​លើ្មស​ការ​ឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០០​០​(MOU-2000) ហើយ​បាន​ធ្វើ​ការ​ដើរ​ល្បាត​ខុសពី​តម្រាយ​ផ្លូវ​ចាស់​របស់​ខ្លួន «ដោយ​បង្កើត​តម្រាយ​ផ្លូវ​ថ្មី​ទៅ​ក្នុង​តំបន់ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិប​តេយ្យ​របស់​កម្ពុជា»។

កម្ពុជាសង្កត់ធ្ងន់ថា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន​១/២០០.០០០ ដែល​ជា​លទ្ធផល​នៃ​ការ​ងារខណ្ឌសី​មា និង​បោះ​ប​ង្គោល​​ព្រំដែន​ឥណ្ឌូ​ចិន-សៀម ស្រប​តាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ រហូត​ទទួល​គ្រោះ​ថ្នាក់​ដោយ​សារ​ការ​ផ្ទុះ​គ្រាប់​មីន​ដែល​ជា​សំណល់​ពី​សង្គ្រាម។

លើស​ពីនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់​ខ្ជួន​នូវ MOU-2000 និង​ប្រើ​ប្រាស់​ឱ្យ​បាន​ពេញ​លេញ​នូ​វយន្ត​ការ​ច្បាប់​អន្តរ​ជាតិ ក្នុង​នោះ​រួម​មាន​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែ​ន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​នាំ​មក​នូវ​សន្តិភាព​ពិត​ប្រាកដ និង​យូរ​អង្វែង ព្រម​ទាំង​ទប់​ស្កាត់​ការ​គ្រោះ​ថ្នាក់ ឬ​ការ​បាត់​បង់​ជីវិ​ត​ប្រជាពលរដ្ឋ​ស្លូត​ត្រង់។

ជាមួយគ្នា​នេះ ឧប្បត្តិ​ហេតុ​ខាង​លើ​ ក៏បា​ន​ចោទ​ជា​សំណួរ​ផង​ដែរ ថា​តើ​ថ្នាក់​ដឹក​នាំ​យោធាថៃ​មា​ន​ចេតនា​អ្វី​ឱ្យ​ពិត​ប្រាកដ ដែល​សុខ​ចិត្ត​បញ្ជូន​ទាហាន​របស់​ខ្លួន​ឱ្យ​ដើរ​ល្បាត​ខុស​តម្រាយ​ផ្លូវ បើ​ទោះ​បី​ជា​ដឹង​មុន​ហើយថា​ ពួក​គេ​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​ដោយ​សារ​មីន​ដែល​ជាសំ​ណល់​ពី​សង្គ្រាម ហើយ​ដែល​កម្ពុជា​តែង​តែ​បាន​ដាស់​តឿន​ជា​រឿយៗ ឬ​មួយ​នេះ​ជា​ការ​ប៉ុន​ប៉ង​ដើម្បី​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង ដែល​អាច​រុញ​ច្រាន​ស្ថាន​ការណ៍​ឱ្យ​ប្រឈម​មុខ​ដាក់​គ្នា។

ក្រសួងការពារជាតិ បន្ត​អំពាវ​នាវ​ឱ្យ​ភាគី​ថៃ បញ្ឈប់​រាល់​សកម្មភាព​ទាំង​ឡាយ​ណា ដែល​បំពាន​ម​កលើ​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា និង​ជៀស​វាង​ទង្វើ​ដែល​គំរាម​កំហែង​ដល់​ការ​រក្សា​សន្តិ​ភាព​នៅ​តាម​បណ្តោយ​ព្រំដែន។

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៥ ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហា​រ​ទៅ​លើ​លេណ​ដ្ឋាន​កង​ទ័ព​កម្ពុជា​ឈរ​ជើង​នៅ​ជួរ​មុខ​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ គឺ​ព្រិន្ទ​បាល​ឯក សួន រ៉ោន ។

តែជិត​២ខែទៅ​នេះ​ ភាគី​ថៃ​មិន​បាន​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ ចំពោះ​ករណី​បាញ់​សម្លាប់​ទាហាន​ខ្មែរ​នេះ​ទេ បើ​ទោះ​បី​ភាគី​កម្ពុជា​បាន​ចេញ​កំណត់​ទូត​តវ៉ា ដោយ​បញ្ជាក់​ថា កន្លែង​ទាហាន​ថៃ​បើ​ការ​វាយ​ប្រហារ​នោះជា​ដែន​អធិប​តេយ្យ​​របស់​កម្ពុជា​ក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ