គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចរាជធានី-ខេត្ត បានចាត់វិធានការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន៥២ទីតាំង ក្នុង១៥រាជធានី-ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២ ៧៦៧នាក់ ក្នុងនោះមានជនជាតិចិនចំនួន ៨៤៣នាក់។
ក្នុងចំណោមនោះ មានជនសង្ស័យចំនួន១១នាក់ ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី ក៏ប៉ុន្តែគេមិនដឹងថាតើមានមេខ្លោង ឬក៏ម្ចាស់ទីតាំងអាជីវកម្មខុសច្បាប់ណាម្នាក់ ត្រូវបានឃាត់ខ្លួននោះទេ។
ការបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែកក្កដា ដែលបទបញ្ជារបស់ លោក ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីតុលាការព្រហ្មទណ្ឌថៃ បានចេញដីកាតាមចាប់ខ្លួន លោក កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាដែលជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ក្រោមការចោទប្រកាន់ពីបទឆបោកតាមប្រព័ន្ធអនឡាញ និងលាងលុយកខ្វក់។
វិទ្យាស្ថាន Humanity Research Consultancy (HRC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ដោយបានកំណត់អត្តសញ្ញាណបុគ្គលដែលសង្ស័យជាប់ពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (online scams) ឆ្លងដែននៅកម្ពុជាថា មានសរុបចំនួន២៨នាក់ ក្នុងនោះភាគច្រើនជាមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗក្នុងជួររដ្ឋាភិបាល។
ចំពោះបញ្ហានេះ លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឹក្សាជាតិតស៊ូ បានបង្ហោះនៅលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី២១ ខែកក្កដានេះថា ក្នុងចំណោមមេបណ្តាញឧក្រិដ្ឋកម្មឆបោកទាំង២៨នាក់នោះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺជាមេខ្លោងធំជាងគេ ក្រៅពីនេះមានលោកឧកញ៉ា ហ៊ុន តូ ក្មួយលោក ហ៊ុន សែន អ្នកឧកញ៉ា កុក អាន ដែលត្រូវបានតុលាការព្រហ្មទណ្ឌថៃចេញដីកាតាមចាប់ខ្លួន អ្នកឧកញ៉ា លី យ៉ុងផាត់ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដែលជាក្មួយប្រសារ លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ប្រធានកងអង្គរក្សលោកហ៊ុន សែន លោក ឌី វិជ្ជា កូនប្រសារលោកហ៊ុន សែន លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លោក គួច ចំរើន បច្ចុប្បន្នជាអភិបាលខេត្តកណ្តាល អ្នកឧកញ៉ា ទ្រី ភាព ជាមនុស្សជំនិតរបស់លោកហ៊ុន សែន ដែលល្បីខាងកាប់បំផ្លាញព្រៃឈើកម្ពុជា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Chen Zhi ឧក្រិដ្ឋជនជនជាតិចិនដែលត្រូវបានលោក ហ៊ុន សែន តែងតាំងជាទីប្រឹក្សារបស់លោកជាដើម។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានប្រាប់ឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវចាំមុខមេខ្លោងក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (Cybercrime) ដែលមួយចំនួនធំ គឺជាមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកប្រមូលប្រាក់យកទៅចិញ្ចឹមគ្រួសារហ៊ុន។
លោកសម រង្ស៊ី បានចោទសួរថា តើលោក ហ៊ុន ម៉ាណែត ក្លាហានហ៊ានចាប់ខ្លួនសមាជិកគ្រួសារគាត់ ដែលជាមេឧក្រិដ្ឋជនដែរឬអត់?
ជាមួយគ្នានេះ អ្នកស្រីឧកញ៉ា នឹម វណ្ណៈ សមាជិកសមាគមឧកញ៉ាកម្ពុជាដែលជាកូនស្រី អ្នកស្រី ហ៊ុន ស៊ីណាត និងត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើន បានលើកជាសំណួរថា រឿងឆបោកតាមអនឡាញ (online scams) បើអត់មានខ្នងតើធ្វើបានទេ? សូមចាប់បុគ្គលពាក់ព័ន្ធនៅពីក្រោយការប្រព្រឹត្តបទល្មើសអនឡាញ កុំចាប់តែអ្នកពាក់ព័ន្ធនឹងជនរងគ្រោះឯមេខ្លោងរួចខ្លួន។
អ្នកស្រី នឹម វណ្ណៈ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា «ដល់ម៉ោងជះទឹកដាក់គ្នាហើយ ពាលស៊ីពាល លុយក្តៅលេបចូលមិនស្រួលខ្លួនដូចការគិតទេ។ ម៉ោងនេះ ពេលនេះ សក់នណារក្បាលអ្នកហ្នឹង»។ «សំណួរសួរថា រឿងឆបោកតាមអនឡាញ (online scams) អត់មានខ្នងតើធ្វើបានទេ? សូមចាប់បុគ្គលពាក់ព័ន្ធនៅពីក្រោយការប្រព្រឹត្តបទល្មើសអនឡាញ ដើម្បីឱ្យមហាជនអស់ចិត្តផង»។
មានសារមួយសរសេរថា «កូនអ៊ីឯងរកស៊ីអីបានមានម្ល៉េះ? ដល់ចាប់បានរកស៊ី Online Scam សោះ»។ អ្នកស្រីនឹម វណ្ណៈ ដែលបានចែករំលែកសារនេះនៅថ្ងៃទី២០ខែកក្កដា បានអធិប្បាយថា «អ៊ីចឹងបានឆាប់មានម៉េស? តិចគេថាពួកយើងច្រណែន! បញ្ជាក់ រឿងខុសច្បាប់ រឿងជាប់គុកនេះ១ថ្ងៃចូលប៉ុន្មានលានដុល្លារក៏ នឹម វណ្ណៈ មិនចូលរួមដែរ។ សក់អ្នកណា ក្បាលអ្នកហ្នឹង ទង្វើរបស់បុគ្គលណា បុគ្គលនោះត្រូវជាប់ទោស។ មិនបាច់ដាក់សំនួរឆ្ងល់ច្រើនទេ អ្នកប្រព្រឹត្តដឹងខ្លួនឯងច្បាស់ហើយ»។
ប៉ុន្តែយ៉ាងណាក្តី ក្មួយស្រីលោក ហ៊ុន សែន រូបនេះ បានបញ្ជាក់ថា ខ្លួន«ជឿជាក់យ៉ាងមុតមាំ លើរាជរដ្ឋាភិបាលអាណិត្តទី៧ ឆ្នាំ២០២៣-២០២៨នេះ និងបោសសំអាត ស្វែងរកអ្នកពីក្រោយខ្នង និងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជាមេខ្លោងបើកទីតាំងឆបោកតាមអនឡាញ យកមកផ្ដន្ទាទោសឱ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់»។
សូមបញ្ជាក់ថា ឧកញ៉ា នឹម វណ្ណៈ ដែលកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះរូបភាពពីការបើកបរសាកល្បងរថយន្តទំនើបម៉ាក Tesla Cybertruck ស៊េរីឆ្នាំ២០២៤ មានតម្លៃជាង២៧ម៉ឺនដុល្លារ ដែលទើបកម្ម៉ង់ទិញបានពីសហរដ្ឋអាមេរិក បច្ចុប្បន្នគឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) ជាអ្នកជំនួញដែលរកស៊ីក្នុងវិស័យជាច្រើន។
ចំណែកលោកបណ្ឌិត សេង សារី ដែលត្រូវបានលោក ហ៊ុន សែន ទម្លាយថា ធ្លាប់ធ្វើជាចារកម្មរបស់លោក បានថ្លែងតាមរយៈកម្មវិធីផ្សាយបន្តផ្ទាល់ នៅលើបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី២០ខែកក្កដាថា បើតាមរបាយការណ៍របស់ស្ថាប័នអន្តរជាតិ ពួកអ្នកដែលធ្វើការនៅក្នុងវិស័យអនឡាញភាគច្រើន ជាជនរងគ្រោះ ពីព្រោះពួកគេគឺជាអ្នកស៊ីឈ្នួលគេ។
ដូច្នេះការបង្ក្រាបបានអ្នកពាក់ព័ន្ធបានជាង២ពាន់នាក់នេះ ហាក់ដូចជាមិនមានចេតនាពិតប្រាកដ នៅក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញទេ បើសិនជាមិនមានការចាប់ខ្លួនមេឧក្រិដ្ឋជននៅពីក្រោយ។
បើតាមលោកបណ្ឌិត សេង សារី អ្វីដែលយើងគួរតែបារម្ភគឺថា ក្រែងលោជនរងគ្រោះទាំងអស់នោះ ឬក៏អ្នកដែលយើងហៅថា ជាឧក្រិដ្ឋជនទាំងអស់នោះ គាត់រងគ្រោះពីរដង អាត្រូវគេបោកយកមកធ្វើជា scamer ហើយបែជាត្រូវរងគ្រោះដោយសារសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបានចោទជាឧក្រិដ្ឋជនអនឡាញថែមទៀត ប៉ុន្តែមេខ្លោងដែលនៅពីក្រោយបែរជារួចខ្លួន ដែលវាជារឿងអយុត្តិធម៌សម្រាប់ពួកគេ។
ជាមួយគ្នានេះ លោកបណ្ឌិត សេង សារី លើកជាសំណួរថា តើហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាយកពេលវេលានេះ ធ្វើការបង្ក្រាបឧក្រិដ្ឋជនអនឡាញ ខណៈដែល២-៣សប្តាហ៍មុននេះ ថៃក៏បានចាប់ផ្តើមបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះផងដែរ ដោយសារតែថៃជឿថា ឧក្រិដ្ឋកម្មអនឡាញនៅតាមបណ្តោយព្រំដែនជាប្រភពថវិកា ជាហោប៉ៅលុយ របស់រដ្ឋាភិបាលគ្រួសារហ៊ុន។
លោកលើកឡើងថា អ្វីដែលរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តធ្វើការបង្ក្រាបឧក្រិដ្ឋជនអនឡាញនេះ គឺជាយុទ្ធសាស្ត្រពិសបង្ក្រាបពិស ដើម្បីបង្ហាញទៅពិភពលោកថា ថៃហ្នឹងបង្ក្រាបពួកឧក្រិដ្ឋជនអនឡាញ បានតែប៉ុន្មាននាក់ទេ ខណៈដែលថៃក៏ជាសម្បុកនៃឧក្រិដ្ឋជនអនឡាញផងដែរ។ អ៊ីចឹងហើយរដ្ឋាភិបាលខ្មែរក៏ធ្វើការបង្ក្រាបដែរតែម្តងទៅដើម្បីបង្ហាញទៅពលរដ្ឋថៃ និងអ្នកនយោបាយថៃថា ប្រភពថវិកាទ្រទ្រង់មេដឹកនាំខ្មែរបច្ចុប្បន្នមិនមែនល្បែងអនឡាញនៅតាមព្រំដែននេះទេ។
លោកថា៖ «អ៊ីចឹងបើសិនរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គាត់ធ្វើរឿងហ្នឹងកុំកាត់តែកន្ទុយ កាត់ធ្វើម៉េចឱ្យបានដល់ត្រឹមក កអីទៅ ឬក៏កាត់ក្បាលតែម្តងទៅ ទាក់ទងទៅនឹងការធ្វើទៅលើរឿងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហ្នឹង។ បើសិន លោក ហ៊ុន ម៉ាណែត អាចធ្វើដល់កម្រិតនឹងលោក ហ៊ុន ម៉ាណែត ចំណេញ៤ធំ។ ចំណេញទី១ គឺការវ៉ៃបកទៅថៃ ថាអ្វីដែលថៃចោទថា ពួកឧក្រិដ្ឋជនអនឡាញនេះ ជាប្រភពថវិការបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹងគឺថាអ្នកឯងវាយតម្លៃស្ថានភាពខ្មែរមិនដែលត្រូវទេ ឱ្យថៃភ្លឺភ្នែករឿងហ្នឹងមួយទៀត»។
ការបង្ក្រាបនេះ ក៏បង្ហាញទៅអន្តរជាតិជាពិសេសចិនថា កម្ពុជាកំពុងតែចាត់ការបញ្ហា scam អន្តរជាតិហ្នឹងដែលជាការបារម្ភធ្វើឱ្យពិភពលោក ខាតបង់ប្រាក់ទៅក្រុមឧក្រិដ្ឋកម្មឆបោកតាមអនឡាញហ្នឹង រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ និងក៏បង្ហាញឱ្យអន្តរជាតិមើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មនេះផងដែរ។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត ក៏ទទួលបានប្រជាប្រិយភាពផងដែរ ពីព្រោះវាបង្ហាញទៅពិភពលោកថា អ្នកនយោបាយកម្ពុជាជំនាន់ថ្មី ចាប់ផ្តើមចេះធ្វើកិច្ចការងារមានប្រសិទ្ធភាពហើយ។
ប៉ុន្តែយ៉ាងណាក្តី លោកបណ្ឌិត សេង សារី បញ្ជាក់ថា ដូច្នេះវាគួរតែ លោក ហ៊ុន ម៉ាណែត ធ្វើការបង្ក្រាបអំពើឆបោកតាមអនឡាញនេះ ឱ្យដល់កំពូល ពីព្រោះយើងដឹងហើយមេឧក្រិដ្ឋជនអនឡាញមួយចំនួន សូម្បីតែប្រជាជនសាមញ្ញក៏ដឹងថាជាអ្នកណាដែរ។
ប៉ុន្តែបញ្ហានៅត្រង់ថា តើដល់ពេលវេលាដែលលោក ហ៊ុន ម៉ាណែត ហ៊ានចៀរសាច់ស្អុយនៅក្បែរក្លៀករបស់ខ្លួនចោលដែរទេ ដូច្នេះគេត្រូវរង់ចាំមើលជាបន្តទៅទៀត។
នៅពេលដែលរដ្ឋាភិបាលកំពុងតែបើកប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញនេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស្ថិតនៅជាប់ព្រំដែនថៃ មានជនជាតិវៀតណាមប្រមាណ ២០០នាក់ មានស្រីមានប្រុស ដៃប្រដាប់ដោយដំបង និងដែកបំពង់ទីប បានដើរតវ៉ានៅតាមផ្លូវដោយអះអាងថា ថៅកែជនជាតិចិន បានដកទូរសព្ទពួកគាត់ និងឃុំឃាំងពួកគាត់ថែមទាំងវាយធ្វើបាប ទើបពួកគាត់ប្រថុយនាំគ្នាសម្រុកចេញមក។
ជនជាតិវៀតណាមទាំងនោះ បានអំពាវនាវដល់អភិបាលខេត្តពោធិ៍សាត់ ជួយអន្តរាគមន៍ឱ្យមានការដោះលែងពួកគាត់វិលត្រឡប់ទៅប្រទេសវៀតណាមវិញ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសង្គមមួយចំនួន។
តាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន អះអាងថា អ្នកឧកញ៉ា ទ្រី ភាព គឺជាម្ចាស់អាជីវកម្មអនឡាញនៅឃុំថ្មដា ដែលកាលពីអំឡុងឆ្នាំ២០២៤ មានអ្នកធ្វើការនៅទីនោះប្រមាណ ១ម៉ឺននាក់។
សម្រាប់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានបង្ហោះនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃទី២១ ខែកក្កដានេះថា ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ និងក្រុមម៉ាហ្វីយ៉ា មិនជោគជ័យដោយសារបណ្តាញទាំងនោះ មានពាក់ព័ន្ធមន្ត្រីធំៗ ក្នុងរដ្ឋាភិបាល រួមទាំងមន្ត្រីតុលាការផងដែរ ដូច្នេះរឿងនេះមិនពិបាកយល់ទេ។
សូមបញ្ជាក់ថា វិទ្យាស្ថាន Humanity Research Consultancy (HRC) បានចេញរបាយការណ៍ស្រាវជ្រាវមួយ កាលពីថ្ងៃទី១៩ខែឧសភា ដោយរកឃើញថា ប្រទេសកម្ពុជាគឺជាចំណុចស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មអនឡាញ ដោយមានអ្នកបម្រើការងារក្នុងឧក្រិដ្ឋកម្មអនឡាញនេះជាង ១៥ម៉ឺននាក់ និងថា ក្រុមឧក្រិដ្ឋជនអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញក្នុង១ឆ្នាំប្រមាណពីជាង១២ពាន់លានទៅ ១៩ពាន់លានដុល្លារ ដែលស្មើនឹង៦០ភាគរយនៃ GDP ឬផលិតផលដុលក្នុងស្រុករបស់កម្ពុជា។
បន្ថែមពីនេះ របាយការណ៍លាតត្រដាងថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាកាន់តែរីកធំឡើងដោយសារអំពើពុករលួយស៊ីរូងក្នុងប្រព័ន្ធដឹកនាំរដ្ឋបែបឯកបក្ស និងគ្រួសារនិយម ក្នុងនោះមានអ្នកមានអំណាចជាមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗចំនួន២៨នាក់ ចូលដៃគប់គិតជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោកទាំងនេះ ដើម្បីយកប្រាក់ទៅបម្រើគណបក្សប្រជាជន៕









