អ្នកចាញ់​បោក​អតីត​​ឧកញ៉ា ហ៊ី គឹម​​ហុង សម្រក់​ទឹក​ភ្នែក​មុខ​តុលាការ​ជុំវិញ​សម្ពាធ​បំណុល

ក្រុម​ជន​រង​គ្រោះ​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង បាន​ប្រមូល​ផ្តុំ​គ្នា​​ជា​ថ្មី​ទៀត​ នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ដោ​​យ​អ្នក​ខ្លះ​សម្រក់​ទឹក​ភ្នែក ក្រោយ​យុត្តិធម៌​ត្រូវ​ជាប់​គាំង​ជាង​២ឆ្នាំ ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ និង​ដាច់​បាយ ដែល​ការណ៍​នេះ​ពួក​គេ​ទាម​ទារ​ឱ្យ​ពន្លឿន​កាត់​ទោស​លើ​មេឆបោក​ដើម្បី​បាន​លុយ​ដោះ​ស្រាយ​វិបត្តិ​ជីវភាព។

ជនរងគ្រោះម្នាក់ អ្នក​ស្រី ម៉ៅ រ៉ានី មក​ពី​ខេត្ត​ស្វាយ​រៀង បាន​រៀប​រាប់​នៅមុខ​តុលាការ​ នា​ថ្ងៃ​ទី​២១ ខែ​កក្កដា​នេះ ទាំង​អួល​ដើមក​ពី​ការ​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់​ធ្ងរ​ក្រោយ​ចាញ់​បោក លោក ហ៊ី គឹម​ហុង ជាង​២​ឆ្នាំ​ទៅ​នេះ។

អ្នក​ស្រី​ថា៖ «ខ្ញុំចឹញ្ចឹម​កូន​ពីរ​នាក់ ហើយ​នៅ​បង់​ធនាគារ​ទៀត សួរ​ថា​អម្រែក​ខ្ញុំ​ធ្ងន់​អត់ ខ្ញុំ​ថា​ធ្ងន់។ ប៉ុន្តែ​ធ្វើ​ម៉េច​គ្មាន​នរណា​ជួយ​រ៉ែក​យើង​ទេ មាន​តែ​យើង​ប្រឹង​រស់​ដើម្បី​ជីវិត​កូន​ដែល​យើង​បង្កើត​មក​ហើយ​ភ្នែក​ខ្មៅ​នេះ។ អាបង​អាយុ​១៥​ឆ្នាំ អាប្អូន​អាយុ​១២​ឆ្នាំ។ ទាំង​ពូជ​តែ​ម្តង​បាន​ដាក់​លុយ​ចូល​ទៅ​ក្រុម​ហ៊ុន​ហ្នឹង អីចឹង​អត់​នរណា​ជួយ​នរណា​កើត​ទេ»។ 

អ្នកស្រីបានស្នើឱ្យពន្លឿនកាត់ទោសអតីត​ឧកញ៉ា ហ៊ី គឹម​​ហុង ដើម្បី​បាន​លុយ​ដោះ​ស្រាយ​វិបត្តិ​ជីវភាព ហើយ​ថា​មិន​មែន​តែ​ពលរដ្ឋ​សាមញ្ញ​ទេ ដែល​ចាញ់​បោក​សូម្បីម​ន្រ្តី​រាជ​ការ​ ក៏​ចាញ់​បោក​អតីត​ឧកញ៉ា​រូប​នេះ​ដែរ។

អ្នកស្រីថា៖ «ប្តីខ្ញុំគាត់ធ្វើការនៅសាលា​ស្រុក ហើយ​មន្ត្រី​នៅ​សាលា​ស្រុក​ហ្នឹង​ច្រើន​នាក់​ ដែល​បាន​ចូល​រួម​ទិញ​ដី​ក្រុម​ហ៊ុន​ហ្នឹង ពី​មុន​មក ហើយ​ដឹក​នាំ​ប្តី​ខ្ញុំ​មក ហើយ​ខ្ញុំ​និង​ប្តី​ខ្ញុំ​ក៏​ជឿ​ជាក់​ដោយ​គាត់​ធ្វើ​ការ​ជាមួយ​គ្នា អីចឹ​ង​ខ្ញុំ​ជឿ​ជាក់​ទៅ​លើ​អាជ្ញាធរ​ដែរ»។

បន្ថែម​លើនេះ តំណាង​ជន​រង​គ្រោះ លោក សេង ហាន់ រៀប​រាប់​ថា កាប្រ​មូល​ផ្តុំ​គ្នា​នៅ​ពេល​នេះចំ​ពេល​តុលាការ​បើក​សវនា​ការ​រឿង​ក្តី​ ដែល​មាន​បក្ស​ពួក​ក្រុម​ហ៊ុន​ពិភព​ដីមាស​២នាក់ គឺ​ឈ្មោះ ហ៊ែល ស៊ី​ធីន និង រុន ចាន់​ថន គំរាម​ជន​រង​គ្រោះមិ​ន​ឱ្យ​ប្តឹង លោក ហ៊ី គឹម​ហុង។

ប្រភពនោះ​ថា ក្រៅ​ពី​គំរាម​ជន​រ​ង​គ្រោះហើយ អតី​ត​ឧកញ៉ា​ ហ៊ី គឹម​ហុង ក៏​បាន​ប្រើ​ល្បិច​ឱ្យ​លុយ​អ្នក​ចាញ់​បោក​ម្នាក់ ១០ដុល្លារ បើ​ពួក​គេ​ព្រម​ដក​ពាក្យ​បណ្តឹង​វិញ។

លោកថា៖ «ទាក់ទងនឹងការផ្តល់​លុយ​១០ដុល្លារ​ជា​ល្បិច​ក្រុម​ហ៊ុន ជា​ល្បិច​បោក​មួយ​ទៀត ឱ្យ​បង​ប្អូន​ដក​ពាក្យ​បណ្តឹង​​ទៅ​​ ហើ​យ​ទៅ​ធ្វើ​កិច្ច​សន្យា​៣៦​ខែ​ហ្នឹង​។ អីចឹង​មាន​ន័យ​ថា ដក​ពាក្យ​បណ្តឹង​ឱ្យ​១០​ដុល្លារ​ហើយ ទៅ​ធ្វើ​កិច្ច​សន្យា​រង់​ចាំ​៣៦​ខែ​ទៀត នេះ​ជា​​ល្បិច​បោក​ថ្មី​ទៀត»។

បើតាម​លោក សេង ហាន់ មាន​ស្លាប់​កើន​ឡើង​ដល់​ជិត​៣០​នាក់​ហើយ ក្រោយ​គ្មាន​លុយ​ព្យាបាល​ជំងឺ និង​ខ្លះ​ធ្វើ​អត្ត​ឃាត ដោយ​សារ​ការ​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង។

ជាមួយ​គ្នានេះជន​រងគ្រោះម្នាក់ទៀតមកពី​ខេត្ត​កណ្តាល អ្នក​ស្រី វិត ចន្តា អះ​អាង​ថា ខ្លួន​មិន​ ទទួល​យក​លុយ​១០​ដុល្លារ​ហើយ​ដក​ពាក្យ​បណ្តឹង​ទេ ហើយ​ក៏​មិន​ព្រម​ទុក​ពេល​៣៦​ខែ​ទៀត​ ឱ្យ​ក្រុម​ហ៊ុន​សង​លុយ​វិញ​ដែរ។

ប្រភពនោះថា បច្ចុប្បន្នគាត់ត្រូវបង់​ធនាគារ​ជាង​ ៤០០​ដុល្លារ​ក្នុង​មួយ​ខែ ក្រោយ​ខ្ចី​លុយ​ធនា​គារ​​ចំនួន​២ម៉ឺន​ដុល្លារ​ យក​ទៅ​ដាក់​វិនិយោគ​ក្នុង​ក្រុម​ហ៊ុន​ឆបោក​ពិភព​ដី​​មាស។

អ្នកស្រីថា៖ «ក្រុមហ៊ុនថា ឱ្យ​១​០​ដុល្លារ​ខ្ញុំ​អត់​បាន​យក​ទេ ដើម្បី​រង់​ចាំ​៣៦​ខែ​ទេ ខ្ញុំ​អត់​យល់​ព្រម​ទេ ព្រោះ​ខ្ញុំ​អត់​មាន​លុយ​បង់​ធនាគារ។ ធនាគារ​គិត​តែ​ពី​មក​រឹប​អូស​យើង មក​កៀប​យើង​រហូត ដល់​ពេល​យើង​ទទួល​យក​អា​៣៦​ខែ​(៣ឆ្នាំ)​ហ្នឹង​ ខ្ញុំអត់​មាន​លទ្ធភាព​បង់​ធនាគារ​ទេ»។

អំពើឆបោករបស់ក្រុមហ៊ុនពិភព​ដីមាស​នេះ ក្រោម​រូប​ភាព​អ្នក​វិនិយោគ​ទទួល​បាន​ការ​ប្រាក់​ពី​ ៣ភាគរយ ទៅ ៤ភាគ​រយ នៃ​ទំហំ​ទឹក​ប្រាក់​ដើម​ជា​រៀង​រាល់​ខែ រយៈ​ពេល​២ឆ្នាំ តែ​ពួក​គេ​បើក​បាន​តែ​ប៉ុន្មាន​ខែ​ដំបូង ក៏​លែង​បាន​បន្ត​ទៀត។

ដោយឡែក ជនរងគ្រោះម្នាក់ទៀត លោក សិន សារឿន ប្រាប់​ថា លោក​ចាញ់​បោក​ក្រុម​ហ៊ុន​ពិភព​ដី​មាស​ចំនួន ១៥​ម៉ឺន​ដុល្លារ​ ដែល​ជា​លុយ​ខ្ចី​ពី​ធនាគារ​ក្នុង​ឆ្នាំ​២០២២ តែ​ក្រោយ​អត់​លុយ​បង់​សង​វិញ​ត្រូវ​ធនាគារ​រឹប​អូស​ផ្ទះ ហើយ​បច្ចុប្បន្ន​លោក​ប្រឈម​ដាច់​បាយ។

លោកថា៖ «ជីវភាពខ្សោយទៅៗសព្វថ្ងៃនេះ សូ​ម្បី​តែ​បាយ​ក៏​រក​ហូប​មិន​ចង់​បាន​ផង វេទ​នា​ទៅៗ ដីធ្លី​ផ្ទះ​សម្បែង​អី​គេ​រឹប​អូស​យក​អស់​ហើយ​ គ្មាន​អី​ទៀត​ទេ គ្រួសារ​ខ្ញុំ​នោះ រាល់​ថ្ងៃ​ខ្ញុំ​នៅ​ជ្រក​ផ្ទះ​គេ​ហ្នឹង។ កាល​ខ្ញុំ​យក​ហ្នឹង​មេទី​ផ្សារ​ហ្នឹង​វា​បូក​ប៉ាន់​អី​ទៅ​វា​ថា យើង​យក​១ម៉ឺន​ដុល្លារ​ យើង​បង់​ធនាគារ​ប៉ុណ្ណោះ យើង​សល់​ប៉ុណ្ណោះ បា​ន​​ខ្ញុំ​យក​ប្លង់​ផ្ទះ ប្លង់​ដី​យក​ទៅ​ដាក់​ឱ្យ​នៅ​ធនាគារ ឥឡូ​វធនាគារ​គេ​រឹប​អូស​យក​អស់​ហើយ»។

ជុំវិញ​​រឿង​​នេះ VOD មិន​អាច​សុំកា​រ​ឆ្លើយ​ត​បពី​ លោក ប្លង់ សុផល អ្នក​នាំ​ពាក្យ​​តំណាង​​អយ្យ​ការ​​អ​ម​​សាលា​ដំបូង​​រាជ​ធានី​​ភ្នំពេញ​​បា​ន​​ទេ ដោយ​​គ្មាន​​អ្នក​​ទទួល​​ទូរសព្ទ។

សម្រាប់ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃអ​ង្គការ​​​ការ​​ពារ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ លោក អំ សំអាត ​ជំរុញ​​​​​​ឱ្យ​តុ​លាការ​​​ពន្លឿន​​​បើក​​​ការ​​ស៊ើប​អង្កេត ​លើ​ករណី​​​បោ​ក​​ប្រាស់​​​នេះ​​​ឡើង​​វិញ ​ដើម្បី​​កា​ត់​​​ទោស​​​ឧក្រិដ្ឋ​ជន និង​​​រឹប​អូស​​ទ្រព្យ​​មក​សង​​ជនរង​គ្រោះ​​វិញ​​ផង​​ដែរ។

លោកថា៖ «ក្រៅ​តែ​អំពី រង​គ្រោះ​ក្រុម​ហ៊ុនពិភពដីមាស​ហ្នឹង​​ហើយ គាត់​​​​មា​ន​​ការ​ជំពាក់​​​បំណុល​​ច្រើន​ដែល​​ធ្វើ​​ឱ្យ​បំណុល​​ហ្នឹ​ង​​​ក្លាយ​ជា​​វ័ណ្ឌ​ក ហើយ​​​​ប៉ះ​ពាល់​​​រហូត​​ទៅ​ដល់​​សេដ្ឋ​កិច្ច​​គា​ត់​​ទៅ​ទៀត អ្នក​ខ្លះ​អាច​នឹង​បាត់​បង់​​​ដី​ធ្លី ផ្ទះ​​សំបែង ឬ​ក៏​ទ្រព្យ​ជា​បន្ត​ទៅ​ទៀត ហើយ​អ្នកខ្លះ​ក៏​អាច​សម្រេច​ចិត្ត​គិ​ត​ខ្លី ផ្សេងៗ ដែល​អាច​ប៉ះ​ពាល់​ទៅដល់ រាងកាយ ឬក៏​អ្នក​ខ្លះ ធ្លាក់​​ខ្លួន​មាន​ជំងឺ​អី​ជា​ដើម ការ​ប៉ះពាល់​ ប៉ះ​ទង្គិច​​ផ្លូវ​​ចិត្ត​ធ្ងន់​​ធ្ងរ​អី​ជា​ដើម។ អ៊ី​ចឹង វា​ដល់​ពេល​​ដែល​តុលាការ​​លោក​ត្រូវ​តែ​ អនុវត្ត​​វិធាន​​ការ​​ផ្លូវ​ច្បាប់ ដើម្បី​​រក​​យុត្តិ​ធម៌​ឱ្យ​​ជន​​រង​​គ្រោះ»។

យ៉ាងណា ចំពេលផ្ទុះអំពើឆបោកពីក្រុមឧកញ៉ាខិល​ខូច នាយក​រដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាល​ពី​ឆ្នាំ​២០២៤ អំឡុង​មាន​រលក​តវ៉ា​ខ្លាំង​ពី​ជន​រង​គ្រោះ លោក​ធ្លាប់​ថ្លែង​ជា​សាធារណៈ​ថា ការ​មិន​ចាត់​ការ​លើ​អ្នកជំ​នួញ​បោក​ពលរដ្ឋ ជា​យុទ្ធ​សាស្រ្ត​រក្សា​ទុកមេ​មាន់​ដើម្បី​យក​ពង​ឱ្យ​ពលរដ្ឋ។

លោក​ថា៖ «រដ្ឋាភិបាលពិតណាស់ មិនងាកចាប់ៗនោះទេ យើង​មិន​អាច​យក​រូប​មន្ត​សម្លាប់​មេមាន់​នោះ​ទេ យើង​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​មេមាន់​នៅ​រស់ ដើម្បី​យក​ពង​ទៅ​នាំ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​នេះ​ជា​គោល​ដៅ​ធំ»។

សារនយោបាយ​​របស់​លោក ហ៊ុន​​ ម៉ាណែត នេះ ត្រូវគេមើ​លឃើ​ញ​ថា កំពុង​​គំរាម​​សម្លាប់​​ជីវិត​ជន​រង​គ្រោះ ដូច​ករណី​អ្នក​ចាញ់​បោក​ លោក ហ៊ី គឹម​​ហុង ជាដើម ដែល​ជន​​រង​គ្រោះ​ថា មា​ន​អ្នក​សា្លប់​កើន​ជិត​៣០​នាក់​ហើយ និង​អ្នក​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់។

ខណៈប្រព័ន្ធតុលាការកប់ចោលយុត្តិធម៌​ជនរ​ង​គ្រោះ​ជាង​​២ឆ្នាំ​​​ទៅ​​នេះ អតីត​​ឧកញ៉ា ហ៊ី គឹម​ហុង ក៏​​បា​ន​​​បង្ហោះ​​​​រូប​​​ភាព​​ស្និទ្ធ​​ស្នាលជា​​មួយ​​ លោក ហ៊ុន ម៉ាណែត ក្នុង​​​ពិធី​​​​ទិវា​​ជាតិ​​​សហ​​គ្រាស​​មីក្រូ​​​ធុន​​តូច និង​​មធ្យម​ កាល​​​​ពី​ខែ​​មិថុនា ឆ្នាំ​​២០២៥ ផង​​ដែរ។

បន្ថែមលើនេះ ថ្មីៗនេះឧក្រិដ្ឋជនរូបនេះ ក៏​បានលេ​ច​មុខ​នាំ​យក​ស្បៀង​អាហារ និង​លុយ​ទៅ​ឱ្យ​កង​ទ័ព​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ ដែល​ជន​រង​គ្រោះ​ចោទ​ថា មេឆបោក​រូប​នេះ​បាន​យក​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​បិទ​បាំង​បទ​ឧក្រិដ្ឋ​ឆបោករ​បស់​ខ្លួន ខណៈ​លុយ​ទាំ​ង​នោះ​ពួក​គេ​ថា​បានមក​ពី​អំពើ​បោក​ប្រាស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ។

ជាងនេះទៀត ក្រុមជន​រង​គ្រោះក៏​ធ្លាប់​​បាន​​ទម្លាយ​លិខិត​​២ច្បាប់ បង្ហាញ​​ថា គណៈ​​អចិន្ត្រៃយ៍​​​គណៈ​​​កម្មា​ធិការ​​គណបក្ស​​ប្រជាជន​​កម្ពុជា​​រាជធានី​​ភ្នំពេញ ដែល​មាន លោក ឃួង ស្រេង ជា​ប្រធាន​​​បាន​​បង្កើត​​សាខា​​បក្ស​​នៅ​​ក្រុម​​ហ៊ុន​​ពិភព​​ដី​មាស ក្នុ​ង​​រាជ​ធានី​​ភ្នំពេញ នៅ​​ឆ្នាំ​​២០២៣ ជ្រើស​​​តាំង លោក ហ៊ី គឺមហុង ជា​​មេដឹក​​នាំ។

តំណែង​អតីត​ឧកញ៉ា ហ៊ី គឹមហុង ជាក្បាល​​​ម៉ាស៊ីន​​ដឹក​នាំ​​​​ដ៏​​សំខាន់​​​របស់​​គណបក្ស​​​​ប្រ​ជាជន​កម្ពុជា​​​​ប្រចាំ​​នៅ​​​រាជ​ធា​​​នី​​ភ្នំពេញ រួមទាំងការបង្ហាញរូបភាពស្និទ្ធនឹងមេដឹកនាំកំពូល​នេះ​​​ហើយ ដែល​​​ជ​ន​​រង​​គ្រោះ​ចោ​ទ​​ថា ធ្វើ​ឱ្យ​ពួក​គេ​ស្លាប់​ជា​​​បន្ត​​បន្ទាប់​ជិត​៣០​នាក់ ដោយ​​សារ​​ប្រព័ន្ធ​​ច្បាប់​​មិន​​ហ៊ាន​​កាត់​​ទោស​មេឆបោក​រូប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ