គ្រួសារហ៊ុន​មិន​ប្រើ​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ទោះថៃ​បង្កើន​ការ​ឈ្លាន​ពាន​កម្ពុជា

ខណៈ​ភាគី​ថៃ​បន្ត​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ តាម​រយៈ​ធ្វើ​ផ្លូវ​បេតុង​ថ្មី​នៅ​តំបន់​មុំ៣ និង​ធ្វើ​សំណង់​រឹង​នៅ​ប្រាសាទ​បុរាណ​ខ្មែ​រ​ផ​ង​នោះ អ្នក​ឃ្លាំ​មើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ត្រូវ​ប្រញាប់​ស្នើ​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះ​ប្រជុំ​បន្ទាន់ ដើម្បី​ទប់​ស្កាត់​មហិច្ឆ​តាឈ្លាន​ពាន​នេះ។

ការជំរុញនេះ ចំពេល​ក្រុមយោធា​ថៃ​បាន​ពន្លឿន​ចាក់​ផ្លូវ​បេតុង​ តាម​បន្ទាត់​ព្រំដែន​នៅ​តំបន់​មុំ​បី រួម​ទាំង​មាន​ទាហាន​ថៃ​ដើរ​ល្បាត​ចូល​ក្នុង​ដី​កម្ពុជា បណ្តាល​ឱ្យ​ជាន់​មីន​ដែល​បន្សល់​ទុក​ពី​សម័យ​សង្រ្គាម​រង​របួស​ធ្ងន់ ក្នុង​ពេល​ថ្មីៗ​នេះ​ផង​ដែរ។  

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន និយាយ​ថា ការ​ធ្វើ​ផ្លូវ​ចូល​មក​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​តំបន់​មុំ​បី​ពី​ភាគី​ថៃ​នេះ គឺ​ជា​ការ​រំលោភ​អនុស្សារណៈ​​យោគ​យល់​ឆ្នាំ​២០០០ ដែល​ហាម​មិន​ឱ្យ​ភាគី​ណា​មួយ​សាង​សង់​សំណង់​រឹង ឬ​ធ្វើ​អ្វី​ថ្មី​នៅ​តំបន់​មាន​ជម្លោះ​នោះ​ទេ។

បន្ថែម​លើ​នេះ លោក​ថា ប្រសិនបើថៃធ្វើផ្លូវចូលម​កដ​ល់​កន្លែង​ដែល​ទាហាន​ថៃ បាន​ជាន់​មីន​ផ្ទុះ គឺ​​ថៃ​បាន​ធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​ខ្មែរ​យ៉ាង​ជ្រៅ។

ក្នុងន័យលោក ជំរុញឱ្យមេដឹកនាំគ្រួសារហ៊ុន ពន្លឿន​ប្រើ​កិច្ច​ព្រម​ព្រៀង​២៣​តុលា ដើម្បី​ទប់​ស្កាត់​សកម្ម​ភាព​ឈ្លាន​ពាន​របស់​ថៃ និង​ត្រូវ​ផ្ញើ​កំណត់​ទូត​ទៅ​ថៃ​ជា​បន្ទាន់ ដោយ​ទាម​ទារ​ឱ្យ​បញ្ឈប់​សកម្ម​ភាព​ឈ្លាន​ពាន​ទាំង​នោះ។

លោក​ថា៖ «ឱ្យថៃបញ្ឈប់​ការ​សាង​សង់​ផ្លូវ ​ឲ្យ​ឈូស​តំបន់​ហ្នឹង​ដូច​​ដើ​ម​វិញ កុំ​ឲ្យ​សាង​សង់​ផ្លូវ​ចូល​មក​ទឹក​ដី​របស់​កម្ពុជា។ អាហ្នឹង​ជា​ការ​ទាម​ទារ​មួយ​ដ៏​ច្បាស់​លាស់ ហើយ​ពន្លឿន​ការ​ប្ដឹង​ទៅកា​ន់​តុលាការ​យុត្តិធម៌​អន្ដរ​ជាតិ​ICJ ហ្នឹង នៅតំបន់​មុំបី​ ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាក្របី និង​ត្រូវ​ប្ដឹង​ទៅ​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាពទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ផង​ដែរ អាហ្នឹង​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​បាន»។

យ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា ប្រាប់​VOD​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា​នេះ ដោយ​ខ្លី​ថា មិន​មាន​អ្វី​បក​ស្រាយ​បន្ថែម​លើ​សេច​ក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា ដែល​បាន​ឆ្លើយ​តប​ទៅ​ភាគី​ថៃ​រួច​ហើយ។

លោក​ស្រីថា៖ «អូន! ជួយ​ទៅ​មើល​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស ចេញ​កាល​ពី​យប់​មិញ​បន្តិច​ទៅ ​គឺ​បញ្ជាក់​អស់​ហើយ! ក្រសួង​ការ​ពារ​ជាតិ ក៏​ចូល​រួម​ជាមួ​យ​ដែរ។ អរគុណ!»

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញ​​នៅថ្ងៃ​ទី​២១ ខែ​កក្កដា បញ្ជាក់​ថា ហេតុ​ការណ៍​ទាហាន​ថៃជា​ន់​មីន​នេះ គឺ​នៅ​ក្នុង​ភូមិ​តេជោ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ដែល​ជា​តំបន់​មួយ​ស្ថិត​នៅក្នុ​ង​ដែន​ដី​កម្ពុជា​ ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ។

ប្រភពនោះថា ដែនដីនេះ ត្រូវ​បាន​កំណត់​ដោយ​ផែន​ទី​ខ្នាត​ ១:២០០០០០ ដែល​ផលិត​ដោយ​គណៈ​កម្មការ​ចម្រុះ​បារាំង-សៀម អនុ​លោម​តាម​អនុ​សញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិ​សញ្ញា​ឆ្នាំ ១៩០៧។

បើតាម​ក្រសួងការបរទេសកម្ពុជា ផែនទីទាំងនេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ទទួល​ស្គាល់​ជា​យូរ​មក​ហើយ​ ថា​ជាមូ​ល​ដ្ឋាន​សម្រាប់​​ការ​ងារ​វាស់​វែង​ខណ្ឌ​សីមា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ជាឯ​កសារ​យោង​សម្រាប់​តុលាការ​យុត្តិធ​ម៌​អន្តរ​ជាតិ សម្រេច​ចេញ​សាល​ក្រមឆ្នាំ​១៩៦២ ពាក់​ព័ន្ធ​នឹង​ករណី​ប្រាសាទ​ព្រះ​វិហារ និង​ការ​បក​ស្រាយ​សាល​ក្រម​នេះ​ក្នុ​ង​ឆ្នាំ ២០១៣។

សេចក្តី​ថ្លែងការណ៍​ ចា​ត់​ទុក​ថា យោធាថៃបានចូលទៅតំបន់នេះ គឺ​រំលោភ​លើ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០០០ ដែល​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ងារ​ខណ្ឌ​សីមា​ព្រំដែន​រួម​គ្នា និង​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​សកម្មភាព​ឯក​តោ​ភាគី​ នៅ​ក្នុង​តំបន់​ដែល​មិន​ទាន់​បាន​កំណត់​ខ្សែ​ព្រំដែន​​រួច។

ក្រសួង​​ការ​បរទេសកម្ពុជា សង្កត់​ធ្ងន់​ថា ទោះបី​កម្ពុជា​បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់ ដែល​អាច​បង្ក​ឡើង​ដោយ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ បន្សល់​ពី​ជម្លោះ​ប្រដាប់​អាវុធ​រាប់​ទសវត្សរ៍​ក៏ដោយ ក៏​ទាហាន​ថៃ​បាន​ងាក​ចេញ​ពី​ផ្លូវ​ល្បាត​ដែល​ប្រទេស​ទាំង​ពីរ បាន​សម្រប​សម្រួល​គ្នា​កន្លង​មក ហើយ​បាន​បង្កើត​ផ្លូវ​ថ្មី​មួយ​ឆ្លង​ចូល​កាត់​មក​លើ​ទឹក​ដី​កម្ពុជា។

បន្ថែមលើនេះ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​លើ​ហ្វេស​ប៊ុក​​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា​នេះ​ថា តំបន់​ដែល​មាន​វិវាទ ឬ​មិន​ទាន់​ដាច់​ស្រេច​ថា​ស្ថិត​ក្នុង​ដែន​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ណា​មួយ គឺ​គ្មាន​ភាគី​ណា​មាន​សិទ្ធិ​ធ្វើ​សកម្ម​ភាព ឬ​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​ឯកតោ​ភាគី​នៅ​ក្នុ​ង​តំបន់​ឬ​ទីក​ន្លែង​នោះ ហើយ​រាល់​វិធាន​ការ​នានា​ដែល​អាច​អនុវត្ត​បាន​ ត្រូវ​មាន​ការ​ឯកភាព​គ្នា​រវាង​ភាគី​ទាំង​ពីរ​ជាមុន​សិន។

លោក ហ៊ុន ម៉ាណែត ព្រមានថា បន្ទាត់​ក្រហមនៅតែ​ជា​បន្ទាត់​ក្រហម មិ​នមាន​ការ​ប្រែប្រួល​ទេ​ ហើយ​ថា កម្ពុជា​មិន​រំលោភ​បំពាន​លើ​អ្នក​ណា​ទេ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ឲ្យ​អ្នក​ណាមួ​យ​រំលោភបំពាន​លើ​ខ្លួន​នោះ​ដែរ។

លោក​សង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុង​ការ​ការ​ពារ​ខ្លួន និង​ការ​ពារ​បូរណ​ភាព​ទឹក​ដី តាម​គ្រប់​មធ្យោបាយ​ទាំង​អស់​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន ហើយ​កម្ពុជា​នៅ​តែ​រក្សាជំហរ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហានេះ​ ដោយ​មធ្យោបាយ​អហិង្សា​ឲ្យ​បាន​ឆាប់​រហ័ស ប្រកប​ដោយ​ភាព​ច្បាស់​លាស់​និង​ចីរភាព។

យ៉ាងណា លោក ហ៊ុន ម៉ាណែត មិនបាននិយាយដល់កិច្ច​ព្រម​ព្រៀង​សន្តិភា​ព​ទី​ក្រុង​ប៉ារីស​ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​កម្ពុជា​ទេ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត​ និយាយ​​ថា ​ដើម្បី​​ទប់​​ស្កាត់​​មហិច្ចតា​​ថៃ​​ឈ្លាន​​ពាន​ ​នៅ​ចំពោះ​មុខ​នេះ​ កម្ពុជា​​ត្រូ​វ​​ពន្លឿន​​​ប្តឹ​ង​​ទៅ​​សហ​​ប្រធាន​​កិ​​​ច្ច​​ព្រម​ព្រៀង​​​សន្តិភាព​​​ទីក្រុង​​​ប៉ារីស​ ខណៈ​ការ​ប្តឹង​ទៅ​ICJ​នៅ​មាន​រយៈ​ពេល​យូរ​ទៀត។

លោកថា មេដឹកនាំគ្រួសារហ៊ុន ហាក់កំពុងទុកជម្លោះ​ព្រំដែន​នេះ ដើម្បី​កេង​ចំណេញ​នយោ​បាយ​របស់​ខ្លួន​ ដែល​ប​ន្ទាត់​នយោបាយ​នេះ ជា​ហានិភ័យ​ដល់​បូរណភាព​ទឹក​ដី​ខ្មែរ។

លោកថា៖ «អាសេចក្តីថ្លែងការណ៍ជាមួយ​ថៃ​ អាហ្នឹង​វា​គ្រាន់​តែ​ជា​ការ​ជូន​ដំណឹង​ឲ្យ​ប្រជាព​លរដ្ឋ​លោក​ដឹង​ទេ វា​អត់​មាន​ប្រសិទ្ធ​ភាព​អនុវត្ត​ជាមួយ​ថៃ។ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​អនុវត្ត​ជាមួ​យ​ថៃ វាទា​ល់​តែ​កម្ពុជា​ត្រូវ​ធ្វើ​កំណត់​ទូត​ដាក់​សម្ពាធ​ថៃ​ហ្នឹង​ តាម​រយៈ​យន្ត​ការ​អន្តរជាតិ ដូច​ជា​ កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ដូច​ជា​អាស៊ាន​ ដូច​ជា​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជាជា​តិ​អីហ្នឹង​ ត្រូវ​តែ​ឱ្យគេ​ជួយ​ដាក់​សម្ពាធ​ប្រទេស​ថៃ​ហ្នឹង អាហ្នឹង​បាន​យើង​អាច​មាន​សង្ឃឹម​ថា ថៃ​ហ្នឹង​វាញ​ញើត​ខ្មែរ​បាន»។

សម្រាប់ អ្នកឃ្លាំមើលកិច្ចការព្រំដែនលោក អ៊ុំ សំអាន យល់​ថា អាថ៌​កំបាំង​ដែល​រដ្ឋាភិ​បាល​គ្រួសារ​​ហ៊ុន មិន​ហ៊ាន​យក​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ដោះ​ស្រាយ​ជម្លោះព្រំ​ដែន​ជាមួយ​ថៃ នៅ​ពេល​នេះ ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ តម្រូវ​ឲ្យ​លុប​ចោល​សន្ធិ​សញ្ញាខុ​​ស​ច្បាប់​ទាំង​អស់​ជាមួយ​វៀត​ណាម។

លោក​ថា«បើសិនជាកម្ពុជាប្ដឹងថៃ​ទៅកា​ន់​សហ​ប្រធាន​នៃកិ​ច្ច​ព្រម​ព្រៀង​សន្ដិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ហ្នឹង ប្រាកដ​ជា​គេ​សើរើ​បញ្ហា​សន្ធិ​សញ្ញា​ឆ្នាំ​១៨៨២ ៨៣ ៨៥ សម័យ​យួន​ត្រួត​ត្រា ដែល​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ស​ន្ធិ​សញ្ញា​ហ្នឹង​រស់​ឡើង​វិញ តាម​សន្ធិ​សញ្ញា​បំពេញ​បន្ថែ​ម​ឆ្នាំ​២០០៥ យក​តាម​សន្ធិ​សញ្ញា​ឆ្នាំ​១៨៨៥។ ​វា​ប៉ះ​ពាល់​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​ និងសន្ធិ​សញ្ញា​ព្រំដែន​ជាមួយ​វៀត​ណាម​ ដែល​លោក ហ៊ុន សែន ស៊ី​ញ៉េ​នា​ទសវត្សរ៍​ទី​៨០ ដែល​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ តម្រូវ​ឲ្យ​លុ​ប​ចោល​សន្ធិ​សញ្ញា​ព្រំដែន​ នាទសវត្ស​រ៍​ទី​៨០ សម័យ​វៀត​ណាម​ត្រួត​ត្រា»

ភាពចម្រូងចម្រាសបញ្ហាព្រំដែននេះ អ្នកវិភាគ​​នយោបាយ លោក​​បណ្ឌិត ឡៅ ម៉ុង​ហៃ ធ្លាប់​​​ចង្អុល​​​​បង្ហាញ​​ពី​​​​មូល​ដ្ឋាន​​​ច្បាប់​​រឹង​​​មាំ​​​របស់​​កម្ពុជា ដែល​ប្រទេស​ជិត​ខាង​មិន​អាច​រំលោភ​បំពា​ន​​បាន។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានបង្ហោះសារ​លើ​ហ្វេសប៊ុក​របស់​​លោក ពី​ខ្លឹម​សារ​មាត្រា​​​​​​៥ នៃ​​កិច្ច​​ព្រម​​ព្រៀង​​សន្តិភា​ព​​ទីក្រុង​​ប៉ារីស ដែល​ក​ម្ពុ​ជា​​អាច​ប្រើ​ប្រាស់​ការ​ពារ​ទឹក​ដី​បាន​។

បើតាមមាត្រា៥ នៃកិច្ចព្រមព្រៀង​នេះ បញ្ជាក់​​ថា បើ​មាន​​ការ​​​​គំរាម​​កំហែង​​រំលោភ​​​លើ​​អធិប​​តេយ្យ​​ភាព​​កម្ពុជា បណ្តា​​ភាគី​​ក្នុង​​កិច្ច​ព្រម​​ព្រៀង​នេះ​ ត្រូវ​​ពិគ្រោះ​​ជា​​បន្ទាន់ ​ដើម្បី​អនុ​ម័ត​​រាល់​វិធាន​​ការ​សម​ស្រប ដើម្បី​ដោះ​ស្រាយ​​រា​ល់កា​រ​រំលោភ​ទាំង​នេះ​តាម​មធ្យោបាយ​សន្តិ​វិធី។

វិធានការដោះស្រាយ រួមមានរាយកា​រណ៍​ទៅ​ក្រុមប្រឹក្សា​សន្តិសុ​ខ​អង្គការ​សហ​ប្រជាជាតិ ឬ​ប្រើ​​ប្រាស់​​មធ្យោ​​បាយ​ដំណោះ​ស្រាយ​​នូវ​ទំនាស់​​ដោយ​សន្តិ​វិធី​ យោង​​តាម​​មាត្រា​​៣៣ នៃ​​ធ​ម្ម​នុញ្ញ​​​អង្គការ​​សហប្រជាជាតិ ហើយ​​ភាគី​​ពាក់​​ព័ន្ធ​​​ក៏​​អាច​​សុំ​កា​រ​​ឧបត្ថម្ភ​​ពី​​សហ​​ប្រធាន​នៃ​​សន្និសីទ​ប៉ារីស​​​​ស្តី​​​ពី​​​កម្ពុជា រួម​​មាន​ ប្រទេស​​​​បារាំង និង​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ។

បើតាមលោក​បណ្ឌិត ឡៅ ម៉ុងហៃ កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ទីក្រុ​​ង​ប៉ារីស​ បញ្ជាក់​យ៉ាង​​ច្បាស់​​ថា ម្ចាស់​ហត្ថលេខី​ទាំង​១៨​ប្រទេស ដែល​ជា​សាក្សីនៃ​​កិច្ច​ព្រម​ព្រៀង​នេះ រួម​ទាំង​ប្រទេស​ថៃ និងវៀតណាម ត្រូវ​ទទួល​ស្គាល់ និងគោរ​ពគ្រប់​បែប​យ៉ាង​ទាំង​អស់ ដល់​អធិប​តេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃដែន​ដី អព្យា​ក្រឹត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា។

ជម្លោះព្រំដែនកម្ពុជាថៃ បានកក្រើកឡើងវិញ ចាប់​តាំង​ពី​ថ្ងៃ​ទី២​៨ ខែ​ឧសភា ឆ្នាំ​២០២៥​ប្រមាណ​​ជិ​ត​២ខែ​​ទៅ​​នេះ បន្ទាប់​ពី​​ទាហាន​ថៃ​​បាន​បើក​​ការ​​បាញ់​​ប្រហារ​​ទៅ​​លើ​​លេណ​​ដ្ឋាន​កង​ទ័ព​កម្ពុជា នៅ​ជួរ​មុខ ក្នុង​​តំបន់​មុំ៣​ ស្រុក​ជាំក្សាន្ត បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​។

ប៉ុន្តែមកដល់ពេលនេះ កម្តៅនេះមិនទាន់ថមថយទេ ដែលធ្វើឱ្យ​កង​ទ័ព​​កម្ពុជា ប្រឈម​នឹង​ញឹក​ញាប់​ជា​​មួ​យ​ភាព​គឈ្លើន​របស់​ទាហាន​ថៃ ដែល​ចេះ​តែ​ដើរ​ឆ្លង​ចូល​ដី​កម្ពុជា នឹង​បន្ត​ប៉ះ​ទង្គិច​​គ្នា​​​ដោយ​ពាក្យ​សម្តី​ជាដើម ដែល​បញ្ហា​ទំាំង​នេះ​ជា​ក្តី​បារម្ភ​​ពី​លទ្ធភាព​ផ្ទុះ​អាវុ​ធ​នៅ​ថ្ងៃ​ណាមួ​យ ដែល​នឹង​ធ្វើ​ឱ្យ​ឈាម​ខ្មែរ​ហូរ បើ​រដ្ឋាភិបាល​មិន​ពន្លឿន​យន្ត​ការ​ច្បាប់​អន្តរជាតិ​ទាំង​អស់រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បី​ទប់​ស្កាត់​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ