សាលាឧទ្ធរណ៍ត្បូងឃ្មុំ បដិសេធបណ្តឹងសុំមោឃភាពសំណុំរឿងកំហែងយកទាក់ទងអ្នកកាសែតម្នាក់ ដោយចាត់ទុកដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង ទុកជាបានការដដែល ដែលបញ្ហានេះ បង្ខំឱ្យសាច់ញាតិរបស់ជនសង្ស័យ ហៅថាជាការផ្តល់នូវភាពអយុត្តិធម៌ ដែលមិនអាចទទួលយកបាន ក្នុងពេលសំណុំរឿងមានភាពមិនច្បាស់លាស់។
ថ្លែងប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃទី២៣ខែកក្កដានេះ លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ឱ្យដឹងថា ចៅក្រមជំនុំជម្រះនៃសភាស៊ើបសួរខេត្តត្បូងឃ្មុំ បានច្រានចោលសំណើរសុំមោឃភាព សំណុំរឿងទាំងមូលរបស់ជនសង្ស័យ ដោយសំអាងហេតុថា ការដែលចៅក្រមស៊ើបសួររបស់តុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួន និងចោទប្រកាន់ គឺជារឿងត្រឹមត្រូវ។
បើតាមលោក សុខសុវណ្ណ លោក ណាន សុខឡេង ដែលត្រូវជាប់ចោទពីបទកំហែងយកនេះ ក្រៅពីជាអ្នកគាំទ្រគណបក្សដើម្បីកម្ពុជា ហើយលោកក៏ជាអ្នកកាសែត ដែលបម្រើការឱ្យអង្គភាព «សង្គមបច្ចុប្បន្ន» ដែរ។
ប្រភពបន្តថា ការចាប់ខ្លួនក្រោមបទចោទ កំហែងយកប្រឆាំងលោក ណាន សុខឡេង នេះគឺជារឿងដែលពិបាកទទួលយក។ ជាងនេះទៀត វាគឺជារូបភាពមួយ នៃការគំរាមកំហែង និងបំភិតបំភ័យផ្នែកស្មារតីច្រើនជាង ដូចបទចោទដែលតុលាការរកឃើញ។
លោកបន្តថា៖ «ឃើញការចោទប្រកាន់ហ្នឹងវាហួសហេតុតែម្តង វាមិនសមតែម្តង ពីព្រោះមនុស្សគាត់ហ្នឹង គឺគាត់យកឧស្សាហ៍គេណាស់។ អ្នកជិតខាងហ្នឹងគឺយកឆ្កែឱ្យគាត់ជួយចិញ្ចឹម គាត់ចិញ្ចឹមឱ្យគេដល់ចិញ្ចឹមឆ្កែឱ្យគេហើយ វាធម្មតាទេគាត់មិនត្រូវការដូចជាបាយ ដូចជាទឹក និងចំណីអីជាដើមរកឱ្យឆ្កែ។ នៅពេលគាត់ទៅសុំលុយពីម្ចាស់ឆ្កែដែលជាអ្នកជិតខាង ដល់ពេលសុំលុយគេ គេចោទគាត់ថាជាកំហែងយកទៅវិញ រឿងហ្នឹងវាអត់យល់ អ្នកជិតខាងគ្នាសោះ»។
ទាក់ទិនរឿងក្តីនេះ ជនសង្ស័យឈ្មោះ ណាន សុខឡេង ធ្លាប់ទទួលចិញ្ចឹមឆ្កែរបស់អ្នកជិតខាងគ្នា ឱ្យចំណី និងបាយទឹកប្រចាំថ្ងៃ។ ប៉ុន្តែលុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានស្នើសុំលុយ១ម៉ឺនរៀល ដើម្បីទិញចំណីឱ្យឆ្កែ ដែលខ្លួនទទួលចិញ្ចឹម តែមិនដឹងមកពីមូលហេតអ្វី បានជាត្រូវម្ចាស់ឆ្កែប្តឹង ក្រោមបទចោទ «កំហែងយក» ទៅវិញបែបនេះ។
លោក ឯម សុខសុវណ្ណ ដែលជាប្រធានគណបក្សដើម្បីកម្ពុជា ដាក់មន្ទិលសង្ស័យថា ក្នុងវិវាទនេះ អាចមិនមែនព្រោះតែលុយ១ម៉ឺនរៀល ដែលជនសង្ស័យស្នើពីម្ចាស់ឆ្កែ ដើម្បីយកទៅចាត់ចែងទិញចំណី និងផ្គត់ផ្គង់ប្រចាំថ្ងៃនោះទេ។
ហាក់ដូចគ្នាទៅនឹងការសង្ស័យនេះ លោក ណាន សុខឡេង ប្រាប់សហការីរបស់ខ្លួន ពីពន្ធនាគារជាទីដែលកំពុងឃុំខ្លួន ហើយសំឡេងប្រជាធិបតេយ្យ វីអូឌី ទើបទទួលបានសារសំឡេងនេះ មុនមួយថ្ងៃនៃការផ្សាយ បញ្ជាក់ថា តាមពិតរឿងទំនាស់ដោយចំណីឆ្កែនោះ វាគ្រាន់តែជាលេសមួយទេ។
ប្រភពបន្តថា រឿងនៅពីក្រោយនៃការចាប់ខ្លួននេះ គឺផ្តើមចេញពីលោក ប៉ាន់ ខែមប៊ុនថន ដែលជានាយករងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
បើតាមជនសង្ស័យ រូបគេធ្លាប់រាយការណ៍អំពីភាពមិនប្រក្រតីមួយ ទាក់ទងការកាន់កាប់ដី នៅក្នុងភូមិសាស្រ្តតំបន់អូរគ្រៀង ស្ថិតនៅក្នុងខេត្តក្រចេះ ដែលបង្កឡើងដោយឈ្មោះ ប៉ាន់ ខែមប៊ុនថន នេះ។ ក្រោយមកជនសង្ស័យត្រូវរងការគំរាមម្តងជាពីរដង ពីឈ្មោះ ប៉ាន់ ខែមប៊ុនថន ឱ្យកែតម្រូវជាថ្នូរនឹងសេរីភាព ប៉ុន្តែត្រូវជនសង្ស័យបដិសេធ ហេតុនេះទើបមានហេតុការណ៍កើតឡើងនៃការចាប់ខ្លួនដូចនៅថ្ងៃនេះ។
ករណីនេះ លោក ណាង សុខឡេង ស្នើឱ្យរដ្ឋាភិបាលពិនិត្យភាពមិនប្រក្រតីនេះផង ដើម្បីផ្តល់សេរីភាពឱ្យរូបគេ បានជួបជុំគ្រួសារឡើងវិញ។
លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេសជួយផ្សព្វផ្សាយករណីដែលខ្ញុំក្លាយជាអ្នករងគ្រោះ ដោយសារតែឯកឧត្តម ប៉ាន់ ខែមប៊ុនថន ដែលគាត់ប្តឹងចោទប្រកាន់ខ្ញុំថាបានផ្តល់ព័ត៌មានមិនពិត មិនព្រមទទួលយកការពិត ហើយគំរាមកំហែងដល់រូបខ្ញុំម្តងជាពីរដង ហើយដល់លើកទីបីហ្នឹង បានឈានដល់ចាប់ខ្លួនខ្ញុំដល់ឃុំខ្លួន»។
វីអូឌី មិនអាចការបញ្ជាក់ពីលោក ប៉ាន់ ខែមប៊ុនថន បានទេគិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា ជុំវិញរឿងនេះ សាច់ញាតិរបស់ជនសង្ស័យ និយាយថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានចុះចាប់ខ្លួនឈ្មោះ ណាន សុខឡេង ដោយគ្មានដីកាពីតុលាការ។
មួយថ្ងៃបន្ទាប់ ព្រះរាជអាជ្ញារងនៃតុលាការខេត្តស្ទឹងត្រែង លោក ស៊ិន សុហឹង បានចេញដីកាចោទប្រកាន់ពីបទ «កំហែងយក» មុនពេលលោក មុត វិរ់ៈ ចៅក្រមស៊ើបសួរចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តស្ទឹងត្រែង។
ដោយឡែក សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បានចេញរបាយការណ៍ស្តីពីការឃ្លាំមើលប្រចាំត្រីមាសដំបូង ក្នុងឆ្នាំ២០២៥នេះ រកឃើញថា ការរំលោភបំពានផ្នែកសិទ្ធិមនុស្សលើអ្នកសារព័ត៌មាន មានចំនួន១៤ករណី។ ការយាយីដែលខេមបូចា ចាត់ទុកជាបញ្ហាប្រឈមសម្រាប់អ្នកសារព័ត៌មាននោះ គឺការបំភិតបំភ័យ ការបង្ករបួសស្នាមលើរាងកាយ និងការគំរាមប្រើប្រាស់ច្បាប់តាមទំនើងចិត្ត។
ដូចគ្នានេះដែរ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា ស៊ីស៊ីអាយអ៊ឹម ក៏បានចេញរបាយការណ៍ ស្តីពីការវាយតម្លៃប្រចាំឆ្នាំ សម្រាប់ឆ្នាំ២០២៤ ក៏រកឃើញដែរពីស្ថានភាពនៃសារព័ត៌មានឯករាជ្យ នៅតែជួបបញ្ហាប្រឈម ក្នុងកម្រិតខ្ពស់ មិនចាញ់ពីឆ្នាំមុនៗប៉ុន្មានឡើយ។ តាមរយៈការស្ទង់មតិ បង្ហាញថា អ្នកសារព័ត៌មានជិត៤០ភាគរយ អះអាងពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាន នៅក្នុងឆ្នាំ២០២៤នេះ។
មិនខុសគ្នាទេ សម្រាប់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ចំនួន១០លេខ ពី១៥១ ក្នុងឆ្នាំ២០២៤ មក១៦១ នៅក្នុងឆ្នាំ២០២៥នេះ៕









