ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បាននិយាយថា វិធានការក្តៅដែលរដ្ឋាភិបាលបានដាក់ចេញថ្មីៗនេះ ដើម្បីកម្ចាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនលើទឹកដីកម្ពុជានោះ នឹងបរាជ័យបើមិនដោះលែងតុលាការពីចំណងនយោបាយទេនោះ។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីដែលជាឈាមថ្មីរបស់គ្រួសារហ៊ុន គឺលោក ហ៊ុន ម៉ាណែត បានចេញបទបញ្ជាបែបម៉ឹងម៉ាត់មួយ ឱ្យបង្ក្រាបបណ្តាញឆបោកតាមអនឡាញ ក្រោយពីកម្ពុជារងការចោទថា ជាអ្នកនៅពីក្រោយបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន បង្កការគំរាមកំហែងសន្តិសុខតំបន់ និងពិភពលោក។
ជុំវិញវិធាននេះ គេសង្កេតឃើញមន្ត្រីពាក់ព័ន្ធបានដុតដៃដុតជើងចុះបង្ក្រាបទីតាំងជាច្រើនក្នុងប្រទេសកម្ពុជា និងបានចាប់ខ្លួនជនសង្ស័យទាំងក្រុមៗផងដែរ។
លើសពីនេះ គេក៏សង្កេតឃើញមានការចាត់វិធាន ផ្អាកមុខតំណែងព្រះរាជអាជ្ញារងម្នាក់នៅខេត្តពោធិ៍សាត់ គឺ លោក គ្រី សីហា ក្រោមសំអាងហេតុថា បុរសរូបនោះ ជាប់ពាក់ព័ន្ធនឹងដោះលែងមេឆបោកកន្លងទៅ។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលសង្គមជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ពន្លឿននីតិវិធីលើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោក គ្រី សីហា ដែលបានដោះលែងជនល្មើសក្នុងបទល្មើសឆបោកតាមអនឡាញ ដើម្បីតម្លាភាព និងយុត្តិធម៌ក្នុងសង្គម ព្រមទាំងលុបបំបាត់នូវការរិះគន់ថារដ្ឋាភិបាលគ្មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបបទឧក្រិដ្ឋតាមអនឡាញនេះ។
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌ បានផ្អាកមុខងារជាបណ្តោះអាសន្នរបស់ លោក គ្រី សីហា ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេត ស្រាវជ្រាវទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនសង្ស័យដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តពោធិ៍សាត់។
ការផ្អាកតួនាទីបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងយុត្តិធម៌ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពិនិត្យ និងចាត់វិធានការទៅលើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របពេលដែលរដ្ឋាភិបាលកំពុងបើកយុទ្ធនាការបង្ក្រាបបទល្មើសប្រភេទនេះនៅទូទាំងប្រទេស។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានឆ្លើយតបយ៉ាងខ្លីតាមតេឡេក្រាមនៅថ្ងៃទី២៣ ខែកក្កដានេះថា៖ «ករណីនេះ អង្គភាពកំពុងដំណើរតាមនីតិវិធី។ ខ្ញុំសូមបញ្ជាក់ជូនត្រឹមនឹងសិន»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា វិធានការទៅលើព្រះរាជអាជ្ញារង លោក គ្រី សីហា នៅពេលនេះជារឿងត្រឹមត្រូវស្របទៅតាមច្បាប់ បើសិនព្រះរាជរងរូបនោះស៊ុមគ្រលុំជាមួយជនល្មើស ហើយដោះលែងជនល្មើស ស្របពេលដែលកម្ពុជាកំពុងលាងជម្រះខ្លួន ពីការចោទប្រកាន់រឿងករណីឆបោកតាមអនឡាញ។
ប៉ុន្តែ លោកថា ប្រសិនបើវិធានការនេះ គ្រាន់តែត្រឹមផ្អាកតួនាទីរបស់ព្រះរាជអាជ្ញារងរូបនោះ ហើយស្ងាត់ទៅ ដោយមិនមានវិធានការតាមផ្លូវតុលាការទេ នោះនឹងធ្វើឱ្យសាធារណជនបាត់ជំនឿទៅរដ្ឋាភិបាលជុំវិញការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ។
លោកថ្លែងថា៖ «រដ្ឋត្រូវជំរុញ ឬក៏មានវិធានការតាមវិធីផ្លូវច្បាប់ និតិវិធីតុលាការហ្នឹងជាដើម ដើម្បីបង្ហាញសាធារណជន មតិអន្តរជាតិថា កម្ពុជាមានឆន្ទៈពិតប្រាកដនៅក្នុងការលប់បំបាត់អំពើជួញដូរឆបោកតាមអនឡាញនេះ។ ហើយដើម្បីជាការងារមាននិរន្តរភាព ដូចខ្ញុំបានលើកអញ្ចឹង ក៏កម្ពុជាយើងជំរុញគោលការណ៍យុត្តិធម៌ ប្រព័ន្ធតុលាការហ្នឹងមានឯករាជ្យភាពពិតប្រាកដ អាចដេញដោលសួរនាំអ្នកពាក់ព័ន្ធ មិនថា អ្នកពាក់ព័ន្ធនោះមានសមត្ថកិច្ច មានអំណាចប៉ុណ្ណាទេ ទើបប្រព័ន្ធយុត្តិធម៌នោះអាចធ្វើបាន អាហ្នឹងបាននិរន្តរភាពរឿងហ្នឹងវាលែងកើតមានឡើងច្រើន វាមិនមែនថាលុបបំបាត់បានទាំងស្រុងទេ ប៉ុន្តែវាអាចកាត់បន្ថយបានច្រើនបាន ទាល់តែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដំណើរការដូចនៅបណ្តាប្រទេសប្រជាធិបតេយ្យ»។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ឃើញស្រដៀងគ្នានេះដែរថា ករណីព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ដោះលែងជនល្មើសក្នុងបទល្មើសឆបោកតាមអនឡាញនេះ វាអាចមានជាប់ព័ន្ធនឹងអំពើពុករលួយ និងបទល្មើស ដែលទាមទារឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការផ្លូវច្បាប់ទៅលើអ្នកប្រព្រឹត្ត បើមិនដូច្នេះវានឹងធ្វើឱ្យបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋទៅលើប្រព័ន្ធយុត្តិធម៌ និងប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។
លោកថា៖ «ខ្ញុំគិតថា ប្រហែលជាតុលាការលោកនឹងមានវិធានការហើយ សង្ឃឹមថាអីចឹងចុះ។ បើគ្រាន់តែផ្អាកតួនាទី ឬដកតួនាទី ហើយអនុញ្ញាតឱ្យជនប្រព្រឹត្តបទល្មើសបែបនេះ រួចខ្លួនពីសំណាញ់ច្បាប់ ខ្ញុំជឿថា មន្ត្រីក្រោយៗ ក៏អាចនឹងមិនខ្លាច មិនរៀងចាលទេ អាចនឹងនៅមានបញ្ហាបែបហ្នឹងបន្តទៀត»។
ក្នុងបទបញ្ជាមួយចុះថ្ងៃទី១៤ ខែកក្កដា រដ្ឋាភិបាល បានបញ្ចេញព័ត៌មានជុំវិញវិធានដ៏ម៉ឹងម៉ាត់មួយ ដើម្បីបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងលិខិតបទបញ្ជានោះថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោក និងតំបន់ ហើយនៅកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។
ស្របពេលគ្នានោះ លោកក៏បានព្រមានបញ្ចប់មុខតំណែងមន្ត្រីទាំងឡាយណា ដែលខកខានមិនបានបោសសម្អាតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពីភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេនៅថ្ងៃពុធនេះ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែកក្កដានេះ សមត្ថកិច្ចជំនាញបានបង្ក្រាបទីតាំងបទល្មើសបានចំនួន ១៣៨ទីតាំង នៅរាជធានី-ខេត្តចំនួន១៧ ដោយបានឃាត់ខ្លួនជនសង្ស័យសរុប ៣ ០៧៥នាក់ ក្នុងនោះ មានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស ថៃ កូរ៉េ ប៉ាគីស្ថាន នេប៉ាល់ ម៉ាឡេស៊ី ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលីរុស្ស៊ី និងមីយ៉ាន់ម៉ា ជាដើម។
ប្រភពដដែល បន្តថា ក្រោយប្រតិបត្តិការបង្ក្រាបទីតាំង និងជនសង្ស័យ សមត្ថកិច្ចរាជធានី-ខេត្ត បានបញ្ជូនមុខសញ្ញាមេខ្លោង ១១នាក់ទៅតុលាការ ក្នុងនោះតុលាការចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នចំនួន ៨នាក់ ខណៈជនជាតិចិនចំនួន ១៧នាក់ទៀត ត្រូវបានបញ្ជូនទៅកន្លែងត្រៀមបណ្តេញចេញទៅប្រទេសសាមីវិញ។ ចំណែក វត្ថុតាងដែលបម្រើឱ្យបទល្មើស Online Scams នេះមានដូចជា កុំព្យូទ័រ ទូរសព្ទ ថ្នាំញៀន សារធាតុញៀន សម្ភារ-ឧបករណ៍កែច្នៃគ្រឿងញៀន សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។
ដោយឡែក របាយការណ៍របស់វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានលាតត្រដាងថា កម្ពុជាជាប្រទេសចំណុចស្នូលនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន ពិសេសឧក្រិដ្ឋកម្មអនឡាញ។
តាមរបាយការណ៍ដដែល បង្ហាញទៀតថា មានបុគ្គលដែលជាប់សង្ស័យពាក់ព័ន្ធនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជាសរុបចំនួន ២៨នាក់ ដែលភាគច្រើនជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ។
របាយការណ៍ រកឃើញថា កម្ពុជាមានអ្នកបម្រើការងារក្នុងឧក្រិដ្ឋកម្មអនឡាញជាង ១៥ម៉ឺននាក់ និងថា ក្រុមឧក្រិដ្ឋជនអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញក្នុង ១ឆ្នាំ ប្រមាណពី ១២.៥ ទៅ ១៩ពាន់លានដុល្លារដែលស្មើនឹង ៦០ភាគរយនៃ GDP ឬផលិតផលដុលក្នុងស្រុករបស់កម្ពុជា។
យ៉ាងនេះក្តី ក្រុមគណបក្សប្រឆាំងនៅក្រៅប្រទេស បានលើកឡើងថា បើតាមការស្រាវជ្រាវរបស់ស្ថាប័នអន្តរជាតិល្បីៗ មេខ្លោងធំជាងគេនៃបណ្តាញឧក្រិដ្ឋកម្មឆបោក និងលាងលុយកខ្វក់មានអ្នកឧកញ៉ា ហ៊ុន តូ ដែលត្រូវជាក្មួយ លោក ហ៊ុន សែន និងឧកញ៉ាមួយចំនួនដែលស្និទ្ធរដ្ឋាភិបាល មានអ្នកឧកញ៉ា កុក អាន ឧកញ៉ា លី យ៉ុងផាត់ ជាដើម ។
ជាការសង្កេត អ្នកទាំងនោះ មិនទាន់ត្រូវបានសមត្ថកិច្ចវែកមុខចំពោះករណីនេះនៅឡើយទេ ដែលការណ៍នេះ អ្នកឃ្លាំមើលថា យុទ្ធនាការបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជានឹងមិនអាចលាងជម្រះពីការចោទប្រកាន់ថា កម្ពុជា ជារដ្ឋចាប់ជំរិតបានទេ ដ៏រាបណាមេខ្លោងធំៗ មិនត្រូវបានវែកមុខយកទៅផ្តន្ទាទោស។
ជ្រុងមួយនៃបញ្ហានេះ អង្គការតម្លាភាពកម្ពុជា បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រកឃើញថា កម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានចំណាត់ថ្នាក់ពុករលួយខ្ពស់ជាងគេជាប់គ្នាជិត១០ឆ្នាំ បើធៀបនឹងសមាជិកអាស៊ាន។
មូលហេតុចម្បង មកពីឥទ្ធិពលនយោបាយ ជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌ ដែលធ្វើឱ្យប្រព័ន្ធច្បាប់ មិនអាចកាត់ទោសកំហុសមន្ត្រីមានអំណាចបាន។
ប្រភពដដែលបន្តថា ជម្រើសដើម្បីរើខ្លួនចេញពីវិបត្តិនេះ ត្រូវបើកលំហសេរីភាពបញ្ចេញមតិ លំហប្រជាធិបតេយ្យ និងត្រូវមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕









