ខណៈសង្គ្រាមវាយបក កំពុងផ្ទុះឡើងនៅថ្ងៃព្រហស្បតិ៍នេះ ប្រឆាំងនឹងទង្វើឈ្លានពានរបស់យោធាថៃនោះ កម្ពុជា បានស្នើសុំប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
នេះបើតាមលិខិតមួយច្បាប់ ដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ផ្ញើជូនលោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
លើសពីនេះ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទង្វើឈ្លានពានរបស់ភាគីថៃនេះផងដែរ ដែលកម្ពុជារំឭកឱ្យថៃបញ្ឈប់ការឈ្លានពាន និងត្រូវដកកងទ័ពទៅកាន់ព្រំដែនរបស់ខ្លួនវិញជាបន្ទាន់ ដើម្បីកុំឱ្យស្ថានការណ៍កាន់តែតានតឹង។
បើតាមក្រសួងការបទេសកម្ពុជា នៅថ្ងៃទីទី២៤ ខែកក្កដានេះ កងកម្លាំងប្រដាប់អាវុធថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុ គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជា នៅតាមតំបន់ព្រំដែន រួមទាំង ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបី ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ។
ទង្វើឈ្លានពាននេះ កម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ដោយចាត់ទុកថា ជាទង្វើគ្មានការគិតគូរ និងអរិភាពនេះរបស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយគ្មានមូលហេតុបែបនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។
កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពញុះញង់ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។
សម្រាប់ កម្ពុជា នូវតែប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។ តែយ៉ាងណាក៏ដោយ កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួលស្គាល់ក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ ដើម្បីការពារ អធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជនខ្លួន៕









