ការផ្ទុះអាវុធទ្រង់ទ្រាយធំ នៅថ្ងៃព្រហស្បតិ៍នេះ តាមបន្ទាត់ព្រំដែន កម្ពុជាចាត់ទុកជាទង្វើឈ្លានពានដ៏ឃោរឃៅរបស់ថៃ មកលើអធិបតេយ្យភាពកម្ពុជា រំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ច្បាប់អន្តរជាតិ ដែលថា កម្ពុជាចាំបាច់វាយបក ដើម្បីការពារទឹកដីរបស់ខ្លួន ។
លើសពីនេះ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ទង្វើឈ្លានពានរបស់ថៃ ដែលបានបំពានអធិបតេយ្យភាពកម្ពុជា និងរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ដែលបានចេញផ្សាយប៉ុន្មានម៉ោងក្រោយសង្គ្រាមឈ្លានពានរបស់ថៃផ្ទុះឡើង និងមានការទប់ទល់ពីភាគីកម្ពុជាផងនោះ។
ក្រសួងការពារជាតិកម្ពុជា និយាយក្នុងលិខិតចុះថ្ងៃទី២៤ ខែកក្កដានេះថា កម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាពេលនេះ។
សម្រាប់កម្ពុជា មូលហេតុចម្បងមុនការផ្ទុះអាវុធកើតឡើង ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន និងបានបាញ់ឡើងលើ ។
បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា នៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី។
លើសពីនេះថៃ បានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់ នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកងទ័ពកម្ពុជាបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
បញ្ហានេះ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។
ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែត ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។
កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឹងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។
មិនតែប៉ុណ្ណោះ កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
ជុំវិញការអំពាវនាវនេះ VOD មិនទាន់អាចសុំការបញ្ជាក់បន្ថែមពី អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បាននៅឡើយគិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណាក្តី នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី២៤ ខែកក្កដានេះ ដោយនិយាយថា កម្ពុជាបានដាក់លិខិតផ្ញើជូនទៅ លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យកោះប្រជុំបន្ទាន់ ដើម្បី«សុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២៤ ខែកក្កដានេះថា កម្ពុជាមិនត្រឹមតែថ្កោលទោសថៃនោះទេ កម្ពុជាត្រូវពន្លឿនសុំកិច្ចអន្តរាគមន៍ពីសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាពិសេសប្រញាប់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាបន្ទាន់។
លោកថា៖ «អ្វីដែលលោក ហ៊ុន ម៉ាណែត បានសរសេរលិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីប្តឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលថៃបានឈ្លានពានមកលើទឹកដីកម្ពុជាហើយនិងរឿងផ្ទុះអាវុធជាមួយកម្ពុជាហ្នឹង គឺជារឿងត្រឹមត្រូវហើយ ដូច្នេះឲ្យគាត់បន្តរឿងហ្នឹងបន្តទៀតហើយមួយទៀតត្រូវតែកម្ពុជាហ្នឹង ពន្លឿនបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិICJនៅតំបន់ទាំងបួនគឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ហើយបើអាចបន្ថែមនៅតំបន់ដទៃទៀតដែលមានជម្លោះហ្នឹង គឺដាក់ចូលគ្នាតែម្តងទៅ គឺកោះគុតដែនសមុទ្រត្រួតស៊ីគ្នា វាលឥន្ទ្រីយ៍ ច្រកអានសេះ ហើយនិងតំបន់ដែលមានជម្លោះដទៃទៀត ហើយនិងតំបន់ភ្នំទ្រព្យជាដើម»។
សម្រាប់លោក អ៊ុំ សំអាន ក្នុងកាលៈទេសៈសង្រ្គាមឈ្លានពានទឹកដីនេះ កម្ពុជាចាំបាច់ត្រូវវាយតបដើម្បីការពារខ្លួន និងការពារទឹកដីប្រាសាទរបស់ដូនតាខ្មែរ មិនឱ្យសត្រូវបន្តគឃ្លើនឈ្លានពាននោះទេ។ លោកថា លើសពីនេះ កម្ពុជាត្រូវដណ្តើមកាន់កាប់ប្រាសាទតាមាន់តូច របស់ខ្មែរឡើងវិញ ព្រោះទីនោះជាទឹកដីរបស់ខ្មែរ។
លោកថា៖ «កម្ពុជាគួរត្រៀមខ្លួនវាយបកវិញ គឺវ៉ៃបកយកកាន់កាប់យកទីតាំងដែលថៃឈ្លានពានតែម្ដង កន្លែងណាដែលថៃឈ្លានពានពីមុនហ្នឹង គឺត្រូវវ៉ៃដណ្តើមយកកាន់កាប់ ព្រោះកម្ពុជាកំពុងមានប្រៀប ដូច្នេះសូមឲ្យកម្ពុជាហ្នឹងវាយយកប្រាសាទតាមាន់តូច យកគ្រប់គ្រងទាំងស្រុង វាយយកវាលឥន្ទ្រីយ៍ ភ្នំទ្រព្យ កោះគុត ហើយនិងដែនសមុទ្រត្រួតស៊ីគ្នាហ្នឹង មកគ្រប់គ្រងទាំងស្រុង ហើយនិងច្រកអានសេះផងដែរ តំបន់មុំបីក៏ដូចគ្នាដែរ ហើយយើងដឹងហើយប្រទេសកម្ពុជាបានគ្រប់គ្រងប្រាសាទតាមាន់ធំ ប្រាសាទតាក្របីទាំងស្រុងហើយ ដូច្នេះត្រូវគ្រប់គ្រងតំបន់ដទៃទៀត ដែលថៃឈ្លានពាននោះ ត្រូវវ៉ៃយកគ្រប់គ្រងទាំងអស់»។
ប្រហែលគ្នានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហៅទង្វើឈ្លានពានរបស់ថៃ បំពានអធិបតេយ្យភាពកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលថៃក៏ជាម្ចាស់ហត្ថលេខីផងដែរ។
លោកថា៖ «ជាការពិតហើយ យើងក្នុងនាមពលរដ្ឋខ្មែរ យើងត្រូវតែចូលរួមជាមួយរដ្ឋាភិបាលក្នុងការថ្កោលទោសអំពើឈ្លានពានរបស់ថៃ ពីព្រោះថៃបានបំពានលក្ខន្តិកៈអន្តរជាតិ ថៃបានបំពានគោលការណ៍អាស៊ាន ថៃបានបំពានគោលការណ៍ច្បាប់អន្តរជាតិ ថៃបានបំពានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលខ្លួនហ្នឹងបានសន្យាជាឱឡារឹក គោរពបូរណភាពទឹកដីនៃប្រទេសទាំងពីរ ម្លោះហើយកម្ពុជាត្រូវតែប្រញាប់ចាត់ការយន្តការអន្តរជាតិនានា ឲ្យអន្តរជាតិដាក់សម្ពាធថៃ តាមរយៈការប្ដឹងទៅតុលាការអន្តរជាតិ»។
កម្តៅព្រំដែនកម្ពុជា-ថៃ បានកក្រើកឡើងវិញចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលមានរយៈជិត២ខែទៅនេះ ក្រោយភាគីថៃបានបើកការបាញ់ប្រហារទៅលើលេណដ្ឋានជួរមុខរបស់កម្ពុជា នៅតំបន់មុំ៣ស្រុកជំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។
វិវាទនេះ បានជំរុញឱ្យភាគីកម្ពុជា ជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ពីបំណងប្តឹងថៃជុំវិញការរំលោភបំពានប្រាសាទខ្មែរ ដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលភាពតាមតឹងនេះរហូតផ្ទុះអាវុធនៅថ្ងៃទី២៤ខែកក្កដានេះ។
យ៉ាងណា គិតត្រឹមម៉ោងផ្សាយនេះ ក្រសួងការពារជាតិកម្ពុជា មិនទាន់ប្រកាសពីចំនួនអ្នកស្លាប់និងអ្នករងរបួសពីការឈ្លានពានរបស់ថៃនេះនៅឡើយទេ តែកាសែតដែលស្និទ្ធនឹងរដ្ឋាភិបាល បានរាយការណ៍ថា ពេលនេះ កម្ពុជាកំពុងមានប្រៀប ហើយបានគ្រប់គ្រងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីរបស់ខ្មែរបានឡើងវិញហើយ៕









