មេដឹកនាំបក្សកាន់អំណាចកម្ពុជា លោក ហ៊ុន សែន អំពាវនាវកុំឱ្យពលរដ្ឋភ័យស្លន់ស្លោជុំវិញការផ្ទុះអាវុធជាមួយភាគីថៃនៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃព្រហស្បតិ៍នេះ ដោយថា កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការវាយបក ដើម្បីឆ្លើយតបទៅនឹងការឈ្លានពីភាគីថៃនោះទេ។
លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក នាប៉ុន្មាននាទីមុននេះថា ការឈ្លានពានដូចយោធាថៃថា និងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះ ដែលបានចេញបទបញ្ជាពីម្សិលមិញ ពេលនេះទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ។
លោកថា កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបត និងវាយបកនោះឡើយ។ លើសពីនេះ លោកអំពាវនាវកុំឱ្យពលរដ្ឋកម្ពុជា ភ័យស្លន់ស្លោ រហូតទិញអង្ករទំនិញស្តុកទុក ឬការលក់ទំនិញដំឡើងថ្លៃ និងសូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ។
ការលើកឡើងរបស់មេដឹកនាំកម្ពុជានេះ ខណៈនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានករណីផ្ទុះអាវុធ ដាក់គ្នា រវាងទាហានជួរមុខថៃ និងកម្ពុជា នៅប្រាសាទតាមាន់ធំ ក្រោយថៃបង្កើនការឈ្លានពានលើដែនអធិបតេយ្យខ្មែរ។
មេដឹកនាំកម្ពុជា លោក ហ៊ុន សែន សង្កត់ធ្ងន់ថា សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា៕









