លោក ហ៊ុន សែន ច្រានចោលព័ត៌មាន​ថៃ​ដែល​ថា​លោក​ចាក​ចេញ​ទៅ​ប្រទេស​ចិន

មេដឹកនាំ​កម្ពុជា​បាន​ប្រកាស​ច្រាន​ចោល​ភ្លាមៗ​ ទៅ​នឹង​ការ​ចុះ​ផ្សាយ​ដែល​ថា​លោក​បាន​ចាក​ចេញ​ទៅ​ប្រទេស​ចិន ខណៈ​កង​ទ័ព​កម្ពុជា​កំពុង​វាយ​បក​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃនោះ​។ នេះ​បើ​តាម​សារ​ដែល​លោក​បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២​៤ ខែ​កក្ក​ដា​នេះ។

បើតាមលោក ហ៊ុន សែន នៅមុ​ន​នេះ​បន្តិច កាសែត​ថៃ បាន​ចេញ​ផ្សាយ​ថា លោក​បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ខណៈលោក​​កំពុង​តែ​រួម​ចំណែក​បញ្ជា​​ទ័ព តាម​ប្រព័ន្ធ​វីដេអូ និង​ប្រព័ន្ធ​ផ្សេង​ទៀត​ ជាមួយ​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ អគ្គ​មេបញ្ជាការ​កង​ទ័ព និង​បញ្ជាការ​កង​កម្លាំ​ង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​វាយ​ចោរ​ថៃ​ឈ្លាន​ពាន។

លោកគូសបញ្ជាក់ថា លោក​មិន​រត់​ទៅ​ណា​ទេ កុំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន​ការ​ព្រួយ​បារម្ភ។ តែ​ផ្ទុយ​ទៅ​វិញ លោក​ថា ពេ​​ល​នេះ លោក​នៅ​បន្ត​អង្គុយ​ចាប់​តាំង​ពី​ពេល​ដែល​មេបញ្ជាការ​ភូមិ​ភាគ​ទី​២​របស់​ថៃ ថា​នឹង​បិទ​ច្រក​ចូល​ប្រាសាទ​តាមាន់​ធំ។

បន្ថែមពីនេះ លោកថា មេបញ្ជាការយោធភូមិភាគ២របស់ថៃ​នេះ​ហើយ ជាអ្នក​បង្ក​សង្រ្គាម​នេះ​ឡើង តាម​រយៈ​ការ​បញ្ជា​ឲ្យ​បិទ​ប្រាសាទ​តាមាន់​ធំ កាល​ពី​ម្សិល​មិញ និង​បើក​ការ​បាញ់​ប្រហារ​មក​លើ​កង​ទ័ព​កម្ពុជា នាព្រឹក​មិញ​នេះ។ លោក​ថា មេបញ្ជា​កា​រ​យោធ​ភូមិ​ភាគ​២​រូ​ប​នេះ​ហើយ ដែល​ធ្លាប់​បាន​ព្រមាន​ថា នឹង​វាយ​កម្ពុជា​ដោយ​ប្រើ​ពេល​ត្រឹម​៣ថ្ងៃ។

មេដឹកនាំកម្ពុជា បញ្ជាក់​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំក៏​ច​ង់​ស្គាល់​យុទ្ធ​សាស្ត្រ​ត្រឹម​៣ថ្ងៃ​របស់​គាត់​ដែរ។ ការ​ចុះ​ផ្សាយ​ដែល​ចរិត​កុហក​នៃ​អ្នក​នយោបាយថៃ​ និង​សារ​ព័ត៌មា​ន​ថៃ វា​បាន​ក្លាយ​ទៅ​ជា​វប្បធម៌​ធម្មតា​របស់​ពួក​គេ​ទៅ​ហើយ សូម​បន្ត​បោក​ប្រាស់​តទៅ​ទៀត​ចុះ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួង​ការពារ​ជាតិកម្ពុជា លោក​ស្រី ម៉ាលី សុជាតា បាន​បញ្ជាក់​ថា ពេល​នេះ កម្ពុជា កាន់​​កាប់​​ប្រាសាទ​តាក្របី ១០០​ភាគ​រយ កាន់​កាប់​តំបន់​មុំបី ដោយ​ជោគ​ជ័យ និង​រក្សា​កាន់​កាប់​នៅ​តំបន់​ប្រាសាទ​តាមាន់​ធំ ដោយ​មិន​មាន​ការ​ដក​ថយ​សូម្បី​មួយ​ជំហាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ