លោក ផែង ហេង មេធាវីការពារក្តីឱ្យលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា លោកទើបទទួលបានដីកាដែលលោកហៅថាជាសំណុំរឿងពិសេស(VIP)របស់លោក កឹម សុខា ហើយថា ក្រុមមេធាវីរបស់ពួកលោកនឹងចូលរួមសវនាការតាមនីតិវិធីរបស់តុលាការ។
យោងតាមដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញ លោក ផែង ហេង ឱ្យចូលរួមសវនាការជាកំណត់នៅបន្ទប់សវនាការលេខ១ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៨និង៣០នាទីព្រឹក ដើម្បីជំនុំជម្រះលើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
វីអូឌី មិនអាចទាក់ទង លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយបន្ថែមលើបញ្ហានេះបានទេ នៅថ្ងៃទី២៥ខែកក្កដានេះ។
ប៉ុន្តែយោងតាមសេចក្តីជូនដំណឹងដាច់ដោយឡែកមួយទៀត របស់សាលាឧទ្ធរណ៍ បានប្រាប់ឱ្យមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ លោក កឹម សុខា និងមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី ត្រូវជូនដំណឹងអំពីការដាក់សេចក្តីសន្និដ្ឋានការពារជាលាយលក្ខណ៍អក្សរ មកតុលាការឱ្យបានមុនថ្ងៃទី១៤ខែសីហា។
ក្នុងសេចក្តីជូនដំណឹងរបស់សាលាឧទ្ធរណ៍ បានប្រាប់មេធាវីថា ក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចបន្តសវនាការលើសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៤ខែសីហា ដើម្បីធ្វើសេចក្តីសន្និដ្ឋានដោយផ្ទាល់មាត់ អាស្រ័យហេតុនេះ សូមលោក-លោកស្រីជាមេធាវី ដាក់សេចក្តីសន្និដ្ឋានជាលាយលក្ខណ៍អក្សររបស់ខ្លួនមកតុលាការ ឱ្យបានមុនកាលបរិច្ឆេទធ្វើសេចក្តីសន្និដ្ឋានដោយផ្ទាល់មាត់ នៅថ្ងៃទី១៤ខែសីហា។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានសម្រេចផ្តន្ទាទោស លោក កឹម សុខា ឱ្យជាប់ឃុំនៅក្នុងផ្ទះចំនួន ២៧ឆ្នាំ និងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស។
ជាមួយគ្នានេះ សាលាឧទ្ធរណ៍ភ្នំពេញ ក៏បានកំណត់យកថ្ងៃទី៨ ខែសីហា ជាថ្ងៃបើកសវនាការលើ លោក រ៉ុង ឈុន ជាអ្នកនយោបាយប្រឆាំងផងដែរ។ យោងតាមដីកាសាលាឧទ្ធរណ៍ ចុះថ្ងៃទី២៤ខែកក្កដា បានបង្គាប់ឱ្យ លោក រ៉ុង ឈុន បច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិចូលខ្លួនទៅតុលាការនៅថ្ងៃទី៨ ខែសីហា វេលាម៉ោង២រសៀល ដើម្បីជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ ក្នុងសំណុំរឿងពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ការមិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹមប្រព្រឹត្តនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ក្នុងពន្ធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀល ពីបទ មិនរាងចាលដែលផ្តើមចេញពីសកម្មភាពនយោបាយចុងក្រោយ បន្ទាប់ពីលោកបានជាប់ពន្ធនាគារចំនួនពីរលើក ក្នុងសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម។
ក្រៅពីការផ្តន្ទាទោសឲ្យជាប់ក្នុងពន្ធនាគារ និងពិន័យជាប្រាក់ អ្នកនយោបាយប្រឆាំងរូបនេះ ក៏ត្រូវបានតុលាការសម្រេចដកហូតសិទ្ធិធ្វើនយោបាយជាស្ថាពរផងដែរ ពោលគឺគ្មានសិទ្ធិបោះឆ្នោត និងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ បន្ទាប់ពីតុលាការបានសម្រេចរឹបអូសយកផ្ទះល្វែងតែមួយគត់របស់លោកដើម្បីលក់ឡៃឡុងយកប្រាក់បង់ជំងឺចិត្តទៅឱ្យគណៈកម្មាការព្រំដែនកម្ពុជា។
សំណុំរឿងក្តី លោកកឹម សុខា និងលោករ៉ុង ឈុន ក៏ដូចជាសំណុំរឿងក្តីអ្នកនយោបាយ សកម្មជនបរិស្ថាននិងសង្គមជាង ៦០នាក់ផ្សេងទៀត ដែលកំពុងជាប់ឃុំត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិចាត់ទុកថា ជារឿងក្តីនយោបាយដែល លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងដោយប្រើប្រាស់ប្រព័ន្ធតុលាកា រដែលស្ថិតនៅក្រោមកណ្តាប់ដៃរបស់លោក ដើម្បីផ្តួលគូប្រជែងនយោបាយរបស់ខ្លួន។
ការកំណត់ពេលបើកសវនាការលើអ្នកនយោបាយប្រឆាំងនាពេលនេះ ស្របពេលមានចរន្តជំរុញឱ្យមានការបង្រួបបង្រួមជាតិកាន់តែខ្លាំង ដើម្បីឱ្យខ្មែរខ្លាំង ខណៈមានការផ្ទុះអាវុធប្រឆាំងនឹងការឈ្លានពានរបស់ថៃ។
លោក ផែង ហេង មេធាវីការពារសិទ្ធឱ្យ លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ខ្មែរត្រូវមូលមតិគ្នាប្រើសំឡេងតែមួយ គាំទ្រឲ្យរាជរដ្ឋាភិបាល តតាំងតាមច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសថៃ។ គ្រប់គណបក្សនយោបាយ គ្រប់ប្រជារាស្ត្រខ្មែរ ត្រូវរួបរួមគ្នា ដើម្បីជាតិខ្មែរ អធិបតេយ្យ និងបូរណភាពទឹកដី ឲ្យមានឯកភាពជាតិក្រោមរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រគង់ជាព្រះប្រមុខរដ្ឋ។ លោកលើកឡើងថា ពេលខ្មែរមានឯកភាពជាតិ ពេលខ្មែរមានសំឡេងតែមួយ នោះហើយជាភាពខ្លាំងរបស់ខ្មែរ ទាំងលើឆាកនយោបាយតំបន់ និងពិភពលោក។
លោកបានសរសេរក្នុងសំណេរដើមថា៖ «ខ្ញុំពិតជាចង់បានឯកភាពជាតិមួយយ៉ាងពិតប្រាកដ ក្រោមរដ្ឋធម្មនុញ្ញ និងក្រោមព្រះរាជតួនាទីរបស់ព្រះមហាក្សត្រ។ រដ្ឋធម្មនុញ្ញចែងឲ្យមានរបបរាជាធិបតេយ្យ សេរីពហុបក្ស ទើបខ្មែរមានគណបក្សច្រើន ហើយមានទស្សនៈនយោបាយផ្សេងៗគ្នា និងមានសមាជិកគាំទ្ររៀងៗខ្លួន។ ការបញ្ចេញមតិជំទាស់ ឬទស្សនៈនយោបាយដឹកនាំខុសគ្នា មិនមែនជាអំពើក្បត់ជាតិទេ នោះហៅថាបក្សប្រឆាំង ឬសំឡេងជំទាស់ ដែលសង្គមប្រជាធិបតេយ្យ ត្រូវការជាចាំបាច់ក្នុងការដឹកនាំប្រទេសជាតិឲ្យរីកចម្រើន»។
បើតាមលោក ផែង ហេង កាលៈទេសៈនេះ ការឲ្យមានឯកភាពជាតិ គឺងាយណាស់ ដោយរាជរដ្ឋាភិបាលអាចស្នើឲ្យមានការលើកលែងទោសចំពោះទណ្ឌិត ឬស្នើឲ្យតុលាការទម្លាក់បទចោទទាំងអស់មកលើអ្នកដែលរាជរដ្ឋាភិបាលបានចាត់ការតាមផ្លូវតុលាការ។
ការលើកលែងទោស ឬការស្នើទម្លាក់បទចោទលើសកម្មជន និងអ្នកដឹកនាំបក្សប្រឆាំងនោះហើយ ជាសញ្ញាវិជ្ជមាន ឬជាសកម្មភាពផ្តើមឲ្យមានឯកភាពជាតិពិតប្រាកដ ដែលមិនមែនគ្រាន់តែជាវោហាសាសន៍ ឬមានតែលើក្រដាសនោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី២៥ខែកក្កដានេះថា ការផ្ទុះអាវុធ រវាងកម្ពុជា-ថៃ ដែលកើតឡើងនៅថ្ងៃទី២៤ខែកក្កដា អាចនឹងអូសបន្លាយយូរតទៅមុខទៀត ដែលនៅក្នុងកាលៈទេសៈនេះ វាចាំបាច់ណាស់ដែលអ្នកនយោបាយខ្មែរគ្រប់និន្នាការត្រូវរួបរួមសាមគ្គីគ្នាក្នុងការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពាន។
ក្រៅពីអបអរចំពោះកងទ័ពកម្ពុជា ដែលដណ្តើមកាន់កាប់ទឹកដីកម្ពុជាមួយចំនួនបានពីថៃវិញ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាត្រូវធ្វើយ៉ាងណាគ្រប់គ្រងទឹកដីទាំងនោះឱ្យបាន មិនត្រូវឱ្យថៃចូលមកដណ្តើមគ្រប់គ្រងលើទឹកដីខ្មែរទាំងនេះបានទៀតឡើយ និងត្រូវប្រើគ្រប់យន្តការច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។
លោកថា៖ «ទៅមុខកម្ពុជាមានតែជ្រើសរើសមាគ៌ាមួយ ដែលធ្វើឱ្យសង្គមកម្ពុជាមានឯកភាពជាតិច្បាស់លាស់ ហើយកសាងអភិវឌ្ឍន៍ខ្លួនឱ្យរឹងមាំ ដើម្បីការពារ ដើម្បីត្រៀមក្នុងកាលៈទេសៈណាមួយ ដែលបានកើតឡើងដូចថ្ងៃនេះអ៊ីចឹង។ ចំពោះករណីលោកប្រធាន កឹម សុខា នេះយើងឃើញថា ទាំងមតិជាតិនិងអន្តរជាតិសុំឱ្យមានការដោះលែងមានសេរីភាពឡើងវិញអីជាដើម ហើយជាកាលៈទេសៈមួយដែលតុលាការលោកគួរតែពិចារណា ដើម្បីអាចជាប្រយោជន៍សង្គមជាតិទូទៅ និងការផ្សះផ្សាជាតិ ឬក៏ជាការស្វែងរកឯកភាពជាតិរបស់យើងផងក្នុងកាលៈទេសៈនេះ ពីព្រោះថា អ្នកវិភាគក្តីអីក្តី ទាំងសហគមន៍អន្តរជាតិនៅតែមើលឃើញថា វាជាករណីនយោបាយ»។
ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន រួមទាំងអ្នកនយោបាយ និងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរជាច្រើនទៀត បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា និងបញ្ចេញសារអបអរ និងគាំទ្រដល់កងទ័ពកម្ពុជាផងដែរ។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងទាំង៣ ចុះថ្ងៃទី២៤ខែកក្កដា បានកោតសរសើរវីរៈកងទ័ពកម្ពុជាដែលបានការពារនូវអធិបតេយ្យភាពបូរណភាពទឹកដីនៅសមរភូមិមុខ ដែលមានភក្តីភាពអង់អាចក្លាហានលះបង់អាយុជីវិត ដើម្បីការពារនូវបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរទាំងមូល។
ជាមួយគ្នានេះ គណបក្សទាំងនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស គ្រប់និន្នាការនយោបាយ ត្រូវរួបរួមសាមគ្គីគ្នាជាខ្មែរតែមួយ ក្នុងការប្រឆាំងនឹងបរទេសដែលបានឈ្លានពានមកលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានេះ ដោយមើលឃើញថា ការផ្ទុះអាវុធឈ្លានពានពីថៃ អាចនឹងអូសបន្លាយរយៈពេលវែង និងដើម្បីឱ្យខ្មែររឹងមាំខ្លាំង អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនបានគង់វង្សយូរអង្វែង លោក រ៉ុង ឈុន បានលើកឡើងថា វាចាំបាច់ណាស់ដែលអ្នកនយោបាយខ្មែរត្រូវរួបរួមសាមគ្គីគ្នា កុំយកខ្មែរគ្នាឯងធ្វើជាសត្រូវ ដោយគ្រាន់តែមានទស្សនៈផ្ទុយគ្នា។ លោកនិយាយថា ខ្មែរនឹងខ្លាំងនៅពេលដែលខ្មែរចេះរួបរួមសាមគ្គីគ្នាមិនយកគ្នាធ្វើជាសត្រូវ។
បើតាមលោក រ៉ុង ឈុន ការរួបរួមគ្នាត្រូវចាប់ផ្តើមពីការដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងអ្នកនយោបាយប្រឆាំង រួមទាំងសកម្មជនបរិស្ថាន និងសកម្មជនសង្គមជាច្រើនទៀត ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ ពីព្រោះពួកគាត់ទាំងនោះ មិនបានប្រព្រឹត្តអំពើក្បត់ជាតិអ្វី ដូចការចោទប្រកាន់របស់តុលាការនោះទេ។
ចំណែក ព្រះតេជគុណ គូ សុភាព ជាបញ្ញវ័ន្តសង្ឃដែលមានកេរ្តិ៍ឈ្មោះល្បី បានបង្ហោះសារលើបណ្តាញសង្គមរបស់ព្រះអង្គ នៅថ្ងៃទី២៥ខែកក្កដានេះថា «ដរាបណា ផ្ទៃក្នុងសាមគ្គីគ្នាជាធ្លុងមួយ មិនបែកបាក់គ្នា សត្រូវមិនអាចឈ្លានពានបានឡើយ»។
សូមបញ្ជាក់ថា ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងកម្ពុជានិងថៃ បានផ្ទុះឡើងជាថ្មីទៀតកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥ នៅពេលកងទ័ពថៃនៅតំបន់ប្រាសាទតាមាន់ធំ បានបើកការវាយប្រហារបណ្តេញកងទ័ពកម្ពុជាចេញពីប្រាសាទដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
សង្គ្រាមនេះ បានរីករាលដាលទៅកាន់ទីតាំងចំនួន៧ផ្សេងទៀត នៅតាមព្រំដែន ហើយបើទោះបីជាកងទ័ពថៃ បានប្រើយន្តហោះទម្លាក់គ្រាប់F-16 ក៏ដោយក៏កងទ័ពកម្ពុជាបានវាយសង្គ្រប់ដណ្តើមកាន់កាប់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីវិញទាំងស្រុង។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា៕









