ការផ្ទុះអាវុធដាក់គ្នារយៈពេល២ថ្ងៃទៅនេះ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនវិធានថ្កោលទោសថៃ ដោយសំអាងថា ការឈ្លានពានរបស់ថៃ កាន់តែមានសភាពធ្ងន់ធ្ងរ វាយចូលទីតាំងស៊ីវិល និងបំផ្លាញបេតិកភណ្ឌពិភពលោក បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ។
ការអំពាវនាវនេះ ចំពេលទីភ្នាក់ងារសារព័ត៌មានAFP ចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដាថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) នឹងបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រ ម៉ោង៣រសៀល នៅទីក្រុងញូយ៉ក ត្រូវនឹងម៉ោង២ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដានេះ តាមការជូនដំណឹងរបស់កម្ពុជា ដើម្បីសុំអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់ថៃ។
នៅថ្ងៃទី២៥ ខែកក្កដានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃសុក្រ ទី២៥ ខែកក្កដានេះ បានបញ្ជាក់ថា ថៃបានបង្កើនកងទ័ព និងប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងគ្រាប់បែកចង្កោម វាយលើទីតាំងជាច្រើនកន្លែងក្នុងទឹកដីកម្ពុជា ដែលជាការរំលោភបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ។
អ្នកស្រីថា៖ «នៅក្នុងចំណុចនេះ យើងកត់សម្គាល់ឃើញថា ការប្រើប្រាស់អាវុធកាន់តែធ្ងន់ធ្ងរទៅៗរបស់ភាគីថៃ ហើយនឹងការពង្រាយទាហានកាន់តែច្រើនលើសលុបឡើង ដើម្បីទន្ទ្រានទឹកដីកម្ពុជាគឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែត ពីធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាន ដែលជាគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ»។
ម៉្យាងវិញទៀត អ្នកស្រីអះអាងថា ទង្វើឈ្លានពានរបស់ថៃដោយប្រើអាវុធធុនធ្ងន់នេះ បានបំផ្លាញបេតិកភណ្ឌពិភពលោក ការណ៍នេះ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសថៃយ៉ាងម៉ឺងម៉ាត់បំផុត។
អ្នកស្រីថា៖ «នេះជាទង្វើដែលបំផ្លិចបំផ្លាញនូវសម្បត្តិបេតិកភណ្ឌពិភពលោក ហើយរួមជាមួយគ្នានេះ ការទម្លាក់គ្រាប់បែករបស់ភាគីថៃ និងការបាញ់ផ្លោងរបស់ភាគីថៃបានចូលទៅដល់តំបន់ស៊ីវិល ធ្វើឲ្យមានការខូចខាតមួយចំនួនផងដែរ នៅក្នុងនោះយើងកត់សម្គាល់ឃើញថា ការទម្លាក់គ្រាប់របស់ភាគីថៃទៅដល់ទីតាំងវត្តអារាមដែលជាទីសក្ការៈដែលជាទីប្រជុំជនរបស់ប្រជាជនរស់នៅ»។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកទង្វើឈ្លានពានរបស់ថៃ រំលោភគោលការណ៍ច្បាប់អន្តរជាតិ រំលោភលក្ខន្តិកៈ UN, លក្ខន្តិកៈ ASEAN, សន្ធិសញ្ញាបារាំង-សៀម ១៩០៤-១៩០៧ និងរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លើសពីនេះ លោកថា កម្ពុជាត្រូវពន្លឿនសុំកិច្ចអន្តរាគមន៍ពីសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រៅពីពន្លឿនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាបន្ទាន់ផងដែរ ដើម្បីទប់ស្កាត់មហិច្ឆតាឈ្លានពានទឹកដីនេះ។
លោកថា៖ «ជាការពិតណាស់ ជាក់ស្តែងណាស់ គឺប្រទេសថៃ ភាគីថៃជាអ្នកវាយប្រហារមកលើកម្ពុជាមុន ហើយថៃបានរំលោភយ៉ាងពិតប្រាកដទៅលើគោលការណ៍ច្បាប់អន្តរជាតិ មានទាំងរំលោភលក្ខន្ដិកៈអង្គការសហប្រជាជាតិរំលោភលក្ខន្តិកៈរបស់សមាគមអាស៊ាន រំលោភសន្ធិសញ្ញាបារាំង–សៀមឆ្នាំ១៩០៤–១៩០៧ និងរំលោភកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលថៃបានសន្យាជាឱឡារិកថា គោរពបូរណភាពទឹកដីនៃប្រទេសទាំងពីរ ដូច្នេះហើយរឿងនេះ គឺប្រាកដណាស់កម្ពុជាត្រូវតែបញ្ជាក់ប្រាប់ទៅភាគីអន្តរជាតិថាថៃជាអ្នកបំពានកម្ពុជា យោធាថៃជាអ្នកធ្វើការបាញ់ប្រហារមកលើកម្ពុជាមុន»។
កម្តៅព្រំដែនកម្ពុជា-ថៃ បានកក្រើកឡើងវិញចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលមានរយៈជិត២ខែទៅនេះ ក្រោយភាគីថៃបានបើកការបាញ់ប្រហារទៅលើលេណដ្ឋានជួរមុខរបស់កម្ពុជា នៅតំបន់មុំ៣ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់។
វិវាទនេះ បានជំរុញឱ្យភាគីកម្ពុជា ជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ពីបំណងប្តឹងថៃជុំវិញការរំលោភបំពានប្រាសាទខ្មែរ ដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ដែលភាពតាមតឹងនេះរហូតផ្ទុះអាវុធនៅថ្ងៃទី២៤ខែកក្កដានេះ។
យ៉ាងណា គិតត្រឹមម៉ោងផ្សាយនេះ ក្រសួងការពារជាតិកម្ពុជា អះអាងថា បើទោះភាគីថៃបង្កើនការវាយប្រហារមកលើកងទ័ពកម្ពុជាក្តី តែថាកម្ពុជានៅបន្តគ្រប់គ្រងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបីខេត្តព្រះវិហារដដែល ក្រោយកម្ពុជាវាយច្បាមយកមកវិញកាលពីថ្ងៃទី២៤ កក្កដានេះ៕









