ក្រសួងវប្បធម៌កម្ពុជា នឹងរៀបចំនីតិវិធី និងចងក្រងឯកសារពាក់ព័ន្ធ ជុំវិញការខូចខាតនានា ទៅលើទីតាំងជុំវិញនិងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមច្បាប់ផ្លូវអន្តរជាតិ បន្ទាប់ពីទាហានថៃបានបាញ់កាំភ្លើងធំ និងទម្លាក់គ្រាប់បែកពីលើអាកាស ទៅលើទីតាំងប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សេចក្តីថ្លែងការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធថៃ ដែលបានឈ្លានពានកម្ពុជាធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក និងជាមរកតវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។
ក្រសួងបន្តថា ការវាយប្រហាររបស់ទាហានថៃ ជាមួយនឹងការប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើអាកាស ទៅលើតំបន់ប្រាសាទព្រះវិហារ ជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ជាពិសេសមិនគោរពទៅតាមអនុសញ្ញាអន្តរជាតិនានា ស្តីពីការពារបេតិកភណ្ឌវប្បធម៌ ក្នុងនោះមានដូចជា អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧២ ជាដើម។
ប្រភពដដែល បន្តថា ក្នុងនាមជាសមាជិកនៃអនុញ្ញានេះ ប្រទេសថៃ មានកាតព្វកិច្ចគោរព ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា វាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេចធ្លោជាសកលរបស់បេតិកភណ្ឌ។
ក្រសួងសង្កត់ធ្ងន់ថា៖ «ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងការរំលោភលើច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មសង្គ្រាម[…] ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌ និងសីលធម៌ ដែលគំរាមកំហែងដល់ការខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអន្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា»។
ករណីនេះ ក្រសួងថា នឹងធ្វើការវាយតម្លៃលម្អិត ចងក្រងឯកសារពាក់ព័ន្ធ រួមទាំងការខូចខាតនានា ស្របទៅតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមផ្លូវច្បាប់អន្តរជាតិ។
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌កម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៥ ខែកក្កដានេះថា តាមការវាយតម្លៃបឋម និងរូបភាពដែលទទួលបាន គឺតំបន់ប្រាសាទព្រះវិហារ បានរងនូវការប៉ះទង្គិចស្ទើរគ្រប់កន្លែង ពីគ្រាប់កាំភ្លើងដែលបាញ់ដោយយោធាថៃ ជាពិសេសតំបន់ការពារប្រាសាទទី១ គោបុរៈទី១ គោបុរៈទី២ គោបុរៈទី៣ និងគោបុរៈទី៥។
លោកថា៖ «ចឹងប៉ះគ្រប់ប្រភេទទាំងអស់ ហើយយើងនឹងបន្តធ្វើការជាមួយអង្គការជាតិ អង្គការអន្តរជាតិពាក់ព័ន្ធការគ្រប់គ្រងបេតិកភណ្ឌពិភពលោកនេះ ដើម្បីវាយតម្លៃហើយនិងមានវិធានការទៅតាមផ្លូវច្បាប់ជាធរមាន»។
បើតាម លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដែលបានគូសបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក គឺនៅព្រឹកថ្ងៃសុក្រនេះ យោធាថៃនៅបន្តការបាញ់ផ្លោងទៅលើតំបន់ប្រាសាទព្រះវិហារនៅឡើយ។
ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។
គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល ១៧ឆ្នាំមកហើយ ប៉ុន្តែថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហាររបស់ខ្មែរ តាមរយៈការមិនទទួលស្គាល់សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅឆ្នាំ១៩៦២ និងការបកស្រាយសាលដីការបស់ ICJ នៅឆ្នាំ២០១៣ រួមនឹងការកាឡៃប្រវត្តិសាស្ត្រពីសំណាក់ក្រុមជាតិនិយមថៃជាដើម។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ យល់ឃើញដូចក្រសួងវប្បធម៌កម្ពុជាដែរថា ថៃជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ដូច្នេះថៃត្រូវមានកាតព្វកិច្ចគោរព ការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក ក្នុងនោះក៏មានប្រាសាទព្រះវិហារផងដែរ ប៉ុន្តែថៃពុំបានការពារ បែរជាប្រើប្រាស់យោធាដើម្បីបំផ្លាញបេតិកភណ្ឌវប្បធម៌ពិភពលោកទៅវិញ ដូច្នេះថៃត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់។
លោកថា៖ «ដូច្នេះកម្ពុជាត្រូវតែប្តឹងទៅខាងអង្គការអន្តរជាតិ ក៏ដូចជា ខាងយូណេស្កូ ដើម្បីធ្វើម៉េចឱ្យថៃទទួលខុសត្រូវចំពោះអ្វីដែលខ្លួនឯងបានបំផ្លាញបេតិកភណ្ឌពិភពលោកនេះ ហើយទាមទារសំណងសមរម្យចំពោះការបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោក ហើយថៃត្រូវតែទទួលខុសត្រូវក្នុងការជួលជុលឡើងវិញនូវការដែលខូចខាតប្រាសាទព្រះវិហារ ដែលថៃបានបាញ់មកលើប្រាសាទរបស់កម្ពុជា»។
ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ប្រាសាទព្រះវិហារមានចម្ងាយ ៤០៥គីទ្បូមែត្រ ពីរាជធានីភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ។
ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ ៤អង្គ ព្រះនាម ព្រះបាទយសោវរ្ម័នទី១ សាងសង់ក្នុងគ.ស ៨៨៩-៩១០, ព្រះបាទសូរ្យវរ្ម័នទី១ សាងសង់ក្នុងគ.ស ១០០២-១០៥០, ព្រះបាទសូរ្យវរ្ម័នទី២ សាងសង់ក្នុងគ.ស ១១១៣-១១៥០ និងព្រះបាទជ័យវរ្ម័នទី៦ សាងសង់ក្នុងគ.ស ១០៨០-១១០៩។
ប្រាសាទព្រះវិហារ ត្រូវបានពួកអាណានិគមនិយមបារាំង ប្រគល់ឲ្យប្រទេសថៃ ក្នុងឆ្នាំ១៩៥៤ តែត្រូវបានទាមទារបានមកវិញ ដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ៕









