ការប៉ះទង្គិចគ្នា​នៅ​ព្រំដែន​កម្ពុជា-ថៃ បាន​រាល​ដាល​ទៅ​ជា​សង្គ្រាម​ព័ត៌​មាន

ខណៈ​មាន​ការ​ប៉ះទ​ង្គិច​គ្នា​ដោយ​អាវុធ នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា និង​ថៃ បណ្ដាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​ប្រទេស​ទាំង​ពីរ បាន​បើក​យុទ្ធនា​ការ​ឃោសនា​រៀងៗ​ខ្លួន ដោយ​ស្ថាប័ន​មួយ​ចំនួន បាន​រាយ​ការណ៍​អំពី​ស្ថាន​ភាព​ប៉ះ​ទង្គិ​ច​គ្នា​នេះ​ផ្សេងៗ​ពី​គ្នា។

អ្នកធ្វើការលើផ្នែកសា​រ​ព័ត៌មាន យល់​ឃើញ​ថា ការ​ផ្សព្វ​ផ្សាយ​សារព័ត៌​មាន​មួយ​ចំនួន របស់​ប្រទេស​ទាំង​ពីរ​ មាន​បង្កប់​នូវ​ផល​ប្រយោជន៍​នយោបាយ និង​កាទូ​តរបស់​ប្រទេស​រៀងៗ​ខ្លួន។

តាំងពីថ្ងៃដំបូង ដែល​កម្ពុជា-ថៃ ចាប់​ផ្ដើម​មាន​ភាព​តាន​តឹង​ជាមួយ​គ្នា​រឿង​វិវាទ​នៅ​តាម​ព្រំដែន រហូត​ដល់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ កាល​ពី​ថ្ងៃទី​២៤ខែកក្កដា ស្ថាប័ន​ជាតិ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំៗ រួម​ទាំង​អ្នក​បង្កើត​មាតិកា​រ​ល្បីៗ​របស់​កម្ពុជា និង​ថៃ ហាក់​បាន​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អំពី​សភាព​ការណ៍ និង​ការ​ថ្លែង​របស់​មន្រ្តី​ជាន់​ខ្ពស់ និង​មេដឹកនាំ​របស់​ប្រទេស​សាមី និង​គូរបដិបក្ខ​ទៅ​វិញ​ទៅ​មក។

ទោះជាយ៉ាងនេះក្ដី ខ្លឹមសារនៃការចុះផ្សាយមួយចំនួន ត្រូវ​បាន​រដ្ឋាភិបាល​នៃប្រ​ទេស​នីមួយៗ បាន​ចោទ​ថា​ ជា​ព័ត៌​មាន​ក្លែង​ក្លាយ ដែល​ភាគី​នីមួយៗ បាន​ប្រឌិត​ឡើង​ក្នុង​ចេតនា​វាយ​ប្រហារ ទៅ​លើ​ភាគី​គូរប​ដិ​បក្ខ និង​ដើម្បី​ផល​ប្រយោជន៍​នយោ​បាយ។ ប្រការ​នេះ បាន​បង្ក​ទៅ​ជា​សង្គ្រាម​ព័ត៌​មាន រវាង​កម្ពុជា និង​ថៃ បន្ថែម​ពី​លើភាព​តាន​តឹង​ខាង​ផ្នែក​យោធា។

ជាក់ស្ដែងក្នុងករណីផ្ទុះអាវុធ រវាងកម្ពុជា និងថៃ នៅ​ប្រាសាទ​តាមាន់ធំ កាល​ពីថ្ងៃ​ទី​២៤ ខែ​កក្កដា សង្គ្រាម​ចុង​ប៊ិក បាន​ផ្ទុះ​ឡើង​ដំណាល​គ្នា​ដែរ ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ស្ថាប័ន​រដ្ឋ នៃ​ប្រទេស​ទាំង​ពីរ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ថា​ជា​អ្នក​កៃកាំ​ភ្លើង​មុន​គេ។

យោធាថៃនៅតំបន់២ និង​សាព័ត៌មាន​ថៃ បាន​ចោទ​ថា កម្ពុជា​ជា​អ្នក​ផ្ដើ​ម​ការ​វាយ​ប្រហារ​មុន ចំណែក​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​បដិសេធ និង​ចោទ​ទៅ​វិញ​ថា គឺ​ភាគី​ថៃ ជា​អ្ន​ក​បាញ់​ប្រហារ​មុន បន្ទាប់​ពី​ទាហាន​ថៃ បាន​បិទ​បន្លា​​លួស​​មិ​ន​ឱ្យ​ទាហាន​ខ្មែរ​ឡើង​ទៅ​ប្រាសាទ​តាមាន់ធំ។

ក្នុងហេតុការណ៍ផ្ទុះអាវុធនេះ សារ​ព័ត៌មា​ន​អន​ឡាញ និង​ក្រុម MMO របស់​កម្ពុជា​មួយ​ចំនួន បានផ្សព្វ​ផ្សាយ​ថា ទាហាន​ខ្មែរ​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ចម្បាំង F-16 របស់​ថៃ​មួយ​គ្រឿង ប៉ុន្តែ​យោធា​តំបន់​២ របស់​ថៃ បាន​ចេញ​មក​បក​ស្រាយ​ថា ករណី​នេះ ​គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។

ចំណែកឯខាងភាគីថៃវិញ ក្នុងថ្ងៃជាមួយគ្នានោះ​ កាសែត The Nation Thailand របស់​ថៃ បាន​ចុះ​ផ្សាយ​ថា ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ចិន តាម​​យន្ត​ហោះ​ឯកជន​មួយ។ ប៉ុន្តែ​ភ្លាមៗ​នោះ លោក ហ៊ុន សែន បាន​ចេញ​មក​បញ្ជាក់​ពី​វត្តមាន​របស់​លោក ដែល​កំពុង​​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​កំពុង​រួម​ចំណែក​បញ្ជា​ទ័ព តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​មន្រ្តី​ជំនាញ និង​ថ្នាក់​ដឹក​នាំ​រដ្ឋ ដើម្បី​វាយ​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​ដោយ​ទ័ព​ថៃ។

ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា សារព័ត៌​មាន The Nation Thailand ដដែល បាន​ផ្សាយ​ថា “កង​កម្លាំង​ថៃ​បាន​ដណ្តើម​យក​ប្រាសា​ទ​ព្រះ​វិហារ និង​វត្ត​កែវ​សិក្ខា​គីរី​ស្វារៈ បាន​ដោយ​ជោគ​ជ័យ

ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាន​ប្រកាស​ច្រាន​ចោល និង​ចាត់​ទុក​ថា ជា​ព័ត៌មាន​មិន​ពិត។ ជាមួយ​គ្នា​នេះ សារព័ត៌មាន Nation​​Weekend បាន​ចុះ​ផ្សាយ​ថា ក្នុង​កំឡុង​ពេល​​ប៉ះ​ទង្គិចគ្នា រយៈ​ពេល ២ថ្ងៃ​មក​នេះ ភាគី​កម្ពុជា មាន​កង​ទ័ព ពលរដ្ឋ និង​ព្រះ​សង្ឃ សរុប​ចំនួន ២៤​នាក់ និង​អង្គ បាន​បាត់​បង់​ជីវិតក្នុង​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ។ ទោះយ៉ាង​ណា ចំពោះ​និន្នន័យ​នេះ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់ និងឆ្លើយ​តប​ពី​ភាគី​កម្ពុជា​នៅ​ឡើយ។

នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ អ្នកស្រី ឆន សុគន្ធា មើល​ឃើញ​ថា សារ​ព័ត៌មាន​កម្ពុជា​ភាគ​ច្រើន​ផ្សាយ​ជា​ភាសាខ្មែរ និង​មាន​ភាព​យឺត​យ៉ាវ ខណៈ​ការ​ក្លែង​ប​​ន្លំ​ព័ត៌​មាន​ពី​ខា​ង​ភាគី​ថៃ​​​ក៏​មាន​ចំនួន​ច្រើន។

 អ្នកស្រីបន្តថា កត្តាចំណេះដឹង និងសម្ភារៈក្នុងពេល​យក​ព័​ត៌មាន​អំពី​សង្គ្រាម ក៏​ជា​កត្តា​ធ្វើ​ឱ្យ​រាំង​​ស្ទះ​​ដល់​​កា​រ​ផ្សព្វ​ផ្សាយ​ដោយ​ហេតុ​ថា​ កម្ពុជា​ពុំ​ដែល​មាន​ករណី​តឹង​តែង​បែប​នេះ​ពី​មុន​មក។

 តែយ៉ាង​ណា អ្នក​ស្រី​​នៅ​​​តែ​ជំរុញឱ្យអ្នកសារព័ត៌មានទាំ​ង​អស់ ព្យាយា​ម​បំពេញ​ការ​ងារ​និង​វិជ្ជា​ជីវៈ​ឱ្យ​​អស់​ពី​ល​ទ្ធភាព និ​​​​ង​​​សមត្ថ​ភា​ព​ផង​ដែរ។

អ្នកស្រីថា៖ «នៅពេលដែលផ្សាយព័ត៌មានផ្សេងៗហ្នឹង ក៏គេអាច​យក​ទៅធ្វើ​ជា​ភស្តុ​តាង សម្រាប់​​ការ​ប្ដឹង​ផ្ដល់​ទៅ​ដ​ល់​នីតិ​វិធី​អន្តរ​ជាតិ​ដែរ។ អ៊ីចឹង​ហើយ​តួនាទី​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ស្ថាន​ភាព​នេះ គឺ​សំខាន់​​មែន​​ទែន​។ គាត់​ត្រូ​វ​ធ្វើ​ការ​រាយ​ការណ៍​ព័ត៌​មាន​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ឱ្យ​បាន​ទាន់​ពេល​វេលា ហើយ​ត្រូវ​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មាន​ណាដែ​ល​ពិត ដើម្បី​យក​មក​ធ្វើ​ជា​ភស្តុ​តាង ក៏​ដូច​ជា​ដើម្បី​មហា​ជន ដែល​កំពុ​​ង​តែ​តាម​​ដាន​ព័ត៌​មាន​ហ្នឹង ឱ្យ​គាត់​ទទួល​បាន​ព័ត៌មាន​ពិត»

ការផ្ទុះអាវុធនៅថ្ងៃទី​២៤ ខែកក្កដា​ ម្សិល​ម៉ិញ បាន​បង្ក​ការ​ខូច​ខាត​ដល់​ប្រាសាទ​ព្រះ​វិហារ​ ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នៃ​កម្ពុជា បាន​ចេញលិ​ខិត​ថ្កោល​ទោស​​​ថៃចំ​ពោះ​ការ​បំផ្លាញ​​សម្បត្តិ​បេ​តិក​ភណ្ឌ​​ពិភព​លោ​​កមួ​យ​នេះ។

តែស្ថាប័នយោធារបស់ថៃវិញ យោធាភូមិភាគ២​របស់​ថៃ បាន​ចេញ​មក​អះ​អាង​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ថា ទាហា​ន​ថៃ​មិន​មាន​ការ​វាយប្រ​ហារ​លើ​តំបន់​ប្រាសាទ​ព្រះ​វិហារ ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​វប្បធម៌ រប​ស់ក​ម្ពុជា​នោះ​ឡើយ ដោយ​ទាហាន​ថៃ បាន​កំណត់​គោល​ដៅវា​យ​ប្រហារ​តែ​ទៅ​លើ​ទីតាំង​មូល​ដ្ឋាន​យោធា​ប៉ុណ្ណោះ។

ទោះជាបែបនេះក្ដី ភាគី​កម្ពុជា បាន​បង្ហាញ​ភស្តុតាង​ជា​រូបថត ដែល​បង្ហាញ​ពី​បរិវេណ​ប្រាសាទ​ព្រះ​វិហារ បាន​ទទួល​ការ​វាយ​ប្រហារ​ដោយ​អាវុធ​ធុន​ធ្ងន់​ជាច្រើន​កន្លែង បណ្ដាល​ឱ្យ​ទីតាំង​មួយ​ចំនួន បាន​បែក​បាក់។

ជាងនេះទៅទៀត យោធាភូមិភាគពីររបស់ថៃ បាន​បដិសេធ​ចំពោះ​ការ​ចុះ​ផ្សាយរបស់​​សារព័ត៌​មាន​របស់​កម្ពុជា និង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ដែល​ថា កង​ទ័ព​ខ្មែរ​បាន​កាន់​កាប់​ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាក្របី និង​តំបន់​មុំបី បាន​១០០​ភាគរយ​នោះ ថា​ជា​ព័ត៌មាន​មិន​ពិត។

ទោះជាយ៉ាងណា ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ក៏​មាន​ការ​ចូល​រួម​ពី​សាច់​ញាតិ​របស់ លោក ហ៊ុន សែន ដែរ។ ជាក់​ស្ដែង​កាល​ពីថ្ងៃទី​២៤ ខែ​កក្កដា ប្អូន​ស្រីប​ង្កើត​របស់​ លោក ហ៊ុន សែន គឺ​លោក​ស្រី ហ៊ុន ស៊ីណាត បាន​បង្ហោះ​នៅ​លើទំ​ព័រ​ហ្វេស​ប៊ុក​ថា ទាហាន​របស់​ឡាវ និង​មីយ៉ាន់​ម៉ា ឬ​ភូមា កំពុង​ត្រៀម​វាយ​ប្រហារ​មក​លើ​ថៃ​ហើយ។

បញ្ហានេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន សម្ដែងការមិនពេញចិត្ត​ចំពោះកា​រ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​របស់​ស្ថាប័ន​សារព័ត៌​មាន​ក្នុង​ស្រុក ដោយ​ពួក​គាត់​ថា​មាន​ភាព​យឺត​យ៉ាវ និង​មិន​សូវ​សម្បូរ​បែប​ដូច​សារ​ព័ត៌​មាន​ថៃ ដែល​តែង​តែស​រសេរ​ចោទ​មក​លើ​កម្ពុជា។

ជុំវិញរឿងនេះ ប្រធានអង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​​ដែល​​មា​ន​​មូលដ្ឋាន​នៅ​ប្រទេស​​អូស្ត្រា​លី លោក ស៊ឹង សែន​ករុណា កត់​សម្គាល់​ឃើញ​សារ​ព័ត៌មាន​របស់​កម្ពុជា ហាក់​ចាញ់​ប្រៀប​គូ​បដិ​បក្ខ ដោយ​សារ​ថៃ មា​ន​ប​ណ្ដាញ​ផ្សព្វ​ផ្សាយ​ចម្រុះ ទាំង​ស្ថាប័ន​ក្នុង​ស្រុក និង​អន្តរ​ជាតិ​ ដែល​មាន​មូល​ដ្ឋាន​ក្នុង​ប្រទេស​ពួក​គេ។ លោក​បន្ត​ថា បញ្ហា​នៅ​ពេល​នេះ គឺ​ជា​លទ្ធផល​ដែល​បាន​ម​កពី​​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​ប្រ​ព័ន្ធ​ផ្ស​​ព្វ​ផ្សាយ​ឯករាជ្យ​ធំៗ ដើម្បី​ប្រយោជន៍​របស់​ខ្លួន ខណៈ​ដែល​ស្ថាប័ន​ទាំ​​​ងនោះ​ជា​អ្នក​ផ្សព្វ​​ផ្សាយ​ព័ត៌​មាន​វិ​ជ្ជា​ជីវៈ ដែល​សង្គម​ត្រូវ​ការ ពិសេស​ក្នុង​ស្ថាន​ភាព​វឹកវរ​ដូច​ពេល​បច្ចុប្បន្ន​នេះ។

លោកថា៖ «អ៊ីចឹងគួរតែបើកសិទ្ធិសេរីទាំងអស់នេះ​ឱ្យបាន​ពេញ​លេញ​ឡើង​វិញ ដើម្បី​ជា​​កា​ររួម​ចំណែ​ក​ផ្សព្វ​​ផ្សា​យ​ទៅ​លើ​កម្រិត​ថ្នាក់​ជាតិ ថ្នាក់​តំបន់ ឬ​ក៏​អន្តរ​ជាតិ ហើយ​សារព័ត៌មាន​ដែល​និយាយ​ការ​ពិត គឺ​មាន​​សា​​រៈ​ប្រយោជន៍​ណាស់ ដើម្បី​ឱ្យ​សហគមន៍​ជាតិ​ ​ឬ​អន្តរជាតិ​ ធ្វើ​ការ​ថ្លឹង​ថ្លែង អំពី​អ្វី​ដែល​ភាគី​ម្ខាង​​ទៀត​បាន​យក​ទៅ​ប្រឌិត យក​ទៅ​បំផុស​បំផុល​ព័ត៌​មាន ធ្វើ​ឱ្យ​បំពុល​ដល់​បរិយាកាស​នូ​​វស្ថាន​ភា​ព​សង្គ្រាម​​រវាង​ប្រ​ទេស​​កម្ពុជា និងថៃ»

ក្រឡេកមើលពីសារព័ត៌មានបរទេសវិញ មាន​ស្ថាប័នធំៗ​ជាច្រើន បាន​ចុះផ្សាយ​ពី​ករណី​ប៉ះ​ទង្គិ​ច​គ្នា​រវាងកម្ពុជា និង​ថៃ នៅ​តំបន់​ព្រំដែន។

ក្នុងនោះ កាសែត CNN, Reuters និង The Guardian ជាដើម​បាន​រំលេច​ពី​សាវតា​រឿង​ថា ថៃ​ជា​ភាគី​បង្ក​សង្គ្រាម​ជាមួយ​កម្ពុជា មុន​គេ។

 ចំណែក​ឯប្រព័ន្ធផ្សព្វផ្សាយ​ខ្លះ​ទៀត បា​នចុះ​ផ្សាយ​ពីកិ​ច្ច​អន្តរាគមន៍​ពី​បណ្ដា​ប្រទេស​មហា​អំណាច រួម​មាន អាមេរិក និងចិន និង​ប្រធាន​ប្ដូរ​វេន​អាស៊ាន គឺ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ការ​ស្នើ​ឱ្យ​កម្ពុជា និង​ថៃ ទម្លាក់​អាវុធ​ចុះ និង​ចូល​តុចរចា ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ដែល​ឈាន​ដល់​ការ​បញ្ច​ប់ស​ង្គ្រាម។ ក្នុង​នោះ មាន​តែ​សារព័ត៌​មាន BBC សេវា​កម្ម​ជា​ភាសា​ថៃ​មួយ​ប៉ុណ្ណោះ ដែ​ល​ផ្សព្វ​ផ្សាយ​ចោទ​ប្រកាន់​មក​លើក​ម្ពុជា និង​រំលេច​នូវសាវ​តារឿ​ង​មិន​ពិត​ប្រាដក និង​មិន​គ្រប់​ជ្រុង​ជ្រោយ។

យ៉ាងណាក៏ដោយ​ចុះ ទោះបី​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ទាំង​ពីរ បា​ន​ព្យាយាម​ឃោសនា ដោយ​ទាម​ទារ​នូវ​យុត្តិធម៌​សម្រាប់​ជាតិ​ខ្លួន​ឯង​យ៉ាង​ណា​ក្ដី ក៏​តថភាព​ជាក់​ស្ដែង ការ​ប៉ះទ​ង្គិច​គ្នា​ដោយ​អាវុធ​នេះ ភាគី​កម្ពុជា និង​ថៃ បាន​ទទួល​រង​ផ​ល​ប៉ះពាល់ ការ​ខាត​បង់ និង​មាន​ទាហាន និង​ជន​ស៊ីវិល ស្លាប់​ដូច​គ្នា​ ហើយករណី​នេះ ត្រូវ​បាន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​ប្រទេស​ទាំង​ពីរ បាន​លាក់​បាំង និង​យក​មក​វាយ​ប្រហារគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ