អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា យោធាថៃបានប្រើប្រាស់នូវគ្រាប់បែកចង្កោម បាញ់មកលើទីតាំងភ្នំខ្មោច និងភូមិធម្មជាតិ ដែលជាតំបន់ព្រំដែននៃទឹកដីប្រទេសកម្ពុជា នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ខណៈគ្រាប់បែកចង្កោមប្រភេទនេះ ត្រូវបានហាមប្រាមដោយអន្តរជាតិ។
អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា នៅម៉ោងជាង ៥ទៀបភ្លឺថ្ងៃទី២៥ ខែកក្កដានេះ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមចំនួន ២លើក មកតំបន់ភ្នំខ្មោច និងភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម។
អ្នកស្រីថា៖ «ថៃបានចាប់ផ្តើមប្រើគ្រាប់បែកចង្កោមវាយសន្ធប់ និងចេតនាដោយខុសច្បាប់មកលើទឹកដីកម្ពុជា។ អំពើឈ្លានពានយ៉ាងកម្រោល និងគ្មានការរើសអើងនេះ បំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពី គ្រាប់បែកចង្កោម និងការប្រើប្រាស់អាវុធបែបនេះ មិនត្រឹមតែបង្ហាញពីភាពឃោរឃៅ និងអមនុស្សធម៌ឈ្លានពានរបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងឱ្យមើលឃើញយ៉ាងងាយថា គ្មានខ្លាចរអាចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានបំផុតដែលគ្រប់គ្រងអំពីការប្រព្រឹត្តអរិយភាពរបស់ថៃ និងការពង្រាយគ្រាប់បែកចង្កោមជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល បរិស្ថាន គឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់»។
ចំណែក អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដោយយោធាថៃនៅតាមបណ្តោយព្រំដែនកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោមដែលហាមប្រាមដោយអន្តរជាតិ នៅទីតាំងភ្នំខ្មោច និងភូមិធម្មជាតិ ស្រុកជាំក្សាន្ត តាមបណ្តោយព្រំដែននៃទឹកដីកម្ពុជា ដែលបង្កការគំរាមកំហែងចំពោះប្រជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន។
គ្រាប់បែកចង្កោមត្រូវបានហាមប្រាមនៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោយសារតែគ្រាប់នេះ បង្កផលប៉ះពាល់ទៅលើផ្ទៃដីធំ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតចំពោះប្រជាជន ជាពិសេសក្មេងតូចៗ៕









