គណបក្សប្រឆាំងជំរុញឱ្យថៃ​វិល​ទៅ​តតាំង​ក្តី​នៅ​តុលាការ​(ICJ)​បើចោទ​កម្ពុជា​ថា​ឈ្លាន​ពាន

ស្រប​ពេល​ដែល​កង​ទ័ព​កម្ពុជា និង​ថៃ បើក​ការ​ប្រយុទ្ធ​គ្នាតា​ម​បន្ទាត់​ព្រំដែន​នោះ គណបក្ស​ប្រឆាំង​ថ្កោល​ទោស​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ​ដូច​បក្ស​កាន់​អំណាច​កម្ពុជា​ដែរ ដោយ​ទាម​ទារ​ឲ្យ​ថៃ​ដក​ទ័ព​ចេញ​ពីអធិប​តេយ្យ​កម្ពុជា​ជា​បន្ទាន់ ដោយ​ថា បើ​ថៃ​ត្រូវ​ទៅ​តតាំង​ក្ដី នៅតុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) បើ​ថៃ​បើ​ចោទ​ថា កម្ពុជា​ជា​អ្នក​ឈ្លាន​ពាន​ខ្លួន​នោះ។

គណបក្សសង្គ្រោះជាតិប្រចាំ​សហរដ្ឋអាមេរិក តាម​រយៈ​សេច​ក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ បាន​ថ្កោល​ទោស​យ៉ាង​ដាច់​ខាត​ចំពោះ​អំពើ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​មក​លើ​ដែន​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា។

សម្រាប់​គណបក្ស​ប្រឆាំង​នេះ ហៅ​អំពើ​​ឈ្លាន​ពាន​នេះ គឺ​ជា​ការ​រំលោភ​លើ​ច្បាប់​អន្តរ​ជាតិ ជាពិសេស​ធម្មនុញ្ញ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ ហើយ​ថា ខ្លួន​ទាម​ទារ​ឱ្យ​កង​ទ័ព​ឈ្លាន​ពាន​ថៃ​ដក​ចេ​ញ​ពី​ដែន​អធិប​តេយ្យ​របស់​​កម្ពុជា និង​បញ្ឈប់​រាល់​ការ​បង្ក​ជម្លោះ​គ្រប់​រូប​ភាព។

លើសពីនេះ សង្គ្រោះជាតិថា ខ្លួនលើកទឹក​ចិត្ត​ដល់​ប្រទេស​ថៃ ឲ្យ​វិល​ទៅ​តតាំង​ក្តី​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិ​ធម៌ អន្តរ​ជាតិ តាម​ការ​ស្នើ​សុំ​របស់​ក​ម្ពុជា ដូច​រឿង​ក្តី​ប្រាសាទ​ព្រះ​វិហារ​ឆ្នាំ​១៩៦២ និង​រឿង​ក្តី​ស្នើ​សុំ​បក​ស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២ ឡើង​វិញ នៅ​ឆ្នាំ​២០១៣ ប្រសិន​ជា​ខ្លួន​យល់​ថា កម្ពុជា​រំលោភ​យក​ទឹក​ដី​ខ្លួន​នោះ។

ការណ៍ដែលប្រទេស​ថៃ ប្រកាស​មិន​ទទួល​ស្គាល់​យុត្តាធិការ​នៃ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ក្នុង​ការ​រំលោភ​ឈ្លាន​ពាន​ម​ក​លើ​ដែន​អធិប​តេយ្យ​របស់​កម្ពុជា ក្នុង​ចំណុច​ប្រាសាទ​តាមាន់ធំ ​ប្រាសា​ទ​​តាមាន់តូច ប្រាសាទ​តាក្រ​បី តំបន់​មុំ៣ ជាដើម គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រទេស​ថៃ​ដឹង​ជាមុន​ថា​ខ្លួន​នឹង​ ចាញ់​ក្តី​យ៉ាង​អាម៉ាស់​ជា​លើក​ទី៣ ជា​ថ្មី​ម្តង​ទៀត និង​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ជាប់​ឈ្មោះជា​ប្រទេស​ឈ្លាន​ពាន​ ប្រទេស​ដទៃ​ដោយ​រំលោភ​បំពាន​ច្បាប់​អន្តរ​ជាតិ និង​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជា​ជាតិ។

គណបក្សប្រឆាំងនេះ អំពាវនាវដល់ប្រទេសហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ថ្កោល​ទោស​ដល់​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​មក​លើ​ដែន​អធិប​តេយ្យ និង​បូរណភាព​ទឹ​ក​ដីនៃ​កម្ពុជា និង​ទាម​ទារ​ឲ្យ​ប្រទេស​ថៃ​ គោរព​កាតព្វ​កិច្ច​អន្តរជាតិ​របស់​ខ្លួន​ ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវ​មាន​កាតព្វ​កិច្ច​ធានា​ឲ្យ​មាន​ការ​គោរព និង​ការ​ការ​ពារ​អធិប​​តេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា។

នាយក​ខុទ្ទ​កាល័យ​​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​របស់ ​លោក កឹម សុខា គឺ​​លោក មុត ចន្ថា ឱ្យ​វីអូឌី​ដឹង​បន្ថែម​នៅ​ថ្ងៃទី​២៥ ខែកក្កដា​នេះ​ថា ក្នុង​កាលៈ​ទេសៈ​

នេះ បញ្ហា​គោល​នយោបាយ​ផ្សេង​គ្នា​ជារឿង​ដោយឡែក អំឡុង​ពេល​ប្រទេស​ជាតិ​កំពុង​រង​គ្រោះ​ពីកា​រ​ឈ្លាន​ពាន​ពី​ប្រទេស​ជិត​ខាង ហើយ​លោក​សូម​ថ្កោល​ទោស​ជា​ដាច់​ខាត​នូវ​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​ដែន​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​របស់​កម្ពុជា។

លោកថា៖ «ពួកយើងយល់ឃើញថាការ​ឈ្លាន​ពាន​នេះ គឺ​ជា​ការ​រំលោភ​បំពាន​លើច្បាប់​អន្តរ​ជាតិ​ជាពិសេស​ធម្មនុញ្ញ​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​ដែល​ហាម​ឃាត់​ប្រទេស​មួយ​ ប្រើប្រា​ស់​កម្លាំង​ទ័ព​ដើម្បី​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​មួយ​ទៀត ហើយ​ជាង​នេះ​ទៅ​ទៀត​ប្រទេស​ថៃ​គឺ​ជា​ប្រទេស​ហត្ថ​លេខី​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ខែ​តុលា​ ឆ្នាំ​១៩៩១ ​មា​នកា​តព្វ​កិច្ច​អន្តរ​ជាតិ​ដើម្បីធា​នា​ឲ្យ​មាន​ការ​គោរព​ និង​ការ​ការ​ពារ​ដល់​បូរណ​ភាព​ទឹក​ដី​របស់​ប្រទេស​កម្ពុជា​ ដូច្នេះ​ហើយ​ប្រទេស​ថៃ​បាន​រំលោភ​ទាំង​ច្បាប់​អន្តរ​ជាតិ និង​កាតព្វ​កិច្ច​របស់​ខ្លួន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែ​ល​ខ្លួន​បាន​ចុះ​ហត្ថ​លេខា​ ហើយ​ខ្លួន​មាន​កាតព្វ​កិច្ច​អន្តរ​ជាតិ​ ក្នុង​ការ​ធានា​ដល់​បូរណ​ភាព​ទឹក​ដី​របស់​ប្រទេស​កម្ពុជា ផ្ទុយ​ទៅ​វិញ ខ្លួន​ក្លាយ​ជា​ប្រទេស​ឈ្លាន​ពាន​មក​លើ​កម្ពុជា »។

ប្រហាក់ប្រហែលគ្នានេះដែរ គណបក្សជាច្រើនទៀតដែលគេស្គាល់​ថា និយម​ប្រជា​ធិប​តេយ្យ​មាន​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ជំនាន់​ថ្មី ជាដើម បាន​ចាត់​ទុក​ការ​ផ្ទុះ​អាវុធ​នៅ​តាម​បន្ទាត់​ព្រំដែន​នៅ​ពេល​នេះ ជា​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ​ដូច​គ្នា។

តាមរយៈអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បាន​ប្រាប់​VOD​នៅ​ថ្ងៃទី​២៥ ខែ​កក្កដា​នេះ​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ លោក​សូម​ថ្កោល​ទោស​ជុំវិញ​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​ដែន​អធិប​តេយ្យ​កម្ពុជា​ដូច​គ្នា។

លោកថា៖ «យើងសុំថ្កោលទោសយ៉ាងដាច់​អហង្ការ​ ចំពោះ​ទង្វើ​ឈ្លាន​ពាន​ទៅ​លើ​បូរណ​ភាព​ទឹក​ដី និងអធិប​តេយ្យ​ភាពរ​បស់​កម្ពុជា​ ពី​​សំណាក់​កង​ទ័ព​ថៃ​នេះ ហើយ​ក៏​សូម​កោត​សរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​វីរៈ​ភាព​ដ៏​អង់​អាច​ក្លាហាន​របស់​កង​ទ័ព​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន​ ក្នុង​ការ​ការ​ពារ​នូវ​បូរណ​ភាព​ទឹក​ដី​អធិប​តេយ្យ​ភាព​ មិន​ឲ្យ​មាន​ការ​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​ថៃ។ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បន្ត​ប្រើ​ប្រាស់​នូវ​យន្ត​ការ​ជាតិ​ យន្តការ​ក្នុង​តំបន់​យន្ត​ការ​របស់​អាស៊ាន​ ព្រោះ​កម្ពុជា​ជា​សមាជិក​របស់​អាស៊ាន»។

ជាមួយគ្នានេះ គណបក្សជំនាន់ថ្មី និយាយ​ក្នុងសេចក្តីថ្លៃងការណ៍របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៤ខែ​កក្កដានេះ​ថា ខ្លួន​សូម​ធ្វើការ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ទង្វើ​ឈ្លាន​ពាន​របស់​យោធា​ថៃ​ដោយ​យក​ការ​ប្រើ​ប្រាស់​កម្លាំ​ង​ប្រដាប់​អាវុធ ធ្វើ​ជា​ដំណោះ​ស្រាយ​បញ្ហា​ដោយ​កម្រោល និង​ឃោរឃៅ​មក​លើ​ឯករាជ្យ​ភាព​ អធិប​តេយ្យ​ភាព បូរណ​ភាព​ដែន​ដី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

បន្ថែមពីនេះ គណបក្សជំនាន់ថ្មី ជំរុញ និង​គាំទ្រ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា លើ​ការ​កោះប្រ​ជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អន្តរ​ជាតិ​ (UNSC) ដើម្បី​យ​ក​សំណុំ​រឿង​ប៉ះ​ទង្គិច​គ្នា​នេះ ស្រាយ​បំភ្លឺ​ចំពោះម​តិ​អន្តរ​ជាតិ ចំពោះភា​ព​ខុស​ត្រូវ​រវាង​ភាគី​ជម្លោះ​​ទាំង​ពីរ ដើម្បី​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ធ្វើ​ជា​សាក្សី ជាពិសេស​កម្ពុ​ជា​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) ដើម្បី​បញ្ចប់​ជម្លោះ​នេះ​ដោយ​សន្តិវិធី និង​ស្រប​តាម​គោល​ការណ៍​អន្តរ​ជាតិ។

ចំណែករដ្ឋាភិបាលតាមរយៈ​ក្រសួង​ការ​បរទេស និយាយ​កាល​ពីថ្ងៃ​ទី​២៤ខែកក្កដា​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ ដែល​បាន​បើក​ការ​វាយ​ប្រ​ហារ មក​លើ​ទីតាំង​ឈរ​ជើង​របស់​កម្ពុជា នៅ​តាម​តំ​ប​ន់​ព្រំដែន រួម​ទាំង​ ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាក្របី និង​មុំបី ក្នុង​ខេត្ត​ព្រះ​វិហារ និង​ខេត្តឧត្តរ​មាន​ជ័យ​នោះ​ថា ជា​ទង្វើ​ឈ្លាន​ពាន​រំលោភ​បំពានយ៉ាង​ធ្ងន់​ធ្ងរ​លើ​ច្បាប់​អន្តរ​ជាតិ រួម​ទាំង​គោល​ការណ៍​ជាមូ​លដ្ឋា​ន​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ធម្មនុញ្ញ​អាស៊ាន ដែល​ហាម​ឃាត់​ការ​គំរា​មកំ​ហែង ឬ​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រឆាំង​នឹង​បូរណ​ភាព​ទឹក​ដី និង​ឯករាជ្យ​ភាព​នយោបាយ​របស់​រដ្ឋ​ណា​មួយ។

រដ្ឋាភិបាលចាត់ទុកថា ការឈ្លានពានខាងយោធា​ថៃ ដោយ​គ្មាន​មូល​ហេតុ​បែប​នេះ​ មិន​ត្រឹម​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​សន្តិ​ភាព និង​ស្ថិរភាព​នៅ​តាម​ព្រំដែន​រួម​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំ​ងបង្ហាញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បទ​ដ្ឋាន​ក្នុង​តំបន់ និង​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់​អន្តរ​ជាតិ​ផង​ដែរ។

កម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ដក​កម្លាំង​​ទៅ​ខាង​ព្រំដែន​របស់​ខ្លួន និង​ចៀស​វាង​សកម្ម​ភាព​ញុះ​ញង់​ដែល​អាច​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​កាន់​តែ​តាន​តឹង។

តែយ៉ាងណា កម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់​ខ្លួន ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​មាត្រា​ ៥១ នៃ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ ហើយ​នឹង​ចាត់​រាល់​វិធាន​ការ​ចាំបាច់​ដើម្បី​ការ​ពារ​អធិ​​ប​តេយ្យ​​បូរណ​ភាព​ទឹក​ដី និង​សុវត្ថិ​ភាព​របស់​ប្រជាជន​ខ្លួន។

ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា ក្នុង​ស្ថាន​ភាព​បែប​នេះ​ កម្ពុជា​ត្រូវ​ការ​ចាំបាច់​បំផុត​ គឺ​ការ​បង្រួប​បង្រួម​គ្នា​ប្រឆាំង​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​បរទេស។

លោកថា៖ «ជារឿងល្អ ពីព្រោះ​យើង​ដឹង​​ហើយ​ថា ប្រទេស​យើង​ជា​ទី​ជម្រក​របស់​យើង​ទាំង​អស់​គ្នា មិន​ថា​មនុស្ស​ក្នុង​គណបក្ស​កាន់​អំណាច ឬ​ក្រៅ​រដ្ឋាភិបាល ឬ​ក៏​គណបក្ស​ប្រឆាំង​នោះ​ទេ គឺ​ពោល​យើង​ជា​ខ្មែរ​តែ​មួយ​ ដូច្នេះ​ទាម​ទារ​ឬ​ក៏​តម្រូវ​ឲ្យ​យើង​ធ្វើការ​ជាមួយ​គ្នា ហើយ​ថ្កោល​ទោស​ចំពោះ​ជន​ណា​ ប្រទេស​​ណាដែល​មាន​បំណង​ទុចរិត​ និង​ឈ្លាន​ពាន​លើ​អធិប​តេយ្យ​ភាព​របស់​កម្ពុជា ដូច្នេះ​មា​ន​តែ​ការ​បង្រួប​បង្រួម​ផ្សះ​ផ្សា​ ហើយ​នឹង​ធ្វើ​ការ​ជាមួយ​គ្នា​ជាធ្លុង​មួយ​ទេ ទើប​អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​កម្លាំង​ចិត្ត និង​គាំទ្រ​ទាំង​រដ្ឋាភិ​បាល​ ទាំង​អ្នក​នយោបាយ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​បរទេស​ឈ្លាន​ពាន​លើ​ដែន​អធិ​ប​តេយ្យ​ភាព​ជាតិ​របស់​យើង​ទាំង​អស់​គ្នា»។

យ៉ាងណា សម្រាប់គណបក្សសង្ក្រោះជាតិប្រចាំនៅសហរដ្ឋអា​មេរិក អំពាវ​នាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិ​សុខនៃ​អង្គ​ការ​សហ​ប្រជា​ជាតិ ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ ដែល​បង្ក​ឡើង​ដោយ​ការ​រំលោភ​បំពាន និង​ទន្ទ្រាន​កាន់​កាប់​ទឹក​ដី​ខ្មែរ​ដោយ​រំលោភ​ច្បាប់​អន្តរ​ជាតិ ជាពិសេស​ធម្ម​នុញ្ញ​នៃអង្គ​ការ​សហ​ប្រជា​ជាតិ។ យើងសូម​ស្នើ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ បង្វែរ​ជម្លោះ​ប្រដាប់​អាវុធ​ រវាង​កម្ពុជា និ​ង​​​ថៃ ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​បូរណ​ភាព​ទឹក​ដី ទៅ​កាន់តុលាការ​យុត្តិធម៌​អន្តរ​ជាតិ តាម​ការ​ស្នើ​សុំ​របស់​កម្ពុជា ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​ សំដៅ​បញ្ឈប់​ជម្លោះ​ប្រដាប់​អាវុធ​ ដែល​បង្ក​មហន្ត​រាយ​ដល់​អាយុ​ជីវិ​តម​នុស្ស និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ ព្រម​ទាំង​ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​តំបន់​ផង​ដែរ។

លើសពីនេះ គណបក្ស​សង្គ្រោះជាតិ​ អះអាង​ថា ខ្លួន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​វីរភាព​ដ៏​ក្លាហាន​របស់​កង​យោធ​ពល​ខេមរភូមិន្ទ​ដែ​ល​ប្រយុទ្ធ​តតាំង ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៃក​ម្ពុជា ពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ។ ប្រវត្តិ​សាស្ត្រនឹង​កត់​ត្រា​ទុក នូវ​វីរភាព​របស់​កង​ទ័ព​ខ្មែរ​ដ៏​ក្លាហាន ដែល​បាន​ធ្វើ​ពលិ​កម្មប្រកប​ដោយ​មន​សិការ និង​ឧត្តម​គតិ​ស្នេហា​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ