អ៊ុយក្រែននិងរុស្សី បានបន្តវាយប្រហារគ្នាទៅវិញទៅមក នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សាទល់មុខគ្នា រវាងភាគីទាំងពីរ បានបរាជ័យក្នុងដំណើរដើម្បីបញ្ចប់សង្រ្គាមជិត ៣ឆ្នាំកន្លះ។ នេះបើតាមប្រភពពីសារព័ត៌មាន រ៉យទ័រ (Reuters)។
រ៉យទ័រ បានរាយការណ៍នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះថា កងទ័ពរុស្សី បានវាយប្រហារចុងក្រោយបង្អស់ដោយដ្រូនលើកំពង់ផែអូដេសា(Odesa)សមុទ្រខ្មៅរបស់អ៊ុយក្រែន បានធ្វើឱ្យមនុស្សម្នាក់ស្លាប់ និងរងរបួសយ៉ាងហោចណាស់ ៤នាក់ និងបណ្តាលឱ្យមានអគ្គិភ័យ ក៏ដូចជាការខូចខាតនៅក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្រ្ត ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
អភិបាលតំបន់ លោក អូលេ ឃីបភៀ (Oleh Kiper) បាននិយាយថា ផ្សារព្រីវ៉ូស(Pryvoz)ដែលល្បីល្បាញនៅក្នុងតំបន់អូដេសា (Odesa) ស្ថិតក្នុងចំណោមកន្លែងដែលរងការវាយប្រហារ។ លោកបានបន្ថែមថា ‘‘វាមិនមែនត្រឹមតែជាកន្លែងពាណិជ្ជកម្មទេ។ វាគឺជាបេះដូងរបស់Odesa»។
មន្រ្តីបាននិយាយថា នៅទីក្រុងខាគីវ(Kharkiv) ដែលជាទីក្រុងធំទី២ របស់អ៊ុយក្រែន នៅភាគឦសាន មនុស្ស ២នាក់ត្រូវបានស្លាប់ និងយ៉ាងហោចណាស់ ៣៣នាក់ បានរងរបួស នៅពេលដែលរុស្សីបានបំផ្ទុះគ្រាប់បែកវាយប្រហារលើលំនៅដ្ឋានមួយ។
ជុំវិញបញ្ហានេះ មន្រ្តីសង្រ្គោះបន្ទាន់នៅក្នុងតំបន់ក្រាសស្នាដា (Krasnodar) នៃប្រទេសរុស្សីនៅលើសមុទ្រខ្មៅ បាននិយាយថា កម្ទេចកម្ទីពីដ្រូនបើកធ្លាក់បានសម្លាប់ស្ត្រីម្នាក់ នៅក្នុងស្រុកអាដត្ល័រ(Adler) នៅក្បែរទីក្រុងនៃរមណីយដ្ឋានសូឈី(Sochi) និងស្រ្តីម្នាក់ទៀត កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរ ពួកគេបាននិយាយលើសារតេឡេក្រាម៕









