UN គ្រោង​កោះ​ប្រជុំ​បន្ទាន់​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ គ្រោង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ នាទី​ក្រុង​ញូវ​យ៉ក ស្តីពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ខណៈ​ប្រទេស​មហា​អំណាច​ធំៗ​ ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​ដោះ​ស្រាយ​ជម្លោះ​នេះ ដោយ​សន្តិ​វិធី ស្រប​តាម​ច្បាប់​អន្តរ​ជាតិ។

ប្រតិកម្ម​របស់អ​ន្តរជាតិ​នេះ បន្ទាប់​ពី​កង​ទ័ព​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​កង​ទ័ព​កម្ពុជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​កម្ពុជា​ថា​ជា​ការ​ឈ្លាន​ពាន​ដ៏ឃោរឃៅ​លើ​ដែន​អធិប​តេយ្យ​ភាព​កម្ពុជា។

ទីភ្នាក់ងារ​សារព័ត៌មាន​AFP ចុះផ្សា​យ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ថា ក្រុម​ប្រឹក្សាស​ន្តិសុ​ខ​អង្គ​ការ​សហ​ប្រជា​ជាតិ នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ស្តី​ពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​សុក្រ ម៉ោង​៣រសៀល​នៅ​ទីក្រុង​ញូវ​យ៉ក ត្រូវ​នឹង​ម៉ោង​២ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែ​កក្កដា នៅ​កម្ពុជា។

ប្រភពបន្តថា កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើង​តាម​ការ​ស្នើសុំ​រ​បស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត។

កាលពីថ្ងៃព្រហស្បត្តិ៍ មេដឹកនាំ​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ផ្ញើ​លិខិត​មួ​យ​ស្នើ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ កោះប្រ​ជុំ​បន្ទាន់ ដើម្បី​សុំ​ការ​អន្តរាគមន៍​បញ្ឈប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​មក​លើ​ដែន​ដី​កម្ពុជា។

នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិក ក៏​បាន​អំពាវ​នាវ​ឱ្យ​កម្ពុជា និង​ថៃ ផ្អាក​ការ​វាយ​ប្រហារ​គ្នា និង​ស្វែង​រក​ដំណោះ​ស្រាយ​ចរចា​បញ្ចប់​ជម្លោះ​ឱ្យ​បាន​ឆាប់ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ការ​ពារ​ប្រជាជន​ស៊ីវិល និង​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី។

មិនខុសគ្នាទេ សហភាពអឺរ៉ុប ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារ​ម្ភខ្លាំ​ង​ចំពោះ​ភាព​តាន​តឹង​ ជុំវិញ​ជម្លោះ​ប្រដាប់​អាវុធ​នេះ និង​អំពាវ​នាវ​ឱ្យ​ភាគី​ទាំង​២ ចូល​តុចរចា​​​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិ​វិធី​ ស្រប​តាម​ច្បាប់​អន្តរ​ជាតិ រួម​ទាំង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ។
ដោយឡែក ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ទៀត រួម​មាន ជប៉ុន វៀត​ណាម ម៉ាឡេស៊ី និង​សឹង្ហ​បុរី ជាដើម ក៏​បាន​អំពាវ​​នាវ​​ដូច​គ្នា​នេះ​ដែរ។

យ៉ាងណា តាមរយៈ​សន្និសីទ​កាសែត​នៅ​ថ្ងៃនេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា អ្នក​ស្រីម៉ាលី សុជាតា និយាយ​ថា ក្នុង​ការ​ប្រយុទ្ធ​គ្នា​ឈាន​ដល់​ថ្ងៃ​ទី​២​នេះ កង​ទ័ព​ថៃ​បាន​បើក​ការ​វាយប្រហារ​៧​ទីតាំង​លើ​ដី​កម្ពុជា យ៉ាង​កំរោល​ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់ និង​គ្រាប់​បែក​ចង្កោម​ដែលច្បាប់​អន្តរ​ជាតិ​ហាម​ប្រាម។

អ្នកស្រីថា៖ «ការប្រើ​ប្រាស់​អាវុធ​បែប​នេះ​ មិន​ត្រឹម​តែ​បង្ហាញ​ពី​ភាព​ឃោរ​ឃៅ​ និ​ង​អមនុស្ស​ធម៌​ឈ្លាន​ពាន​របស់​ថៃប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ឲ្យ​មើល​ឃើញ​យ៉ាង​ងាយ​ថា គ្មាន​ខ្លាច​រអា​ចំពោះ​ច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិ និងបទ​ដ្ឋាន​ជាមូល​ដ្ឋាន​បំផុ​ត​ដែល​គ្រប់​គ្រង​អំពី​ការ​ប្រព្រឹត្ត អរិភាព​របស់​ថៃ និង​ការ​ពង្រាយ​គ្រាប់​បែក​ចង្កោម​ជា​ការ​គំរាម​កំហែងយូរ​អង្វែង​ដល់​ជន​ស៊ីវិល​បរិស្ថាន គឺជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ក្រោម​ច្បាប់​អន្តរ​ជាតិ និង​បំផ្លិច​បំផ្លាញ​​សន្តិ​ភាព​ និង​សន្តិ​សុខ​ក្នុងតំបន់»។

បើតាមអ្នកស្រី ទីតាំង​ចំនួន៧​​ដែ​ល​ថៃ​វាយ​ប្រហារ​នោះ​មាន តំបន់​ភ្នំ​ខ្មោច ប្រាសាទ​តាមាន់ និងប្រាសាទ​តាក្របី តំបន់​ជាំតែ និង​តំបន់​មុំ​៣​ជាដើម តែ​ត្រូវ​កង​ទ័ព​កម្ពុជា​ទប់​ទល់​បាន​យ៉ាង​រឹងម៉ាំ។

សហស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន យល់​ថា មហិច្ចតាឈ្លា​ន​ពាន​របស់​ថៃលេប​ទឹក​ដី​ខ្មែរ​ ត្រូវ​បាន​លាត​ត្រដាង​ឱ្យ​អន្តរ​ជាតិ​បាន​ឃើញ​នៅ​ពេល​នេះ។

លោកថា តាមច្បាប់អន្តរជាតិ​កម្ពុជា​មាន​ប្រៀប​លើ​ថៃ មាន​ទាំង​ភស្តុតាង​ជា​ប្រវត្តិ​សាស្រ្ត និងច្បាប់​ជាតិ និង​អន្តរ​ជាតិ ទើប​ធ្វើឱ្យ​ថៃ​មិន​ហ៊ាន​តតាំង​ក្តី​នៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ(ICJ)​ជាមួយ​កម្ពុជា។

លោកថា ក្រៅពីពឹង​លើ​អន្តរ​ជាតិ​ហើយ កម្ពុជា​ក៏​ត្រូវ​ពង្រឹង​សមត្ថ​ភាព​យោធា​ដើម្បី​ការ​ពារ​ខ្លួន ​ផង​ដែរ ហើយ​ថា នយោបាយ​ផ្សះ​ផ្សា​ជាតិ គឺ​រឿង​ជា​សំខាន់​ដែល​​មិន​​អាច​ខ្វះ​បាន​ដើម្បី​ទប់​ទល់​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង​នៅ​ចំពោះ​មុន។

លោកថា៖ «កម្ពុជាខ្លួនឯង​ត្រូវ​តែ​រៀបចំ​ពេល​វេលា ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​អនាគត​ដូច​យើង​បាន​លើក​ឡើង​ច្រើន​ដង​ច្រើន​សារ​ពី​រឿង​ឯកភាព​ជាតិ ហើយ​ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ​ទាល់​តែ​យើង​ស្រុះ​ស្រួល​គ្នា​ប្រើ​ប្រាស់​មាគ៌ា​ណា​មួយច្បាស់​លាស់​មែន​ទែន បើ​យើង​គិត​ថា ត្រូវ​តែ​អនុវត្ត​គោល​ការណ៍​ប្រជា​ធិប​តេយ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​អី​ជាដើម​​ហ្នឹង ធ្វើ​ម៉េច​ឲ្យមាន​នីតិរដ្ឋ​អី​ជា​ដើម​ហ្នឹង ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ហ្នឹង​ មាន​ឯកភាព​ជាតិ​ឲ្យ​យើង​អាច​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បាន​រឹង​មាំ​សម្រាប់​អនាគត»

ដោយឡែក អ្នកប្រឹក្សាយោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ យល់​ថា ថៃ​​បាន​​បើក​​ការ​​វាយ​​ប្រហារ​​មក​​លើ​​កម្ពុជា​មុន ដោយ​​រំលោភ​​លើ​​សន្តិភា​ព និង​​ស្ថិរភាព​ក្នុង​​តំបន់។

ក្នុងន័យ​នេះ លោក​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​ជួយអ​ន្តរាគមន៍​ជា​បន្ទាន់ និង​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​ឈ្លាន​ពាន​រប​ស់ប្រ​ទេស​ថៃ ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​ជម្លោះនេះ​ និង​ស្តារ​សន្តិភាព​ឡើង​វិញ។

លោកថា៖ «ការរំលោភ​បំពាន​នេះ​ បាន​បង្ក​នូវ​អស្ថិរភាព​នៅ​ក្នុង​តំបន់​ និង​អាច​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ភ័យ​ខ្លាច​ និងធ្វើ​ឲ្យ​សហគមន៍​អន្តរ​ជាតិ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រីករា​ល​ដាន ឬក៏​ធ្វើ​ឲ្យ​​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ជុំវិញ​ពិភព​លោក។ដូច្នេះ​ក្នុង​នាម​យើង​ជាជន​រង​គ្រោះ​កម្ពុជា ជា​ប្រទេស​មួយ​ដែល​ចង់​ឃើញ​សហគមន៍​អន្តរ​ជាតិ​ ធ្វើការ​អន្ត​រាគមន៍​ជា​បន្ទាន់ហើយ​នឹង​ចាត់​វិធាន​ការ​ទៅ​លើ​ការ​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ ហើយ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​​ទប់​ស្កាត់​ការ​រំលោភ​បំពាន​របស់​ប្រទេស​ថៃ មក​លើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា»។

ជម្លោះព្រំដែនកម្ពុជាថៃ បានកក្រើក​ឡើង​វិញ ចាប់​​​​តាំ​ង​​​ពី​​ថ្ងៃ​​​ទី២​៨ ខែ​​​ឧសភា ឆ្នាំ​​​២០២៥​ បន្ទាប់​​ពី​​​​ទាហាន​​​ថៃ ​​​​បើក​​​ការ​​បាញ់​​​ប្រហារ​​​លើ​​​កង​ទ័ព​កម្ពុជា ក្នុង​​​តំបន់​​មុំ៣​ ខេត្តព្រះ​វិហារ បណ្តាល​​ឱ្យ​ទាហាន​​ខ្មែរ​​ម្នាក់​​ស្លាប់​។

ជម្លោះព្រំដែននេះ ត្រូវបានរដ្ឋាភិបាល​កម្ពុជា ប្រកាស​​ថា បាន​​ជូន​​ដំណឹង​រួច​ហើយ​​ទៅ​​តុលាការ​យុត្តិធម៌​​អន្តរ​​ជាតិ (ICJ) ពី​​បំណង​​ប្តឹង​​ថៃ​​លើ​​ទីតាំង​​ចំនួន៤ ​​​មាន​​ប្រាសាទ​​តាមាន់​ធំ ប្រាសាទ​​​​តាមាន់​​តូច ប្រាសាទ​​តាក្របី និង​​តំបន់​​មុំ៣ តែថៃ​​ប្រកាស​មិន​ទទួល​ស្គាល់​យុត្តាធិការ​របស់តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ)​នោះ​ទេ។

ការផ្ទុះ​អាវុធ​ទ្រ​ង់ទ្រាយធំ ចាប់​តាំង​ពីថ្ងៃ​ទី​២៤ ខែ​កក្កដា នៅ​តាម​​បន្ទាត់​​ព្រំដែន​​នោះ កម្ពុជា​ចា​ត់​​ទុក​​ជា​​ទង្វើ​ឈ្លាន​ពាន​​ដ៏​​ឃោរ​​ឃៅ​របស់​ថៃ មក​​លើ​អធិប​​តេយ្យ​​ភាព​កម្ពុជា រំលោភ​​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ ធម្មនុញ្ញ​អាស៊ាន និង​​គោលការណ៍​ច្បាប់​អន្តរ​ជាតិ ដែល​ថា កម្ពុជាចាំ​បាច់​វាយ​បក ដើម្បី​ការ​ពារ​ទឹក​ដី​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ