អង្គការ​សហ​ប្រជាជាតិ​ជំរុញ​ឱ្យ​កម្ពជា-ថៃ អនុវត្ត​ការ​អត់​ធ្មត់​ជា​អតិ​បរិមា

អ្នកនាំ​ពាក្យ​អង្គ​ការ​សហប្រជា​ជាតិ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា អគ្គ​លេខាធិការ​អង្គ​ការ​សហ​ប្រជាជាតិ​ លោក អង់​តូនី​ញូ ហ្គុយ​តេរេស(Antonio Guterres) បាន​ជំរុញ​ឱ្យ​ភា​គី​កម្ពុជា និង​ថៃ អនុវត្តន៍​ការ​អត់​ធ្មត់​ជា​អតិបរិមា។ នេះ​បើយោង​តាម​ប្រភព​សារព័ត៌មាន គ្លូបល ថាមស៍ (Global Times)។

យោង​តាម​គ្លូបល ថាមស៍ (Global Times) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ​ថា លោក ហ្វាហាន់ ហាក់​(Farhan Haq) អ្នក​នាំ​ពាក្យ​របស់​ប្រមុខ​អង្គ​ការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា យូអ៊ិន​(UN) បាន​និយាយ​នៅ​ក្នុង​សន្និ​សីទ​ប្រចាំ​ថ្ងៃ​មួយ​ថា អគ្គ​លេខាធិ​ការ​កំពុង​តាម​ដាន​អំពី​របាយ​ការណ៍​ដោយ​ក្តី​បារម្ភ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។

អគ្គលេខាធិការអង្គការ​សហ​ប្រជាជាតិ ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​គឺ កម្ពុជា និង​ថៃ អត់​ធ្មត់​ជា​អតិបរិមា និង​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​ការ​សន្ទនា​ក្នុង​ស្មារតី​អ្នក​ជិត​ខាង​ល្អ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​យូរ​អង្វែង​ចំពោះ​ជម្លោះ​នេះ។

គួររំឮកថា ​ស្ថាន​ការណ៍​នៅ​ព្រំដែន​រវាង​កម្ពុជា-ថៃ បាន​កើន​ឡើង​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ភាគី​ទាំង​ពីរ​បាន​ដោះ​ដូរ​ការ​ចោទ​ប្រកាន់​គ្នា​ បន្ទាប់​ពី​ស្ថាន​ការណ៍​កាន់​តែ​តាន​តឹង​ ហើយ​នាយករដ្ឋ​មន្ត្រីប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ស្នើ​ឱ្យ​ក្រុ​ម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជាជាតិ ​កោះ​ប្រជុំ​​បន្ទាន់​​មួយ​​ដើម្បី​​ពិភាក្សា​​​ពី​​បញ្ហា​​នេះ។

ជាមួយគ្នានេះដែរ ប្រភព ដឹ ហ្គាឌៀន(the Guardian) បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥នេះ​ថា ប្រភព​​ការ​ទូត​បាន​ប្រាប់​ទៅ​កាន់ អាអេ្វប៉េ(AFP)ថា ក្រុម​ប្រឹក្សា​​សន្តិ​សុខ​​អង្គ​ការ​សហ​ប្រជាជាតិ​ ​នឹង​​បើក​​កិច្ច​​ប្រជុំ​​បន្ទាន់​​មួយ​ ​​នៅ​​​ថ្ងៃ​​សុក្រ​នេះ ជុំវិញ​ករណី​ការ​ប៉ះ​ទង្គិច​គ្នា​តាម​ព្រំដែន​រវាង​កម្ពុជា-ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ