ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចេញមុខអន្តរាគមន៍ ឱ្យភាគីកម្ពុជានិងថៃ វិលទៅរកការឈប់បាញ់បន្ទាន់មួយ ដើម្បីបញ្ចៀសការសម្លាប់គ្នាទៅវិញទៅមក ក្នុងជម្លោះព្រំដែន ខណៈជម្លោះនេះ បានអូសបន្លាយអយ់រយៈពេល ៤ថ្ងៃ គិតត្រឹមថ្ងៃអាទិត្យនេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួស ទាំងភាគីថៃ និងកម្ពុជា ក្នុងនោះមានទាំងជនស៊ីវិលផងដែរ។
ការណ៍នេះ កម្ពុជាចោទថា ថៃបានរំលោភដែនអធិបតេយ្យកម្ពុជាយ៉ាងកម្រោល បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ច្បាប់អន្តរជាតិមួយចំនួនទៀត។
លោកប្រធានាធិបតី ត្រាំ បានសរសេរលើបណ្ដាញសង្គម អ៊ិច (X social media) នៅថ្ងៃទី២៦ ខែកក្កដានេះថា លោកបានទូរសព្ទទៅនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដើម្បីសម្របសម្រួលឱ្យភាគីទាំងពីរ អនុវត្តបទឈប់បាញ់ និងបញ្ចប់សង្គ្រាម ដែលកំពុងឆាបឆេះ ដោយសំអាងថា ការប្រយុទ្ធគ្នានេះ បានធ្វើឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត។
លើសពីនេះ លោក ដូណាល់ ត្រាំ បានរំលេចពីរបាំងពន្ធគយរបស់ខ្លួនលើកម្ពុជា និងថៃ ដែលអាមេរិកគ្រោងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ២០២៥នេះទៅ។
លោកថា៖ «ខ្ញុំទើបតែនិយាយទូរសព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងការបញ្ឈប់សង្គ្រាមជាមួយប្រទេសថៃ។ ខ្ញុំនឹងទូរសព្ទទៅនាយករដ្ឋមន្ត្រីស្តីទីរបស់ថៃឥលូវនេះ ដើម្បីស្នើសុំបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលកំពុងឆាបឆេះ។ ជាចៃដន្យ យើងកំពុងចរចាកិច្ចការពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ ប៉ុន្តែមិនចង់មានកិច្ចព្រមព្រៀងជាមួយប្រទេសណាមួយ ក្នុងចំណោមនេះឡើយ បើសិនពួកគេនៅបន្តប្រយុទ្ធគ្នា ហើយខ្ញុំបានប្រាប់ពួកគេដូច្នេះ! ការទូរសព្ទទៅភាគីថៃនឹងចាប់ផ្តើមបន្តិចទៀតនេះ។ ការទូរសព្ទនិយាយជាមួយភាគីកម្ពុជាទើបតែរួច ប៉ុន្តែនឹងខលជាថ្មីពាកព័ន្ធការបញ្ឈប់សង្គ្រាម និងបទឈប់បាញ់។ ខ្ញុំកំពុងព្យាយាមសម្រួលស្ថានភាពស្មុគស្មាញឱ្យធូរស្រាលវិញ! មនុស្សជាច្រើនបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមនេះ ប៉ុន្តែវាក៏រំលឹកខ្ញុំខ្លាំងណាស់ដែរ ដល់រឿងជម្លោះរវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា ដែលត្រូវបានបញ្ឈប់ដោយជោគជ័យ»។
ដូចគ្នានេះដែរ ក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បញ្ជាក់ថា នៅយប់ម៉ិញនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ពិតជាបានសន្ទនាតាមទូរសព្ទ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធទៅនឹងការប្រយុទ្ធគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ។
លោកថា ក្នុងកិច្ចសន្ទនានោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់អំពីឆន្ទៈ មិនចង់ឃើញមានសង្គ្រាម និងការប្រយុទ្ធគ្នា ដែលនាំឱ្យមានមនុស្សស្លាប់់ច្រើនទាំងសងខាង ដោយគិតទាំងកងទ័ព និងប្រជាជនស៊ីវិល ដោយថា ការណ៍នេះហើយ ដែលសហរដ្ឋអាមេរិក តែងតែខិតខំសម្របសម្រួល បញ្ចប់ដោយជោគជ័យនូវការប្រយុទ្ធគ្នា នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។
សម្រាប់ លោក ប៉ែន បូណា ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា និងថៃ លោក ដូណាល់ ត្រាំ ចង់ឃើញការឈប់បាញ់គ្នាភ្លាម ហើយនឹងចង់ឃើញសន្តិភាពកើតមានក្នុងប្រទេសទាំងពីរ។
លោកថា៖ «ជាការឆ្លើយតប សម្តេចមហាបវធិបតីលោកបាន នាយករដ្ឋមន្ត្រីលោកបានបញ្ជាក់យ៉ាងច្បាស់ជាមួយឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ថាកម្ពុជាឯកភាពតាមសំណើរឱ្យមានបទឈប់បាញ់ភ្លាម និងដោយឥតលក្ខខណ្ឌរវាងប្រទេសទាំងពីរ[…] ហើយទន្ទឹមនឹងនោះឯកឧត្តមប្រធានាធីបតី លោកបានជូនដំណឹងមកសម្តេចធិបតីវិញថា ភាគីថៃក៏បានឯកភាពជាមួយនឹងសំណើរបស់ឯកឧត្តមប្រធានាធិបតីស្តីពីការឈប់បាញ់នេះផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លោកចាត់ទុកថានេះជាដំណឹងល្អសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ»។
ក្នុងនោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាននិយាយថា ចាប់ពីថ្ងៃទី២៤ខែកក្កដា មកដល់ពេលនេះ ដែលមានរយៈ៤ថ្ងៃ ការឈ្លានពានពីភាគីថៃ មិនថយចុះទេ ពិសេសនៅភូមិភាគ៤ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
អ្នកស្រីគូសបញ្ជាក់ថា ការឈ្លាននេះ ថៃប្រើទាំងកាំភ្លើងគាំទ្រ បាញ់ផ្លោងចូលទឹកដីកម្ពុជា នៅតំបន់ប្រា សាទតាមាន់ធំ ផ្លោងចូលទីតាំងស៊ីវិល បង្កឱ្យមានអ្នករបួសនិងស្លាប់ ប្រើជើងអាកាសទម្លាក់គ្រាប់បែក ២គ្រាប់បន្ថែមទៀត ចំផ្លូវចូលទៅប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លើសពីនេះ អ្នកស្រីថា ថៃបានប្រើរថក្រោះ វាយចូលវាលឥន្ទ្រីយ៍ ប្រើថ្មើរជើងវាយចូលតំបន់ភ្នំខ្មោច ស្ថិតក្នុងខេត្តព្រះវិហារ និងចល័តទ័ព ព្រមទាំងគ្រឿងសព្វាវុធទៅទីតាំងផ្សេងទៀត។ តែយ៉ាងណា អ្នកស្រីថា កងទ័ពកម្ពុជា នៅបន្តទប់ទល់នឹងការឈ្លានពានដោយស្មារតីក្លាហាន។
អ្នកស្រីថា៖ «សកម្មភាពរបស់ភាគីថៃទាំងគឃ្លើន និងទាំងកម្រោលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ជនស៊ីវិល សាលារៀន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ។ ក្នុងរយៈពេល៤ថ្ងៃនៃការរំលោភបំពានរបស់ភាគីថៃ មកលើកទឹកដីកម្ពុជា យើងឃើញថា ស្ថានភាពនៃជនភៀសសឹកបានធ្វើការផ្លាស់ប្តូរទីលំនៅ និងរងរបួសមានការកើនឡើង»។
បើតាមអ្នកនាំពាក្យរូបនេះ ការឈ្លានពីសំណាក់ភាគីថៃ រយៈពេល៤ថ្ងៃនេះ ចំនួនជនភៀសសឹកកម្ពុជា ដែលបានបង្ខំចិត្តចាកចេញពីលំនៅឋាន ទៅរកកន្លែងមានសុវត្ថិភាព បានកើនឡើងដល់២៥ពាន់គ្រួសារ គិតជាចំនួនមនុស្សចំនួន៨ម៉ឺននាក់ ហើយជនភៀសសឹកទំាងនោះ ជាអ្នករស់នៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៦ខែកក្កដា កម្ពុជាបញ្ជាក់ថា យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរសរុប៨៤នាក់ បានស្លាប់ និងរងរបួស ដោយសារការឈ្លានពានរបស់ថៃ ក្នុងនោះទាហានខ្មែរ ៥នាក់ បានស្លាប់ ២១នាក់ បានរងរបួស រីឯជនស៊ីវិល៨នាក់ស្លាប់ និង៥០នាក់ផ្សេងទៀតបានរងរបួស។
គួររំឭកថា កាលពីថ្ងៃទី២៤ ខែកក្កដានេះ ដែលជាថ្ងៃផ្ទុះអាវុធដំបូង រវាងយោធាថៃ និងកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្ញើលិខិតមួយច្បាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីសុំអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់ថៃ។
ក្រោយមកនៅថ្ងៃទី២៥ ខែកក្កដា កិច្ចប្រជុំបន្ទាន់មួយត្រូវបានធ្វើឡើងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្ថាប័នអង្គការសហប្រជាជាតិនេះ ស្នើឱ្យភាគីទំាងពីរអត់ធ្មត់ក្នុងកម្រិតខ្ពស់។
បើតាមការបកប្រែក្រៅផ្លូវការពីលោក ម៉ែន គឹមសេង អតីតបុគ្គលិកវិទ្យុសំឡេងសហរដ្ឋអាមេរិក ជុំវិញរបាយការណ៍សង្ខេបនៃកិច្ចប្រជុំនោះ ឱ្យដឹងថា កិច្ចប្រជុំនោះ ក្រោមរបៀបវារៈ ការគំរាមកំហែងសន្តិភាព និងសន្តិសុខអន្តរជាតិ ដើម្បីពិភាក្សាអំពីការប៉ះទង្គិចគ្នា តាមព្រំដែនកម្ពុជា-ថៃ។
បើតាមប្រភពដដែល របាយការណ៍សង្ខេបបានរំលេចពីកម្ពុជាឈ្នះក្តីថៃ ប្រាសាទព្រះវិហារ ទាំងពីរលើក នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដោយដីនៅជុំវិញប្រាសាទព្រះវិហារជារបស់ខ្មែរ ខណៈបច្ចុប្បន្នទីតាំងកំពុងមានជម្លោះជាមួយថៃនៅឡើយ។
លោកថា៖ «ក្នុងបញ្ហាមួយនេះ កម្ពុជាបានស្នើសុំជាច្រើនដង ក្នុងរយៈពេលជាច្រើនឆ្នាំ ស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ(ICJ)វិនិច្ឆ័យទៅនឹងជម្លោះព្រំដែន ខណៈថៃបាននិយាយជាប់ជាប្រចាំថាខ្លួនមិនទទួលស្គាល់យុត្តាធិការតុលាការ និងចូលចិត្តវិធីសាស្ត្រទ្វេភាគី។ នៅឆ្នាំ១៩៦២ តុលាការ(ICJ) បានសម្រេចថាតំបន់ជុំវិញប្រាសាទព្រះវិហារ គឺជាផ្នែកនៃទឹកដីកម្ពុជា ហើយនៅឆ្នាំ២០១៣បានសម្រេចឱ្យប្រទេសកម្ពុជាឈ្នះម្តងទៀត បន្ទាប់ពីកម្ពុជាស្នើសុំបកស្រាយនៃដីជុំវិញប្រាសាទ»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សន្ទរី បានអះអាងថា កម្ពុជាកំពុងមានប្រៀបខាងការទូត ទាំងយន្តការអាស៊ាន និងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញជំហរទាមទារឱ្យដោះស្រាយបញ្ហាព្រំដែន តាមការសន្ទនា និងតាមការទូត។
លើសពីនេះ លោកក៏បានច្រានចោលនូវការចោទប្រកាន់ថា កម្ពុជាបានវាយប្រហារទៅកាន់ទីតាំងស៊ីវិលនិងមន្ទីរពេទ្យ ដែលថៃព្រមានប្តឹងកម្ពុជា ទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ដែលបានចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ដែលថាការចោទនេះគ្មានមូលដ្ឋាន។
លោកថា៖ «ពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់ថៃនេះ ខ្ញុំសូមប្រកែកយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ ដូចដែលខ្ញុំបានលើកឡើងខាងលើនេះ។ ការអះអាងរបស់ប្រទេសថៃ ដែលថាកងកម្លាំងកម្ពុជាបើកការវាយប្រហារ ដោយមិនរើសមុខលើជនស៊ីវិល និងទីតាំងសារធារណៈ គឺជាការបំភ្លៃការពិតដោយចេតនារបស់ភាគីថៃ»។
សម្រាប់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា យើងជាពលរដ្ឋខ្មែរ យល់ស្របចំពោះការចេញមុខសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដើម្បីស្តារឡើងវិញនូវស្ថេរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។
លើសពីនេះ លោកថា ភាគីថៃ ជាអ្នកបង្កសង្គ្រាមមកលើកម្ពុជា ដោយបានបំពានយ៉ាងកម្រោលលើគោលការណ៍ច្បាប់អន្តរជាតិនានា ក្នុងការឈ្លានពានប្រទេសកម្ពុជា។
ភាគីកម្ពុជា ត្រូវបន្តប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នូវសំណុំរឿងព្រំដែនដដែល និងគួរតែប្តឹងថៃទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អំពីបទឧក្រិដ្ឋកម្មសង្គ្រាម ព្រមទាំងទាមទារឲ្យសងជំងឺចិត្តមកកម្ពុជា ជុំវិញការបង្កឲ្យខូចខាតទ្រព្យសម្បត្តិជាតិខ្មែរ រួមទាំងប្រាសាទបូរាណ និងវត្តអារាម ជាដើម៕









