កម្ពុជាអំពាវនាវឱ្យថៃគោរពបទឈប់បាញ់តាមការសន្យាជាមួយអាមេរិក

មន្ត្រីអ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា បានលើកឡើង​អំពីការអំពាវនាវ​របស់​កម្ពុជា ទៅកាន់​ប្រទេស​ថៃ ឱ្យ​គោរព​បទ​ឈប់បាញ់​គ្នា​ជាបន្ទាន់ ទៅតាមការ​សន្យាជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និ​ងកា​រសម្របសម្រួលរបស់​ប្រធានអាស៊ាន ក៏ដូចជាស្របទៅតាមការ​អំពាវនាវ​របស់​សហគមន៍អន្តរជាតិ​។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹក​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥នេះ លោក​ ប៉ែន ប៉ូណា ប្រធាន​​​​​អង្គភាពអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាលកម្ពុជា បាន​ថ្លែង​ថា ​បើទោះបី​មានការ​សម្រប​សម្រួល​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់​ ត្រាំ ដែលបាន​សន្ទនាតាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រីកម្ពុជា និង​ថៃ កាលពីថ្ងៃម្សិលមិញ​ ព្រមទាំងការ​សម្របសម្រួល​ពី​នាយក​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីពេលថ្មីៗនេះ ដែលស្នើ​​កងទ័ព​កម្ពុជា​ និង​​ថៃឱ្យ​មាន​បទឈប់បាញ់គ្នា​ជាបន្ទាន់ក៏ដោយ ប៉ុន្តែកងទ័ពថៃ នៅតែបន្ត​បាញ់​ប្រហារ​មក​លើ​កង​ទ័ព​កម្ពុជា​ដដែល គិត​មកដល់ព្រឹកព្រលឹម​ថ្ងៃចន្ទ​នេះ។

លោក ប៉ែន បូណា ថ្លែងថា៖ «​​អ្វីជាការ​កត់សម្គាល់ពីថ្ងៃម្សិលមិញ[ថ្ងៃទី​២៧ ខែកក្កដា]នេះ កង​ទ័ព​​​ថៃ​នៅតែបន្តវាយ​​ប្រហារ​​មក​លើ​កង​ទ័ព​កម្ពុជា ឥតឈប់ឈរទេ រហូត​មកដល់ពេលនេះ[…] សំណើរ​​​បទឈប់គ្នាជា​បន្ទាន់ គឺ​​សមស្រប​ណាស់​​ទៅ​នឹង​អ្វីដែលកម្ពុជា​ចង់​បាន ព្រោះ​យើង​ដឹង​ទាំងអស់​គ្នា​ហើ​យ​ថា កម្ពុជា​ឈរនៅខាង​សន្តិភាព កម្ពុជា​គោរព​​ច្បាប់​​អន្តរ​​ជាតិ នេះ​ជាជំហរឥតមានការ​ប្រែប្រួល​​របស់កម្ពុជា»។

នៅថ្ងៃទី​២៦ ខែកក្កដា ម៉ោង​នៅសហរដ្ឋអាមេរិក និងត្រូវនឹង​ថ្ងៃ​ទី២៧ ខែកក្កដា ម៉ោង​​នៅកម្ពុជា លោក​​ប្រធានា​ធិបតី​​សហរដ្ឋអាមេរិក ដូណាល់ ​ត្រាំ បាន​សរសេ​រ​លើ​បណ្ដាញ​​សង្គម អ៊ិច (X social media) ​ថា លោក​បាន​ទូរសព្ទ​ទៅ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​​នាយក​រដ្ឋមន្ត្រី​ស្តីទី​ថៃ ដើម្បី​​សម្រប​សម្រួល​ឱ្យ​ភាគី​​ទាំង​ពីរ អនុវត្ត​បទ​​​ឈប់​បាញ់ និង​​​បញ្ចប់​​សង្គ្រាម ដែល​​កំពុង​​ឆា​ប​ឆេះ ដោយ​សំអាង​ថា ការ​ប្រយុទ្ធ​គ្នា​​នេះ បាន​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​បាន​បាត់​បង់​ជីវិត​។

លើសពីនេះ លោក ដូណាល់ ត្រាំ បាន​រំលេច​ពីរ​បាំង​ពន្ធ​គយ​របស់​ខ្លួន​លើ​កម្ពុជា និង​ថៃ ដែល​អាមេរិក​គ្រោង​​ចាប់​ផ្តើម​អនុ​វត្ត ចាប់​ពី​ថ្ងៃទី​១ខែ​​សីហា ឆ្នាំ​២០២៥​នេះ​ទៅ។

ជាការឆ្លើយតប ​នាយករដ្ឋមន្ត្រីកម្ពុជា លោក​ ហ៊ុន ម៉ាណែត បានគូស​បញ្ជាក់ទៅ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​វិញ​​​​​ថា កម្ពុជា​ឯកភាព​ជាមួយ​សំណើរ​​ឱ្យ​មាន​​ការ​​ឈប់​​បាញ់​​ភ្លាម និង​ដោយ​ឥត​លក្ខ​ខណ្ឌ​រវាង​កង​ទ័ព​ទាំង​ពីរ​ ខណៈជំហរ​ដូចគ្នានេះ លោក​ក៏ធ្លាប់បាន​បញ្ជាក់ជាមួយ​លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា​ប្រធានប្ដូរវេនអាស៊ាន កាលពីថ្ងៃទី​២៤ ខែកក្កដា​ផង​ដែរ។ នេះ​បើតាមការ​លើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បន្ត​លើកឡើង​ក្នុ​ងហ្វេសប៊ុកទៀតថា នៅ​ថ្ងៃទី២៨ ខែកក្កដា លោក​នឹង​​ដឹក​នាំ​គណៈ​ប្រតិភូក​ម្ពុជា​ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ពិសេស​មួយ នៅ​ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដែល​មានម៉ាឡេស៊ី​ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិនផងដែរ។

លោកថា៖ «គោលបំ​ណង​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​សម្រេច​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​បន្ទាន់ ដែល​នាយក​រដ្ឋ​មន្ត្រីនៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ថៃ បាន​ឯកភាព​គ្នាតា​ម​គំនិត​ផ្ដួច​ផ្ដើម​របស់​ឯកឧត្ត​មប្រ​ធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump»។

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២៥ ការ​ប៉ះ​ទង្គិ​ច​គ្នា​ដោយ​អាវុធ ​រវាង​កង​ទ័ពជួរ​មុខ​​ថៃ និង​កងទ័ព​ជួរ​មុខ​កម្ពុជា បាន​កើត​ឡើង​នៅ​តាម​ខ្សែ​បន្ទាត់​​ព្រំដែន។ នៅថ្ងៃដដែលនោះ កងទ័ពកម្ពុជា ដណ្តើម​បាន​អធិប​តេយ្យ​ភាព​កម្ពុជា​មក​វិញ ដោយ​បាន​ចូល​ទៅ​គ្រប់​គ្រង​ ទាំង​ស្រុង ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាក្របី និង​តំបន់​មុំ៣​ ស្ថិត​ក្នុ​ង​ខេត្ត​ព្រះ​វិហារ។

ចាប់ពីពេលនោះមក ភាគីថៃ បាន​បង្កើន​ការ​ពង្រាយ​កង​ទ័ព​តាម​បន្ទាត់​ព្រំដែន ដែល​កម្ពុជា​ចាត់​ទុក​ថា ជាការ​ពង្រីក​ការ​ឈ្លាន​ពាន​លើ​ដែល​អធិប​តេយ្យ​កម្ពុជា។

គួររំឭកដែរ​ថា នៅ​ថ្ងៃទី២៤ ខែកក្កដា ដែលជាថ្ងៃផ្ទុះអាវុ​ធ​ដំបូង រវាង​យោធា​ថៃ និង​កម្ពុជា នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក៏​​បាន​ផ្ញើ​លិខិត​មួ​យ​ច្បាប់​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុ​ខ​អង្គកា​រ​សហ​ប្រជា​ជាតិដើម្បី​សុំ​អន្តរាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​ថៃ។

ក្រោយមកនៅថ្ងៃទី២៥ ខែ​កក្កដា កិច្ចប្រជុំ​បន្ទាន់​មួយ​ត្រូវ​បាន​ធ្វើឡើ​ង​នៅ​ក្រុម​ប្រឹក្សា​សន្តិសុ​ខ​អង្គ​ការ​សហប្រជាជាតិ​ ដោយ​ស្ថាប័ន​អង្គ​ការ​សហប្រជាជាតិ​នេះ ស្នើ​ឱ្យ​ភាគី​ទំាង​ពីរ​អត់ធ្មត់​ក្នុង​កម្រិត​ខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ