កម្ពុជា​បន្ត​ថ្កោល​ទោស​ទង្វើ​ឈ្លាន​ពាន​របស់​​ថៃ​​និង​​ឱ្យ​ថៃ​ទទួល​​ខុស​​ត្រូ​វ​​អំពើ​​​ឧក្រិដ្ឋ​​​លើ​​ពលករ​​ខ្មែរ ​

កម្ពុជា​នៅ​ថ្ងៃចន្ទ​នេះ បាន​បន្ត​ថ្កោល​ទោស​ការ​ឈ្លាន​យ៉ាង​កម្រោល​របស់​ភាគី​ថៃ មក​លើក​ដែន​អធិប​តេយ្យ​កម្ពុជា និង​ទាម​ទារ​ឱ្យ​ថៃ ទទួល​ខុស​ត្រូវ​ពី​អំពើ​ឧក្រិដ្ឋ​លើ​ពលរដ្ឋ​កម្ពុជា ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ផង​ដែរ​ ដោយ​ចាត់​ទុក​ថា ទង្វើ​នេះ ជា​ការ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ លើ​ច្បាប់​អន្តរ​ជាតិ។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ឱ្យ​​ដឹង​ថា​​​ គិត​មក​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​​ទី​​២៨ ខែ​​កក្កដា​នេះ ទាហាន​​ថៃ នៅ​​តែ​​បន្ត​​បាញ់​ប្រហារ​​ដោយ​​កា​​រប្រើ​ប្រាស់​អាវុធ​ធុន​ធ្ងន់​គ្រប់ប្រភេទ​ ​យ៉ាង​កម្រោល ឃោរឃៅ និងព្រៃ​ផ្សៃ​បំផុត​ ចូល​ទឹក​ដី​កម្ពុជា ដោយ​មិន​ញញើត​នឹង​ច្បាប់​អន្តរ​ជាតិឡើយ​។

ក្នុ​ងសន្និសីទ​សារព័ត៌មានស្តី​ពី​ «បច្ចុប្បន្ន​ភាព​នៃ​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃ​មក​លើ​ទឹក​ដី​កម្ពុជា» អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​ថ្លែង​ថា ទាហាន​ថៃ បាន​​​បន្ត​វាយ​ប្រហារ​ដោយ​សព្វា​​វុធ​ធុន​​ធ្ងន់​ និង​ទ័ពថ្មើរជើង​ មក​លើ​ទឹកដីកម្ពុជា នៅចំណុច​តំបន់​ប្រាសាទតាមាន់​ធំ ប្រាសាទ​​តាក្របី និង​ថ្មដូន។

អ្នកស្រីបន្តថា ក្នុងកា​រវាយប្រហារ​មក​លើ​អធិបតេយ្យ​ភាព​កម្ពុជា​​​នោះ កង​ទ័ព​ថៃ បានប្រើប្រាស់​នូវ​កាំភ្លើង​ត្បាល់ កាំភ្លើង​ធំ និង​យន្តហោះបាញ់គ្រាប់រ៉ុក្កែត F-16 ជាដើម ដែលបង្ក​ផល​ប៉ះពាល់ និង​ការគំរាមកំហែង​​យ៉ាងខ្លាំងដល់​កម្ពុជា។  

អ្នកស្រីថា៖ «មក​ដល់​ម៉ោង​នេះ ដែលនាងខ្ញុំឈរ​ថ្លែង​នៅទីនេះ ភាគីថៃនៅបន្ត​វាយ​លុក​យ៉ាងកម្រោង និង​ឆេះសន្ធោសន្ធៅនៅឡើយ ចំពោះកម្លាំងប្រដាប់អាវុធកម្ពុជា យើងនៅតែ​បន្តឈ​រយ៉ាង​រឹងម៉ាំ តស៊ូយ៉ាង​ស្វិត​ស្វាញ​ក្នុងការ​ការ​ពារ​ដែន​អធិតេយ្យ និង​បូរណភាពទឹកដី រប​ស់ខ្លួន​ដោយអង់អាច​ក្លាហានជាទីបំផុត»។ 

បើតាមអ្នកស្រី ម៉ាលី សុជាតា នៅវេលាម៉ោង ៩និង៤០នាទីព្រឹកនេះ​ដែរ បើតាម​ព័ត៌មាន​នានា គឺខាង​ថៃ មាន​ការផ្លាស់ប្តូរមេបញ្ជាការ​ទ័ព​​មួយចំនួន ខណៈសភាពការ​ណ៍​​​នៅ​ព្រំ​ដែន​សមុទ្រ នៅ​មាន​សភាព​ស្ងប់​ស្ងាត់​​ធម្មតា។ 

អ្នកនាំពាក្យក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​រូបនេះ ចាត់ទុកការ​បន្តឈ្លានពាន​របស់កង​ទ័ពថៃ មកលើ​ដែនអធិប​​តេយ្យ​​ភាពកម្ពុជា ថា​ជាអំពើព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ និង​ជាការ​រំលោភ​បំពានទៅលើ​ច្បាប់​អន្តរ​ជាតិ​។

អ្នកស្រី ម៉ាលី សុជាតា ថ្លែងថា៖ «ការប្រើប្រាស់សព្វាវុធធន់ធ្ងរគ្រប់ប្រភេទរបស់ថៃ និងការ​ដាក់​ពង្រាយ​ទាហាន​ដ៏ច្រើន​លើ​ស​លុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជា​បំពានដោយ​មិនញញើត​ចំពោះ​​​​​ធម្មនុញ្ញ​​អង្គ​ការ​​ស​ហ​ប្រជា​ជាតិ ធម្មនុញ្ញអាស៊ាន និង​គោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្ត​រជាតិ។ សកម្មភាពដែលគ្មានទំនួលខុសត្រូវ និង​ខុសច្បាប់បែបនេះ បង្ក​គ្រោះថ្នាក់យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ មិនត្រឹម​តែ​សម្រាប់សន្តិ​ភាព និង​ស្ថិរ​ភាពក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំង​ជាមូល​ដ្ឋាន​នៃ​សណ្តាប់ធ្នាប់​អន្តរ​ជាតិ​ផងដែរ»

ក្រៅពីកា​រឈ្លានពាន​លើ​ដែនអធិបតេយ្យភាព​កម្ពុជា ពីសំណាក់យោធាថៃ អ្នកនាំពាក្យ​ក្រសួ​ង​ការ​ពារ​ជាតិកម្ពុជា ក៏បាន​ឱ្យ​ដឹងដែរថា មានពលករខ្មែរ​មួយចំនួន​​នៅប្រទេសថៃ បានរង​នូវ​ការ​ធ្វើ​ទុក្ខ​បុកម្នេញពីក្រុម​ជ្រុលនិយម​ថៃ​ផងដែរ។ ការណ៍នេះ អ្នកស្រី​បានអំពាវនាវ​ឱ្យរដ្ឋាភិបាល​ថៃ ចាត់វិធានការ​ជាបន្ទាន់​ ដើម្បីការពារ​ពលករ​ខ្មែរ​នៅប្រទេស​ថៃ​ និង​ចាត់វិធានការ​ទៅលើ​ជនល្មើសដែលធ្វើបាបពលករ​ខ្មែរ​ផង​ដែរ។

អ្នកស្រី​ សុជាតា បានបញ្ជាក់​ថា៖​ «យើងទទួល​បាន​របាយ​ការណ៍​ជាច្រើន ពាក់​ព័ន្ធ​នឹង​ការ​វាយដំ គំរា​ម​កំហែង​ពីសំ​ណាក់​ក្រុម​ជ្រុល​និយម​ថៃ លើ​ពលរដ្ឋ​ខ្មែ​រ​នៅ​ទី​នោះ ដែល​ជាទ​ង្វើ​អមនុស្ស​ធម៌ ខុស​ច្បាប់ និង​មិន​អាច​អត់​ឱន​ឲ្យ​បាន។ កម្ពុជា​សូមអំ​ពាវនា​វដ​ល់​អាជ្ញាធរ​ថៃ ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ការ​ពារ​ប្រជាព​លរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ ក៏​ដូច​ជា​ជន​ល្មើស​ឲ្យទ​ទួល​ខុស​ត្រូវចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន ដោយផ្ត​ល់​យុត្តិ​ធម៌ និង​តម្លាភា​ព​ជូន​ពលរដ្ឋ​ខ្មែរ»

គួរបញ្ជាក់ថា ការផ្ទុះអាវុធរវាងកងទ័ព​កម្ពុជា-ថៃ បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​​២៤ ខែ​កក្កដា ឆ្នាំ២០២៥ នៅ​ចំណុច​ប្រាសាទ​តាមាន់​ធំ ខេត្ត​ឧត្តរ​មាន​ជ័យ និង​​បាន​រាល​ដាល​ទៅ​កាន់​ចំណុចផ្សេងៗ​ទៀត នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ។ ការ​ប្រយុទ្ធ​គ្នា​នេះ បាន​កើត​ឡើង​បន្ទា​ប់​ពីភាគី​ថៃ បាន​ផ្ទុះអា​វុធ​មុន នៅ​ចំណុច​ប្រាសាទ​តាមាន់។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ គិតត្រឹម​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ ​មាន​​ជនភៀស​សឹកសរុប ៣៩ ៨២៨គ្រួសារ ស្មើនឹង១៣ ៤៧០៧នាក់ ដែលត្រូវ​​បាន​​​ជម្លៀស​​​​​​​​​ទៅ​កាន់​ទី​​កន្លែង​​សុវត្ថិភាព និង​ផ្ទះសាច់ញាតិរបស់​ពួកគេ ក្នុងនោះមានទាំង​​ស្ត្រី ស្ត្រី​មា​​ន​ផ្ទៃពោះ កុមារ និង​ជនចាស់ជរាផងដែរ។

ប្រភពដដែលបន្តថា ការ​ឈ្លានពានរបស់ថៃ ក៏​​បាន​ធ្វើ​ឱ្យ​​សាលារៀន​ចំនួន ៦០០ ត្រូវ​​បិទ​ទ្វារនៅ​ខេត្ត​ចំនួន​៥ ដែលប៉ះពាល់ដល់សិស្ស​សរុបប្រមាណ ១៥ម៉ឺននាក់ និង​គ្រូបង្រៀនចំនួន ​៦ពាន់នាក់។

ដោយឡែកសម្រាប់ស្ថានភាពពលករ​វិញ អ្នកស្រី សុជាតា ឱ្យ​ដឹង​​ថា ចាប់តាំងពីថ្ងៃទី២៤ ខែ​កក្កដា ដល់ថ្ងៃទី២៧ ខែកក្កដា មាន​ពលករ​​ខ្មែរដែលធ្វើការ​នៅប្រទេស​ថៃ​ បានវិលត្រឡប់មក​មាតុប្រទេស​វិញចំនួន ៣៩ ៧២៨នាក់ ខណៈនៅថ្ងៃចន្ទនេះ តាមការ​ព្យាករណ៍អាច​មានពលករ​ប្រមាណ ១៥ម៉ឺននាក់​ទៀត នឹង​ត្រឡប់មក​កម្ពុជា​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ