កិច្ចពិភាក្សារវាងកម្ពុជានិងថៃ នៅឯប្រទេសម៉ាឡេស៊ី ជុំវិញការផ្ទុះអាវុធដាក់គ្នា ក្នុងជម្លោះព្រំដែននោះ បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ តែបន្តដោះស្រាយបញ្ហាតាមយន្តការទ្វេភាគី ដែលការណ៍នេះ នឹងចូលជាធរមាន នៅវេលាម៉ោង១២យប់ថ្ងៃចន្ទនេះ។
ការណ៍នេះ មេដឹកនាំកម្ពុជាចាត់ទុកលទ្ធផលនេះថា ជាលទ្ធផលដ៏ត្រចះត្រចង់ ឈានទៅរកប្រក្រតីភាព នៅពេលអនាគត។ ក៏ប៉ុន្តែសម្រាប់អ្នកឃ្លាំមើលវិញ ចាត់ទុកការដោះស្រាយបញ្ហាព្រំដែន កម្ពុជា ថៃ តាមយន្តការទ្វេភាគី ស្របនឹងអ្វីដែលភាគីថៃទាមទារជាយូរមកហើយ។
នេះជាការជួបលើកដំបូងរវាងមេដឹកនាំប្រទេសកម្ពុជា និងថៃ បន្ទាប់ពីយោធានៃប្រទេសទាំងពីរចាប់ផ្តើមផ្ទុះសង្រ្គាម កាលពីថ្ងៃទី២៤ ខែកក្កដា ដែលជំរុញឱ្យសហរដ្ឋអាមេរិក ចេញប្រតិកម្ម និងតម្រូវឱ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ត្រូវដើរតួសម្របសម្រួលក្នុងជម្លោះដោយប្រដាប់អាវុធនេះ។
កាសែត NST (New Straits Times) ដែលជាកាសែតក្នុងស្រុករបស់ប្រទេសម៉ាឡេស៊ី បានរាយការណ៍ស្តីពីជំនួបកំពូលនេះ គឺកិច្ចប្រជុំកំពុងតែប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដូចផែនការដែលបានគ្រោងទុក នៅក្នុងទីក្រុងពូត្រាចៃយ៉ា (Putrajaya) ។
កាសែតរាយការណ៍ថា ជំនួបនេះ ផ្តោតសំខាន់លើបទឈប់បាញ់ ដែលយោធានៃប្រទេសទាំងពីរ កំពុងប្រឈមមុខដាក់គ្នានៅឡើយ នៅតាមខ្សែបន្ទាត់ព្រំដែន។ បើតាមកាសែត NST សម្រាប់ភាគីកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ រីឯខាងភាគីថៃវិញ ដឹកនាំដោយនាយករដ្ឋមន្រ្តីស្តីទី លោក ភូមិថាម វីឆាយ៉ាឆៃ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជានាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន បានបង្ហាញឆន្ទៈក្នុងការសម្របសម្រួល ដើម្បីឈានទៅរកបទឈប់បាញ់ ដូចអ្វីដែលភាគីទាំងពីរចង់បាន។ បើទោះជាបែបណា នៅក្នុងជំនួបកំពូលនេះ គេសង្កេតឃើញតំណាងមន្រ្តីទូតមហាអំណាច ប្រចាំប្រទេសម៉ាឡេស៊ី ទាំងសហរដ្ឋអាមេរិក និងចិន ក៏បានចូលរួមសង្កេតការណ៍ដោយផ្ទាល់ដែរ។
នៅមុនជំនួបនេះ២ថ្ងៃ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លើយឆ្លងគ្នាតាមទូរសព្ទទាំងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីរបស់ភាគីថៃ។ ជាលទ្ធផល សហរដ្ឋអាមេរិក បានដាក់លក្ខខណ្ឌក្នុងជំនួបសន្ទនា កាលពីថ្ងៃទី២៦ ខែកក្កដា ដោយទាញភ្ជាប់កាតព្វកិច្ច និងក្នុងលក្ខខណ្ឌជញ្ជីងពាណិជ្ជកម្ម ប្រសិនបើភាគីទាំងពីរឈានទៅរកបទឈប់បាញ់ នឹងទទួលបានការបន្ធូរបន្ថយផ្នែកពាណិជ្ជកម្ម ជាមួយនិងអាមេរិក។
កិច្ចអន្តរាគមន៍ពីភាគីអាមេរិកនៅក្នុងជម្លោះប្រដាប់អាវុធនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារបន្ទាន់មួយ កាលពីថ្ងៃទី២៦ ខែកក្កដា ក្រោយពីលោក ហ៊ុន ម៉ាណែត បានស្នើកាលពីថ្ងៃទី២៤ខែកក្កដា ដើម្បីឱ្យស្ថាប័នកំពូលមួយនេះ ជួយស្វែងរកដំណោះស្រាយដោយការឈ្លានពានពីភាគីថៃ។
ជំហររបស់ UN លើកនេះ ក៏មិនខុសគ្នាពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ប៉ុន្មានដែរ ដែលជំរុញឱ្យភាគីទាំងពីរបន្តអត់ធ្មត់ និងឈានទៅបទឈប់បាញ់។
ជុំវិញរឿងនេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបលផ្នែកអភិឌ្ឍន៍ផ្នត់គំនិត យល់ឃើញថាជំនួបនេះ អាចជាមធ្យោបាយមួយ ដែលជួយត្រួសត្រាយផ្លូវ នាំទៅរកកិច្ចសន្ទនាជាពហុភាគីបន្តទៀត។ លោកបន្តថា ការប្រើប្រាស់អាវុធ វាមិនមែនជាដំណោះស្រាយល្អទេ ផ្ទុយទៅវិញ យន្តការនេះនឹងបង្កើនការឈឺចាប់ និងខូចខាតទាំងសង្ខាង។
លោកថា៖ «សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងពិចារណានិងដកឃ្លា ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនេះឱ្យបានឆាប់ ហើយងាកទៅរកការចរចាជាលក្ខណៈពហុភាគី ហើយគួរតែលើកយកបញ្ហាទៅដោះស្រាយតាមប្រព័ន្ធច្បាប់អន្តរជាតិ ជាពិសេសគឺតុលាការ(ICJ)តែម្តង»។
ស្របពេលប្រមុខការទូត កំពុងស្ថិតនៅក្នុងកិច្ចប្រជុំកំពូល នៅឯប្រទេសម៉ាឡេស៊ី រីឯនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនឯណោះវិញ ភាគីថៃបានសម្រុកវាយលុក ក្នុងទិសដៅដើម្បីដណ្តើមទីតាំងឈរជើងក្នុងទឹកដីកម្ពុជា ដែលយោធាកម្ពុជាកំពុងតែគ្រប់គ្រង កាន់តែខ្លាំងក្លាជាងមុន ក្នុងរយៈពេល២ថ្ងៃមកនេះ។ ក្រៅពីនេះ ភាគីថៃ ក៏បានបន្តបង្ហោះដ្រូន ចូលមកជ្រៅ ក្នុងទឹកដីកម្ពុជារហូតដល់ក្រុងសំរោងខេត្តឧត្តរមានជ័យ ដើម្បីឈ្លបយកការណ៍ និងប្រមូលទិន្នន័យ មុននឹងបន្តបាញ់ផ្លោងប្រភេទគ្រាប់ចម្ងាយឆ្ងាយមិនដាច់។ គិតមកដល់ពេលនេះ ក្រៅពីមានស្លាប់ និងរបួសទាំងយោធា និងខូចខាតទ្រព្យសម្បត្តិហើយ ចំណែកជនភៀសសឹកកម្ពុជា ក៏អាជ្ញាធរកំពុងបន្តជម្លៀសបន្តទៀតដែរ។
យ៉ាងណា ក្រុមអ្នកវិភាគនយោបាយ មើលឃើញថា ជំនួបកំពូលនេះ ទំនងនឹងមិនបានផលអ្វីច្រើនឡើយ ព្រោះភាគីថៃមិនដែលទទួលយកស្មារតីនៃខ្លឹមសារពីកិច្ចប្រជុំរបស់សហគមន៍អន្តរជាតិម្តងណាទេ។ ដូចគ្នានេះ ក្រោយជម្លោះប្រដាប់អាវុធជាលើកទី២នេះ កើតឡើង រដ្ឋាភិបាលថៃបានចេញសេចក្តីប្រកាស ដោយបញ្ជាក់ជំហររបស់ខ្លួន ហើយថា ភាគីថៃមិនដែលគោរពសាលក្រម ដែលចេញដោយតុលាការអន្តរជាតិ ICJ តាំងពីដើមមកទេ។
ក្នុងន័យនេះ បើលទ្ធផលនៃកិច្ចប្រជុំកំពូលចេញមកបែបណា ឬត្រូវចាប់បង្ខំឱ្យភាគីថៃ ត្រូវតែអនុវត្តបទឈប់បាញ់ ទំនងជានឹងមិនអាចទៅរួចឡើយ។ អ្វីដែលថៃចង់បានបំផុត និងទាញផលចំណេញពីជម្លោះនេះ គឺការចរចាជាលក្ខណៈទ្វេភាគី។ លើសពីនេះ បើកម្ពុជាមិនបញ្ចប់បណ្តឹងនានា នៅលើឆាកអន្តរជាតិទេ នោះជម្លោះនឹងមិនអាចដោះបញ្ចប់បានឡើយ។ ម្យ៉ាងវិញទៀត ផ្ទៃក្នុងថៃមិនចុះសម្រុងនឹងគ្នា រវាងយោធា និងរដ្ឋាភិបាល ដែលស្ថិតក្រោមហេតុផលនេះ រឹតតែជាបញ្ហាដ៏ស្មុគស្មាញក្នុងការស្វែងរកដំណោះស្រាយ នៅក្នុងជម្លោះនេះថែមទៀត។
យ៉ាងណា ក្រោយជំនួបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហោះសារលើហ្វេសប៊ុករបស់លោក ដោយចាត់ទុកលទ្ធផលនេះថា ជាលទ្ធផលដ៏ត្រចះត្រចង់។
បើតាមលោក ហ៊ុន ម៉ាណែត លទ្ធផលដែលភាគីកម្ពុជានិងថៃ បានឯកភាពគ្នានោះ គឺមាន៣ចំនុច ដែលទី១ដោយភាគីទាំងពីរឯកភាពគ្នាបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤:០០ ឬម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលលោកគិតថា ជាជំហានដ៏សំខាន់ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ។
ចំនុចទី២ភាគីទាំងពីរព្រមព្រៀង ឱ្យរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ ខាងភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥។ នៅថ្ងៃទី២៩ ខែកក្កដា ស្អែកនេះ នឹងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាព ពីភាគីទាំងពីរ និងទី៣ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
លើសពីនេះ មេដឹកនាំកម្ពុជា បានអរគុណប្រធានប្តូរវេនម៉ាឡេស៊ី ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។
បន្ថែមពីនេះ កម្ពុជាក៏អរគុណ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចារកការឈប់បាញ់ភ្លាម ដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបនេះ និងអរគុណផងដែរដល់រដ្ឋាភិបាលចិន ដែលតែងតែគាំទ្រលើកទឹកចិត្តឱ្យភាគីទាំងពីរ ស្វែងរកការឈប់បាញ់ និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។
សម្រាប់លោក ហ៊ុន ម៉ាណែត ជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការឱ្យប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត៕









