ពលរដ្ឋខ្មែរ​ក្រៅប្រ​ទេស​អំពាវ​នាវ​ឱ្យ​អន្តរ​ជាតិ​ថ្កោល​ទោស​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ

ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​រាប់​ពាន់​នាក់ បាន​ផ្ទុះ​បាតុ​កម្ម​ទាម​ទារ​ឱ្យ​សហគមន៍​អន្តរ​ជាតិ ថ្កោល​ទោស​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ ដោយ​ចាត់​ទុក​ថា ទង្វើ​របស់​ថៃ​បំពាន​ច្បាប់​អន្តរ​ជាតិ បំផ្លាញ​ផ្ទះស​ម្បែង សម្លាប់​ជន​ស៊ីវិល​កម្ពុជា រួម​ទាំង​បំផ្លាញ​ប្រាសាទ​បុរាណ ដែល​ជា​បេតិក​ភណ្ឌ​ពិភព​លោក។

កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរនៅ​ប្រទេស​អូស្រ្តាលី កូរ៉េ​ខាង​ត្បូង ញូហ្សើ​លេន សហរដ្ឋ​អាមេ​រិក និង​ប្រទេស​កាណាដា រាប់​ម៉ឺន​នាក់ ចេញ​ធ្វើ​បាតុកម្ម​ថ្កោល​ទោស​ទង្វើ​ឈ្លាន​ពាន​យ៉ាង​ឃោរ​ឃៅ​របស់​ទាហាន​ថៃ​លើ​ទឹក​ដី​កម្ពុជា។

ការចេញធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ ខណៈ​ភាគី​ថៃ​បន្ត​គឃ្លើន​ឈ្លាន​ពាន​បូរណ​ភាព​ទឹក​ដី​កម្ពុជា និង​បាញ់​សម្លាប់​ទាហាន និង​ជន​ស៊ីវិល​ខ្មែរ​ជា​ច្រើន​នាក់ រួ​ម​ទាំង​បំផ្លាញ​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​ជា​បេតិក​ភណ្ឌ​ពិភព​លោក គឺ​ប្រាសាទ​ព្រះវិហារ​ផង​ដែរ។

តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដាន ដែល​បាន​ចូល​រួម​ធ្វើបាតុកម្ម​នៅ​ប្រទេស​អូស្រ្តា​លី ប្រាប់​VOD​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា​នេះ​ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​នេះ មាន​ពលរដ្ឋ​ខ្មែរ​ជាង​១ពាន់​នាក់​ បាន​ចូល​រួម​ធ្វើ​បាតុកម្ម​ថ្កោល​ទោស​នូវ​ទង្វើ​ឈ្លាន​ពាន​ដ៏ឃោ​រឃៅរ​បស់​ទាហាន​ថៃ​ម​ក​លើ​ទឹក​ដី​កម្ពុជា។

លោកថា ការធ្វើបាតុកម្មនេះ គឺគោលបំ​ណង​បង្ហាញ​ទៅ​អន្តរ​ជាតិ​ថា ថៃ​បាន​រំលោភ​ច្បាប់​អន្តរ​ជាតិ​ឈ្លាន​​ពាន​​ទឹ​ក​ដី​ខ្មែរ និង​សម្លាប់​ទាហាន ជន​ស៊ីវិល​ខ្មែរ​ជា​ច្រើន រួម​ទាំង​បំផ្លាញ​ប្រាសាទ​ខ្មែរ​ថែម​ទៀត។

លោកអះអាងថា ទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជានេះ គឺ​ជា​ការ​​បំពា​ន​​ច្បាប់​​អន្តរ​​ជាតិ​ធ្ងន់​ធ្ងរ ​បង្ក​គ្រោះ​​ថ្នាក់​​ដល់​​ស្ថេរភាព​​ក្នុ​ង​​តំបន់​ រួម​​ទាំង​​​ប៉ះ​​ពាល់​​ដល់​​មូល​​ដ្ឋាន​​គ្រឹះ​នៃ​​​សណ្តាប់​​ធ្នាប់​​អន្ត​រ​ជាតិ​ផង​​ដែរ។

លោក​ថា៖ «រឿងមហិច្ឆតារបស់ថៃនេះ វា​មិន​មែន​កើត​ឡើង​នៅ​ពេល​នេះ​ទេ គឺ​ជាម​ហិច្ឆតា​ដែល​មាន​លក្ខណៈ មាន​ចរិត​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រទៅ​ហើយ គឺ​យើង​ដឹង​ហើយ​ថា​ថៃ​តាំង​ពី​ដើម​ មិន​ដែល​មាន​ទឹក​ដីណា​ ចុះ​ពី​ប្រទេស​ចិន​មក​បាន​មក​យក​ទឹក​ដី​របស់​យើង ពង្រីកៗ​រហូត​ទៅ​ដល់​ការ​កកើត​ឡើង​ប្រទេស​ថៃបែប​នេះ​ទៅ រួច​ហើយ​ថ្នាក់​ដឹក​នាំ​ប្រទេស​ថៃ​ តែង​តែ​គេ​ហៅ​ថា​បង្កើត​ប្រវត្តិសាស្ត្រ ​បង្កើត​ប្រវត្តិ​សាស្ត្រខុស​​ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ឋ​ថៃ​ហ្នឹង បណ្តុះ​គំនិត​ចង់​បាន​ទឹក​ដី​យើង​ជា​បន្ត​បន្ទាប់​មក»។

ម្យ៉ាងវិញទៀត លោក​ថា ខណៈ​ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់​ផ្លោង​ដើម្បី​ឈ្លាន​ពាន​ទឹក​ដី​នេះ មេដឹក​នាំ​កម្ពុជា​ត្រូវ​ពង្រឹង​ការទូត​ជាមួយ​អន្តរ​ជាតិ​ និង​ប្រើ​យន្ត​ការ​អន្តរជាតិ​ជា​បន្ទាន់ ដើម្បី​ថ្កោល​ទោស​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ទង្វើ​អមនុស្សធម៌​របស់​ថៃ ដែល​ធ្វើ​បាប​មក​លើ​ពលរដ្ឋ​ខ្មែរ និង​បំផ្លាញ​កេរ្តិ៍​មរតក​របស់​ខ្មែរ។

លើសពីនេះ លោក​ថា លើកទឹកចិត្តមេដឹកនាំ​បក្ស​កាន់​អំណាច គួរ​តែ​ផ្សះផ្សា បង្រួប​បង្រួម​ផ្ទៃ​ក្នុង​ជាតិ ដោះ​លែង​អ្នក​ទោស​នយោ​បាយ ដើម្បី​រួម​គ្នាដោះ​​ស្រាយ​បញ្ហា​សង្គម​ជាតិ​ដែល​កំពុង​ប្រឈម​ពី​ការ​ឈ្លាន​ពាន​នេះ។

លោ​ក​ថា៖ «យើងសូមអំពាវនាវទី១ គឺប្រទេសថៃសូម​មេត្តា​បញ្ឈប់​ការ​ឈ្លាន​ពាន​មក​លើ​ប្រទេស​កម្ពុជា​ហើយ​ដក​ទ័ព​ត្រឡប់​ទៅ​វិញ ហើយ​ទី​២​ក៏​សូម​អំពាវ​នាវ​ទៅ​សហគមន៍​អន្តរ​ជាតិ ឲ្យ​ផ្តល់​ភាព​យុត្តិធម៌​ដល់​ប្រទេស​កម្ពុជា ហើយ​នឹង​ធ្វើ​ម៉េច​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ថៃ​ ក្នុង​ការ​បញ្ឈប់​ការ​ឈ្លាន​ពាន​ ឬ​បញ្ឈប់​ការ​ធ្វើ​សង្គ្រាម​មក​លើ​ប្រទេស​កម្ពុជា ប្រទេស​កម្ពុជា​យើង​មិន​ត្រូវ​ការ​សង្គ្រាម​ទេ យើង​ត្រូវ​ការ​សន្តិ​ភាព​យើង​ត្រូវ​ការ​ភាព​សុខ​ដុម​រមនា​នៃ​ប្រជា​ជាតិ​ខ្មែរ និង​ប្រជាជាតិថៃ​រ​ស់​នៅ​ប្រៀប​បាន​ដូច​​ជា​បង​ប្អូន​ជាមួយគ្នាអី​ចឹង​ដែរ»។

ប្រហាក់ប្រហែលគ្នានេះដែរ អនុប្រធានគណកម្មការរៀបចំបាតុកម្ម​នៅ​កូរ៉េ​ខាង​ត្បូង លោក មាស វិសាល និយាយ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​នូ​វទង្វើ​ឈ្លាន​ពាន​របស់​ថៃ​នេះ។

លោកថា ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងធ្វើបាតុកម្មនេះ គឺចង់ផ្ញើសារទៅមេដឹកនាំកូរ៉េនិងសហគមន៍​អន្តរ​ជាតិ​ឱ្យ​ឃើញ​ថា ថៃ​នៅ​តែ​ចិញ្ចឹម​ចិត្ត​បំផ្លាញ​និង​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ គឺ​ថៃ​ជា​ចោរ​ឈ្លាន​ពាន​ប្រវិត្ត​សាស្រ្ត​។

លោកអះអាង​ថា ទង្វើឈ្លា​នពាន​និង​ការ​បាញ់​ផ្លោង​សំដៅលើ​ជន​ស៊ីវិល​ខ្មែរ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ បំពាន​ច្បាប់​ធម្ម​នុញ្ញ​អាស៊ាន និង​រំលោភ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ផង​ដែរ។

លោកថា៖ «ការពិតជនជាតិ​ថៃ នៅ​​​តែចិ​ញ្ចឹម​ចិត្ត​ឈ្លាន​ពាន​ទឹក​ដី​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន គាត់​មាន​អារម្មណ៍ គាត់​យល់​បាន​ថា​ប្រទេស​ថៃ គឺ​ជា​ជាតិ​សាសន៍​មួយ​ដែល​ហៅ​ថា​ឈ្លាន​ពាន​និយម​ជា​ជាតិ​សាសន៍​មួយ ដែល​ចូល​ចិត្ត​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ដទៃ អ៊ីចឹង​ហើយ​យើង​មាន​ការ​បារម្ភ​ចំពោះ​ជាតិ​សាសន៍​បែប​នេះ គឺ​យើង​គិត​ថា​ពួក​គាត់​នឹង​មិន​ងាយ​នៅ​ក្នុង​ការ​គោរព​នូវ​សណ្ដាប់​ធ្នាប់​នៅ​ច្បាប់​ជា​លក្ខណៈ​អន្តរ​ជាតិ​ទេ ជាក់​ស្ដែង​ថៃ​បាន​បដិសេធ​ចំពោះ​សាល​ដីកា​ចំពោះ​ការ​សម្រេច​របស់​តុលាការ​យុតិ្តធម៌​អន្ត​រ​ជាតិ​ICJទោះ​បី​ថៃ​ជាភា​គីនៃ​សមាជិក​អង្គ​ការ​សហ​ប្រជា​ជាតិ​ក្ដី»។

លើសពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​អះអា​ង​ថា រយៈ​ពេល​៥ថ្ងៃ​ជាប់​គ្នា​ទៅ​នេះ​ ថៃ​បាន​ពង្រីក​ការ​ឈ្លាន​ពាន​បាញ់​ផ្លោង​មក​លើ​កម្ពុជា ពិសេស​នៅតំ​បន់​ប្រាសាទ​តាមាន់​ធំ​ ស្ថិត​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ទីតាំង​ជាច្រើន​ទៀត​នៅ​ខេត្ត​ព្រះ​វិហារ។

អ្នកស្រីថា៖ «មក​ដល់​ម៉ោង​​នេះ ដែលនាងខ្ញុំឈរ​​ថ្លែ​ង​​នៅទីនេះ ភាគី​ថៃនៅ​បន្ត​​វា​យ​​លុក​​យ៉ាង​កម្រោល និង​​ឆេះ​សន្ធោ​សន្ធៅ​នៅ​ឡើយ ចំពោះ​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា យើង​នៅ​តែ​​បន្ត​ឈ​រ​យ៉ាង​​រឹង​ម៉ាំ តស៊ូ​យ៉ាង​​ស្វិត​​ស្វាញ​​ក្នុង​ការ​​ការ​​ពារ​​ដែន​​អធិប​តេយ្យ និង​​បូរណ​ភាព​ទឹក​ដីរប​ស់​ខ្លួន​​ ដោយ​អង់​អាច​​ក្លាហាន​ជា​ទីបំផុត»

ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេស​អូស្រ្តាលី លោក ស៊ឹង សែន​ករុណា ចាត់​ទុក​មហិច្ចតា​ឈ្លាន​​ពាន​របស់​ថៃ​នេះ កំពុង​បង្ក​អស្ថេរភាព​ក្នុង​តំបន់ និង​បំពាន​​​គោល​​ការណ៍​​ច្បាប់​​អន្តរ​​ជាតិ រំលោភ​​លក្ខន្តិកៈ​អង្គ​ការ​សហប្រ​ជា​ជាតិ និង​​បំពាន​​កិច្ច​​ព្រម​​ព្រៀង​​ទីក្រុង​​ប៉ារីស ដែល​ថៃជា​ម្ចា​ស់​ហត្ថ​លេខី​ដែរ។

លោកថា៖ «ចលនានៃការទាមទារហ្នឹង គឺដោ​យ​សារ​តែ​ក្នុង​រយៈ​កាល​នៃ​សង្គ្រាម​ថ្មីៗ​នេះ ប្រទេស​ថៃ​ដែល​សម្បូរ​បែប​ទៅ​ដោយ​សព្វា​វុធ​ទំនើបៗ​ជា​ច្រើន រួម​ទាំង​យន្ត​ហោះ​F-16​ទៀត ហើយ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ​នេះ​ ទម្លាក់​គ្រាប់​បែក​ធ្វើ​ឲ្យស្លា​ប់​ទៅ​ដល់​ជន​ស៊ីវិល និង​ទាហាន​កម្ពុជា​ជា​ច្រើន​ ហើយ​អ្វី​ដែល​ជា​បញ្ហា​ផ្ដើម​នោះ​ គឺ​គេ​មើល​ឃើញ​ថា ទង្វើ​របស់​​កង​ទ័ព​ថៃ គឺ​មាន​ការ​ឈ្លានពា​ន​មក​កម្ពុជា និង​ជា​បន្ត​បន្ទាប់​ជា​ញឹក​ញាប់​ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​រឿង​ចុង​ក្រោយ គឺ​នៅ​ប្រាសាទ​តាមាន់​នេះ​ឯង ដែល​ជា​ហេតុ​នាំ​ឲ្យ​បង្ក​នូវ​សង្គ្រាម​ អ៊ីចឹងហើយបា​ន​ជា​ពលរដ្ឋ​យើង​មើល​ឃើញ​ដែល​ប្រទេស​ថៃ​ ដែល​ឈ្លាន​ពាន​កម្ពុជា មាន​កម្លាំង​ខ្លាំង​ច្រើន​ជាង​កម្ពុជា​ ឲ្យ​បាន​ធ្វើការ​បាញ់​សន្ធាប់​មក​ដល់​ប្រជាព​លរដ្ឋ អីចឹង​ទៅ​ធ្វើ​ឲ្យ​ពលរដ្ឋ​យើង​ដែល​រស់នៅ​ក្រៅប្រ​ទេស​មាន​ការ​ឈឺ​ចាប់»។

គួរបញ្ជាក់ថា ការផ្ទុះអាវុធ រវាងកងទ័ព​កម្ពុជា-ថៃ បាន​​កើត​​ឡើ​ង​​នៅ​ព្រឹក​​ថ្ងៃទី​​​២៤ ខែ​​កក្កដា ឆ្នាំ​២០២៥ នៅ​​ចំណុច​​ប្រាសាទ​​តាមាន់​ធំ ខេត្ត​​ឧត្តរ​​មាន​​ជ័យ និង​​​បា​ន​​រាល​ដាល​​ទៅ​កាន់​​ចំណុច​ផ្សេងៗ​​ទៀត នៅ​​តាម​បណ្តោយ​​ព្រំដែន​​កម្ពុជា-ថៃ។ ការ​​ប្រយុទ្ធ​គ្នា​​នេះ បាន​កើត​ឡើង​បន្ទា​ប់​ពីភាគី​ថៃ បាន​ផ្ទុះអា​វុធ​មុន នៅ​ចំណុច​​ប្រាសាទ​តាមាន់។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ គិតត្រឹម​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​​២០២៥ ​មាន​​ជនភៀស​​សឹកសរុប ៣៩ ៨២៨គ្រួសារ ស្មើ​នឹង​១៣ ៤៧០៧​នាក់ ដែល​ត្រូវ​​​បាន​​​ជម្លៀស​​​​​​​​​ទៅ​កាន់​​ទី​​កន្លែង​​សុវត្ថិភាព និង​ផ្ទះសាច់ញាតិរបស់​ពួក​គេ ក្នុងនោះមានទាំង​​ស្ត្រី ស្ត្រី​មា​​ន​ផ្ទៃពោះ កុមារ និង​ជនចាស់ជរាផងដែរ។

ប្រភពដដែលបន្តថា ការ​ឈ្លានពានរបស់ថៃ ក៏​​បាន​ធ្វើ​ឱ្យ​​សាលារៀន​ចំនួន ៦០០ ត្រូវ​​បិទ​ទ្វារនៅ​ខេត្ត​ចំនួន​៥ ដែល​ប៉ះពាល់​ដល់សិ​ស្ស​​សរុ​បប្រ​មាណ ១៥​ម៉ឺន​នាក់ និង​​គ្រូ​ប​ង្រៀនចំ​​នួន ​៦ពាន់​នាក់។

ជុំវិញបញញ្ហានេះ សម្រាប់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ថៃ​បាន​បំពាន​យ៉ាង​កម្រោល​លើ​គោល​​​ការណ៍​ច្បាប់​អន្តរ​ជាតិ​នា​នា ក្នុង​ការ​ឈ្លាន​ពាន​ប្រទេស​កម្ពុជា។

លោកថា កម្ពុជា ត្រូវបន្តប្តឹងថៃ ទៅតុលាការយុត្តិធម៌​អន្តរ​ជាតិ (ICJ) និង​ប្តឹង​ថៃ ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្ត​រ​ជាតិ (ICC) ព្រម​ទាំង​ទាម​ទារ​ឲ្យ​សង​ជំងឺ​ចិត្ត ជុំវិញ​ការ​បង្ក​ឲ្យ​ខូច​ខាត​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ រួម​ទាំងប្រាសាទ​បូរាណ និង​វត្ត​អារាម ជា​ដើម​នេះ។

យ៉ាងណា កិច្ចប្រជុំបន្ទាន់មួយ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និង​ថៃ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេ​ស៊ីនៅ​ថ្ងៃ​ទី២៨​ខែ​កក្កដា​​នេះ ក្រោម​យន្តកា​រ​អាស៊ាន មាន​ការ​សម្រប​សម្រួយ​ពី​សហរដ្ឋអា​មេរិក និង​ចិន​ផង​ដែរ ដើម្បី​ស្វែង​រក​ដំណោះ​​​ស្រាយ​ឈប់​បាញ់ ក្រោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃទី​២៦ ខែកក្កដា ​ចេញ​មុខ​សម្រប​សម្រួល​ភាគី​ទាំង​ពីរ ដើម្បី​ឱ្យ​ភាគី​ទាំងពី​រវិល​ទៅ​រក​បទ​ឈប់​បាញ់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ