នៅក្នុងដំណាក់កាលដ៏សំខាន់ស្លាប់រស់របស់ជាតិ នៅពេលកងទ័ពថៃប្រើកាំភ្លើងធុនធ្ងន់គ្រប់ប្រភេទរហូតដល់ប្រើយន្តហោះF-16 ទម្លាក់គ្រាប់បែកចង្កោមបាញ់ថ្នាំពុលនិងបាញ់ផ្លោង រំលោភចូលមកក្នុងទឹកដីកម្ពុជា បណ្តាលឱ្យកងទ័ព និងប្រជាជនកម្ពុជាស្លាប់និងរបួសជារៀងរាល់ថ្ងៃ ពលរដ្ឋខ្មែរនៅគ្រប់ទិសទី បានបង្ហាញជំហររួបរួមសាមគ្គីគ្នាជាខ្មែរតែមួយចូលរួមគាំទ្រវីរៈកងទ័ពកម្ពុជា នៅខ្សែត្រៀមជួរមុខ ទៅតាមគ្រប់លទ្ធភាពដែលខ្លួនអាចធ្វើបាន។
ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា និងបន្តរហូតមកដល់ថ្ងៃទី២៨ខែកក្កដានេះ កងទ័ពថៃបានប្រើកាំភ្លើងធុនធ្ងន់គ្រប់ប្រភេទរហូតដល់ប្រើយន្តហោះF-16 ទម្លាក់គ្រាប់បែកចង្កោម បាញ់ថ្នាំពុល និងបាញ់ផ្លោងស្រោចដូចទឹកភ្លៀងរំលោភចូលមកក្នុងទឹកដីកម្ពុជា។
ក្នុងស្ថានភាពបែបនេះ គេឃើញប្រជាជាតិខ្មែរនៅគ្រប់ទិសទី បានក្រោកឡើងធ្វើសកម្មភាពទៅតាមអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់ថៃ ដូចជា ការផ្តល់ឈាម ការផ្តល់ជំនួយមនុស្សធម៌ ការផ្តល់ផ្ទះស្នាក់នៅដល់ជនភៀសសឹកដោយឥតគិតថ្លៃ ការផ្តល់រថយន្តដឹកជំនួយមនុស្សធម៌ទៅព្រំដែនដោយឥតគិតថ្លៃជាដើម។ល។
ចំណែកប្រជាពលដ្ឋខ្មែរនៅឯក្រៅប្រទេសវិញ ដូចជា នៅអូស្ត្រាលី កូរ៉េខាងត្បូង ញូហ្សេលែន និងសហរដ្ឋអាមេរិក ជាដើម ក៏មិនបាននៅស្ងៀមដែរ គឺបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រាប់ទៅសហគមន៍អន្តរជាតិថា ថៃបានប្រើកម្លាំងទ័ពចូលឈ្លានពានទឹកដីកម្ពុជា និងជំរុញឱ្យសហគមន៍អន្តរជាតិ ចូលរួមថ្កោលទោសថៃ ឱ្យបញ្ឈប់ការឈ្លានពានកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីពេលថ្មីៗនេះថា ពេលវេលានេះ គឺជាពេលដែលយើងត្រូវរួមសាមគ្គីគ្នា ដើម្បីឱ្យខ្មែរយើងកាន់តែរឹងមាំ។
លោកថា៖ «ហើយខ្ញុំសូមឱ្យប្រជាពលរដ្ឋខ្មែររបស់យើងគ្រប់និន្នាការទាំងអស់ អ្នកក្នុងអ្នកក្រៅអ្នកគាំទ្ររដ្ឋាភិបាលអ្នកមិនគាំទ្ររដ្ឋាភិបាល សុំតែម្យ៉ាងទេ ទុកប្រយោជន៍ជាតិជាធំ ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដើម្បីធ្វើការងារនេះបន្ត។ ការងារខ្លះយើងមិនអាចបញ្ចេញព័ត៌មានទេ ពាក់ព័ន្ធលក្ខន្តិកៈពាក់ព័ន្ធទៅនឹងកិច្ចការតុលាការយើងមិនអាចបញ្ចេញនោះទេ»។
ក្រុមប្រឹក្សាជាតិតស៊ូ (CNRC) ដែលកន្លងមកតែងតែប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ទាំងក្នុងនិងក្រៅប្រទេស ធ្វើចលនាឱ្យសកម្មនៅគ្រប់ទិសទី ដើម្បីការពារប្រទេសកម្ពុជា ក្នុងនោះត្រូវនាំគ្នាធ្វើបាតុកម្ម ទូទាំងពិភពលោក ប្រឆាំងកងទ័ពថៃ ដែលឈ្លានពានទឹកដីកម្ពុជា។
បន្ថែមពីនេះ ត្រូវទាមទារឱ្យអ្នកកាន់អំណាចនៅកម្ពុជា ធ្វើការផ្សះផ្សាបង្រួបបង្រួមជាតិ ដោះលែងអ្នកទោសមនសិការ និងស្ដារប្រជាធិបតេយ្យ ដើម្បីប្រមូលកម្លាំងជាតិខ្មែររួម ទើបមានប្រសិទ្ធភាពក្នុងការប្រយុទ្ធតទល់នឹងបរទេសឈ្លានពាន។
ក្រៅពីប្រកាសប្រមូលមូលនិធិជួយទ្រទ្រង់ដល់កងទ័ព និងជនភៀសសឹក ក្រុមប្រឹក្សាជាតិតស៊ូ ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តតាមយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១ និងយន្តការអន្តរជាតិនានា ដូចជា តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយវិបត្តិព្រំដែនកម្ពុជា ថៃផងដែរ។
នៅថ្ងៃទី២៨ខែកក្កដានេះ នៅលើហ្វេសប៊ុក លោក សម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ ក្រៅពីបង្ហោះពីការធ្វើបាតុកម្មប្រឆាំងថៃរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមបណ្តាប្រទេសមួយចំនួន លោកសម រង្ស៊ី លើកឡើងថា ខ្មែរនៅក្នុងប្រទេសនិងខ្មែរនៅក្រៅប្រទេស គឺជាខ្មែរតែមួយ ដែលត្រូវតែរួបរួមសាមគ្គីគ្នាប្រឆាំងនឹងការឈ្លានពានរបស់ថៃ។
លោកថា៖ «ខ្ញុំសូមសម្តែងការលើកទឹកចិត្តដល់កូនខ្មែរទាំងអស់ ជាពិសេសពលទាហាន និងនាយទាហាននៅតាមព្រំប្រទល់ដែនថៃដែលកំពុងតែការពារ លះបង់រហូតដល់អាយុជីវិត ដើម្បីការពារទឹកដីប្រទេសកម្ពុជាឱ្យបាននៅគង់វង្ស ហើយខ្ញុំក៏សូមចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារជនជាតិខ្មែរ ដែលបានបាត់បង់ជីវិតដោយសារតែការវាយប្រហារពីសំណាក់កងទ័ពថៃ មកលើទឹកដីប្រទេសកម្ពុជា ហើយខ្មែរយើងទាំងអស់នៅពេលនេះ យើងត្រូវរួមសាមគ្គីគ្នាបង្ហាញសាមគ្គីភាពថ្នាក់ជាតិ ជាតិខ្មែរទាំងមូលដើម្បីការពារទឹកដីយើងឱ្យបាននៅគង់វង្ស ការពារអធិបតីភាពជាតិយើង ហើយការពារកិត្តិយសជាតិខ្មែរយើងទាំងអស់គ្នាផង»។
ជាមួយគ្នានេះ លោកស្រី មូរ សុខហួរ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថែ្លងនៅពេលចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការឈ្លានពានរបស់ថៃ នៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៧ខែកក្កដាថា ការធ្វើបាតុកម្មនេះ គឺដើម្បីបង្ហាញពីទឹកចិត្តថា ខ្មែរនៅគ្រប់ទិសទីគឺចូលរួមការពារទឹកដីខ្មែរជាមួយគ្នា ប្រឆាំងទៅនឹងការឈ្លានពានពីសំណាក់ប្រទេសថៃ។
លោកស្រីថា៖ «យើងមិនឱ្យមានការបង្ហូរឈាមទេ ហើយយើងថ្កោលទោសថៃ យោធាថៃដែលរំលោភបូរណភាពទឹកដី ហើយមានការទៅដល់បាត់បង់ជីវិតរបស់យោធាខ្មែរយើងនៅសមរភូមិ។ អ៊ីចឹងយើងទាំងអស់គ្នានៅជាមួយខ្មែរ ខ្មែរតែមួយខ្មែរឈ្នះ។ នេះគឺជាអត្ថន័យនៃមហាបាតុកម្ម ហើយយើងសូមឱ្យយកករណីមាតុភូមិដែលគេចង់ប្លន់យកពីយើងទៅICJ»។
បើតាមអ្នកដឹកនាំរៀបចំធ្វើបាតុកម្មនៅប្រទេសកូរ៉េ កាលពីដំបូងគម្រោងនៃការធ្វើបាតុកម្មនេះ គឺដើម្បីប្រឆាំងនឹងរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ដែលបានធ្វើការកែរដ្ឋធម្មនុញ្ញមាត្រា៣៣ ដើម្បីឈានទៅបង្កើតច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ និងទាមទារឱ្យរដ្ឋាភិបាលកម្ពុជា បើកលំហរប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយ និងសកម្មជនសង្គ មដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌ និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាឆាប់ដាក់ពាក្យប្តឹងសំណុំរឿងព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ។
ប៉ុន្តែដោយសារចាប់តាំងពីថ្ងៃទី២៤ខែកក្កដាមក ទាហានថៃបានបើកការឈ្លានពានទឹកដីកម្ពុជា ទើបគោលបំណងនៃការធ្វើបាតុកម្មនេះ ត្រូវផ្តោតទៅលើការប្រឆាំងនឹងការឈ្លានពានរបស់ថៃ។
ទាក់ទងនឹងការធ្វើបាតុកម្មប្រឆាំងថៃនេះដែរ លោកគ្រូអន្ទិត សាន សុជា ដែលបានចូលរួមធ្វើបាតុកម្មនៅប្រទេសអូស្រ្តាលី ថ្លែងថា បើតាមប៉ូលិសអូស្ត្រាលីបាតុកម្មនៅថ្ងៃទី២៧ខែកក្កដា មានអ្នកចូលរួមប្រមាណ៥ពាន់នាក់។ លោកថ្លែងនៅពេលចូលរួមធ្វើបាតុកម្មថា ការជួបជុំគ្នានៅថ្ងៃនេះ គ្រាន់តែជាការចាប់ផ្តើមដើម្បីរួមនូវស្មារតីគិតពីរឿងមាតុភូមិយើងទាំងអស់គ្នា។
លោកថា៖«ពីព្រោះយើងទទួលបានព័ត៌មានថា ក្រោយពីការសម្របសម្រួលរបស់ប្រធានាធិបតី ត្រាំ ថៃមិនបានបញ្ឈប់ការបាញ់ប្រហារមកលើប្រទេសជាតិរបស់យើងទេ ដូច្នេះយើងគប្បីរួបរួមគ្នាគិតរយៈពេលវែង ដូច្នេះយើងត្រូវទទួលព័ត៌មានពីប្រភពដែលជឿទុកចិត្តបាន ហើយបង្កលក្ខណៈត្រៀមចាំជួយតាមការដែលអាចធ្វើបាន។ សូមអរគុណទឹកចិត្តបងប្អូនដែលបានចូលរួមនៅក្នុងថ្ងៃនេះ ហើយខ្ញុំនឹងចែកព័ត៌មានតៗទៀត ថាតើយើងនឹងត្រូវធ្វើយ៉ាងណាទៀត…យើងត្រូវការសន្តិភាពថៃត្រូវតែបញ្ឈប់សង្គ្រាម»។
ជាមួយគ្នានេះ អ្នកស្រី សេដា ក៏បានថ្លែងដែរថា ចាប់តាំងពីអ្នកស្រីបានមករស់នៅលើទឹកដីប្រទេសអូស្ត្រាលី មិនដែលឃើញពិធីជួបជុំណាដែលមានប្រជាពលរដ្ឋខ្មែរចូលរួមច្រើនបែបនេះទេ ដែលនេះសបង្ហាញឱ្យឃើញពីការរួបរួមជាតិឯកភាពជាតិជាខ្មែរតែមួយ ដែលនឹងធ្វើឱ្យខ្មែរមានសំឡងខ្លាំង។
អ្នកស្រីថា៖ «សូមអរគុណបងប្អូនទាំងអស់គ្នា ដែលបង្ហាញវត្តមានយ៉ាងច្រើនកុះករណាន់ណែនតែនតាប់ ខ្ញុំមិនដែលឃើញការជួបជុំណាដែលមានភាពអធិកអធមដូចថ្ងៃនេះទេ តាំងពីខ្ញុំមកនៅលើទឹកដីអូស្រ្តាលីនេះជាង៤ទសវត្សរ៍ហើយបងប្អូន។ ចឹងខ្ញុំពិតជាអរគុណអស់ពីបេះដូងថ្លើមប្រម៉ាត់ មានទាំងប៉ុន្មានខ្ញុំបានជូនបងប្អូនទាំងអស់។ វត្តមានរបស់បងប្អូនមានន័យយ៉ាងម៉េច? មានន័យថា បងប្អូនស្រឡាញ់សន្តិភាព មានន័យថា រួមគ្នាឯកភាពគ្នាជាខ្មែរតែមួយ មិនថានៅទីណាទេ យើងត្រូវតែរួមកម្លាំងគ្នាជាខ្មែរតែមួយសំឡេងតែមួយ ពេលយើងបញ្ចេញសំឡេងតែមួយមានន័យថា គេនឹងស្តាប់យើង បើយើងមួយទៅឆ្វេងមួយទៅស្តាំគេមិនដឹងស្តាប់អ្នកណាទេ មែនអត់?»។
លោកស្រីបញ្ជាក់ថា ខ្មែរមិនដែលបានប្លន់ទឹកដីពីប្រទេសណាមួយ ឬរំលោភបំពានទៅលើប្រទេសណាមួយឡើយ ដូច្នេះក្នុងនាមយើងជាខ្មែរស្លូតត្រង់យើងត្រូវរួបរួមគ្នា ដើម្បីផ្តល់ព័ត៌មានពិតពីកម្ពុជាទៅកាន់ពិភពលោកថា ថៃឈ្លានពានកម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត សេង សារី ដែលកន្លងមកធ្លាប់ធ្វើជាចារកម្មរបស់ លោក ហ៊ុន សែន បានថ្លែងក្នុងកម្មវិធីផ្សាយបន្តផ្ទាល់លើបណ្តាញសង្គម កាលពីថ្ងៃទី២៧ខែកក្កដាថា ប្រសិនបើសង្គ្រាមលើកនេះអាចបញ្ចប់ទៅបានលឿន កម្ពុជាគួរតែរៀនសូត្រពីសង្គ្រាមនេះ ដោយបង្កើតនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ គឺធ្វើឱ្យកម្ពុជារួបរួមគ្នាឡើងវិញ ហើយឈរលើគោលការណ៍ប្រជាធិបតេយ្យ បើកលំហរនយោបាយឱ្យមានការបោះឆ្នោតដោយសេរីយុត្តិធម៌និងត្រឹមត្រូវ។
លោកថា៖ «គ្រាន់តែសង្គ្រាមជាមួយថៃលើកនេះ ការបង្ហាញពីការការពារជាតិរបស់រដ្ឋាភិបាល ពីការឈ្លានពានរបស់ថៃលើកនេះ ខ្ញុំឃើញថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អាចយកបេះដូងពលរដ្ឋបានច្រើនណាស់។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏គួរបង្ហាញដើម្បីកសាងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាឡើងវិញ នៅលើឆាកអន្តរជាតិបើកឱ្យមានការបោះឆ្នោតទៅ។ នេះក៏ជាការវាស់វែងប្រជាប្រិយភាពរបស់ខ្លួនផង ក្រោយពីខ្លួនបង្ហាញនូវការការពារទឹកដី»។
លោកសេង សារី មានការរំភើបចិត្តនៅពេលដែលឃើញបងប្អូនខ្មែរនៅគ្រប់ទិសទី គ្រប់និន្នាការនយោបាយ ចេះរួបរួមសាមគ្គីគ្នាការពារទឹកដី នៅពេលដែលថៃចូលឈ្លានពាន។
លោកថា ការចូលរួមរបស់ប្រជាជាតិខ្មែរនេះ ក៏ឆ្លុះបញ្ចាំងពីច្បាប់សញ្ជាតិដែរ ដែលបង្ហាញថា ការធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យធ្វើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ គឺជាកំហុសដ៏ធំមួយរបស់រដ្ឋាភិបាល ពីព្រោះប្រសិនបើយើងយកព្រឹត្តិការណ៍ប្រឆាំងថៃឈ្លានពាន ដែលបានកើតឡើងនៅពេលនេះមកវាស់វែង នោះបង្ហាញថា គ្មានខ្មែរណាក្បត់ជាតិខ្លួននោះទេ។
សម្រាប់លោក ផែង ហេង មេធាវីការពារក្តីឱ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងថា ក្នុងកាលៈទេសៈនេះ លោក ហ៊ុន សែន និងលោក កឹម សុខា គឺជានិមិត្តរូបនៃការផ្សះផ្សាជាតិ ឯកភាពជាតិ ខណៈលោក ហ៊ុន សែន ជាប្រធានគណបក្សកាន់អំណាចហើយ លោក កឹម សុខា ជាប្រធានគណបក្សប្រឆាំងតែ១គត់មុនពេលចាប់ខ្លួន។
លោកថា ជាប្រពៃណី និងទំនាមទម្លាប់នៃការបញ្ចប់ជំនាស់ គ្មានទំនាស់ណាដែលបញ្ចប់លឿន និងទទួលបានការសាទរពីគ្រប់ភាគី ក្រៅពីការនិយាយរកគ្នា និងការចរចាបញ្ចប់ទំនាស់នោះទេ ដែលគេនិយមហៅថា “យុទ្ធសាស្ត្រឈ្នះ-ឈ្នះ” (Win-Win) បើពុំនោះទេ ទំនាស់នឹងបន្តជំនាន់ ហើយមិនបានស្ងប់ក្នុងចិត្ត ទាំងអ្នកចាញ់ និងអ្នកឈ្នះ។
លោក ផែង ហេង លើកឡើងថា ក្នុងកាលៈទេសៈមានការឈ្លានពានពីបរទេស ដែលយើងកំពុងមើលឃើញបច្ចុប្បន្ន ការរួបរួមជាតិ ដើម្បីប្រមូលកម្លាំងអ្នកស្នេហាជាតិបានជាកម្លាំង ជាគំនិត ដើម្បីទប់ទល់សត្រូវ គឺជាកាតព្វកិច្ច និងករណីយកិច្ចរបស់ខ្មែរគ្រប់រូប បើខ្មែរណាមិនយល់រឿងនេះ នោះបរាជ័យដល់ខ្មែរទាំងអស់។
ចំណែក លោកស្រី ម៉េង សុភារី មេធាវីម្នាក់ទៀតរបស់ លោក កឹម សុខា បានសរសេរបង្ហោះលើបណ្តាញសង្គមរបស់លោកស្រីថា បន្ទាប់ពីសហមេធាវី បានទទួលលិខិតអញ្ជើញចូលរួមសវនាការ ដែលនឹងត្រូវបន្តនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ខាងមុខ នៅថ្ងៃទី២៥ កក្កដា ២០២៥ ក្រុមមេធាវីបានទៅជួបលោក កឹម សុខា ដើម្បីពិភាក្សាអំពីរឿងក្តីរបស់គាត់។
ប៉ុន្តែនៅពេលបានជួប លោក កឹម សុខា បានបង្ហាញអារម្មណ៍សោកសៅ និងបានមានប្រសាសន៍ថា «ខ្ញុំហាក់បីដូចជាគ្មានអារម្មណ៍គិតរឿងក្តីខ្ញុំនេះទេ។ កាលៈទេសៈនេះ រឹតតែធ្វើឲ្យខ្ញុំគិតហួសពីសិទ្ធិនិងជីវិតខ្ញុំ។ ខ្ញុំគិតនិងបារម្ភពីជីវិតជាតិខ្ញុំ គឺទឹកដីកម្ពុជានិងបងប្អូនរួមឈាមខ្មែរ ព្រោះតែមានអំពើឈ្លានពានរបស់បរទេសដែលខ្ញុំតែងតែប្រឆាំងជាដាច់ខាត» ។
បើតាមលោកស្រីមេធាវី នៅពេលមានប្រសាសន៍ដល់ត្រឹមនេះ ស្រាប់តែអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ អួលដើមក ទឹកភ្នែកក៏រលីងរលោងមកតែម្តង។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា ចង្កឺះមួយបាច់ មិនគ្រាន់តែកាច់មិនបាក់ទេ ថែមពីលើនេះ វាក៏ជាដំបង ជាអាវុធមួយសម្រាប់ការពារខ្លួននិងវ៉ៃខ្មាំងសត្រូវផងដែរ។ លោកលើកឡើងថា ជនជាតិមួយមិនគួរមានទស្សន:អ្នកឈ្នះ-អ្នកចាញ់ រវាងជនជាតិគ្នាឯងនោះទេ ពីព្រោះទស្សន:នេះ គឺបង្កើតឲ្យមានការបែងចែករវាងជនជាតិគ្នាឯង៕









