អ្នកឃ្លាំ​មើល​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​កុំ​ឱ្យ​ថៃ​មាន​លេស​វិល​មក​ឈ្លាន​ពាន​ប្រាសាទ​ខ្មែរ

ជម្លោះ​ព្រំដែន​ដែល​បាន​ផ្ទុះ​អាវុធ​ដាក់​គ្នា​រយៈ​ពេល​៥​ថ្ងៃ​ទៅ​នេះ អ្នក​ឃ្លាំ​មើល​ជំរុញ​ឱ្យ​មេដឹក​នាំ​កម្ពុជា​ត្រូវ​ធ្វើ​​យ៉ា​ង​ណា​កុំ​ឱ្យ​ថៃ​មាន​លេស វិល​មក​ឈ្លា​​ន​ពា​ន​ដែន​អធិប​តេយ្យ​កម្ពុជា​ឡើង​វិញ​បាន ដូច​ជា​ នៅ​​​​ប្រា​​សាទតាមាន់ធំ តា​ក្របី តំបន់​មុំ៣ និង​ទីតាំង​មួយ​ចំនួន​ទៀត ដូច​ដែល​ថៃ​ធ្លាប់​ឈ្លាន​ពាន​កន្លង​ទៅ។

ការជំរុញនេះ ចំពេលមានកិច្ចចរចា​បទ​ឈប់បាញ់​រវាង​កម្ពុជា​និង​ថៃ ដែល​​មាន​ប្រទេស​ម៉ាឡេ​ស៊ី ​​ធ្វើ​​​ជា​​ម្ចាស់​​ផ្ទះ ​អាមេរិក​​​ជា​​​អ្នក​​សហ​ការ​រៀប​​ចំ ដោយ​មា​ន​​តំណាង​​​ពី​​ភាគី​​ចិន​​ចូល​​រួម​ផង​ដែរ នៅ​ថ្ងៃ​ទី២​៨ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ។

នាយករដ្ឋមន្រ្តីក​ម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជាក់​លើ​ហ្វេស​ប៊ុក​លោក​នៅ​ថ្ងៃទី​​២៨ ខែក​ក្កដា ថា គោល​បំណង​នៃ​កិច្ច​ប្រជុំ​នេះ​ ដើម្បី​សម្រេច​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់ ដែល​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​និ​ង​ថៃ បាន​ឯកភាព​គ្នា​តាម​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ។

កាលពីថ្ងៃ​ទី២​៤ ខែ​កក្កដា អ្នកនាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ អ្នក​ស្រី ម៉ាលី សុជាតា បញ្ជាក់​ថា ប្រាសាទ​តាក្របី តំបន់​មុំបី និង​ប្រាសាទ​តាមាន់​ធំ ត្រូវ​បាន​កង​ទ័ព​កម្ពុជា​កាន់​កាប់​ដោយ​ជោគ​ជ័យ​ដែល​ជា​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា ខណៈ​កន្លង​ទៅ​តំបន់​ទាំង​នេះ សុទ្ធ​តែ​មាន​កង​ទ័ព​កម្ពុជា-ថៃ​ឈរ​ជើង​រៀងៗ​ខ្លួន។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ លោក អ៊ុំ​ សំអាន និយាយ​ថា ក្នុង​ការ​ចរចា​គ្នា​នេះ កម្ពុជា​ត្រូវ​ទាម​ទារ​ឱ្យ​ថៃ​បញ្ឈប់​ការ​ឈ្លាន​ពាន និង​ដក​ទ័ព​ឈ្លាន​ពាន​ចេញ​ពី​ដី​កម្ពុជា​ទាំង​អស់ រួម​មាន​ ច្រក​អាន​សេះ ប្រាសាទ​តាមាន់​តូច ជាដើម។

លោកសង្កត់ធ្ងន់ថា កម្ពុជា​ត្រូវ​ប្រញាប់​ប្តឹង​ថៃ​ទៅ​ICJ និង​ត្រូវ​ស្នើ​ឱ្យ​មហា​អំណាច​ចិន និង​អាមរិក​ដាក់​សម្ពាធ​ថៃ ឱ្យ​ទៅ​តតាំង​ក្តី​ជាមួយ​កម្ពុជា នៅ​តុលាការ​​ICJ ដើម្បី​ឱ្យ​ថៃ​គោរព​​តាម​សន្ធិសញ្ញា​បារាំង​សៀម​ ១៩០៤ និង​១៩០៧។

លោកថា៖ «កុំព្រម​ឱ្យ​សោះ​ក្នុង​ការ​គ្រប់​គ្រង​រួម​មុន​ដែល​ផ្ទុះ​សង្គ្រាម។ បើ​មិន​អ៊ី​ចឹង​ទេ​គឺ​យើង​នឹង​មាន​ភាព​រញ៉េ​រញ៉ៃ​នៅ​ប្រាសាទ​ទាំង​អស់​ហ្នឹង ហើយ​អាច​បាត់​ប្រាសាទ​ទាំង​អស់​ហ្នឹង ទៅ​ភាគី​ថៃ​ នៅ​ពេល​អនាគត។ ហើយ​ទោះ​បី​យើង​ឈ្នះក្ដី​នៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ICJ នៅ​ពេល​ខាង​មុខ​ក៏ដោយ។ បើ​សិន​ជា​យើង​គ្រប់​គ្រង​រួម​ ពិបាក​នឹ​ងប​ណ្ដេញ​ថៃ​ចេញ​ពី​ប្រាសាទ​ទាំង​អស់​ហ្នឹង​ណាស់​ បើ​សិន​ជា​ត្រូវ​បណ្តេញ​ហ្នឹង គឺ​ត្រូវ​អាច​ផ្ទុះ​អាវុធ​ម្តង​ទៀត។ ជា​សំណូម​ពរ​របស់​ខ្ញុំ កុំ​ឲ្យ​រដ្ឋាភិ​បាល​យល់​ព្រម​ឱ្យ​សោះ​ ក្នុង​ការ​គ្រប់​គ្រង​រួម​​ដូច​ពី​មុន​ ចំពោះ​ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាក្របី គឺ​ធ្វើ​ម៉េច​កម្ពុជា​គ្រប់​គ្រង​ទាំង​ស្រុង​​១០០​​ភាគ​រយ ហើយ​ត្រូវ​តែ​គ្រប់​គ្រង​បន្ត​ទៅ​ទៀត​ផ្តាច់​មុខ​តែ​ម្ដង»។ 

បន្ថែមលើនេះ លោក​ថា ត្រូវ​ឱ្យ​ថៃទទួល​ខុស​ត្រូវ​លើ​ការ​ខូច​ខាត ដែល​ថៃ​បំពាន​ច្បាប់​អន្តរ​ជាតិ​ដោយ​ប្រើ​គ្រាប់​បែក​ចង្កោម​វាយ​ប្រហារ​លើ​កម្ពុជា ការ​បាញ់​កំទេច​ប្រាសាទ​ព្រះ​វិហារ រួម​ទាំង​ផ្សែង​ពុល ជា​ដើម។

សម្រាប់ អតីត​នាយក​ខុទ្ទ​ការល័យ ​​​លោក កឹម សុខា គឺ​លោក មុត ចន្ថា វិភាគ​លើ​ហ្វេស​ប៊ុក​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​នេះ​ថា ការ​ចរចា​ដែល​ផ្ចុង​ផ្តើម​ដោយ​អាមេរិក​​នេះ ​អាច​មិន​បាន​ផល​ជា​ដុំ​កំភួន​​​ហើយ អាច​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​ធំ​​ បើ​កម្ពុជា​ធ្វើ​ការ​ទូត​មិន​បាន​ដិត​ដល់​​ និង​ចំទិស​ដៅ​។

លោក​ថា ភាគីឈ្លានពានថៃពូកែការទូត ​ជាពិសេស​ល្បិច​កល​ខាង​បំភ្លៃ​ ក្រ​ឡាស់​ មួល​បង្កាច់​ លាប​ពណ៌​ ទម្លាក់​កំហុស និង​មិន​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​អាក្រក់​របស់​ខ្លួន។

ជាង​នេះ​ទៀត​ ថៃ​មាន​ទំនាក់​ទំនង​ទ្វេភាគី​ល្អ​ប្រសើរ ​និង​ជិត​ស្និទ្ធ​ជាមួយ​អាមេរិក​ បើ​ប្រៀប​ធៀប​រវាង​កម្ពុជា​ និង​អាមេរិក។

ដោយឡែក លោកថា ទំនាក់​ទំនង​ស្អិត​រមួត​រវាង​ចិន​ និង​​កម្ពុជា​ បាន​បង្កើត​មន្ទិល​ធ្ងន់​រួច​ហើយ​សម្រាប់​អាមេរិក​ ចំពោះ​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា​ ជាពិសេស​បញ្ហា​មូល​ដ្ឋាន​ទ័ព​ជើង​ទឹក​សមុទ្រ​រាម។

សម្រាប់ លោក មុត ចន្ថា គួរ​តែ​កុំទាន់​យក​បញ្ហា​ពន្ធ​ពាណិជ្ជ​កម្ម អាមេរិក​មក​ឡូក​ឡំ​ជាមួយ​ការ​ចរចា​លើ​បទ​ឈប់​បាញ់​គ្នា និង​ការ​បង្កើត​ឱ្យ​មាន​សន្តិភាព។

លោកសង្កត់ធ្ងន់ថា៖ «ប្រសិន​ជា​ការ​ចរ​ចា​នេះ ស្ថិត​ក្រោម​សម្ពាធ​ដោយ​សារ​ការ​ខ្លាច​បាត់​បង់​នូវ​ការ​អនុ​គ្រោះ​ពាណិជ្ជ​កម្ម​ទាប​ ភាគី​ថៃ​អាច​ស្រូប​យក​ចំណេញ​ពី​ការ​ទាម​ទារ​​រក្សា​ទុក​ចំណែក​គ្រប់​គ្រង​លើ​ដែន​ដី​កម្ពុជា ដែល​បាន​ព្រម​ព្រៀង​គ្នា​នៅ​មុន​ពេល​ផ្ទុះ​អាវុធ​ និង​ងាក​មក​ចរចា​ទ្វេ​ភាគី​តាម​ការ​ចង់​បាន​របស់​ភាគី​ឈ្លាន​ពាន​ថៃ​ ដែល​ជា​ល្បិច​កល​អូស​បន្លាយ​បញ្ហា​ព្រំ​ដែន​ ព្រោះភា​គី​ឈ្លាន​ពាន​គេច​វេះ​ មិន​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​អន្តរ​ជាតិ​​ដោយ​ឈរ​លើផែ​ន​ទី​ផ្លូវ​ការ​​​ឆ្នាំ​១៩០៧»។

សម្រាប់ ប្រធានក្រុមប្រឹក្សា​ឃ្លាំមើលក​ម្ពុជា លោក ម៉ែន ណាត ចាត់​ទុក​ថា ការ​ចូល​រួម​ពី​មហា​អំណាច​ក្នុង​ជម្លោះ​ព្រំដែន​នេះ អាច​ជា​ការ​ចាប់​ផ្តើម​មួយ​ជាវិ​ជ្ជ​មាន​ តែ​មិ​ន​ទាន់​បាន​សម្រេច​លទ្ធ​ផល​ធំ​ដុំ​​ទេ ព្រោះ​ថៃ​បរាជ័យ​ឈ្លាន​ពាន​កម្ពុជា។

បើតាម លោក ម៉ែន ណាត ថៃច​ង់​ចរចា​ទ្វេភាគី​ ព្រោះ​ថៃ​ចង់​សង្កត់​ខ្មែរ​ឱ្យ​​ដក​ទ័ព​ចេញ ហើយ​ថៃ​ចូល​ទៅ​កាន់​កាប់​រួម​គ្នា​តែម្តង​ ដែល​ជា​ល្បិច​របស់​ថៃមា​ន​ជាយូរ​ហើយ ខណៈ​តាម​យន្ត​ការ​អន្តរ​ជាតិ​វិញ​ លោក​ថា កម្ពុជា​កំពុង​មាន​ប្រៀប​ទាំង​ការ​ប្តឹង​ទៅ ICJ និង​រក​​ការ​អន្តរាគមន៍​ពី​UN​ជាដើម​។

យ៉ាង​ណា ចំពោះមេ​រៀន​ដែល​កម្ពុជា រៀន​បាន​ពីជ​ម្លោះ​ព្រំដែន​លើក​នេះ ក្រៅ​ពី​ពឹង​អន្តរ​ជាតិ​ហើយ កម្ពុជា​ត្រូវ​ពង្រឹង​សព្វា​វុធ​ទំនើបៗ ពង្រឹង​សេដ្ឋ​កិច្ច និង​ការ​ផ្សះ​ផ្សា​ផ្ទៃក្នុង​ជាតិ​ដើម្បី​ទប់​ទប់​សត្រូវ​ឈ្លាន​ពាន។ 

លោកថា៖ «ជាមេរៀនដែល​កម្ពុ​ជា​គួរធ្វើ គឺ​ពង្រឹង​វិស័យ​កង​ទ័ព​ឲ្យ​រឹង​មាំ​ទី១ ហើយ​ទី​២​ត្រូវ​ពង្រឹង​ស្មារតី​ជាតិ​របស់​ខ្លួន​ឯង​ហ្នឹង​ឲ្យ​បាន​រឹង​មាំ​ឡើង​វិញ ផ្សះ​ផ្សា​ជាតិ​​ជាពិ​សេស ហើយ​អ្វី​ដែល​យើង​ចង់​បាន​ជាង​គេ គឺចង់​ឃើញ​មេដឹក​នាំ​កម្ពុជា​សម្រួល​ទៅ​ដល់​អ្នក​ទោស​មនសិការ ឬ​ក៏​អ្នក​ជាប់​ឃុំម​នសិ​ការ​ ឲ្យ​​ពួក​គាត់​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​ជាតិ និង​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ផង ហើយ​ទី​៣​កម្ពុជា​ក៏​គួរ​គិត​ឡើង​វិញ​ដែរ អំពី​ការ​ពង្រឹង​វិស័យ​សេដ្ឋ​កិច្ច និង​សន្តិ​សុខ​ជាតិ ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​ការ​ងារ​របស់​ប្រ​ជា​ពលរដ្ឋ​ខ្មែរ»

ការផ្ទុះអាវុធរវាងកងទ័ព​កម្ពុជា-ថៃ បាន​​កើត​​ឡើ​ង​​​នៅ​​ព្រឹក​​ថ្ងៃ​​ទី​​​២៤ ខែ​​កក្កដា ឆ្នាំ​២០២៥ នៅ​​ចំណុច​​ប្រាសាទ​​តាមាន់​ធំ ខេត្ត​​ឧត្តរ​​មាន​​ជ័យ និង​​​បាន​រាល​ដាល​​ទៅ​កាន់​​ចំណុច​ផ្សេងៗ​​ទៀត​ នៅ​​តាម​​បណ្តោយ​​ព្រំដែន​​កម្ពុជា-ថៃ។ ការ​​ប្រយុទ្ធ​​គ្នា​​​នេះ បាន​​កើត​​ឡើង​បន្ទា​​ប់​​ពី​ភាគី​​ថៃ បាន​ផ្ទុះ​អា​វុ​ធ​​មុន នៅ​​ចំណុច​​ប្រាសាទ​​តាមាន់។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃទី​២៦​​​ខែ​ក​ក្កដា បាន​​ចេញ​​មុខ​អន្តរា​គមន៍​​ឱ្យ​ភាគី​​កម្ពុជា​​និង​​ថៃ វិល​ទៅ​រក​​ការ​ឈប់​​បាញ់​​បន្ទាន់​​មួយ ដើម្បី​​បញ្ចៀស​ការ​​សម្លាប់​​គ្នា​​​​ទៅ​​វិញ​​ទៅ​មក។

យ៉ាងណា អ្នកនាំពាក្យក្រសួង​ការពារ​​ជាតិ អ្នក​ស្រី ម៉ាលី សុជាតា បាន​​បញ្ជាក់​​ថា គិត​​ត្រឹម​​ព្រឹក​ថ្ងៃ​​ទី២​៨ ខែ​​កក្កដា​នេះ ថៃ​បា​​ន​​ពង្រីក​​ការ​ឈ្លាន​ពាន​ កាន់​​​តែ​​មាន​រូប​ភាព​សាហាវ​ឃោរ​ឃៅ ដោយ​​​ប្រើ​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ ​និង​ដាក់​ពង្រាយ​កង​ទ័ព​យ៉ាង​ច្រើន​លើស​លប់ ដើម្បី​ទន្ទ្រាន​​យក​​ទឹ​ក​ដី​កម្ពុជា។

បើតាមអ្នកនាំពាក្យរូបនេះ ថៃ​បាន​ផ្លោង​ចូល​ទីតាំង​ជា​ច្រើន​​មក​​លើ​​ទឹក​ដី​កម្ពុជា​​ក្នុង​​ខេត្ត​​ឧត្តរ​មាន​​ជ័យ រួម​​ទាំង​​ប្រាសាទ​​តាមាន់​ធំ ប្រើ​យន្ត​​ហោះ​​ទម្លាក់​​​គ្រាប់​បែក​​​លើ​​ទីតាំង​ជា​ច្រើន​ក្នុង​ខេត្ត​ព្រះ​វិហារ រួម​​ទាំង​ប្រើ​ផ្សែង​​ពុល​បាញ់​​លើ​ទីតាំង​ឈរ​ជើង​កង​ទ័ព​កម្ពុជា។

អ្នកស្រីចាត់ទុក​ទង្វើឈ្លានពានរបស់ថៃ គឺ​​ខ្វះ​​ទំនួល​​ខុស​​ត្រូវ និង​បាន​​រំលោភ​​ច្បាប់​អន្តរ​ជាតិ​​​ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ មិន​ត្រឹម​តែ​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​​​ប៉ះ​ពាល់​ដល់​មូល​ដ្ឋាន​គ្រឹះ​នៃ​​សណ្តាប់​​ធ្នាប់​អន្ត​រ​ជាតិ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ