អាជ្ញាធររុស្ស៊ី បាននិយាយថា ដ្រូនរបស់អ៊ុយក្រែនបានកំណត់គោលដៅលើក្រុងសាំងពេទឺប៊ឺគ (St. Petersburg) កាលពីថ្ងៃអាទិត្យ ដោយបង្ខំឱ្យអាកាសយានដ្ឋានបិទរយៈពេល ៥ម៉ោង ខណៈដែលលោក វ្លាឌីមៀ ពូទីន បានប្រារព្ធទិវាកងទ័ពជើងទឹករុស្ស៊ីនៅក្នុងទីក្រុង។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters)។
រ៉យទ័រ(Reuters) បានឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្រុងសាំងពេទឺប៊ឺគ(St. Petersburg) ជាធម្មតាមានក្បួនដង្ហែរទ្រង់ទ្រាយធំតាមកញ្ចក់ទូរទស្សន៍ ដែលបង្ហាញអំពីនាវាចម្បាំង និង កប៉ាល់យោធាដែលកំពុងធ្វើដំណើរតាមដងទន្លេ ហើយលោក ពូទីន បានចូលរួម។
យោងតាមរ៉យទ័រ លោក ពូទីន បានមកដល់ទីបញ្ជាការកងទ័ពជើងទឹកប្រវត្តិសាស្រ្តរបស់ទីក្រុង កាលពីថ្ងៃអាទិត្យដោយទូកល្បឿនលឿនពីកន្លែងដែលលោកធ្វើសមយុទ្ធ ដែលពាក់ព័ន្ធនឹងនាវាជាង ១៥០គ្រឿង និង យោធា ១៥០០០នាក់ នៅមហាសមុទ្រប៉ាស៊ីហ្វិក អាក់តិច និងសមុទ្របាល់តិច និងសមុទ្រកាសព្យែន។
ក្រសួងការពារជាតិរុស្សី បាននិយាយថា អង្គភាពការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួនសរុប ២៩១គ្រឿង កាលពីថ្ងៃអាទិត្យ ពោលគឺតិចជាងចំនួន ៥២៤គ្រឿង ដែលត្រូវបានទម្លាក់ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែឧសភា មុនក្បួនដង្ហែរទិវាជ័យជំនះរបស់រុស្សីនៅថ្ងៃទី៩ ខែឧសភា។
យោងតាមសេចក្តីថ្លែងការណ៍មួយ បានឱ្យដឹងថា អាកាសយានដ្ឋានពុលកូវ៉ូ (Pulkovo) នៃទីក្រុងសាំងពេទឺប៊ឺគ(St. Petersburg) ត្រូវបានបិទអំឡុងពេលវាយប្រហារ ដោយជើងហោះហើរចំនួន៥៧ ត្រូវបានផ្អាក និង២២ទៀត ត្រូវបានប្តូរទិសដៅទៅកាន់អាកាសយានដ្ឋានផ្សេងទៀត។ ពុលកូវ៉ូ (Pulkovo) បន្តបើកឱ្យប្រតិបត្តិការនៅថ្ងៃអាទិត្យសប្តាហ៍ក្រោយ៕









