ថៃ​ពង្រីក​ការ​ឈ្លាន​ពាន​រួម​ទាំង​បាញ់​ផ្សែង​ពុល​លើ​កង​ទ័ព​កម្ពុជា​ទោះ​សន្យា​ឈប់​បាញ់

រដ្ឋាភិបាលកម្ពុជា​ បាន​អះអា​ង​ថា​នៅ​ថ្ងៃ​ទី​២៨​​ខែ​កក្កដា​នេះ​ថា ថៃ​​បាន​ពង្រីក​ការ​ឈ្លាន​ពាន​លើ​កម្ពុជា​ ដោយ​ប្រើ​អាវុធ​បាញ់​ផ្លោង និង​យន្ត​ហោះ​បាញ់​ផ្សែង​ពុល​ដល់​ទាហាន​កម្ពុ​ជា​នៅ​ជួរ​មុខ បើ​ទោះ​បី​បាន​សន្យា​​ជាមួយ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឱ្យ​កម្ពុជា-ថៃ​វិល​ទៅ​រក​បទ​ឈប់​បាញ់​បន្ទាន់​ក្តី។

ក្នុង​សន្និសីទសារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២៨ខែ​កក្កដា​នេះ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​មួយ​ក្រុម ដើម្បី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ពិសេស​មួយ នៅទី​ក្រុង​កូឡា​ឡំា​ពួ​ ប្រទេស​ម៉ាឡេ​ស៊ី។

លោកប​ញ្ជាក់​ថា កិច្ចប្រជុំ​ពិសេស​នេះ មាន​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ សហរដ្ឋ​អាមេរិក​ជា​អ្នក​សហ​ការរៀប​ចំ ដោយមា​ន​តំណាង​ពី​ភាគី​ចិន​ចូល​រួម​ផង​ដែរ។

លោកថា គោល​បំណង​នៃកិ​ច្ច​ប្រជុំ​នេះ គឺ​សម្រេច​ឱ្យ​បាន​បទ​ឈប់​បាញ់​មួយ​ជា​បន្ទាន់ រវា​ង​កងទ័ព​កម្ពុជានិង​ថៃ ស្រប​តាម​ស្មារតី ដែល​នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្មា តាម​គំនិត​ផ្តួច​ផ្តើម​របស់ប្រធានា​ធិប​តី​អាមេរិក លោក ដូណាល់ ត្រាំ ជួប​ពិភាក្សា​តាម​ទូរសព្ទ កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

ប៉ុ​ន្តែលោកថា ពេញមួយថ្ងៃ​ម្សិល​មិញ​នេះ ថៃ​នៅ​តែ​បន្ត​បាញ់​ផ្លោង​ចូល​ទឹក​ដី​កម្ពុជា មិន​បាន​គោរព​បទ​​ឈប់បាញ់​នេះ​ទេ បើទោះ​​បាន​ព្រម​ព្រៀង​ជាប្រ​ធានាធិបតី​អាមេរិក​ក្តី។

លោកថា៖ «អ្វីជាការកត់សម្គាល់​ ពេញ​មួយ​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​តែ​បន្ត​វាយ​ប្រហារ​មក​លើ​កង​ទ័ព​កម្ពុជាឥត​ឈប់​ឈរ​ទេ​រហូត​មក​ដល់​ពេល​នេះ។ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា សំណើរ​បទ​ឈប់​បាញ់​បន្ទាន់​ គឺ​សម​ស្រប​ណាស់​បាទ ទៅ​នឹង​អ្វីដែ​ល​កម្ពុជា​ចង់​បាន ពី​ព្រោះយើ​ងដឹ​ង​ហើយ​ថា កម្ពុជា​ឈរ​នៅ​ខាង​សន្តិ​ភាព កម្ពុជា​គោរព​ច្បាប់​អន្តរ​ជាតិ​។ នេះ​ជា​ជំហរ​ឥត​ប្រែ​ប្រួល​របស់​កម្ពុជា»។

លើសពីនេះ អ្នកនាំពាក្យក្រសួងការពារ​ជាតិ អ្នកស្រី មាលី សុជាតា បាន​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៨ ខែ​កក្កដា​នេះ ថៃ​បា​ន​ពង្រីក​ការ​ឈ្លានពាន​ កាន់​តែ​មាន​រូប​ភាព​សាហាវ​ឃោរ​ឃៅ ដោយ​ប្រើ​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ ​និង​ដាក់​ពង្រាយ​កង​ទ័ព​យ៉ាង​ច្រើន​លើស​លប់ ដើម្បី​ទន្ទ្រាន​យក​ទឹ​ក​ដី​កម្ពុជា។

បើតាមអ្នកនាំពាក្យរូបនេះ ថៃ​បាន​ផ្លោង​ចូល​ទីតាំង​ជា​ច្រើន​មក​លើ​ទឹក​ដី​កម្ពុជា​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ រួម​ទាំង​ប្រាសាទ​តាមាន់ធំ ប្រើ​យន្ត​ហោះ​ទម្លាក់​​គ្រាប់​បែក​​លើ​ទីតាំង​ជា​ច្រើន​ក្នុង​ខេត្ត​ព្រះ​វិហារ រួម​ទាំង​ប្រើ​ផ្សែង​ពុល​បាញ់​លើ​ទីតាំង​ឈរ​ជើង​កង​ទ័ព​កម្ពុជា។

ការណ៍នេះ អ្នកស្រីថា ទង្វើឈ្លានរបស់ថៃ ដែល​ខ្វះ​ទំនួល​ខុស​ត្រូវ និង​រំលោភ​ច្បាប់​អន្តរ​ជាតិ​របស់​ថៃ​នេះ វា​បាន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ មិន​ត្រឹម​តែ​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ប៉ះ​ពាល់​ដល់​មូល​ដ្ឋាន​គ្រឹះនៃ​​សណ្តាប់​ធ្នាប់​អន្ត​រ​ជាតិ​ផង​ដែរ។

អ្នកស្រីថា៖ «តាំងពីម៉ោង២ជាងរំលងអាធ្រាត​ថ្ងៃ​ទី២​៧ ខែ​កក្កដា រហូត​ដល់​ម៉ោង​១៣ ហ្នឹង​ម​ក​ថៃ​បាន​បន្ត​វាយ​ជញ្ជ្រាំ​នៅ​តំបន់​៥មករា ចម្ការ​ចេក និង​ប្រាសាទ​ព្រះវិហារ។ វេលាម៉ោ​ង១​៥និង​១៧នាទី យន្ត​ហោះ​ថៃ​បាន​បាញ់​ផ្សែង​ពុល​នៅ​តំបន់​អាន​សេះ (ខេត្ត​ព្រះ​វិហារ)។ នៅវេលា​ម៉ោង​១៦​និង​១២​នាទី​ សភាព​ការណ៍​នៅ​ជប់​គគីរ ថ្មដូ​ន​ ភាគីថៃបា​ន​បាញ់​ផ្លោង រង្វើលៗ​ចូល​ទីតាំង​របស់​យើង ចំណែក​ឯ​ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាក្របី ថៃបា​ន​ផ្លោង​ចូល​ដូច​ភ្លៀង​រលឹម​និង​ទិស​ទី១​ ៥ម​ករា ភ្នំ​ខ្មោច អាន​សេះ ថៃ​វា​យ​ប្រហារ​កាន់​តែ​ខ្លាំង​ក្លា​ឡើង»។

អ្នកស្រីគូសបញ្ជាក់​ថា បើទោះបីមា​នកា​រកំណត់កិច្ចប្រជុំនៃប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នៅ​ទី​ក្រុង​កូឡា​ឡាំ​ពួរ ក្នុង​គោល​ដៅ​សម្រេច​ឱ្យ​មាន​បទ​ឈប់​បាញ់​ថ្ងៃ​ចន្ទ​នេះ​ក៏​ដោយ ប៉ុន្តែ​នៅ​ម៉ោង​៣និង​១០​នាទីរំលង​អាធ្រាត​ថ្ងៃ​ទី២៨ខែ​កក្កដា ភាគី​ថៃ​នៅ​បន្តបើ​ក​ការ​វាយ​ប្រហារ​មុន​មក​លើក​ម្ពុជា នៅ​តំបន់​ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តា​ក្របី ដោយ​បាញ់​ស្រោច​រហូត​ដល់​ម៉ោង​ជាង​៥ព្រឹក​នេះ។

អ្នកស្រីថា៖ «សំណួរសួរថាតើអ្វីទៅជាចេតនាពិតប្រាកដ​របស់​ភាគី​ថៃ? ចំពោះស​ភាព​ការណ៍​នៅ​ប្រាសាទ​តាមាន់​ធំ រហូត​ដល់​មុំ៣ ថៃ​បាន​វាយ​ប្រហារ តាមាន់​ធំ ជ​ប់គគីរ ថ្មដូន វាល​ឥន្ទ្រីយ៍ ៥មករា ថា​ថាវ ភ្នំខ្មោច អាន​សេះ និង​បាន​សម្រុក​យ៉ាង​ខ្លាំង​នៅ​៥មករា ដើម្បី​ដណ្តើម​យក​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​(ជិតប្រាសាទ​ព្រះ​វិហារ) និង​ដើម្បី​បង្កើន​សមរភូមិ​នៅ​ជប់​គគីរ ថ្មដូ​ន ហើយ​រាល​ដាល​ឆេះយ៉ា​ង​សន្ធោ​សន្ធៅ។ប៉ុន្តែ​កង​កម្លាំង​កម្ពុជា​យើង នៅ​តែ​ឈរ​យ៉ាង​រឹង​ម៉ាំ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ មិន​ញញើត​នឹង​សត្រូវ​ឈ្លាន​ពាន​ឡើយ​»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦​ខែក​ក្កដា បាន​ចេញ​មុខ​អន្តរា​គមន៍​ឱ្យ​ភាគី​កម្ពុជា​និង​ថៃ វិល​ទៅ​រក​ការ​ឈប់​បាញ់​បន្ទាន់​មួយ ដើម្បី​បញ្ចៀស​ការ​សម្លាប់​គ្នា​​ទៅ​វិញ​ទៅ​មក។

ការណ៍នេះ កម្ពុជាចោទថា ថៃបាន​រំលោភ​ដែន​អធិ​​បតេ​យ្យក​ម្ពុជា​យ៉ាង​កម្រោល បំពាន​ធម្មនុញ្ញ​អង្គ​ការសហ​ប្រជា​ជាតិ ធម្ម​នុញ្ញ​អាស៊ាន និង​គោល​ការណ៍​ច្បា​ប់​អន្តរជាតិ​មួយ​ចំនួន​ទៀត​។

លោកប្រធានាធិបតី ត្រាំ បានសរសេរលើបណ្ដាញ​សង្គម អ៊ិច (X social media) នៅថ្ងៃ​ទី​២​៦ ខែ​កក្កដា​នេះថា​ លោក​បាន​ទូរសព្ទ​ទៅ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា និង​នាយក​រដ្ឋ​មន្ត្រី​ស្តីទី​ថៃ ដើម្បី​សម្រប​សម្រួល​ឱ្យ​ភាគី​ទាំង​ពីរ ​អនុវត្ត​បទ​ឈប់បាញ់ និង​បញ្ចប់​សង្គ្រាម​ដែល​កំពុង​ឆាប​ឆេះ ដោយ​សំអា​ង​ថា ការ​ប្រយុទ្ធ​គ្នា​​នេះ បាន​ធ្វើ​មនុស្ស​ជាច្រើន​បាន​បាត់​បង់​ជីវិត ។

សម្រាប់ប្រធានក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា យើង​ជា​ពលរដ្ឋ​ខ្មែរ យ​ល់​ស្របចំពោះ​ការ​ចេញ​មុខ​សម្រប​សម្រួល​ពី​ប្រធានាធិបតី​អាមេរិក ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ស្ថេរភាព​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ពិភ​ព​លោក។

លើសពីនេះ លោក​ថា ភាគី​ថៃ ​ជា​អ្នក​បង្ក​សង្គ្រាម​មក​លើក​ម្ពុជា ដោយ​បាន​បំពាន​យ៉ាង​កម្រោល​លើ​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ​នានា ក្នុង​ការ​ឈ្លាន​ពាន​ប្រទេស​កម្ពុជា។

ភាគីកម្ពុជា ត្រូវបន្តប្តឹងថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) នូវ​សំណុំរឿ​ង​ព្រំដែ​ន​ដដែល និង​គួរ​តែប្តឹង​ថៃ ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ (ICC) អំពីប​ទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ព្រម​ទាំង​ទាម​ទារ​ឲ្យ​សង​ជំងឺ​ចិត្ត​មក​កម្ពុជា ជុំវិ​ញ​កា​រប​ង្ក​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ជាតិ​ខ្មែរ រួម​ទាំង​ប្រាសាទ​បូរាណ និង​វត្តអារាម ជា​ដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ