មេដឹកនាំកម្ពុជា បានសម្តែងការអគុណដល់មេដឹកនាំមួយចំនួន រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំគិត ឱ្យមានបទឈប់បាញ់ រវាងកម្ពុជានិងថៃ ដោយចាត់ទុកថា សមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជា និងថៃ។
ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៩ខែកក្កដានេះ ដោយចាត់ទុកថា «សមិទ្ធផលនៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ ឯកឧត្តម ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ ពីសង្រ្គាមកម្ពុជានិងថៃ»។
ក្នុងន័យនេះ លោកសូមអរគុណចំពោះប្រធានាធិបតី ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាង កម្ពុជា និងថៃ ដែលថា គំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យបានជួយសង្រ្គោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជា និងថៃ។
លើសពីនេះ លោកក៏អរគុណនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។
ក្រៅពីនេះ លោកក៏អរគុណផងដែរ ចំពោះមហាអំណាចចិន ដែលបានចូលរួមជួយ និងអរគុណបណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសូមអរគុណប្រជាជនកម្ពុជា និងប្រជាជនថៃ រួមទាំងអរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះ។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាននិយាយដែរថា ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចរចាការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី លោកបានទទួលទូរសព្ទពី ប្រធានាធិបតី ត្រាំ ដែលបានអបអរសាទរនូវជោគជ័យនៃកិច្ចចរចាបញ្ចប់ការឈប់បាញ់គ្នាភ្លាម រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ កាលពីល្ងាចមិញនេះ ហើយថា ចាត់ទុកកិច្ចការនេះ ជាកិច្ចការសំខាន់ ដែលលោក ត្រាំ តាមដានដោយផ្ទាល់។
ដូចគ្នានេះដែរ លោកបានសម្ដែងការអរគុណ ចំពោះប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើម និងជំរុញឲ្យមានការចរចាការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។
លើសពីនេះ លោកថា លោក ត្រាំ យល់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងនេះ អាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះ ក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។
ក្នុងន័យនេះ ប្រធានាធិបតីបានឯកភាព ឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។
សម្រាប់ លោក ហ៊ុន ម៉ាណែត «ប្រធានាធិបតី Donald Trump ចាត់ទុកថា កិច្ចការងារនេះ ជាកិច្ចការពិសេសសំខាន់ ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយ ដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ»។
កិច្ចព្រមពៀងឈប់បាញ់ កម្ពុជា និងថៃ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា នៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
កិច្ចប្រជុំកំពូលនេះ មានវត្តមានមេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាម វីឆាយ៉ាឆៃ និងមានការចូលរួមពីតំណាងមហាអំណាចសហរដ្ឋអាមេរិក និងចិន ផងដែរ។
លទ្ធផលនៃកិច្ចប្រជុំពិភាក្សារកដំណោះស្រាយជុំវិញជម្លោះប្រដាប់អាវុធពីបញ្ហាព្រំដែននេះ ភាគីទាំងពីរបានព្រមព្រៀងបទឈប់បាញ់ ត្រឹមម៉ោង១២យប់ថ្ងៃទី២៨ខែកក្កដា។
ចំណែក នាយកខុទ្ទកាល័យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក មុត ចន្ថា លើកជាយោបល់ថា រដ្ឋាភិបាលគួរពិចារណាធ្វើកិច្ចការមួយចំនួនសម្រាប់នាយទាហាន និងយុទ្ធជនដែលបានពលីក្នុងសមរភូមិ ដើម្បីការពារទឹកដី ពីការឈ្លានពានរបស់ប្រទេសថៃ។
សម្រាប់ លោក មុត ចន្ថា រដ្ឋាភិបាល គួរសាងសង់វិមានអនុស្សារីយ៍ ដោយចារឹកឈ្មោះ បំពាក់មេដាយការពារជាតិដល់យុទ្ធជនដែលបានពលី ក៏ដូចជនយុទ្ធទាំងអស់ ផ្តល់ការយកចិត្តទុកដាក់គ្រួសារកងទ័ព ពលីនិងយុទ្ធជនរងរបួស។
ផ្តល់គោលនយោបាយសមស្របដល់ក្រុមគ្រួសារនៃយុទ្ធពលី បំពាក់ឋានន្តរស័ក្តិតាមលំដាប់ ប្រសិនជាអាចផ្តល់សេវាពិគ្រោះយោបល់ផ្នែកចិត្តសាស្រ្ត ដល់ក្រុមគ្រួសារនៃយុទ្ធពលីជួយកូនកំព្រារបស់យុទ្ធជនពលីឱ្យមានលទ្ធភាពបន្តការរៀនសូត្រ ដែលយ៉ាងហោចអាចបញ្ចប់កម្រិតឧត្តមសិក្សា និងផ្តល់ជំនួយចាំបាច់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃជាដើម។
លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធធ្វើនយោបាយជិត១០ឆ្នាំទៅនេះ តាមបណ្តឹងរបស់គណបក្សកាន់អំណាច ដែលបានចោទ មេបក្សប្រឆាំងដែលមានសក្តានុពលនោះថា គប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល។
ក្រោយមកគណបក្សសង្ក្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតជិតទាន់គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច ត្រូវបានតុលាការកំពូលចេញដីការំលាយចេញពីឆាកនយោបាយ ចាប់តាំងពីចុងឆ្នាំ២០១៧ ដែលធ្វើឱ្យគេមើលឃើញថា ទំនាក់ទំនងការទូតកម្ពុជា-អាមេរិក មានភាពល្អក់កករ ខណៈអាមេរិក ចាត់ទុកថា ដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។
សម្រាប់អាមេរិក ការបដិសេធ សេរីភាពក្នុងការបញ្ចេញមតិ និងការធ្វើនយោបាយរបស់ លោក កឹម សុខា និងអ្នកនយោបាយផ្សេងទៀត ធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញកម្ពុជា បំណងអន្តរជាតិ និងវឌ្ឍនភាពកន្លងមកដើម្បីក្លាយជាសង្គមពហុបក្សប្រកបដោយបរិយាបន្នមួយ។
ជុំវិញបញ្ហានេះ ប្រធានអង្គការលទ្ធិប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា និយាយបែបឌឺដងឱ្យមេដឹកនាំបក្សកាន់អំណាចថា៖ «ចោទគេគប់គិតជាមួយបរទេស ឥឡូវពឹងបរទេសដែលចោទទាំងនោះឲ្យជួយ គេក៏ជួយហើយ ដូច្នេះសូមគិតគូរដោះលែងអ្នកទោសមនសិការទាំងអស់ហើយ»៕









