ក្រសួងការពារជាតិបដិសេធដំណឹងថាយោធាថៃចាប់យោធាខ្មែរនាក់ធ្វើជាចំណាប់ខ្មាំង

ក្រសួង​ការ​ពារជា​តិកម្ពុជា បាន​បដិសេធ​ដំណឹង​ដែល​​ចុះ​ផ្សាយ​ថា នៅច្រក​តាថាវ និង​ច្រក​ជាំ​តែ ជិត​ប្រាសាទ​​ព្រះ​​វិ​ហារ​ នៅ​ថ្ងៃ​អង្គារ​នេះ យោធា​ថៃបាន​ចាប់​​យោធា​​ខ្មែរ ធ្វើ​ជា​ចំណាប់​ខ្មាំង​ប្រ​មាណ ១០​នាក់ ដោយ​​​ថា ជា​រឿង​មិនពិត ហើយ​ថា បាន​បញ្ជូល​ឈ្មោះ​អ្ន​ក​រាយ​ការណ៍​នោះ ទៅ​ក្រសួង​ព័ត៌​មាន​ពិនិត្យ​រួច​រាល់​ហើយ។

ការច្រាន​ចោល​នេះ ចំ​​ពេ​​ល​​ថ្នាក់យុទ្ធ​ភូមិ​​ភាគ​​យោធា​​កម្ពុជា និង​យោធា​ថៃ បាន​បន្ត​ជួប​សន្ទនា​គ្នា ដើ​​ម្បី​​បើ​ក​ផ្លូវ​ឱ្យ​​មាន​ដំណោះ​ស្រាយ និង​ភា​​ព​​​តាន​​តឹង​ផ្នែក​យោធា​ជុំវិញ​ជម្លោះ​ព្រំដែន ក្រោម​បទ​ឈប់​បាញ់។

អ្នកនាំពាក្យក្រសួងការពារជាតិ អ្នក​​ស្រី ម៉ាលី សុជាតា បាន​ប្រាប់ វីអូឌី នៅ​​ថ្ងៃ​​​ទី២​៩ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ​ថា លោក​​ស្រីមិ​នទ​ទួល​បាន​ដំណឹង​ស្តីពី​​យោ​ធា​ថៃ​ចាប់​យោ​​ធា​ក​ម្ពុ​ជា ធ្វើ​ជា​ចំណាប់​ខ្មាំង​ ក្នុង​គោល​ដៅ​ដូចដែ​ល​សារព័ត៌​មាន​អន​ឡាញ​ផ្សព្វ​ផ្សាយ​នោះ​ទេ។

ម្យ៉ា​ងវិញ​​ទៀ​​ត ដើ​ម្បី​ប្រា​ក​ដ​ថារឿងនេះ​ពិត​កម្រិត​ណា លោក​ស្រីថា​ បាន​បញ្ជូន​ឈ្មោះ​អ្នក​រាយ​ការណ៍នោះ​ទៅ​ក្រសួង​សាមី ដែល​​អនុវត្ត​​​លើ​​​កិច្ច​​ការ​ព័​ត៌មាន​នេះ ពិនិត្យ​ក្នុងគោ​ល​បំណង​ស្វែង​រក​ភាព​ជាក់​ស្តែង។

អ្នកស្រីថា៖ «ខ្ញុំបានបញ្ជូនឈ្មោះអ្នកសារព័ត៌មាននេះ ឱ្យ​ទៅ​ក្រសួង​ព័ត៌​មាន ឱ្យ​ពិនិត្យ​ហើយ មិន​ដឹង​បាន​ប្រភព​មក​ពី​ណា​ទេ»។

អ្នកយកព័ត៌មានអនឡាញម្នាក់មកពីអង្គភាព CCN TV បាន​រាយ​ការណ៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​​កក្ក​ដា ឆ្នាំ​២០២៥​នេះ យោធា​ថៃ​បាន​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ត្រង់​ភូមិ​សាស្រ្ត​ច្រក​តាថាវ និង​ច្រក​ជាំតែ​ ក្បែរ​ប្រាសាទ​ព្រះ​វិហារ រួច​ហើយ​បាន​ចាប់​យោធា​កម្ពុជា​មួយ​ចំនួន ធ្វើ​ជា​ចំណាប់​ខ្មាំង។ ប្រភព​បន្ត​ថា ក្នុង​ពេល​កម្ពុជា​អនុវត្ត​ដោយ​ហ្មត់​ចត់ នូវ​វិធាន​ដែល​ភាគីទាំ​ង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​រួច​ហើយ និង​គ្មាន​​អា​​​​​វុធ​​នៅ​​​ក្នុង​ដៃ​ស្រាប់​ ត្រូវ​បាន​​យោ​​ធា​​​​​ថៃ​ធ្វើ​សកម្មភាព​ដោយ​បំពាន ប្រឆាំង​គោល​​ការណ៍​នៃ​បទ​​ឈ​ប់​​បាញ់​​​នេះ​។

លោកថា៖ «បងប្អូនប្រិយមិត្តខ្ញុំថាមែនៗ ដំណឹង​បន្ទាន់​បង​ប្អូន ឃើញ​ថា​នៅ​ច្រក​តាថាវ និង​ច្រក​ជាំតែ កងកម្លាំង​របស់​យើង​បាន​ទៅ​ចាប់​ដៃ​សួស្តី​ទាហាន​ថៃ ប៉ុន្តែ​អ្វី​ដែល​យើង​នឹក​ស្មាន​មិន​ដល់ គឺ​យោធា​ថៃ​រៀប​ជាក្បួន​យុទ្ធ​សាស្ត្រ ដើម្បី​ព័ទ្ធ​ចាប់​ទាហាន​យើង​បាត់​ទៅ​ហើយ នៅពេល​វេលា​នេះ​ម៉ោង​នេះ​តែម្ត​ង​បង​ប្អូន»។

ដូចគ្នានេះដែរ សំឡេងដាច់ឡែកមួយទៀត ដែលត្រូវបានគេចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​​​នៅ​ថ្ងៃ​​​នេះ​ ដែល​សំឡេង​​ប្រជាធិ​ប​តេយ្យ វីអូឌី ទើប​ទទួល​បាន ឱ្យ​ដឹង​ថា យោធា​កម្ពុជា​ប្រមាណ​១០​នាក់ ត្រូវ​​យោ​ធា​ថៃ​ចូល​មក​ចាប់​ខ្លួន នៅ​ក្នុង​ទឹក​ដី​កម្ពុជា។ តាម​រយៈ​សំឡេង​ដែល​និយាយ​ និង​ត្រូវ​បាន​ចែក​ចាយ បញ្ជាក់​ថា នៅ​ពេល​នេះ​ យោធា​ថៃ​បាន​គ្រប់​គ្រង​តំបន់​មួយ​ចំនួនរបស់​អតីត​មេទ័ព​ខ្មែរ​ក្រហម។ ​ជា​ង​​នេះ​ទៀត ភាគី​ថៃ​បាន​គំរាម​កំទេច​ចំណាប់​ខ្មាំង ប្រសិន​បើ​ភាគី​កម្ពុជា មិន​ដក​ទ័ព​ចេញ​ពី​​តំបន់​មា​​នជ​ម្លោះ​​ទេ។

លោកថា៖ «ថៃវាឈប់​បាញ់​ហើយ ប៉ុន្តែ​វា​ប្រើគ្នា​វា​​រាប់​រយ​នាក់​ចូល​មក​យក​ដី​ខ្មែរ យើង​តែ​ម្តង​នៅ​ច្រក​បុស​ស្បូវ ​ជាំតែ​ហ្នឹង គឺ​ផ្ទះ​តាមុក​ផ្ទះ​អី​ គឺ​វា​ចូល​គ្រប់​គ្រង​អស់​ហើយ​បង ដោយ​សារ​តែយើ​ងអ​ត់​បញ្ជា​ឱ្យ​បាញ់​ទៀត ប៉ុន្តែ​យើង​មាន​ការ​​អត់​​ធន់​ច្រើន ប៉ុន្តែ​វា​គឃ្លើន​ចូល​មក​គ្រប់​គ្រង ហើយ​វា​ដើរ​មក​ដេញ​យើង​ទៀត​ វា​ថា​បើ​​សិន​ជា​យើង​មិន​ចេញ វា​នឹង​កម្ទេច​ទៀត ពាក្យ​ដែល​វានិ​យាយ​នេះ ជា​ចាប់​ចំណាប់​ខ្មាំង​យើង​បាន​ ១០នាក់។ វាចា​ប់​យោធា​យើង​បាន១​០នាក់​ហើយ វា​គំរាម​ថាបើ​យើ​ង​​​ថា​ បើ​យើង​មិន​ដក​ថយ​ពី​ផ្ទះ​តា​មុក នេះ​ទេ​ វា​នឹង​កម្ទេច​ផ្ទះ​នេះ​ចោល»។

ជុំវិញរឿងនេះ សំឡេង​ប្រជាធិបតេយ្យ វីអូឌី មិន​អាច​ស្វែង​រក​ប្រភព​ទាក់​ទង​ពី​មន្រ្តី​យោធា​កម្ពុជា​​ ដែ​​ល​​​​ឈរ នៅ​គោ​​ល​​ដៅច្រក​តាថាវ និង​ច្រក​ជាំតែ បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ។

បើទោះជាបែបណា គោលការណ៍​នៃ​បទ​ឈប់​បាញ់​ ក្រោម​ការ​សម្រប​សម្រួល​​ដោ​យ​ប្រធាន​​អាស៊ា​​ន​ប្តូ​រ​វេ​ន​របស់​ប្រទេស​​ម៉ាឡេស៊ី និង​សហរដ្ឋ​អាមេរិក គឺ​តម្រូវ​ឱ្យ​ភាគី​ជម្លោះ ត្រូវ​អនុវត្ត​ឱ្យ​បាន​នូវ​បទ​​ឈ​​ប់​​បា​ញ់​នេះ គិត​ត្រឹម​យ​ប់​​​ម៉ោង​១២ ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ប៉ុន្តែ​មន្រ្តី​យោធាដែ​ល​ឈរ​ជើង នៅ​គោល​ដៅ​​​ភ្នំ​​ទ្រ​ព្យ បាន​អះ​អាង​នៅ​លើ​បណ្តាញ​សង្គម​ថា មុន​នឹង​ភាគីថៃ​បង្ខំ​ចិត្ត​ឈប់​បាញ់ ពួក​គេ​បាន​​ព្យាយាម​​បាញ់​​ស​ម្រុក​ទាំង​ថ្មើរ​ជើង កាំភ្លើង​គាំទ្រ យន្ត​ហោះ និង​ផ្សេង​ពុល ខ្លាំង​ក្លា​បំផុត។

មិនតែ​ប៉ុណ្ណោះ មក​ដល់​ពេល​នេះ សារព័ត៌មាន​ក្នុង​ស្រុក​របស់​ថៃ រួម​ទាំង​ស្ថាប័ន​ជួរ​មុខ ដូច​ជា កាសែត បាង​កក​ប៉ុស្តិ៍​ជាដើម នៅ​បន្ត​ចុះ​ផ្សាយ​បែប​ញុះ​ញង់​ឱ្យ​មាន​ហិង្សា​កើត​ឡើង​ជា​ថ្មី​ទៀត។ លើស​ពី​នេះ ​ស្ថា​ប័ន​ព័ត៌មាន​ទាំង​នោះ ថែម​ទាំង​ចោទ​ប្រកាន់​ភាគី​កម្ពុជា​ទៀត​ថា មិន​បាន​គោរព​ស្មារតី​នៃ​បទ​​ឈ​ប់​​បា​ញ់​ ដូច​ដែលបា​ន​ព្រម​ព្រៀង​គ្នា កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដា នៅឯប្រ​ទេស​ម៉ាឡេស៊ី នោះ​​ថែម​​ទៀ​ត​​ផ​ង​​​។

នៅចំពេលភាពតាន​តឹង​នេះ​ ហាក់​មិន​ទាន់​ស្ងប់ស្ងា​ត់​នៅ​ឡើយ រដ្ឋមន្រ្តីក្រ​សួង​ការពារ​ជាតិ បាន​ប្តេជ្ញា​​នឹង​នាំ​អនុព័ន្ធ​​យោធា​អមស្ថា​ន​ទូត​ប្រចាំ​កម្ពុជា នឹង​ពិនិត្យ​ជាក់​ស្តែង​លើ​ទីតាំង​ដែល​មាន​ជម្លោះ​។ ​ដោ​​យ​​ឡែក  យោធ​ភូមិ​ភាគ​កម្ពុជា និង​ថៃ ក៏​បាន​ជួប​គ្នា​នៅ​​ថ្ងៃនេះ​​ដែរ ហើយភា​គី​ទាំង​​ពី​រ​សន្យា​រ​ក្សា​​​ប​ទ​ឈ​​ប់​​បាញ់ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​តា​ម​​​ខ្សែ​បន្ទាត់​ព្រំដែន ខណៈ​ដែល​គណៈ​កម្មការ​ចម្រុះ​​ព្រំដែន​​ទាំង​ពីរ កំពុង​បើក​កិច្ច​ពិគ្រោះ​យោបល់​បន្ត ដើម្បី​បើក​​ផ្លូ​វ​ឱ្យមាន​ដំណោះ​ស្រាយ ក្នុង​ជម្លោះ​ដោ​​យ​​ស​ព្វា​​​វុធ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ