បទឈប់បាញ់កំពុង​បង្ហាញ​ភាព​ស្អាត​ស្អំ លោក កឹម សុខា ដែល​តុលាការ​ដក​សិទ្ធិ​នយោ​បាយ

កិច្ច​អន្តរាគមន៍​ឱ្យ​មាន​បទ​ឈប់​បាញ់​កម្ពុជា-ថៃ កាល​ពីថ្ងៃ​ទី​២៨​ខែ​កក្កដា ដែល​ផ្តួច​ផ្តើម​គំនិត​ ដោយ​ប្រធានា​ធិប​តី​​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​គេ​មើល​ឃើញ​ថា សមិទ្ធ​ផល​នេះ បញ្ជាក់​ច្បាស់​ថា អាមេរិក​មិន​បាន​គប់​គិត​ជាមួយ​មេបក្ស​ប្រឆាំង​លោក កឹម សុខា ចង់​ផ្តួល​រំលំ​​រដ្ឋាភិបាល​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កម្ពុជា​ជិត​​១០​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ។

ការលើកឡើងនេះ ក្រោយបទ​ឈប់​បាញ់​មួយ បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេ​ស៊ី កាល​ពី​ថ្ងៃ​ទី២៨​ខែ​កក្កដា​នេះ សម្រប​​​សម្រួល​ពី​ប្រធាន​អាស៊ាន​ប្តូរ​វេន នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេ​ស៊ី លោក អាន់វ៉ា អ៊ីប្រា​ហ៊ីម ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្រោយ​កម្ពុជា ថៃ បាន​ប៉ះ​ទង្គិច​គ្នា​រយៈ​ពេល​៥ថ្ងៃ​ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ជា​ច្រើន​ទាំង​កម្ពុជា និង​ថៃ។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់​ថា ការ​លូក​ដៃជួយ​របស់​អាមេរិក​ក្នុង​ការ​រក​សន្តិភាព​ឱ្យ​កម្ពុ​ជា​នេះ ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ស្អាត​ស្អំរបស់​លោក កឹម សុខា ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​ថា​បទ​ក្បត់​ជាតិ​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាមេរិក​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

លោកថា៖ «ថ្មីៗនេះ បើ​សិន​ជាសហរដ្ឋអាមេរិ​ក​ជា​សត្រូវ ឬ​ចង់​ផ្តួល​រដ្ឋាភិបាល​កម្ពុជា ពិត​ប្រាកដ​មែន​គឺ​សហរដ្ឋ​អាមេ​រិក​មិន​ចាំបាច់​ធ្វើ​ជា​អាជ្ញា​កណ្តាល​ នៅ​ក្នុង​ការ​សម្រួល​ ឬ​ប​ង្ខំ​ឲ្យ​ប្រទេស​ទាំង​ពីរ ធ្វើ​ការ​ឈប់​បាញ់​គ្នា​ទេ ពីព្រោះ​បើ​សិន​ជា​សហរដ្ឋ​អាមេរិក​ចង់​ផ្តួល​រដ្ឋាភិបាល​កម្ពុជាទៅ​ សហរដ្ឋ​អាមេរិក​ដឹង​នឹង​រុញ​ប្រទេស​ថៃ​ឲ្យ​ធ្វើ​សង្រ្គាម​កាន់​តែ​ខ្លាំង​ ក្នុង​ការ​ផ្តួល​ ចឹង​ត្រង់​ចំណុច​នេះ គឺ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ចោទ​ លោក កឹម សុខា ជាមួយ​សហរដ្ឋ​អាមេរិក ខ្ញុំ​គិត​ថា វា​ជា​រឿង​ដែល​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ការ​ពិត»។

សម្រាប់ លោក សូរីដា ការ​ប៉ះទង្គិចគ្នា៥ថ្ងៃជាមួយថៃ​នេះ មេរៀន​សំខាន់​មួយ​សម្រាប់​កម្ពុជា គឺ​ការ​ឯក​ភាព​ជាតិ​គ្រប់​និន្នា​ការ​នយោបាយ​ ឈរ​លើ​សំឡេង​តែ​មួយ ដើម្បី​ទប់​ទល់​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី។

ក្នុងន័យនេះ លោកជំរុញរដ្ឋាភិបាលកម្ពុជា ពិចារណា​ដោះ​លែង លោក កឹម សុខា អ្នកនយោ​បាយ​ជំទាស់​ផ្សេង​ទៀត និង​សកម្ម​ជន​សង្គម​ជាដើម ដើម្បី​ផ្សះ​ផ្សា​ជាតិ​ខ្មែរ ស្រប​តាម​គោល​ការណ៍​ប្រជា​ធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

លោកថា៖ «រដ្ឋាភិបាលកម្ពុជា អាចនឹងពិចារណាអាច​​នឹទម្លាក់ការចោទទៅលើ លោក កឹម សុខា ដែលជាប្រធានគណបក្សប្រឆាំងនៅកម្ពុជា ហើយយើងគិតថាមកដល់ពេល​​នៅក្នុងសង្គមប្រជាធិបតេយ្យ គណបក្សកាន់អំណាច គឺចាំបាច់ណាស់ ត្រូវការគណបក្សប្រឆាំងដើម្បីកាន់ដៃគ្នានៅក្នុងការចូលរួមដឹកនាំប្រទេសឬក៏កសាងប្រទេសជាមួយគ្នា»។

ជាការកត់សម្កាល់ ក្រោយបទឈប់បាញ់​បន្ទាន់ និង​គ្មាន​លក្ខ​ខណ្ឌ​រវាង​កម្ពុជា​និង​ថៃ ចូល​ជាធរមាន សារ​សាទរ​ពី​ប្រទេស​នានា​ បាន​កើត​មាន​ជា​ហូហែរ មាន​ដូច​ជា អាមេរិក ចិន អូស្រ្តាលី បារាំង ជប៉ុន អង់គ្លេស និង​សហភាព​អឺរ៉ុប រួម​ទាំង​អង្គ​ការ​សហ​ប្រជា​ជាតិ ជា​ដើម។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរ​សេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម Truth Social នៅថ្ងៃទី២៨ ខែកក្កដា ដោយ​សាទ​រ​អំពី​ការ​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក។

លោកសរសេរក្នុងន័យដើមថា៖ «ដោយការបញ្ចប់សង្រ្គាមនេះ យើងបានជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់។ ខ្ញុំបានណែនាំក្រុមការងាពាណិជ្ជកម្មរបស់ខ្ញុំ ចាប់ផ្តើមការចរចាលើពាណិជ្ជកម្មឡើងវិញ។ ខ្ញុំបាបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេលត្រឹមតែ៦ខែ។ ខ្ញុំមានមោទនភាពដែលបានក្លាយជាប្រធានាធិបតីនៃសន្តិភាព!»

ដោយឡែក សេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​សម្រាប់​កិច្ច​ការ​បរទេស និង​គោល​នយោបាយ​សន្តិ​សុខ ចាត់​ទុក​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់​កម្ពុជា និង​ថៃ គឺ​ជា​ការ​រីក​ចម្រើន​ដ៏សំខាន់​មួយ​ បន្ទាប់​ពី​ជម្លោះ​ដ៏​សាហាវ​​អស់​រយៈ​ពេលច្រើន​ថ្ងៃ។

រីឯ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធើរ៉េស លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​នេះ​ ជា​ជំហាន​វិជ្ជ​មាន​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់​ជម្លោះ​បច្ចុប្បន្ន និង​កាត់​បន្ថយ​ភាព​តាន​តឹង​។ លោក​បាន​បង្ហាញ​ការ​គាំទ្រ​កិច្ច​ប្រឹង​ប្រែង​ ដែល​មាន​គោល​បំណង​លើក​កម្ពស់​សន្តិ​ភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង​ សែន​ករុណា យល់​ថា សហគមន៍​អន្តរជាតិ​មាន​អាមេរិក​ជាដើម កន្លង​ទៅ​បាន​រិះ​គន់​កម្ពុជា​ពី​ការ​មិន​គោរព​សិទ្ធ​មនុស្ស និង​ប្រជាធិប​តេយ្យ ​គឺ​ពួក​គេច​ង់​ឃើញ​កម្ពុជា​មាន​ការ​ដឹក​នាំ​ត្រឹម​ត្រូវ មាន​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​តែ​ប៉ុណ្ណោះ គ្មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ទេ។

ក្នុងន័យនេះ លោក​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា​​ដោះ​លែង លោក កឹម សុខា លោក សម រង្ស៊ី សកម្ម​ជន​បរិស្ថាន សកម្ម​ជន​សិទ្ធិ​​មនុស្ស ជាដើម ឱ្យ​មាន​សេរីភា​ព​ឡើង​វិញ​ដែល​ជា​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​ខ្មែរ។

លោកថា៖ «បើកឲ្យមានអ្នកការបោះឆ្នោតសេរី ត្រឹម​​ត្រូវ និងយុត្តិធម៌ប្រកួតប្រជែងគ្នាដោត្រឹមត្រូវ ខ្ញុំជឿជាក់ថា បើបើកបែបនេះ គណបក្សកាន់អំណាចនៅតែឈ្នះហ្នឹង! គ្រាន់តែដូរឥរិយាបថហើយឲ្យប្រជាពលរដ្ឋពេញចិត្តប្រជាពលរដ្ឋស្រឡាញ់អ្នកនយោបាយផ្សេងៗសកម្មជនផ្សេងៗ គេឃើញកាលណាគណបក្សកាន់អំណាចល្អទាំងខ្ញុំទាំងប្រជាពលរដ្ឋក៏យើងគាំទ្រដែរ ប៉ុន្ដែបើសិនជានៅតែការដឹកនាំបែបនេះ ដាក់សម្ពាធនយោបាយ គាបសង្កត់ ប្រើប្រាស់ប្រព័ន្ធតុលាការធ្វើទុក្ខបុកម្នេញចាប់ដាក់ពន្ធនាគារគំរាមកំហែងនេះ ខ្ញុំគិតថា គ្មានអ្នកណាគាំទ្រនូវអំពើបែបហ្នឹងទេ»។

យ៉ាងណាសម្រាប់ ប្រធាន​ព្រឹទ្ធសភាកម្ពុជា និង​ជាប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បង្ហោះសា​រ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ ដោយ​ទទួល​ស្គាល់​ថា សមិទ្ធផ​លនៃ​គំ​និត​ផ្តួច​ផ្តើម​របស់ លោក ដូណាល់ ត្រាំ បាន​សង្រ្គោះ​ជីវិត​មនុស្ស​រាប់ពាន់​ម៉ឺន​នាក់​ ពី​សង្រ្គាម​កម្ពុជា​និង​ថៃ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និយាយថា លោក​បាន​ទទួល​ទូរសព្ទ​ពី​ប្រធានា​ធិបតី ត្រាំ ដែល​បាន​អបអរ​សាទរ​នូវ​ជោគ​ជ័យ​នៃ​កិច្ច​ចរចា​ បញ្ចប់​ការ​ឈប់​បាញ់​គ្នា ហើយ​លោក​បាន​អរគុណ​ចំពោះលោ​ក ត្រាំ ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ការ​ឈប់​បាញ់​ឲ្យ​បាន​​ឆាប់​រហ័ស។

ដោយឡែក មេធាវីការពារក្តី លោក កឹម សុខា គឺ លោក ផែង ហេង បាន​សរ​សេរ​សា​រ​ខ្លី​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​២​៩ ខែ​កក្កដា​ថា កម្ពុជា​ត្រូវ​ការ​មហាអំ​ណាច​នៅ​ជាមួយ​ក្នុង​កម្រឹត​ការ​ងារ​ទូត នយោ​បាយ និង​សេដ្ឋ​កិច្ច។

បើតាមលោក ផែង ហេង បើមិន​បាន​ទាំង​៣ ក៏​យ៉ាង​ហោច​មាន​អាមេរិក ចិន និង​បារាំង។

លោក កឹម សុខា ត្រូវបានតុលាការដកសិទ្ធធ្វើ​នយោបាយ​ជិត​១​​០​​​ឆ្នាំ​​​ទៅ​​នេះ តាម​​បណ្តឹង​​របស់​គណបក្ស​​កាន់​​អំណាច ដែល​បាន​ចោទ​មេបក្ស​ប្រឆាំង​​ដែ​ល​​មាន​​សក្តានុ​​ពល​​​នោះ​​ថា គប់​​គិត​ជាមួយ​​សហរដ្ឋ​​អាមេរិក​​ចង់​​​ផ្តួល​​រំលំ​​រដ្ឋាភិ​បាល។

ក្រោយមកគណបក្សសង្ក្រោះជាតិ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​​ជិត​​ទា​ន់​​គណបក្ស​​ប្រជាជន​កម្ពុជា ដែល​កំពុ​​ង​គ្រប់​​គ្រង​អំណាច​ ត្រូវ​​បាន​​តុលាការ​​កំពូល​​ចេញ​​ដីកា​​រំលាយ​​ចេញ​​ពី​​ឆាក​នយោ​បាយ​ ចាប់​​តាំង​​ពី​ចុង​​ឆ្នាំ​២០១៧ ដែល​​ធ្វើ​​​ឱ្យ​​គេមើ​លឃើញ​ថា ទំនាក់​ទំនង​ការ​ទូត​កម្ពុជា​-អាមេរិក មាន​​ភាព​​ល្អក់​​កករ ខណៈ​​អាមេរិក​ចាត់​​ទុក​​ថា ដំណើរ​​ការ​​ច្រើន​​ឆ្នាំ ដើម្បី​​បំបិទ​​សំឡេង លោក កឹម សុខា ដោយ​ផ្អែក​​លើ​​បទ​​សម​​គំនិត ប្រឌិត គឺ​ជា​បរាជ័យ​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

សម្រាប់អាមេរិក ការបដិសេធ សេរីភាពក្នុងការ​បញ្ចេញ​មតិ និង​​ការ​​ធ្វើ​​នយោបាយ​​របស់ លោក កឹម សុខា និង​​អ្នក​​នយោបាយ​​ផ្សេង​​ទៀត ធ្វើ​​​ឲ្យ​​ប៉ះ​ពាល់​​ដល់​​រដ្ឋ​​ធម្មនុញ្ញ​​កម្ពុជា បំណង​អន្តរ​​ជាតិ និង​​វឌ្ឍន​ភាព​​កន្លង​​ម​​ក ​ដើម្បី​ក្លាយ​​ជា​​សង្គម​ពហុបក្ស​ប្រកប​​ដោយ​​បរិយា​​បន្ន​​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ