ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកបានបញ្ជាឱ្យមន្ត្រីផ្នែកពាណិជ្ជកម្មរបស់លោក ចាប់ផ្តើមបើកការចរចាពាណិជ្ជកម្មឡើងវិញជាមួយកម្ពុជា និងថៃ បន្ទាប់ពីប្រទេសទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់នៅតាមបន្ទាត់ព្រំដែន។
លោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងបណ្តាញសង្គម Truth Social របស់លោក នៅយប់ថ្ងៃទី២៨ខែកក្កដា និងត្រូវបានដកស្រង់មកផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) ថា លោកបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយលោកមានក្តីរីករាយដែលប្រទេសទាំង២ បានឯកភាពគ្នាលើបទឈប់បាញ់។
លោកបានបន្តថា៖ «ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្មរបស់ខ្ញុំ ឱ្យចាប់ផ្តើមការចរចាលើពាណិជ្ជកម្មឡើងវិញ»។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានកំណត់អត្រាពន្ធពាណិជ្ជកម្ម (trade tariffs) ចំនួន ៣៦% លើទំនិញកម្ពុជា ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក ហើយវិធាននេះនឹងមានប្រសិទ្ធភាពចាប់ពីដើមខែសីហាទៅ។
តែយ៉ាងណា អំឡុងពេលដែលកម្ពុជា បានរងនូវការវាយប្រហារដោយសព្វាវុធពីយោធាថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ថ្មីៗនេះ លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ខែកក្កដា បានផ្តួចផ្តើមគំនិត និងជំរុញដល់ភាគីទាំងពីរ ឱ្យមានបទឈប់បាញ់ដោយសំអាងថា ការប្រយុទ្ធគ្នានេះ បានធ្វើឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត។ អំឡុងពេលនោះ លោក ត្រាំ ក៏បានរំលេចពីរបាំងពន្ធគយរបស់ខ្លួនលើកម្ពុជា និងថៃ ដែលអាមេរិកគ្រោងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះទៅ។
នៅថ្ងៃទី២៨ ខែកក្កដា ម្សិលមិញនេះ កម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់ នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមការចូលរួមឃ្លាំមើលពីតំណាងមហាអំណាចសហរដ្ឋអាមេរិក និងចិន៕









