ក្រោមបទឈប់បាញ់ អ្នកឃ្លាំមើលបានចង្អុលបង្ហាញពីភាពចាំបាច់ដែលមេដឹកខ្មែរ ត្រូវបន្តប្រើយន្តការអន្តរជាតិ ដើម្បីទប់ស្កាត់ការឈ្លានពីសំណាក់បរទេសឈ្លានពាន រួមទាំងប្រទេសថៃ។
ការជំរុញនេះ ខណៈយោធាថៃ និងកម្ពុជា នៅថ្ងៃទី២៩ខែកក្កដានេះ បានបន្តជជែកគ្នាលើដំណោះស្រាយជម្លោះព្រំដែន តាមស្មារតីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ខែកក្កដានេះនៅឯប្រទេសម៉ាឡេស៊ី ក្រោមគំនិតផ្តួចផ្តើមពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះថា ភាគីយោធាថៃ និងកម្ពុជា បានជួបជជែកគ្នាឡើងវិញនៅព្រឹកថ្ងៃទី២៩ខែកក្កដានេះ តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលភាគីកងទ័ពបានព្រមព្រៀងគ្នាថា គោរពបទឈប់បាញ់ ឈប់បង្កើនទ័ព ចៀសវាងប្រឈមមុខគ្នា ខណៈភាគីទាំងពីរបានប៉ះបង្គិចគ្នាដោយអាវុធអស់រយៈពេល៥ថ្ងៃទៅនេះ។
អ្នកស្រីថា ដើម្បីធានាដល់ការអនុវត្តបទឈប់បាញ់នេះ ប្រទេសម៉ាឡេស៊ី នឹងពិគ្រោះយោបល់បន្ថែមជាមួយប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនូវការបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃ ដើម្បីសន្តិភាពនិងស្ថេរភាពក្នុងតំបន់។
អ្នកស្រីថា៖ «កម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ម៉ឺងម៉ាត់ ក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃសេចក្ដីប្រកាសរួមនៃបទឈប់បាញ់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញនេះ កម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងច្បាស់ និងគោរពអនុវត្តគ្រប់បែបយ៉ាង និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ការរួមរស់នៅជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងចំពោះស្ថានការណ៍»។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី២៩ ខែកក្កដានេះថា លោកគាំទ្រឱ្យកម្ពុជាប្រើយន្តការអន្តរជាតិ ដើម្បីទប់ស្កាត់បរទេសឈ្លានពាន ដូចជា យន្តការអាស៊ាន តុលាការយុត្តិធម៌អន្តរជាតិ ICJ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីការពារបូរណភាពទឹកដី ទប់ទល់ទៅនឹងបរទេសឈ្លានពាន។
លោកថា៖ «យើងប្រើយន្តការដទៃទៀត គឺថាឲ្យប្រធានអាស៊ាននៅតែជំរុញឲ្យថៃ នឹងព្រមឡើងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិICJជាមួយកម្ពុជា ព្រោះអ្នកឯងអះអាងថាជាទឹកដីរបស់អ្នកឯង ប្រាសាទរបស់អ្នកឯង ឡើងទៅតុលាការទៅ តុលាការគេកាត់យ៉ាងម៉េច កម្ពុជាក៏ព្រមទទួលយកដែរ ព្រោះតុលាការជាតុលាការឯករាជ្យ ហើយបើអ្នកឯងអត់ព្រមឡើងតុលាការ មានន័យថា អ្នកឯងជាចោរខ្លាចតុលាការឯករាជ្យ អ្នកឯងចង់លួចដីគេ ដែលប្រើផែនទីខ្នាត១/លើ៥០ពាន់ដែលគូរដោយខ្លួនឯង»។
លោកផ្តល់ជាយោបល់ថា បើទោះបីពេលនេះភាគីថៃព្រមដើរចូលតុចរចា ក្រោមសម្ពាធមហាអំណាច និងយន្តការអាស៊ានក្តី តែថា ថៃនៅតែចិញ្ចឹមចិត្តលេបទឹកដីខ្មែរ ដែលមេដឹកនាំខ្មែរត្រូវតែប្រយ័ត្ន កុំឱ្យប្រាស់ចាកពីយន្តការអន្តរជាតិ។
លោកបារម្ភទៀតថា ទាហានថៃអាចនឹងសងសឹកមកលើកម្ពុជា ព្រោះទាហានថៃស្លាប់ច្រើន ហើយបាត់បង់ដែនគ្រប់គ្រងរបស់ខ្លួនមួយចំនួន ដូចជា នៅប្រាសាទតាមាន់ធំ តាក្របី វាលឥន្រ្ទីយ៍ ភ្នំទ្រព្យ ដែលកងទ័ពកម្ពុជាបានវាយបកដណ្តើមបានដែនអធិបតេយ្យកម្ពុជាមកគ្រប់គ្រងវិញនោះ។
លោកថា៖ «ការព្រួយបារម្ភ គឺខ្ញុំយល់ថាថៃមិនបញ្ចប់សង្គ្រាមប៉ុណ្ណឹងទេ ព្រោះខ្លួនបាត់ទៅទីតាំងឈរជើងមុនផ្ទុះអាវុធហ្នឹង ធ្វើម៉េចថៃយល់ព្រមលើកលែង តែកម្ពុជានឹងយល់ព្រមជាមួយថៃឲ្យថៃមកឈរជើងនៅកន្លែងចាស់ ដែលមុនកើតការផ្ទុះអាវុធហ្នឹង ហើយមួយទៀតដល់កម្ពុជាយល់ព្រមកុំប្តឹងទៅICJអាហ្នឹងបានយល់ព្រម ដូច្នេះខ្ញុំយល់ថា សង្គ្រាមវាមិនងាយនឹងចប់នោះទេ ដោយសារតែនៅថៃដែលមានមហិច្ឆតាចង់ឈ្លានពានទឹកដីកម្ពុជា តាមព្រំដែនដែលចង់គ្រប់គ្រងប្រាសាទរបស់ខ្មែរតាមព្រំដែនហ្នឹង»។
ចំណែក នាយកឧទ្ធការល័យលោក កឹម សុខា គឺលោក មុត ចន្ថា បានបង្ហោះសារលើហ្វេសប៊ុករបស់លោក ដោយនិយាយបែបក្រើនរំឭកថា មេដឹកនាំកម្ពុជាប្រយ័ត្នចាញ់កលល្បិចថៃ។
ក្នុងន័យនេះ លោកពន្យល់ថា យករដ្ឋមន្រ្តីស្តីទីថៃ គ្មានឥទ្ធិពល ប្រសិនបើគ្មានការយល់ព្រមពីក្រុមយោធាថៃនោះ។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បង្ហាញការព្រួយបារម្ភផងដែរ ចំពោះបញ្ហានេះ។ លោកថា ថៃនឹងមិនបញ្ឈប់ការឈ្លានពាន មកលើកម្ពុជានោះទេ បើកម្ពុជាមិនត្រៀមកងទ័ពទប់ទល់ រួមនឹងពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌ICJ ជាបន្ទាន់នោះ។
លោកថា សង្រ្គាមឈ្លានពានរបស់ថៃ រយៈពេល៥ថ្ងៃនេះ ថៃនឹងមិនព្រមចុះកិច្ចព្រមព្រៀងឈប់បាញ់ ហើយដើរចូលតុចរចាជាមួយកម្ពុជាទេ បើគ្មានសម្ពាធពីប្រទេសមហាអំណាច និងយន្តការអាស៊ានទេនោះ ដែលនេះ ជាការប្រើយន្តការអន្តរជាតិ ទើបអាចទប់ស្កាត់មហិច្ឆតាឈ្លានពានបានទាន់ពេល។
លោកថា៖ «ជាការពិតយើងមកដល់ពេលបច្ចុប្បន្ន យើងស្ថិតនៅក្នុងស្ថានភាពព្រួយបារម្ភ ចំពោះការអនុវត្តបទឈប់បាញ់ដែលរៀបចំឡើងដោយអាស៊ាន អាមេរិក ចិន សម្របសម្រួលក្នុងរឿងហ្នឹង យើងក្ដីបារម្ភនេះ គឺយើងមិនទាន់ច្បាស់លាស់ថា ភាគីថៃហ្នឹង អ្នកណាគឺជាអ្នកទទួលខុសត្រូវក្នុងការអនុវត្តបទឈប់បាញ់ឱ្យពិតប្រាដកទេ ជាការពិតយោធាថៃប្រាកដជាស្ទាក់ស្ទើរ មិនចង់គោរពបទឈប់បាញ់ទេ ឯចំណែកឯរដ្ឋាភិបាល គឺបានអនុវត្តហើយក៏បានទៅជួបចរចានិយាយគ្នា ឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ តែអ្នកដែលអនុវត្តជាក់ស្ដែង គឺភាគីយោធាដែលកាន់កាប់នៅតំបន់ជួរមុខទាំងសងខាង ទាំងកម្ពុជានិងថៃ ប៉ុន្ដែចំណែកឯកម្ពុជាយើងអត់ យើងអត់ពិបាកទេ យើងជាភាគីរងគ្រោះដែលទទួលការរំលោភឈ្លានពានពីថៃ»។
យ៉ាងណាក្តី បើតាមលោក ហ៊ុន ម៉ាណែត លទ្ធផលដែលភាគីកម្ពុជានិងថៃ បានឯកភាពគ្នានោះ គឺមាន៣ចំនុច ដែលទី១ ភាគីទាំងពីរឯកភាពគ្នាបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង ២៤:០០ ឬម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលលោកគិតថា ជាជំហានដ៏សំខាន់ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនូវសន្តិភាព និងសន្តិសុខ។
ចំនុចទី២ ភាគីទាំងពីរព្រមព្រៀង ឱ្យរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ ខាងភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥ នៅថ្ងៃទី២៩ ខែកក្កដា ហើយនិងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និងទី៣ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
លើសពីនេះ មេដឹកនាំកម្ពុជា បានអរគុណប្រធានប្តូរវេនម៉ាឡេស៊ី ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។
បន្ថែមពីនេះ កម្ពុជាក៏អរគុណ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចារកការឈប់បាញ់ភ្លាម ដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបនេះ និងអរគុណផងដែរដល់រដ្ឋាភិបាលចិន ដែលតែងតែគាំទ្រលើកទឹកចិត្តឱ្យភាគីទាំងពីរ ស្វែងរកការឈប់បាញ់ និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។
សម្រាប់លោក ហ៊ុន ម៉ាណែត ជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការឱ្យប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត៕









