វិភាគ៖ តើ​ការ​ផ្ទុះអាវុ​ធជា​មួយ​ថៃ​រហូត​មាន​បទ​ឈប់បា​ញ់​បន្ទាន់​ផ្តល់​មេរៀន​អ្វី​ខ្លះ​ដល់​កម្ពុជា?

ការផ្ទុះ​អាវុធ​ជា​ទ្រង់​ទ្រាយ​ធំ ដែល​ភាគី​ថៃបា​ន​ប្រើ​អាវុធ​ធុន​ធ្ងន់ រួម​ទាំង​ប្រើ​យន្ត​ហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់​បែក​ចង្កោម បាញ់​ផ្សែង​ពុល លើ​កង​ទ័ព​ជួរ​មុខ ក្នុង​ទិ​ស​ដៅ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ហើយ​ទីបំផុត​ថៃ​បាន​យល់​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ក្រោយ​យន្ត​ការ​អាស៊ាន ដែល​ផ្តើម​គំនិ​ត​ដោយ​ប្រធា​នា​ធិ​​ប​តេ​យ្យ​ ត្រាំ នោះ​​វា​ហាក់​បាន​បន្សល់​ទុក​នូវ​ចម្ងល់​ជា​ច្រើន។

ចម្ងល់​​នៅ​ត្រង់​ថា ប្រទេស​ថៃ ត្រូវ​បាន​គេដឹ​ង​ថា ជា​ប្រទេស​រីក​ចម្រើន​ជាង​កម្ពុជា ទាំង​វិស័យសេ​ដ្ឋ​កិច្ច វិស័​​យ​​កង​ទ័ព​ រីឯ​ចំនួន​ពលដ្ឋ​វិញ លើ​ស​កម្ពុជា​រហូត​ជាង​៥ដង ខណៈ​កម្ពុជា​មាន​​ប្រជាពលរដ្ឋ​​​ប្រ​មា​ណ​ជា​១​៧​លាន​នាក់។ ទាំង​នេះ​ជាសំណួរ​ថា តើ​ការ​ផ្ទុះអាវុធ​ជាមួយ​ថៃ​រហូត​មាន​បទ​ឈប់​បាញ់​បន្ទាន់​ផ្តល់​មេរៀន​អ្វី​ខ្លះ​ដល់​កម្ពុជា?

បញ្ហាទាំងនេះ ត្រូវបានអ្នកឃ្លាំលើក​ឡើង​ថា កត្តា​ចម្បង​មួយ​ដែ​​លចាប់បង្ខំ​ឱ្យ​​ប្រទេស​ថៃ ដែ​​ល​ជា​ប្រ​ទេស​​​រីក​ច​ម្រើន​​ជាង​កម្ពុជា បង្ខំ​ចិត្ត​ដើ​រចូល​តុចរចា​ជាមួយ​កម្ពុជា​នោះ គឺសម្ពាធ​អន្តរ​ជាតិ​ រួម​ទាំង​មហា​អំណាច មាន​សហរដ្ឋ​អាមេរិក ចិន និង​យន្ត​ការ​អាស៊ាន​ផង​ដែរ។

ចុះសំណួរនៅត្រង់ថា កម្ពុជាត្រូវត្រៀមខ្លួន​បែប​ណា ដើម្បី​ប្រឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី ខណៈ​ប្រ​ទេស​​ទាំង​នោះ ជា​ប្រទេស​រីក​ចម្រើន​ខ្លាំង​ជាង​ខ្លួន ទាំង​វិស័យ​កង​ទ័ព សេដ្ឋកិច្ច​ និង​ព​លរដ្ឋ​ច្រើ​ន​រ​​ហូត​ជាង​១០០​លាន​នាក់​នោះ។

បើ​តា​មអ្ន​កឃ្លាំមើលនិងអ្នកជំនាញ​កិច្ច​ការ​នយោ​បាយ មាន​កត្តា​ធំ៣​ដែល​កម្ពុជា​ឆាប់​ត្រូវ​​កែ​​លម្អ រួម​ទាំង​មេ​រៀ​ន​ការ​​ផ្ទុះអា​វុធ​ជាមួយ​ថៃ​រយៈ​ពេល​៥ថ្ងៃ ដែល​បង្ខំ​ឱ្យ​​​ថា​យល់​ព្រ​​មលើ​កិ​​ច្ច​ព្រម​​ព្រៀង​​បទ​ឈ​ប់​បាញ់​​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ​នោះ​ពេល​នេះ។

សម្រាប់ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ​ លោក អ៊ុំ​ សំអាន ដែល​មាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន​ ប្រាប់​VOD​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា​នេះ​ថា មេរៀន​បី​ធំ ដែល​កម្ពុជា​គួរ​រៀន​សូត្រ​ពី​ហេតុការណ៍​សង្គ្រាម​ឈ្លាន​ពាន​ពី​ភាគី​ថៃ​រយៈ​ពេល​៥​នេះ។

លោកថា ទី១ កម្ពុជាត្រូវពង្រឹងវិស័យ​យោធារបស់ខ្លួន​ឱ្យ​កាន់​តែ​រឹង​ម៉ាំ ត្រូវ​ទិញ​សម្ភារៈ​សឹក អាវុធ​ទំនើប​ៗ​ពី​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ទៀត ពោល​គឺត្រូ​វ​ពង្រឹង​វិស័យ​កង​ទ័ព ទាំ​ង​សព្វា​វុធ និង​សមត្ថភាព​កង​ម្លាំង ដើម្បី​ទប់​ទល់​និង​វាយ​បក​ទៅលើ​សត្រូវ​ឈ្លាន​ពាន។

ទី២ កម្ពុជាត្រូវពង្រឹងផ្ទៃក្នុងជាតិ ផ្សះ​ផ្សា​ជាតិ ស្តារ​ប្រជាធិប​តេយ្យ គោរព​សិទ្ធិ​មនុស្ស ដើម្បី​ផ្តល់​ភាព​កក់​ក្តៅ​និង​ទំនុក​ចិត្ត​នៃ​សាមគ្គី​ភាព​របស់​ជាតិ​សាសន៍​ខ្មែរ​ទាំង​មូល។

ចំណែកទី៣ កម្ពុជាត្រូវពង្រឹងទំនាក់ទំនងការទូតឱ្យស្អិត​រមួត​ ជាមួ​យ​បណ្តា​ប្រទេស​ប្រជា​ធិប​តេយ្យ​ជឿន​លឿន​ ដូច​ជា អាមេរិក បារាំង និង​ចក្រភព​អង់​គ្លេស ដើម្បី​ឱ្យពួ​ក​គេ​ជួយ នៅ​ពេល​កម្ពុជា​មាន​អាសន្ន។

លោកថា៖ «រឿងសំខាន់ធ្វើឲ្យសេដ្ឋកិច្ចនឹងរីកចម្រើន​ ទើប​យើង​មាន​សព្វា​វុធ​គ្រប់​គ្រាន់ ព្រោះ​ដូច​ពាក្យ​មួយ​ថា​ធ្វើ​ស្រែ​នឹង​ទឹក​ធ្វើ​សឹក​នឹង​បាយ ហើយ​សព្វា​វុធ​ក៏​ត្រូវ​ទំនើបៗ ដូច​ជា​ដ្រូន ​ដូ​ច​​​ជា​​កាំភ្លើង​​បាញ់​ដ្រូន​កាំភ្លើង​បាញ់​យន្ត​ហោះ​អី​ជា​ដើម អាហ្នឹង​ត្រូ​វតែ​បំពាក់​វុធ​ព័ន្ធ​ទំនើបៗ មួយ​ទៀត​ត្រូវ​ហ្វឹក​ហ្វាត់​យោធា​ឲ្យ​បាន​ញឹក​ញាប់​ ដើម្បី​អាច​សម​ទៅ​នឹង​សង្គ្រាម​ដែល​អាច​កើត។ ហើយ​មួយ​ទៀត​ បើ​គិត​ពី​កិច្ច​ការ​ការ​ទូត​គឺកម្ពុជា​ត្រូវ​ធ្វើ​ម៉េច​ស្ដារ​ប្រជាធិប​តេយ្យ គោរព​សិទ្ធិ​មនុស្ស រៀប​ចំ​បោះ​​ឆ្នោ​ត​ដោយ​សេរី និង​យុត្តិធម៌​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ទើប​ឲ្យ​ទំនាក់​ទំន​ងយើ​ង​ល្អ​ជាមួយ​លោក​ខាង​លិច​កាន់​តែ​ល្អ»។

ជ្រុងមួយទៀត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ លោក ម៉ែន ណាត និយាយថា បទ​ពិសោធន៍​ឬ​មេរៀន​សង្រ្គាម​រយៈពេ​ល​៥​ថ្ងៃ​នេះ សបញ្ជាក់​ឱ្យ​ឃើញ​ថា កម្ពុជា​មិន​អាច​បោះ​បង់​សហគម​ន៍អ​ន្តរជាតិ​បាន​ទេ។

លោកអះអាងថា ជាក់ស្តែងការបញ្ចប់សង្រ្គាម ឬបទឈ​ប់​បាញ់ រវាងកងទ័ពកម្ពុជា​និង​ថៃ​​នេះ មាន​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ពី​សហរដ្ឋ​អាមេរិក ចិន និង​ប្រធាន​អាស៊ាន ព្រោះ​កម្ពុជា-ថៃ ក៏​ជា​សមាជិក​UN។

លើសពីនេះ លោកថា កម្ពុជាត្រូវស្តារឡើងវិញនូវស្មា​រតី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គោរព​ច្បាប់​អន្តរ​ជាតិ ច្បាប់​អាស៊ាន និង​កតិកា​សញ្ញា​អន្តរ​ជាតិ​ ស្តីពី សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ​ជាដើម។

លោកថា៖ «អ្វីដែលយើងត្រូវរៀនមុនគេហ្នឹង ត្រូវ​ចេះ​មុន​គេ គឺ​ត្រូវ​ពង្រឹង​វិស័យ​យោធា​ទាំង​សមត្ថ​ភាព​ទាំង​សព្វាវុធ​ទាំង​សម្ភា​រៈយោ​ធា​ហ្នឹង​ ត្រូវ​រៀន​ឲ្យ​បាន​មុន​គេ ទី២​ត្រូវ​នៅ​ខណៈ​ពេល​ដែល​មាន​រឿង​មាន​សង្គ្រាម​កើត​ឡើង​អ៊ីចឹង​ យើង​ឃើញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​និង​ផុល​ផុះ​ជួយ ជួយ​លើក​ទឹក​ចិ​ត្ត​កង​ទ័ព​ ជួយ​បង្ហាញ​នូ​វស្មារតី​សាមគ្គី​ជាតិ​​និ​ងអ្វី​​ដែរ ​ដូច្នេះ​អ្វី​ដែល​រដ្ឋាភិបាល​គួរ​រៀន​ គឺឈប់​ធ្វើ​បាប​ប្រជា​ពលរដ្ឋ ឈប់​ធ្វើ​បាប​អ្ន​ក​ប្រឆាំង ក្នុង​រឿង​នេះ​អ្វី​ដែល​រដ្ឋាភិបាល​ ក៏​គួរ​អនុវត្ត គឺ​ត្រូវ​លើក​លែង​ទោស​ដល់​អ្នក​ជាប់​ឃុំមនសិការ​ទាំង​អស់ ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខ​ខណ្ឌ ពី​ព្រោះ​អ្នក​គ្រ​ប់​គ្នា​សុទ្ធ​តែ​ស្រឡាញ់​ជាតិ​ដូចគ្នា​ ហើយ​សុទ្ធ​តែ​រួម​គំនិត​រួម​ចិត្ត​ជាមួយ​រដ្ឋាភិបាល​ ប្រឆាំង​សត្រូវ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ»។

ចំណែក មេធាវីការពារក្តី លោក កឹម សុខា គឺ លោក ផែង ហេង បាន​សរ​សេរ​សា​រ​ខ្លី​លើ​​បណ្តាញ​​សង្គម​​ហ្វេស​​ប៊ុក​​នៅ​​ថ្ងៃ​​ទី​២​៩ ខែ​កក្កដា​​ថា កម្ពុជា​ត្រូវ​ការ​​មហាអំ​​ណាច​​នៅ​​ជាមួយ​ក្នុង​កម្រឹត​ការ​​ងារ​​ទូត នយោ​បាយ និង​​សេដ្ឋ​​កិច្ច។ បើតាមលោក ផែង ហេង បើមិន​​បាន​​ទាំង​​៣ ក៏​​យ៉ាង​​ហោច​​មាន​​អាមេរិក ចិន និង​បារាំង​ជាដើម។

ជ្រុងមួយ​ទៀតនៃ​រឿង​នេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍​ផ្នត់​គំនិត​ និងកា​រ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា ក្រៅពី​ការ​ពង្រឹង​វិស័យ​យោធា ការទូត និង​សព្ធា​វុធ កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​សេដ្ឋ​កិច្ច​ឱ្យ​ខ្លាំង​ក្លា ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​សមត្ថភាព​បង់​ពន្ធ​ជូន​រាជការ ដើម្បី​ផ្គត់​ផ្គង់​យោធា​កម្ពុជា ការ​ពារ​ជាតិ។

លោកថា៖ «នៅក្នុងបរិបទបច្ចុប្បន្ន កម្ពុជាគឺ​ត្រូ​វតែ​​ពង្រឹង​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​មហា​អំណាច ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​យើង​មាន​ភាព​រឹង​មាំ ហើយ​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​ទប់​ស្កាត់​ ចំពោះ​ការ​ឈ្លាន​ពាន​ពីសំណាក់​បរទេស​មក​លើ​ដែន​ធិប​តេយ្យ​ភាព​របស់​យើង ហើ​យ​ក្រៅ​ពី​នោះ​ គឺ​យើង​ត្រូវ​ធ្វើការ​ដោះ​ស្រាយ​ឬ​ក៏​ពង្រឹង​សមត្ថ​ភាព​របស់​កង​ទ័ព​ ធ្វើ​យ៉ាង​ម៉េច​ក៏​ដោយ ដើម្បី​ឱ្យ​ពួក​គាត់​មាន​សុវត្ថិភាព​គ្រប់​គ្រាន់​ក្នុងការ​ប្រើ​ប្រាស់​អាវុធ​យុទ្ធ​ភណ្ឌ​ទំនើបៗ ហើយ​នេះ​ក៏​ជា​ពេល​វេលាដែ​ល​កម្ពុជា​ត្រូវ​ដំឡើង​ថវិកា ការ​ពារ​ជាតិ​ឲ្យ​បាន​ច្រើន​ ហើយ​ទិញ​យក​អាវុធ​ទំនើបៗ ពី​បរទេស​ ចុង​ក្រោយ​ដើម្បី​ទុក​ការ​ពារ​ដែន​អធិប​តេយ្យ​ពីការ​ឈ្លាន​ពាន​របស់​បរទេស​មក​លើ​កម្ពុជា»។

លើសពីនេះ សាស្ត្រា​ចារ្យ​​ផ្នែក​វិទ្យា​សាស្ត្រ​​នយោ​បាយ លោក​បណ្ឌិត ​ឯម សុវណ្ណរ៉ា ​មើល​ឃើញ​ថា ការ​បញ្ចប់​ជម្លោះ​នេះ បើ​គ្មាន​ការ​សហការ​ពី​មហា​អំណាច​ធំៗ ដូចជា សហរដ្ឋ​អាមេរិក និង​ចិន​ទេ បញ្ហា​នេះនឹង​បន្ត​អូស​បន្លាយ។

កត្តាចាំបាច់ដែលកម្ពុជាធ្វើ​ចាប់​ពី​ពេល​នេះ​តទៅ គឺ​ធ្វើ​យ៉ាង​ណា ធ្វើ​ឱ្យ​វិស័យ​កា​​រទូ​ត​ខ្លាំង​ទាក់​​ទាញ​ការ​គាំ​ទ្រ​ពី​ប្រទេស​មហា​អំណាច។

កត្តាទាក់ទាញនេះ កម្ពុជាខ្លួនឯងត្រូវឱ្យប្រាកដ​ថា មិន​លម្អៀង​ទៅ​រក​មហា​អំណាច​ណា​មួយ ដូច​មាន​ចែង​​ក្នុង​រដ្ឋ​​ធម្មនុ​ញ្ញ​កម្ពុជា និង​មួយ​កត្តា​ធំ​មួយ​ទៀត ត្រូវ​គោរព​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ទីក្រុ​ង​ប៉ារីស​ឱ្យ​បាន​ពេញ​លេញ ខណៈ​កិច្ច​ព្រម​ព្រៀង​នេះ មាន​ប្រទេស​១៨​លើ​ពិភព​លោក​​គាំទ្រ​ ក្នុង​នោះ​ក៏​មាន​មហា​អំណាច​ទាំង​៥​ផង​ដែរ។

លើសពីនេះ អ្នកនយោបាយឈប់ធ្វើនយោបាយបោកប្រាស់​ពលរដ្ឋ ជុំវិញ​កា​រ​ផ្ញើ​សារ​ថា ពលរដ្ឋ​មិន​ត្រូ​វ​ដឹង​ឮ​រឿង​នយោបាយ​នោះ​ទេ ដែល​ការណ៍​នេះ​ លោកថា​ជា​កំ​ហុសឆ្គ​ង​ដ៏​ធំ​ក្នុង​សង្គម​ប្រ​ជាធិប​តេយ្យ ​តែ​ផ្ទុយ​​​ទៅ​វិញ ត្រូវ​បំផុស​ពលរដ្ឋ​ឱ្យ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋ​កិច្ច និង​សង្គម។

មួយទៀ​ត ​ក​ម្ពុជាឈប់ប្រើពាក្យថា ការ​អនុវត្ត​ប្រជាធិបតេយ្យ​បែប​ស្តង់ដា​កម្ពុជា ហើយ​ទាត់​ចោល​អ​នុ​សាស​ន៍​អង្គការ​​សហ​ប្រជាជាតិ​ដែល​គេ​ជំរុញ​ឱ្យ​កម្ពុជា​ឈរ​លើ​មូល​ដ្ឋាន​ច្បាប់ ប្រកួត​អំណា​​ចតាម​​គន្លង​ប្រជា​ធិប​តេ​យ្យ​ពិត​ប្រា​កដ ។

សម្រាប់លោក ឯម សុវណ្ណរ៉ា ទាំងអស់​នេះ ជា​កត្តា​ចាំបាច់​ដែល​កម្ពុជា​ត្រូ​​វ​ធ្វើ​ប្រកប​ដោយ​ការ​​ជឿ​ជាក់​ពី​ប្រ​ជាពលរដ្ឋ​ពី​គ្រប់​និន្នាការ និង​សហគមន៍​អន្តរ​ជាតិ ទើប​អាច​ទាក់​ទាញ​ការ​គាំទ្រ​បាន។

លើសពីនេះ លោកថា កម្ពុជាមិនត្រូវបោះបង់ស្មារតីនៃកិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ ត្រូវ​តែ​ស្តារ​ឡើង​វិញ ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ ធានានូ​វ​ឯករាជ្យ​ភាពជា​តិ ធានាកា​រ​ពារ​បូរណភាព​ទឹ​ក​ដី​ផង​ដែរ។

លោកថា៖ «យើងគិតថាកិច្ចព្រមព្រៀងអន្តរជាតិ ឬក៏បទដ្ឋាន​អន្តរ​ជាតិធំៗហ្នឹង ប្រទេស​មហាអំ​ណាច​មិន​សូវ​គោរព​​មែន ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​​​ឬ​ក៏​រដ្ឋ​តូចៗ វា​អត់​មា​ន​មធ្យោបាយ​អី​ពឹង​ផ្អែក​ទៅ​លើ​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ​ទេ ធន​ធាន​កម្លាំង​ដែល​ហៅ​ថា​កម្លាំង​បាយ​យោធា​​​ជា​អត់​ហើយ តែ​បើ​យើង​អត់​ពឹង​លើ​គោ​លកា​រណ៍​ច្បាប់​អង្កេត​ទេ ធឹ​ក​ពន្លឺ​សេរីភា​ព​នៃ​ប្រទេស​ចិន​បាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ