មន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារតាមអាកាសរបស់រុស្សី លើពន្ធនាគារ និងមន្ទីរពេទ្យនៅភាគអាគ្នេយ៍អ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩នាក់ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នឹងចាប់ផ្តើមដាក់ទណ្ឌកម្មលើរុស្សីក្នុងរយៈពេល១០ថ្ងៃ បើទីក្រុងមូស្គូមិនបង្ហាញទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ប្រភពទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ( Reuters) បានរាយការណ៍នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះថា លោក វ្លាឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា មនុស្ស ១៦នាក់ បានស្លាប់នៅពេលដែលរុស្សីបានទម្លាក់គ្រាប់បែក លើពន្ធនាគារមួយនៅតំបន់ជួរមុខហ្សាប់ប៉ូរីស្យែ(Zaporizhzhia) ជាចេតនារបស់រុស្សី។ លោកបានបន្ថែមថា មនុស្ស ៤៣នាក់ បានរងរបួសក្នុងឧបទ្ទវហេតុនេះ។
ដោយឡែក ការវាយប្រហារដោយមីស៊ីលលើមន្ទីរពេទ្យនៅជិតតំបន់នេពត្រូភេតត្រូ (Dnipropetrovsk) បានសម្លាប់ស្រ្តីមានផ្ទៃពោះអាយុ ២៣ឆ្នាំ និងមនុស្សពីរនាក់ផ្សេងទៀត។ យ៉ាងណា លោក ហ្សេលេនស្គី (Zelenskiy)បាននិយាយនៅមុននេះថា ចំនួនមនុស្ស ២២នាក់ ត្រូវបានស្លាប់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
គួររំឭក រុស្ស៊ីដែលបានបដិសេដមិនកំណត់គោលដៅលើជនស៊ីវិល នៅក្នុងការវាយប្រហារ កាលពីថ្ងៃអង្គារនេះទេ តែបានបង្កើនការវាយប្រហារតាមអាកាសលើទីក្រុង និងទីក្រុងនានារបស់អ៊ុយក្រែនដែលនៅពីក្រោយជួរមុខនៃការវាយលុកពេញលេញរបស់ខ្លួន។ ឥឡូវនេះ វាជាឆ្នាំទី៤ហើយ ខណៈដែលរុស្សីកំពុងឆ្ពោះទៅមុខជាបណ្តើរៗនៅលើសមរភូមិ ហើយកងកម្លាំងរុស្សីក៏បានកាន់កាប់១/៥នៃទឹកដីអ៊ុយក្រែន៕









