ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួន បានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី និងកាត់បន្ថយបំណុលសម្រាប់យោធិនរបួស ពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា តបតាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រី។
នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្ម នៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិប្រយុទ្ធ ក៏ដូចជា គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹក។
ការស្នើនេះ ដោយសារលោកមើលឃើញថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្លាយជាជនភៀសសឹក មិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។
នៅថ្ងៃពុធនេះដែរ ធនាគារជាតិនៃកម្ពុជា ក៏បានចេញសេចក្តីណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្លល់ការអនុគ្រោះដល់អតិថិជនរបស់ខ្លួន ដែលជាជនភៀសសឹក ដោយលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន ព្រមទាំងលើកលែងការទូទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃទី៣០ខែកក្កដានេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ផងដែរ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យលើកលែងរាល់កម្រៃ ការផាកពិន័យ ការទូទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើមរយៈពេល ៦ខែ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ព្រមទាំងត្រូវលុបចោលឥណទានចំនួន ១០លានរៀល របស់យោធិនពិការនៅសមរភូមិ និងលុបចោលឥណទាន ៨០លានរៀលដល់យោធិបពលី និងអ្នករួមខ្ចី។
បន្ទាប់ពីការអំពាវនាវរបស់នាយករដ្ឋមន្ត្រីនេះ មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន បានប្រកាសពីការលុបចោលបំណុលទាំងស្រុងជូនចំពោះយោធិនពលី និងយោធិនពិការ និងអ្នករួមខ្ចី ខណៈធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ ក៏បានលុបចោលបំណុល ៧៥% ទៅ៨០% ដល់យោធិនរងរបួស ឬអ្នករួមខ្ចីផងដែរ។
ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ រួមមាន ធនាគារអេស៊ីលីដា, ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, ធនាគារវឌ្ឍនៈ, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB). ធនាគារខេប៊ីប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, ធនាគារ វីង (Wing Bank), ធនាគារកាណាឌីយ៉ា, ធនាគារប្រៃសណីយ៍កម្ពុជា និងធនាគារអេចអេច (HH Bank) ជាដើម។
ក្រៅពីការអំពាវនាវទៅកាន់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវគោលនយោបាយមួយចំនួន សម្រាប់គ្រួសារយោធិនពលី របួស និងពិការ ព្រមទាំងយោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិដែរ។
ក្នុងនោះ ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូប បានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។ ជាមួយគ្នានេះ រដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍ គាំទ្រដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុធ ទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិ ការពារបូរណភាពទឹកដីនៅពេលនេះផងដែរ។
ក្រោយពីការការផ្ទុះសព្វាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បង្ហាញតួលេខយោធិនពលី របួស និងពិការក្នុងសមរភូមិនេះនៅឡើយទេ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកក្កដា មានប្រជាពលរដ្ឋជិត ១៧ម៉ឺននាក់ រស់នៅខេត្តចំនួន៥ រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងសៀមរាប បានបានភៀសសឹកដោយសារតែសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ៕









