អនុព័ន្ធ​យោធា​បរទេស​នឹង​ចុះអ​ង្កេត​តំបន់​ជម្លោះ​កម្ពុជា-ថៃ ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​បទ​ឈប់​បាញ់

ក្រុម​អង្កេត​ការ​អនុព័ន្ធ​យោធា នឹង​បង្កើត​ឡើង ដើម្បី​ចុះ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ការ​អនុវត្ត​បទ​ឈប់​បាញ់ ជុំវិញជម្លោះ​​ព្រំដែន​​កម្ពុជា-ថៃ ក្រោយ​បទ​ឈប់​បាញ់​បាន​ចូល​ជាធរមា​ន​កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា តាម​យន្ត​ការ​អាស៊ាន ​ដែ​ល​ផ្តួច​​ផ្តើម​គំនិត ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា អ្នក​ស្រី ម៉ាលី សុជាតា ថ្លែង​ក្នុង​សន្និ​សីទ​សារព័ត៌​មាន ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃទី​៣​០​ខែ​កក្កដា​នេះ លទ្ធ​ផល​ជាវិ​ជ្ជមាន​ដែល​ទទួល​បាន ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន រយៈ​ពេល​១ថ្ងៃ​ទៅ​នេះ គឺ​ការ​អនុ​វត្ត​នូវ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់ ទទួល​បាន​ជោគ​ជ័យ​ជា​ជំហានៗ ភាគីទាំ​ង​ពីរ បាន​ប្រជុំ​ថ្នាក់​ភូមិ​ភាគ​បាន​ជោគ​ជ័យ។

លើសពីនេះ ប្រទេសម៉ាឡេស៊ី ក្នុ​ង​នាម​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន បាន​បញ្ជូល​គណៈ​ប្រតិភូ​ដឹក​នាំ​ដោយអគ្គ​មេបញ្ជា​កា​រ​ប្រទេស​ម៉ាឡេស៊ី​មក​ដល់​កម្ពុជា។

នៅថ្ងៃពុធនេះ​ដែរ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​ដឹក​នាំ​បណ្តា​អង្គ​ទូត​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​ប្រទេស​កម្ពុជា និង​អ្នក​ពាក់​ព័ន្ធ នឹង​ទៅ​មើលទាំ​ង​ទីតាំង ទាំង​សភាព​ការណ៍​ជាក់​ស្តែង នៅ​ព្រំដែន​កម្ពុជា-ថៃ រួម​ទាំង​បាន​​កំណត់​យក​ថ្ងៃ​ទី៤​ ខែ​សីហា ឆ្នាំ​២០២៥ ដើម្បី​ប្រជុំ​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទៈ។

អ្នកស្រីគូសបញ្ជាក់​ថា ជំហាន​បន្ទាប់ ដើម្បី​ធានា​ដល់​ការ​អនុវត្ត​ពេញ​លេញ និង​ម៉ឺង​ម៉ាត់ លើ​បទ​ឈប់​បាញ់ក្រុម​អង្កេត​ការណ៍​មួយ​នឹង​ត្រូវ​បង្កើត​ឡើង ដើម្បី​ផ្ទៀង​ផ្ទាត់​និង​ធានា​ការ​អនុវត្ត​បទ​ឈប់​បាញ់។

បន្ថែមពីនេះ​ អគ្គមេបញ្ជាការប្រធានអាស៊ានប្តូរវេន​ម៉ាឡេស៊ី ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា នឹង​បង្កើត​ក្រុម​​អ្នក​អង្កេត​ការណ៍​ ដែល​មាន​អនុព័ន្ធ​យោធា​ម៉ាឡេ​ស៊ី​ជា​ប្រធាន ដើម្បី​ចេញ​អង្កេត​ការណ៍​នៅ​ថ្ងៃ​ពុធ​នេះ នៅ​ទីតាំង​មាន​ជម្លោះ ដើម្បី​ជំរុញ​ការ​អនុវ​ត្តកិ​ច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​នេះ ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ។

អ្នកស្រីថា៖ «ឯកឧត្តមអគ្គមេបញ្ជាការកងទ័ព​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា នឹង​បង្កើត​ក្រុម​អង្កេត​ថា​ចំនួន​ពីរ ​ដែល​មួយ​ក្រុម​ជា​អនុ​ព័ន្ធ​យោធា​ម៉ាឡេ​ស៊ី​ប្រចាំ​កម្ពុជា​ជា​ប្រធាន ហើយ​មួយ​ក្រុម​ទៀត​ជា​អនុព័ន្ធ​យោធា​ប្រ​ចាំ​​ប្រទេស​ថៃ​ជា​ប្រធាន ដើម្បី​ចេញ​អង្កេត​ការណ៍​នៅ​ថ្ងៃ​នេះ​ផង​ដែរ»។

បន្ថែមពីនេះទៀត ក្រោយជួបជាមួយអគ្គមេបញ្ជាការកងយោធពលខេ​មរភូមិ​ន្ទ​កម្ពុជា នៅ​ថ្ងៃ​នេះ អគ្គ​មេបញ្ជា​​កា​​​រម៉ា​ឡេស៊ី នឹង​ចុះទៅ​តា​មប​ន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ធ្វើ​ការ​ជាមួ​យអ​គ្គ​មេបញ្ជាការ​កង​ទ័ព​ភូមិន្ទ​ថៃ និង​កម្ពុជា ដែល​ឈរ​ជើង​នៅតា​ម​ព្រំដែន​ផង​ដែរ ក្នុង​បំណង​ធ្វើ​យ៉ា​ង​ណា​ឱ្យភាគី​ទាំង​ពីរ​ទទួល​បាន​ស​ន្តិភាព​ពិត និង​យូរ​អង្វែង ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នកស្រី​សង្កត់​ធ្ងន់​ថា កម្ពុជា​ប្រកាន់​​ភ្ជាប់​នូវ​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ ការ​រួម​រស់​នៅ​ជាមួយ​គ្នា​ដោ​យ​សន្តិភាព និង​កិច្ច​សហប្រតិ​បត្តិ​ការ​ពហុ​ភាគី ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​យុត្តិ​ធម៌ និង​យូរ​អង្វែង​ចំពោះ​ស្ថាន​ការណ៍​នេះ។

អ្នកស្រីថា៖ «ដើម្បីបង្ហាញពីភាពម៉ឺងម៉ាត់របស់​កម្ពុជា​ថៃ​នេះ ថ្នាក់​ដឹកនាំ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​បាន​ដឹ​ក​​នាំ​​បណ្តា​​អង្គទូ​ត​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា និង​អ្នក​ពាក់​ព័ន្ធ ដើម្បី​ទៅ​ឃ្លាំ​មើល​ទាំ​​ង​​ទីតាំង ទាំង​សភាព​ការណ៍​ជាក់​ស្តែង​នៅ​លើ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ក្នុង​នោះ​ក៏​មាន​ការ​បង្ហាញ​នូវ​ចំណាប់​អារ​ម្មណ៍​ជា​ខ្លាំង គាំទ្រ​នូវ​សុឆន្ទៈ​កម្ពុជា ពី​សំណាក់​អនុ​ព័ន្ធ​យោធា​ពី​បណ្តា​ប្រទេស​​​សមាជិក​​អាស៊ាន​ ​និ​​ង​​​ពី​បណ្តា​ប្រទេស​មហាអំ​ណាច​មួយ​ចំនួន ចំនួន​១៣​ប្រទេស»។

ជាងនេះទៅទៀត អ្នកស្រីថា កម្ពុជា ចង់​បាន​ព្រំដែន​មួយ ជាមួយ​ប្រទេស​ជិត​ខាង​ទាំង​អស់ ជា​ព្រំដែន​សន្តិភាព កិច្ច​សហប្រ​តិបត្តិ​ការ និង​ការ​អភិវឌ្ឍ។

កិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជា ថៃ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេ​ស៊ី កាល​ពី​ថ្ងៃទី​២៨ ខែ​កក្កដាឆ្នាំ​២០២៥ ក្រោម​ការ​សម្រួប​សម្រួល​ពី​ប្រធាន​អាស៊ាន​ប្តូរ​វេន នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហីម ផ្តួត​ផ្តើម​គំនិត ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។

បទឈប់បាញ់​ក្រោម​យន្តការ​អាស៊ាន​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​កង​ទ័ព​កម្ពុជា​បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ អស់​រយៈ​ពេល​៥ថ្ងៃ។

កម្ពុជាចោទថា មូលហេតុនៃផ្ទុះអាវុធ ដោយសាតែភាគីថៃ​បាន​រំលោភ​ដែន​អធិប​តេយ្យ​កម្ពុជា ទំាង​កម្រោល​ រំលោភ​ធម្ម​នុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ ធម្មនុញ្ញ​អាស៊ាន និង​ច្បាប់​អន្តរជាតិ​មួយ​ចំនួន​ទៀត។

យ៉ាងណា មេដឹកនាំ​កម្ពុជា បាន​សម្តែង​ការ​អគុណ​ដល់​​មេដឹកនាំ​​មួយ​​ចំនួន រួម​​ទាំង​​ប្រធានាធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ ដែល​​បាន​​ផ្តួច​​ផ្តើម​គំនិត​ឱ្យ​​​មាន​​ប​ទ​​ឈប់​​បាញ់ រវាង​​កម្ពុជា​​និង​​ថៃ ដោយ​​ចាត់​ទុក​​ថា សមិទ្ធិ​​ផល​នៃ​​គំនិត​​​ផ្តួច​​ផ្តើម​​នេះ បាន​​សង្រ្គោះ​​ជីវិត​​មនុស្ស​​រាប់​​ពាន់​​ម៉ឺន​​នាក់​​​ពី​​សង្រ្គាម​​កម្ពុជា និង​​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ